ព័ត៌មាន

«យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិករបស់សាធារណរដ្ឋកូរ៉េ»

2023-01-17 10:06:18 ថ្ងៃអង្គារ, 17 មករា 2023, 10:06 AM
post_detail

ដោយ៖​ លឹម សុវ​ណ្ណរិទ្ធ 

សម្រាប់កូរ៉េខាងត្បូង ឥណ្ឌូប៉ាស៊ីហ្វិក ក្រៅពីជាតំបន់ដែលប្រកបដោយសក្ដានុពលសេដ្ឋកិច្ច និងយុទ្ធសាស្ត្រនយោបាយការទូតដ៏ចម្បង តំបន់នេះក៏ជាបណ្ដុំនៃដៃគូឧស្សាហកម្មយុទ្ធសាស្ត្រដូចជា គ្រឿងអេឡិចត្រូនិកជាដើម។ ជាមួយគ្នានោះ តំបន់នេះក៏ត្រូវបានហ៊ុមព័ទ្ធដោយបញ្ហាប្រឈមនានាដែលគំរាមកំហែងដល់សន្តិភាព សេរីភាព និងវិបុលភាព និងសណ្តាប់ធ្នាប់ដែលយកច្បាប់អន្តរជាតិជាមូលដ្ឋាន។ បញ្ហាប្រឈមដែលកើតនៅក្នុងតំបន់នេះ មានរាប់ចាប់ពីការប្រកួតប្រជែងឥទ្ធិពល ការរត់ប្រណាំងសព្វាវុធនៃបណ្ដាប្រទេសធំៗក្នុងតំបន់ កង្វះយន្តការជំរុញការកសាងតម្លាភាព និងការបង្កើនជំនឿទុកចិត្តខាងយោធា និងសន្តិសុខ ការកសាងសមត្ថភាពនុយក្លេអ៊ែរ និងមីស៊ីលអន្តរទ្វីបរបស់កូរ៉េខាងជើង សេរីភាពខាងនាវាចរណ៍ ដែលបង្កការរំខាននៅក្នុងបណ្តាញខ្សែចង្វាក់ផ្គត់ផ្គង់ជាដើម។ ជាមួយនឹងការប្រណាំងប្រជែងគ្នាយ៉ាងខ្លាំងរវាងមហាអំណាចចិន និងសហរដ្ឋអាម៉េរិកដែលបានដាក់ចេញនូវគម្រោង និងយុទ្ធសាស្ត្រដែលមានលក្ខណៈប្រឈមគ្នាយ៉ាងចាក់ស្រែះដូចជា គម្រោងខ្សែក្រវាត់និងផ្លូវ (BRI) ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (RCEP) កិច្ចសន្ទនាសន្តិសុខចតុភាគី (QUAD) សម្ព័ន្ធភាព AUKUS និងយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក ជាដើម។ ក្នុងបរិបទនេះ មហាអំណាចពិភពលោក បានព្យាយាមកៀងគរប្រទេសជាដៃគូទាំងនៅក្នុងនិងក្រៅតំបន់ដើម្បីជំរុញពង្រឹងកិច្ចសហប្រតិបត្តិការ និងសាមគ្គីភាព ដើម្បីបង្ហាញនូវសាច់ដុំសេដ្ឋកិច្ច សម្ព័ន្ធភាព ក៏ដូចជាសាច់ដុំយោធាដោយប្រយោល ព្រមទាំងធ្វើការគូសបង្ហាញទៅដៃគូរបស់ខ្លួននៅគ្រប់ទិដ្ឋភាព និងគ្រប់លទ្ធភាពដែលខ្លួនមាន ក្នុងគោលដៅធ្វើយ៉ាងណា រាំងខ្ទប់នូវការរីកសាយភាយឥទ្ធិពលរបស់គូបដិបក្ខរបស់ខ្លួន។

ប្រធានាធិបតីសាធារណរដ្ឋកូរ៉េ លោក យូន សុក-យូល (Yoon Suk-yeol) បានធ្វើសេចក្តីប្រកាសកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងកិច្ចប្រជុំកំពូលសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដែលធ្វើឡើងនៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា និងក្រោយមកបានគូសបញ្ជាក់ជាថ្មីទៀតនៅខាងក្រៅកិច្ចប្រជុំក្រុមប្រទេសឧស្សាហកម្មលូតលាស់ទាំង២០ (G-20) នៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី។ ការប្រកាសនេះគឺជាការឆ្លើយតបជាផ្លូវការរបស់សាធារណរដ្ឋកូរ៉េ ចំពោះគោលនយោបាយឥណ្ឌូប៉ាស៊ីហ្វិករបស់សហរដ្ឋអាម៉េរិក ដែលជាសម្ព័ន្ធមិត្តមិនអាចខ្វះបានរបស់ខ្លួន និងក្នុងនាមសាធារណរដ្ឋកូរ៉េដែលជាមហាអំណាចកណ្ដាល ក៏ដូចជាជានាគសេដ្ឋកិច្ចមួយនៅតំបន់អាស៊ីផងដែរ។

នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ សាធារណរដ្ឋកូរ៉េបានប្រកាសព័ត៌មានលម្អិតអំពីយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិកដោយផ្តោតសំខាន់លើការជំរុញសេរីភាព សន្តិភាព និងវិបុលភាព តាមរយៈការបង្កើតសណ្តាប់ធ្នាប់ដោយផ្អែកលើច្បាប់ និងកិច្ចសហប្រតិបត្តិការស្ដីពីសិទ្ធិមនុស្ស។ របាយការណ៍នេះបានគូសបញ្ជាក់ថា រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េនឹងប្រកាន់ខ្ជាប់គោលការណ៍ស្នូលចំនួន៩ ដើម្បីសម្រេចឱ្យបាននូវចក្ខុវិស័យអំពីតំបន់ឥណ្ឌូប៉ាស៊ីហ្វិកសេរី សន្តិភាព និងវិបុលភាព ដោយផ្អែកទៅលើគោលការណ៍ចំនួនបីនៃកិច្ចសហប្រតិបត្តិ៖ “គ្របដណ្ដប់ ជឿទុកចិត្ត និងផ្ដល់ឱ្យគ្នាទៅវិញទៅមក”។ ការប្រកាសនេះ ត្រូវបានទទួលការសាទរយ៉ាងពេញទំហឹងពីសហរដ្ឋអាម៉េរិកជាសម្ព័ន្ធមិត្ត ជាមួយគ្នានោះ នៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយរបស់ទីប្រឹក្សាសន្តិសុខជាតិអាម៉េរិកបានគូសបញ្ជាក់ថា យុទ្ធសាស្ត្រនេះបានបង្ហាញពីការប្តេជ្ញាចិត្តរបស់ប្រធានាធិបតីសាធារណដ្ឋកូរ៉េលោក យូន សុក-យូល (Yoon Suk-yeol) ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការជាមួយសម្ព័ន្ធមិត្ត និងដៃគូក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក បង្កើនសមត្ថភាពរួមជាមួយសហរដ្ឋអាម៉េរិក ដើម្បីពង្រឹងសន្តិភាព និងសន្តិសុខអន្តរជាតិ ក៏ដូចជាជំរុញការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ។

ជាការពិតណាស់ គោលនយោបាយរបស់សាធារណរដ្ឋកូរ៉េក្រោមការដឹកនាំរបស់លោក យូន សុក-យូល (Yoon Suk-yeol) គឺការប្រកាន់យកយ៉ាងជាក់លាក់ដោយផ្ដោតសំខាន់លើ “សេរីភាព ” និង “សណ្ដាប់ធ្នាប់អន្តរជាតិដោយផ្អែកលើតម្លៃសកល ” ដោយប្រធានាធិបតីកូរ៉េបានអំពាវនាវឱ្យមាន “ការកសាងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកដោយសេរី សន្តិភាព និងវិបុលភាព តាមរយៈកិច្ចសហប្រតិបត្តិការជាមួយប្រទេសសំខាន់ៗ រួមទាំងសមាគមអាស៊ានផងដែរ ”។ បើគេពិនិត្យលើខ្លឹមសារនេះ វាមានអត្ថន័យស្រដៀងគ្នាទៅនឹងគោលការណ៍របស់សហរដ្ឋអាម៉េរិកដែលលើកឡើងអំពី “ឥណ្ឌូប៉ាស៊ីហ្វិក សេរី បើកចំហរ និងវិបុលភាព ” ជាសម្ព័ន្ធមិត្តដ៏ចម្បងក្នុងវិស័យសន្តិសុខរបស់កូរ៉េខាងត្បូងផងដែរ។ វាគឺជាសារមួយដែលកូរ៉េខាងត្បូងផ្ដល់នូវចម្លើយដ៏ពេញចិត្តទៅកាន់សហរដ្ឋអាម៉េរិក អំពីឆន្ទៈនិងការគាំទ្ររបស់កូរ៉េខាងត្បូង ក្នុងនាមជាសម្ព័ន្ធមិត្ត និងជាប្រទេសមានទម្ងន់យុទ្ធសាស្ត្រនៅក្នុងតំបន់។

គួរបញ្ជាក់ថា នៅចំពោះមុខយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិករបស់សហរដ្ឋអាម៉េរិក ដែលត្រូវបានគេមើលឃើញថា មានគោលដៅសំខាន់ផ្ដោតទៅលើការរីកចម្រើនយ៉ាងលឿនរហ័សរបស់មហាអំណាចចិន ច្បាស់ណាស់ដែលថាកូរ៉េខាងត្បូងពិតជាមិនចង់យកខ្លួនទៅប្រឈមដោយផ្ទាល់ជាមួយនឹងចិនដែលជាដៃគូពាណិជ្ជកម្មធំជាងគេរបស់ខ្លួននោះឡើយ ដោយសារទំហំពាណិជ្ជកម្មកូរ៉េខាងត្បូង-ចិន តំណាងឱ្យរហូតដល់ទៅ៣០%នៃទំហំពាណិជ្ជកម្មសរុបរបស់កូរ៉េខាងត្បូងឯណោះ។ នៅក្នុងយុទ្ធសាស្ត្រនេះ កូរ៉េខាងត្បូងបានគូសបញ្ជាក់ថា ខ្លួនរីករាយនឹងធ្វើកិច្ចសហប្រតិបត្តិការជាមួយរាល់បណ្ដាប្រទេសទាំងអស់ដោយមិនចំពោះ ដោយគោរពទៅតាមចក្ខុវិស័យ គោលដៅ និងគោលការណ៍ដូចដែលបានចែងខាងលើ។ ទោះជាយ៉ាងណា គេបានដឹងរួចហើយថា បញ្ហាដ៏រសើបដែលកូរ៉េខាងត្បូងយកចិត្តទុកដាក់ខ្លាំងបំផុតនោះគឺស្ថិរភាពនៅឧបទ្វីបកូរ៉េ ពោលគឺសកម្មភាពអភិវឌ្ឍអាវុធ​នុយក្លេអ៊ែរ និងការបាញ់មីស៊ីលជាបន្តបន្ទាប់របស់កូរ៉េខាងជើងដែលមានចិនជាខ្នងបង្អែក ដែលបានបង្កឱ្យមានការព្រួយបារម្ភជាខ្លាំងអំពីស្ថិរភាព និងសន្តិសុខនៅលើឧបទ្វីបនេះ ក៏ដូចជាតំបន់អាស៊ីបូព៌ាទាំងមូល ហើយ​សហរដ្ឋអាម៉េរិកគឺជាសម្ព័ន្ធមិត្តដ៏សំខាន់ និងអាចពឹងពាក់បានរបស់កូរ៉េខាងត្បូងនៅចំពោះមុខ។ ហេតុនេះ​ហើយ អ្វីដែលកូរ៉េខាងត្បូងសង្កត់ធ្ងន់អំពីការប្រកាន់ខ្ជាប់របស់ខ្លួននោះគឺ សេរីភាព សន្តិភាព និងវិបុលភាព ជាមួយសណ្ដាប់ធ្នាប់ដែលមានតម្លៃជាសកល។ ជាមួយគ្នានេះ សកម្មភាពដ៏គួរឱ្យព្រួយបារម្ភរបស់មហាអំណាច​ចិន ដែលបាននិងកំពុងតែពង្រីកនិងពង្រឹងមូលដ្ឋានរបស់ខ្លួននៅលើបណ្ដាកោះសិប្បនិម្មិតក្នុងដែន​សមុទ្រចិនខាងត្បូង បានបង្កហានិភ័យជាខ្លាំងទៅលើស្ថិរភាព និងសន្តិសុខ ព្រមទាំងសេរីភាពនាវាចរណ៍ក្នុងតំបន់ដែលជាចំណុចស្នូលសំខាន់នៃឥណ្ឌូប៉ាស៊ីហ្វិក ទាំងក្នុងវិស័យសេដ្ឋកិច្ច និងយុទ្ធភូមិសាស្ត្រនយោបាយ។ ហេតុនេះហើយ បើទោះបីជាកូរ៉េខាងត្បូងមិនអាចចេញមុខបរិហារចំៗក្ដី ក៏ប៉ុន្តែមហាអំណាចតំបន់មួយនេះ ក៏ត្រូវតែបង្ហាញជំហររបស់ខ្លួនឱ្យបានជាក់លាក់ និងប្រកបដោយការប្រុងប្រយ័ត្នទៅលើការវិវត្តស្ថានការណ៍នៅក្នុងតំបន់ផងដែរ។

លើសពីនេះទៅទៀត បើងាកទៅមើលសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន ដែលបានបង្កឱ្យពិភពលោកទាំងមូលជួបប្រទះនឹងវិបត្តិថាមពល សេដ្ឋកិច្ច និងស្បៀងអាហារ ហើយមកដល់ពេលនេះ គេមិនអាចដាក់ទណ្ឌកម្មធ្ងន់ធ្ងរណាមួយឱ្យមានប្រសិទ្ធភាព ដើម្បីបញ្ឈប់សកម្មភាពឈ្លានពានរបស់មហាអំណាចយោធាទីពីរលើពិភពលោកនេះឡើយ។ បើទោះបីជាមានការវាយតម្លៃ និងសន្និដ្ឋាន ពីសំណាក់អ្នកសិក្សាស្រាវជ្រាវ និងអ្នកយុទ្ធសាស្ត្រជាច្រើនថា ចិននឹងមិនអាចយកបទពិសោធការឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែនមកអនុវត្តដូចគ្នានៅក្នុងករណីសំណុំរឿងតៃវ៉ាន់ក្ដី តែបើគេពិនិត្យមើលជំហររបស់ចិននៅក្នុងសំណុំរឿងអ៊ុយក្រែន ការខិតរកគ្នាកាន់តែខ្លាំងរវាងចិននិងរុស្ស៊ីនៅក្នុងការប្រឈមជាមួយសហរដ្ឋអាម៉េរិកក៏ដូចជាបស្ចិមប្រទេស ស្របពេលដែលស្ថានការណ៍នៅច្រកសមុទ្រតៃវ៉ាន់កាន់តែតានតឹងខ្លាំងឡើងៗ សុទ្ធសឹងតែជាហេតុផលដែលនាំឱ្យពិភពលោកបាននិងកំពុងតាមដានយ៉ាងយកចិត្តដាក់ ដែលធ្វើឱ្យមានការព្រួយបារម្ភជាខ្លាំងអំពីលទ្ធភាពដែលចិនអាចប្រើប្រាស់កម្លាំងដើម្បីបង្រួបបង្រួមយកកោះតៃវ៉ាន់។ កូរ៉េខាងត្បូងដែលជាប្រទេសនៅក្បែរខាងចិនផងនោះ ពិតជាយល់យ៉ាងជាក់ច្បាស់ថា ប្រសិនបើសង្គ្រាមនៅច្រកសមុទ្រតៃវ៉ាន់ផ្ទុះឡើងក្នុងករណីនឹកស្មានមិនដល់ណាមួយពិតមែន វានឹងរាលដាលទៅជាសង្គ្រាមរវាងមហាអំណាច ដែលបង្កជាមហន្តរាយនឹកស្មានមិនដល់ជាក់ជាមិនខាន ព្រោះសហរដ្ឋអាម៉េរិក និងជប៉ុន អាចនឹងលូកដៃចូលដោយមិនឈរឱបដៃឈរមើលចិនលេបយកកោះតៃវ៉ាន់ដោយងាយៗនោះឡើយ ហើយក្រោយពីការចូលអន្តរាគមន៍ពីសំណាក់សហរដ្ឋអាម៉េរិក និងជប៉ុនទៅក្នុងសង្គ្រាមនេះ កូរ៉េខាងជើង និងរុស្ស៊ី ច្បាស់ជានឹងមិនបណ្ដែតបណ្ដោយឱ្យសហរដ្ឋអាម៉េរិកចាត់ចែងទៅលើសង្គ្រាម ដែលកំពុងតែឆាមឆេះនៅក្បែរផ្ទះរបស់ខ្លួនជាក់ជាមិនខានឡើយ។ នេះគឺជាករណីដែលកូរ៉េខាងត្បូងខ្លួនឯងផ្ទាល់ មិនប្រាថ្នាឱ្យកើតមានឡើងនោះឡើយ។ ដូច្នេះហើយ មេដឹកនាំសាធារណរដ្ឋកូរ៉េទំនងជាយល់យ៉ាងច្បាស់ថា ការជំរុញឱ្យបណ្ដាប្រទេសក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិករក្សាស្ថានភាពដើមនៅក្នុងតំបន់ និងគោរពគោលការណ៍សន្តិភាព សេរីភាព ព្រមទាំងគោរពច្បាប់អន្តរជាតិ គឺជាចំណុចស្នូលសំខាន់ដែលសាធារណរដ្ឋកូរ៉េត្រូវកំណត់នៅក្នុងនយោបាយការបរទេសរបស់ខ្លួន។

សរុបមក សាធារណរដ្ឋកូរ៉េកំពុងបន្តព្យាយាមថ្លឹងថ្លែងឱ្យមានតុល្យភាពរវាងមហាអំណាចចិនដែលជាដៃគូពាណិជ្ជកម្មដ៏ធំ និងសហរដ្ឋអាម៉េរិកដែលជាសម្ព័ន្ធមិត្តសន្តិសុខដ៏ចម្បងរបស់ខ្លួន។ ការដាក់ចេញនូវយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិកនេះ គឺជាមគ្គុទ្ទេសក៍មួយសម្រាប់ការអនុវត្តគោលនយោបាយការបរទេសរបស់សាធារណរដ្ឋកូរ៉េនៅក្នុងទំនាក់ទំនងរបស់ខ្លួន ទាំងជាមួយមហាអំណាចសហរដ្ឋអាម៉េរិក មហាអំណាចចិន និងបណ្ដាប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកទាំងមូល ដោយបានគូសបញ្ជាក់ថា កូរ៉េខាងត្បូងនៅតែប្រកាន់ជំហរធ្វើកិច្ចសហប្រតិបត្តិការជាមួយបណ្ដារដ្ឋនានា និងអង្គការក្នុងតំបន់ ដើម្បីផលប្រយោជន៍ និងការរីកចម្រើនសេដ្ឋកិច្ចជាមួយគ្នា ហើយដែលត្រូវតែធ្វើឡើងប្រកបដោយបរិយាកាសសេរី សន្តិភាព និងដោយផ្អែកលើច្បាប់អន្តរជាតិ ដោយខ្លួនមិនគាំទ្រឡើយនូវការប្រើប្រាស់កម្លាំងដើម្បីផ្លាស់ប្ដូរស្ថានភាពដែលកំពុងមាននាពេលបច្ចុប្បន្ននៅក្នុងតំបន់។ នៅក្នុងយុទ្ធសាស្ត្រនេះ ក៏បានគូសបញ្ជាក់ផងដែរថា ដើម្បីធានាបាននូវសមាហរណកម្ម យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិករបស់កូរ៉េខាងត្បូងបានចែងដោយប្រយោលថា “យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិករបស់យើង រួមបញ្ចូលទាំងគោលដៅ និងមិនរាប់បញ្ចូលប្រទេសជាក់លាក់ណាមួយឡើយ។ យើងនឹងធ្វើការជាមួយគ្រប់ដៃគូដែលស្របតាមចក្ខុវិស័យ និងគោលការណ៍នៃកិច្ចសហប្រតិបត្តិការរបស់យើង។ យើងនឹងនៅតែបើកចំហសម្រាប់ប្រទេសទាំងក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងក្រៅតំបន់”៕

ទាញយកអត្ថបទ៖ https://www.rac.gov.kh/researchs-categories/10/researchs?page=2


អត្ថបទទាក់ទង

កម្ពុជានិងតួនាទីជាប្រធានអាស៊ានឆ្នាំ២០២២៖ ឱកាសនិងការត្រៀមលក្ខណៈ​ ក្នុងដំណើរការកសាងសហគមន៍នយោបាយ-សន្តិសុខអាស៊ាន* ដោយ៖ បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា

RAC Media 

2021-05-13 05:07:47   Thu, 13,05,2021, 05:07 AM
សង្ខេបនយោបាយការបរទេសចិនជាមួយសិង្ហបុរី ដោយ៖ លោក ផាញ់ សារឿន មន្ត្រីស្រាវជ្រាវនៃវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានសិក្សាចិន

2021-05-12 04:29:10   Wed, 12,05,2021, 04:29 AM
How does China Involve in Myanmar’s Affairs?

By Seun Sam After the coup d'état committed by Myanmar’s military on February 1, 2021, countries all over the world were paying close attention to the situation in that country. The reactions of the...

2021-04-30 10:44:07   Fri, 30,04,2021, 10:44 AM
«កម្ពុជា រយៈពេល ២២ឆ្នាំក្នុងអាស៊ាន»

សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញចូលរួមកិច្ចប្រជុំកំពូលនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លើកទី ៣៦ តាមរយៈប្រព័ន្ធវីដេអូ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០(អត្ថបទដ...

2021-04-30 09:59:56   Fri, 30,04,2021, 09:59 AM
"Myanmar's political crisis should be viewed in an objective and impartial way"

2021-04-30 09:22:33   Fri, 30,04,2021, 09:22 AM
«វិបត្តិនយោបាយនៅមីយ៉ាន់ម៉ាគួរត្រូវបានសម្លឹងមើលដោយលក្ខណៈសត្យានុម័តនិងមិនលម្អៀង» ដោយ៖ បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា រាជបណ្ឌិត្យសភាកម្ពុជា

ប្រទេសមីយ៉ាន់ម៉ាបានធ្លាក់ក្នុងវិបត្តិនយោបាយដ៏ស្រួចស្រាវចាប់តាំងពីខែកុម្ភៈមក ដែលផ្តើមចេញពីការមិនសប្បាយចិត្តរបស់គណបក្សសហព័ន្ធសាមគ្គីភាពនិងការអភិវឌ្ឍដែលគាំទ្រដោយយោធាចំពោះលទ្ធផលនៃការបោះឆ្នោតកាលខែវិច្ឆិកា...

2021-04-30 09:10:30   Fri, 30,04,2021, 09:10 AM

សេចក្តីប្រកាស