ព័ត៌មាន

៤៤ឆ្នាំនៃជ័យជំនះ ៧ មករា ១៩៧៩-២០២៣

2023-01-05 10:48:24 ថ្ងៃព្រហស្បតិ៍, 05 មករា 2023, 10:48 AM
post_detail

អត្ថបទ៖ លោក អ៊ុច លាង អ្នកសិក្សាស្រាវជ្រាវនៃនាយកដ្ឋានសិក្សាអាស៊ី អាហ្វ្រិក និងមជ្ឈិមបូព៌ា នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា

ក្នុងរយៈពេល ៤៤ឆ្នាំ ចាប់តាំងពីថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ក្រោយពេលដែលរបបខ្មែរក្រហមដួលរលំ ប្រទេសកម្ពុជាបានដើរលើផ្លូវដ៏សែនលំបាក និងគ្រោះថ្នាក់បំផុត ប៉ុន្តែវាជាផ្លូវដ៍ត្រឹមត្រូវដើម្បីធានាបាននូវភាពរីកចម្រើនយូរអង្វែង និងប្រកបដោយវិបុលភាពសម្រាប់មាតុភូមិកម្ពុជា។ ក្រោមរជ្ជកាលរបស់ព្រះមហាក្សត្រកម្ពុជា និងក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមាន សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាប្រមុខដឹកនាំ បានដឹកនាំនាវាកម្ពុជា ឱ្យសម្រេចបានសមិទ្ធផលសំខាន់ៗ ជាច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសក្នុងការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ប្រកបដោយជោគជ័យ ការបើកដំណើរការប្រទេសឡើងវិញ និងការស្តារសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ភាពជោគជ័យយ៉ាងត្រចះត្រចង់ក្នុងការធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និងទី៤១និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ភាពជោគជ័យនៃមហាសន្និបាត AIPA លើកទី៤៣ ដែលបានរួមចំណែកដល់ការកសាងសហគមន៍អាស៊ាន និងរក្សាបាននូវមជ្ឈភាពអាស៊ានក៏ដូចជាលើកកំពស់កេរ្តិ៍ឈ្មោះ និងកិត្យានុភាពរបស់កម្ពុជាក្នុងតំបន់ក៏ដូចជានៅលើពិភពលោក ការទទួលបានជោគជ័យក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ក៏ដូចជារក្សាបាននូវស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម សាមគ្គីភាព ភាពរុងរឿងនិងស្ថិរភាព បើទោះបីជាបច្ចុប្បន្ន ស្ថានភាពពិភពលោកនិងតំបន់កំពុងតែមានភាពប្រែប្រួលយ៉ាងខ្លាំង និងប្រកបដោយភាពស្មុគស្មាញក៏ដោយ ហើយជាពិសេសផលប៉ះពាល់នៃវិបត្តិដោយសារជំងឺកូវីដ-១៩ ជម្លោះនិងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយរបស់មហាអំណាចធំៗក្នុងពិភពលោក សង្គ្រាមរវាងរុស្ស៊ី-អ៊ុយក្រែន វិបត្តិនៅឧបទ្វីបកូរ៉េ និងវិបត្តិនៅមីយ៉ាន់ម៉ាក៏ដោយ។

៧ មករា ១៩៧៩ គឺជាថ្ងៃជ័យជំនះដ៏អស្ចារ្យរបស់ប្រជាជនកម្ពុជា លើរបបប្រល័យពូជសាសន៍ ប៉ុល ពត ដោយបិទយុគសម័យដ៏ខ្មៅងងឹត និងបើកទំព័រសករាជថ្មីនៃឯករាជ្យភាព សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម ហើយក៏ជាការត្រួសត្រាយផ្លូវសម្រាប់ការបង្រួបបង្រួមជាតិ អនុម័តការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ របបរាជានិយមអាស្រ័យធម្មនុញ្ញត្រូវបានបង្កើតឡើងនៅថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ១៩៩៣ ហើយព្រះរាជាណាចក្រទីពីរត្រូវបានបង្កើតឡើងវិញ និងជាការឈានទៅបញ្ចប់សង្គ្រាមស៊ីវិលដ៏រ៉ាំរៃនៅកម្ពុជា តាមរយៈគោលនយោបាយឈ្នះ-ឈ្នះ ដ៏មានប្រជាប្រិយភាពរបស់ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។

គួររំលឹកផងដែរថា នៅឆ្នាំ១៩៧៥ បន្ទាប់ពីការបញ្ចប់ដោយជោគជ័យនៃសង្គ្រាមវៀតណាម (Vietnam War) ដែលមានប្រទេសកម្ពុជា ជាអ្នកដែលបានគាំទ្រដល់វៀតណាមខាងជើង ក្នុងការធ្វើសង្គ្រាមបង្រួបបង្រួមទឹកដីវៀតណាម ហើយទទួលបានជ័យជំនះនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥ តែប្រជាជននិងប្រទេសកម្ពុជា បែរជាត្រូវបានធ្លាក់ទៅក្នុង សោកនាដកម្មជាថ្មីម្តងទៀត។ របប ប៉ុល ពត បានដាក់ប្រទេសនិងប្រជាជនកម្ពុជា ឱ្យធ្លាក់ទៅក្នុងរបបប្រល័យពូជសាសន៍ដ៏អាក្រក់ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ។ ក្នុងរយៈពេលត្រឹមតែ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ពួកគេបានសម្លាប់ប្រជាជនកម្ពុជាស្លូតត្រង់អស់ ជាង៣លាននាក់។ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ កងទ័ពនិងប្រជាជនកម្ពុជា ដោយមានការជួយជ្រោមជ្រែងពីសំណាក់កងទ័ពស្ម័គ្រចិត្ត និងប្រជាជនវៀតណាម បានផ្តួលរំលំរបបប្រល័យពូជសាសន៍ខ្មែរ ក្រហមដែលដឹកនាំដោយ ប៉ុល ពត-អៀង សារី-ខៀវ សំផន រំដោះប្រជាជននិងប្រទេសកម្ពុជា ចេញពីការសម្លាប់ដោយរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ ជ័យជំនះនេះជាព្រឹត្តិការណ៏ប្រវតិ្តសាស្រ្ត នៃសាមគ្គីភាពអន្តរជាតិដ៏បរិសុទ្ធ និងស្មោះត្រង់រវាងប្រជាជននៃប្រទេស ទាំងពីរកម្ពុជា-វៀតណាម និងបានបើកទំព័រថ្មីមួយក្នុងទំនាក់ទំនងមិត្តភាព ក្នុងភាពជាអ្នកជិតខាងល្អរវាងប្រទេសទាំងពីរ។

រហូតមកដល់បច្ចុប្បន្ននេះ ទំនាក់ទំនងរវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម ត្រូវបានលើកកម្ពស់និងពង្រឹងឥតឈប់ឈរតាមរយៈថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរ ក្រោមបាវចនា “ភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និងនិរន្តរភាពយូរអង្វែង” ដែលបានព្រមព្រៀងគ្នាកាលពីឆ្នាំ២០០៥ និងបាននាំមកនូវផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមកសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។ ម្យ៉ាងវិញទៀតបើទោះបី ជាកំពុងតែប្រឈមមុខនឹងបញ្ហាប្រឈមនានា ដែលកំពុងកើតមានឡើង ដោយសារការប្រែប្រួលយ៉ាងស្មុគស្មាញ ផ្នែកនយោបាយនៅក្នុងតំបន់ និងពិភពលោកក៏ដោយ ក៏កម្ពុជានិងវៀតណាម នៅតែបន្តពង្រឹងនិងពង្រីកទំនាក់ទំនងក្នុងភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី ជួយគ្នាក្នុងគ្រាមានទុក្ខលំបាក រក្សាបានស្ថិរភាពនយោបាយ សង្គម និងបន្តជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។ ទំនាក់ទំនងរវាងកម្ពុជា-វៀតណាម មានការរីកចម្រើនលើវិស័យជាច្រើន ដោយនាំមកនូវផលប្រយោជន៍ជាក់ស្តែងជូនប្រជាជននៃប្រទេសនីមួយៗ ហើយជាទំនាក់ទំនង ដែលមិនមែនគ្រាន់តែជាទំនាក់ទំនងតាមបែបប្រពៃណីនោះទេ ប៉ុន្តែក៏ជាទំនាក់ទំនងក្នុងភាពបងប្អូន និងជាសមមិត្តរួមសមរភូមិ ដែលបានរួមសុខរួមទុក្ខជាមួយគ្នាក្នុងបុព្វហេតុរំដោះជាតិ និងការបង្រួបបង្រួមជាតិ ក៏ដូចជាក្នុងការកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិរៀងៗខ្លួន។

កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ សាលាក្តីខ្មែរក្រហម ដែលគាំទ្រដោយអង្គការសហប្រជាជាតិ បានបើកសម័យប្រជុំចុងក្រោយរបស់ខ្លួន ដោយបដិសេធការប្តឹងឧទ្ធរណ៍របស់មេដឹកនាំរបបខ្មែរក្រហមដែលនៅមានជីវិតចុងក្រោយគេបង្អស់ (លោក ខៀវ សំផន) នៃរបបឃោរឃៅដែលបានគ្រប់គ្រងប្រទេសកម្ពុជាពីឆ្នាំ ១៩៧៥-១៩៧៩ និងជាបុរសតែម្នាក់គត់ក្នុងចំណោមបីនាក់ដែលត្រូវបានកាត់ទោសពីបទប្រល័យពូជសាសន៍នៅក្នុងរបបខ្មែរក្រហម ដែលបានដំណើរអស់រយៈពេល១៦ឆ្នាំកន្លងទៅ។ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) បានសម្រេចឱ្យ លោក ខៀវ សំផន ជាប់ពន្ធនាគារអស់មួយជីវិត គឺដោយផ្អែកលើអំពើឃោរឃៅ ដែលបានប្រព្រឹត្តមកលើមនុស្សជាតិ ក្នុងរជ្ជកាលនៃអំពើប្រល័យពូជសាសន៍របស់របបខ្មែរក្រហម ហើយជាការសម្រេចជាស្ថាពរនិងបិទផ្លូវតវ៉ា។ មានន័យថា របបប្រល័យពូជសាសន៍ខ្មែរក្រហមត្រូវបានបិទបញ្ចប់ជាស្តាពរ។

ដូច្នេះ ៤៤ឆ្នាំបន្ទាប់ពីបើកទំព័រនៃសករាជថ្មី ក្រោយការផ្តួលរំលំរបបប្រល័យពូជសាសន៍ខ្មែរក្រហម ព្រះរាជាណាចក្រកម្ពុជាបានក្លាយជាប្រទេសមួយ ដែលប្រកាន់ខ្ជាប់នូវគោលការណ៍លទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ រក្សាបាននូវសន្តិភាព ស្ថិរភាពនយោបាយ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងមានភាពឯកភាពជាតិ។ ប្រទេសកម្ពុជាសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ និងមាននិរន្តរភាព ក្នុងរយៈពេលពីរទស្សវត្សរ៍កន្លងមក ហើយបានផ្លាស់ប្តូរ ពីប្រទេសដែលមានចំណូលទាប ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប ហើយកំពុងខិតខំសម្រេចឱ្យបាននូវចក្ខុវិស័យនៃប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ខាងមុខ ដោយផ្អែកលើជីវភាពរស់នៅរបស់ប្រជាពលរដ្ឋបន្តរីកចម្រើនជាលំដាប់ និងមានភាពស្មើមុខស្មើសិទ្ធិគ្នា ជាមួយប្រទេសនានានៅជុំវិញពិភពលោក៕


អត្ថបទទាក់ទង

សេចក្ដីបំភ្លឺលើការប្រើពាក្យ/ផ្នត់ ដាក់ខាងចុងពាក្យខ្មែរសម្គាល់មុខវិជ្ជា

កាលនៅរវាងឆ្នាំ១៩៧០ លោកគ្រូ កេង វ៉ាន់សាក់ និង ខ្ញុំ ព្រុំ ម៉ល់ បានពិគ្រោះគ្នាលើបញ្ហាដែលបានលើកឡើងខាងលើ។ នៅពេលនោះ ពាក្យទាំងនោះសុទ្ធតែមាន‹–សាស្ត្រ›នៅខាងចុង ហើយ លោកគ្រូបានបញ្ចេញយោបល់ថា វិជ្ជាដែលមាន‹–សាស្ត្...

2021-10-30 10:45:10   Sat, 30,10,2021, 10:45 AM
តួនាទីសេដ្ឋកិច្ចរបស់កម្ពុជាសម្រាប់អាស៊ាន-ចិន ដោយ៖ បណ្ឌិត គី សេរីវឌ្ឍន៍

កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ាន-ចិន ត្រូវបានផ្តួចផ្តើមធ្វើឡើងនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០០២ នៅទីក្រុងភ្នំពេញ (ដែលកម្ពុជាជាប្រធានអាស៊ាន) ក្រោមក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចគ្រប់ជ្រុងជ្រ...

2021-10-27 13:55:27   Wed, 27,10,2021, 01:55 PM
ទណ្ឌកម្មរបស់សហរដ្ឋអាម៉េរិកនិងការប្រកួតប្រជែងឥទ្ធិពលរវាង ចិន-អាម៉េរិក នៅអាស៊ីអាគ្នេយ៍ ដោយ៖ លោក អ៊ុច លាង អ្នកសិក្សាស្រាវជ្រាវនៃនាយកដ្ឋានសិក្សាអាស៊ី អាហ្វ្រិក និងមជ្ឈិមបូព៌ា នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា

គិតរហូតមកទល់ពេលនេះ ក្នុងបរិបទនៃការប្រកួតប្រជែងឥទ្ធិពល រវាងសហរដ្ឋអេម៉េរិក និងចិន ដែលកំពុងតែមានភាពក្តៅគគុកនៅ តំបន់អាស៊ីអាគ្នេយ៍ មានបុគ្គល ក្រុមហ៊ុន និងប្រទេសមួយចំនួន កំពុងជាប់ និងត្រៀមនឹងជាប់ទណ្ឌកម្មសេដ...

2021-10-27 11:17:03   Wed, 27,10,2021, 11:17 AM
Was UNTAC's mission in Cambodia a success or a failure?

Cambodia will celebrate the 30th anniversary of the Paris Peace Agreement (PPA) on October 23, 2021. Many foreign embassies in Cambodia are enthusiastic about commemorating the 30th anniversary of the...

2021-10-20 13:48:00   Wed, 20,10,2021, 01:48 PM
ចិននិងអាម៉េរិកនៅអង្គការសហប្រជាជាតិឆ្នាំ២០២១ ដោយ៖ លោក ផាញ់ សារឿន មន្ត្រីស្រាវជ្រាវវិទ្យាស្ថានសិក្សាចិន

RAC  Mediaប្រភព៖ វិទ្យាស្ថានសិ...

2021-10-02 05:38:51   Sat, 02,10,2021, 05:38 AM
«ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច អញ្ជើញជួបសួរសុខទុក្ខឯកឧត្តមបណ្ឌិតសភាចារ្យ ស៊ន សំណាង អតីតប្រធានរាជបណ្ឌិត្យសភាកម្ពុជា»

(រាជធានីភ្នំពេញ)៖ ដើម្បីបង្ហាញអំពីវប្បធម៌ដឹងគុណ ការបន្តវេន និងថ្លែងអំណរគុណដល់អ្នកប្រាជ្ញាខ្មែរដែលបានខិតខំស្រាវជ្រាវបម្រើផលប្រយោជន៍ជាតិខ្មែរទាំងមូល ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម...

2021-09-22 14:11:37   Wed, 22,09,2021, 02:11 PM

សេចក្តីប្រកាស