ព័ត៌មាន

បណ្ឌិតសភាចារ្យ សុខ ទូច៖ «៣ឆ្នាំទៀត កម្ពុជានឹងមានគ្រូបង្រៀនភាសាចិនជាជនជាតិខ្មែរប្រកបដោយសមត្ថភាព និងចំណេះដឹងគរុកោសល្យច្បាស់លាស់»

2022-12-22 08:16:31 ថ្ងៃព្រហស្បតិ៍, 22 ធ្នូ 2022 ម៉ោង 03:16 PM
អ្នកមើល 3320
post_detail


(រាជបណ្ឌិត្យសភាកម្ពុជា)៖ ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីថ្លែងសុន្ទរកថាគន្លឹះនៅក្នុងវេទិកាវិទ្យាសាស្ត្រ ស្ដីពី «ទំនាក់ទំនងកម្ពុជា-ចិន និងរំឭកខួប១០០ព្រះវស្សារបស់ព្រះបរមរតនកោដ្ឋ» ដែលរៀបចំដោយវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា នៅសាលមហោស្រពខេមរវិទូ នៃរាជបណ្ឌិត្យសភាកម្ពុជានៅព្រឹកថ្ងៃព្រហស្បតិ៍ ១៤រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍គូសបញ្ជាក់ថា «ក្នុងរយៈពេល៣ឆ្នាំទៀត កម្ពុជានឹងមានគ្រូបង្រៀនភាសាចិនជាជនជាតិខ្មែរប្រកបដោយសមត្ថភាព ជាមួយនឹងចំណេះដឹងគរុកោសល្យគ្រប់គ្រាន់ក្នុងការបន្តនិរន្តរភាពការបណ្ដុះបណ្ដាលភាសាចិន»។

បើតាមប្រសាសន៍របស់ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា បានក្លាយទៅជាវិទ្យាស្ថានខុងជឺគម្រូមួយក្នុងចំណោមវិទ្យាស្ថានខុងជឺនៅលើពិភពលោក ហើយដែលបានបណ្ដុះបណ្ដាលធនធានមនុស្សភាសាចិន និងបញ្ជ្រាបការស្វែងយល់អំពីវប្បធម៌ចិនកាន់តែប្រសើរបន្ថែមទៀតនៅកម្ពុជា។ ជាមួយនឹងភាគជោគជ័យក្នុងការបណ្ដុះបណ្ដាលភាសាចិននៅកម្ពុជា វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា បានទទួលគ្រូបងៀនភាសាចិនជាជនជាតិជាច្រើនដើម្បីផ្ដល់ចំណេះដឹងភាសាចិនច្បាស់លាស់ដល់សិក្ខាកាមដែលបានចូលសិក្សានៅវិទ្យាស្ថាននេះ និងនៅតាមសាខាវិទ្យាស្ថាននៅតាមសាកលវិទ្យាល័យ ស្ថាប័ន និងបណ្ដាខេត្តនានាក្នុងប្រទេសកម្ពុជា។ ទោះជាយ៉ាងណា ដោយសារតែការរីករាលដាលនៃជំងឺកូវីដ-១៩ នៅប្រទេសចិន និងនៅក្នុងប្រទេសកម្ពុជា វិទ្យាស្ថានខុងជឺបានជួបប្រទះនឹងបញ្ហាកង្វះខាតគ្រូបង្រៀនភាសាចិនផ្ទាល់ក្នុងពេលកន្លងមក ដោយសិស្សត្រូវសិក្សាតាមអនឡាញ(online) ដែលពុំសូវមានប្រសិទ្ធភាពខ្ពស់ដូចការរៀននិងបង្រៀននៅក្នុងថ្នាក់ឡើយ។

ទោះជាយ៉ាងណា ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានសម្រេចឱ្យរៀបចំវិទ្យាស្ថានគរុកោសល្យភាសាចិនក្នុងតំបន់ ដើម្បីបណ្ដុះបណ្ដាលធនធានមនុស្សភាសាចិនកម្រិតខ្ពស់ ប្រកបដោយចំណេះដឹងគរុកោសល្យ ដើម្បីចូលរួមចំណែកពង្រឹងការបណ្ដុះបណ្ដាលភាសាចិននៅក្នុងប្រទេសកម្ពុជា ក្នុងពេលដែលភាសាចិនបានក្លាយទៅជាភាសាដ៏សំខាន់មួយនៅក្នុងការទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម ការទូត ទេសចរណ៍ និងការ​បំពេញការងារផ្សេងៗទៀតនៅក្នុងសង្គមកម្ពុជា ក៏ដូចជានៅក្នុងពិភពលោកនៃសាកលភាវូបនីយកម្ម។ បន្ថែមពីនេះ ដោយសារកម្ពុជានិងចិនគឺជាមិត្តដែកថែប ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងបានឈានដល់កម្រិតទំនាក់ទំនងខ្ពស់បំផុតនៅក្នុងប្រវត្តិសាស្ត្រ ការសិក្សាអំពីភាសា វប្បធម៌ និងប្រវត្តិសាស្ត្រអំពីគ្នាទៅវិញទៅមក គឺជាចំណុចចម្បងក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនង កិច្ចសហប្រតិបត្តិការ ការស្វែងយល់ពីគ្នាទៅវិញទៅមក ការតភ្ជាប់និងផ្លាស់ប្ដូររវាងប្រទេសទាំងពីរ កម្ពុជា-ចិន។

ឯកឧត្ដមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍សង្កត់ធ្ងន់បន្ថែមទៀតថា នៅក្នុងទំនាក់ទំនងជាប្រវត្តិសាស្ត្ររវាងកម្ពុជានិងចិនរាប់ពាន់ឆ្នាំកន្លងមកនេះ ប្រទេសទាំងពីរពុំធ្លាប់មានការបើកបណ្ដុះបណ្ដាលថ្នាក់គរុកោសល្យភាសាចិននៅឡើយ ហើយបទពិសោធនាពេលកន្លងមកនេះ បានបង្ហាញឱ្យឃើញយ៉ាងច្បាស់អំពី ភាពចាំបាច់នៅក្នុងការបន្តនិរន្តរភាពបណ្ដុះបណ្ដាលធនធានមនុស្សភាសាចិន ដើម្បីរួមចំណែកជំរុញការកសាងសហគមន៍ជោគវាសនារួមគ្នា រវាងកម្ពុជា-ចិនឱ្យកាន់តែរឹងមាំបន្ថែមទៀត។ តាមរយៈចក្ខុវិស័យនេះ រាជបណ្ឌិត្យសភាកម្ពុជានឹងសម្រេចនូវគោលដៅកសាងធនធានមនុស្សនៅក្នុងការបណ្ដុះបណ្ដាលភាសាចិននេះ នៅក្នុងរយៈពេល៣ឆ្នាំខាងមុខ៕

RAC Media

អត្ថបទទាក់ទង

«ការកំណត់សំណេរអក្សរឡាតាំងស្ថាននាមអគារនៃរាជបណ្ឌិត្យសភាកម្ពុជា»

ពាក្យថា «ខេមរវិទូ» និង «ឥន្រ្ទទេវី» ជាស្ថាននាម ដែលបានជ្រើសរើសសម្រាប់អគារថ្មីពីរកន្លែង នៅរាជបណ្ឌិត្យសភាកម្ពុជា គឺអគារខេមរវិទូ និង អគារឥន្ទ្រទេវី។ កាលពីពេលថ្មីៗនេះ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ដឹកនាំ...

2022-03-17 07:14:35   ថ្ងៃព្រហស្បតិ៍, 17 មីនា 2022 ម៉ោង 02:14 PM
បច្ចុប្បន្នភាពនៃយេនឌ័រ និងតួនាទីយេនឌ័រនៅកម្ពុជា ដោយ៖បណ្ឌិត ជា វណ្ណី ប្រធានផ្នែកធម្មសាស្រ្ត ចរិយាសាស្រ្ត និងយេនឌ័រនៃវិទ្យាសា្ថនមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម

RAC Mediaប្រភព៖ វិទ្យាសា្ថនមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម

2022-03-17 06:50:32   ថ្ងៃព្រហស្បតិ៍, 17 មីនា 2022 ម៉ោង 01:50 PM
អាស៊ានកុងសង់ស៊ុស និងឥទ្ធិពលមហាអំណាចក្នុងតំបន់ ដោយ៖ លោក អ៊ុច លាង អ្នកសិក្សាស្រាវជ្រាវនៃនាយកដ្ឋានសិក្សាអាស៊ី អាហ្វ្រ៊ិក និងមជ្ឈិមបូព៌ា នៃ​វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា

កម្ពុជាបានដើរតួនាទីជាផ្លូវការក្នុងការដឹកនាំអាស៊ានសម្រាប់ឆ្នាំ២០២២នេះ និងជាលើកទីបីផងដែរសម្រាប់ប្រធានប្តូរ​វេន​​របស់កម្ពុជា ចាប់តាំងពីបានចូលជាសមាជិកអាស៊ាននាឆ្នាំ១៩៩៩។ ឆ្នាំ២០២២នៃប្រធានអាស៊ាន​របស់កម្ពុជា...

2022-03-11 15:26:29   ថ្ងៃសុក្រ, 11 មីនា 2022 ម៉ោង 10:26 PM
«តេស្តសមត្ថភាពសិក្ខាកាមមុខជំនាញចុងភៅ»

បន្ទាប់ពីទទួលបានការបណ្តុះបណ្តាលលើមុខម្ហូបអាស៊ី និងម្ហូបអឺរ៉ុប ចំនួន ២៤មុខ ក្នុងចំណោមមុខម្ហូបសរុបទាំងអស់ចំនួន៣៦មុខ មជ្ឈមណ្ឌលបណ្ដុះបណ្ដាលនិងស្រាវជ្រាវ ផ្នែកបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ បានធ្វើការតេស្តសាក...

2022-03-11 09:00:19   ថ្ងៃសុក្រ, 11 មីនា 2022 ម៉ោង 04:00 PM
សកម្មភាពប្រឡងមុខជំនាញវិជ្ជាជីវៈ «ជំនាញចុងភៅ»

នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ ផ្នែកបណ្តុះបណ្តាលវិជ្ជាជីវៈ នៃមជ្ឈមណ្ឌលបណ្តុះបណ្តាលនិងស្រាវជ្រាវ នឹងរៀបចំការប្រឡងពាក់កណ្តាលវគ្គសិក្សាជំនាញចុងភៅ ដែលមានសិក្ខាកាមសរុបចំនួន១០រូប។នៅក្នុងការប្រឡង ត្រូវបានប...

2022-03-11 02:43:29   ថ្ងៃសុក្រ, 11 មីនា 2022 ម៉ោង 09:43 AM
ទំនាក់ទំនង ណាតូ-រុស្ស៊ី និងសង្គ្រាមនៅអ៊ុយក្រែន ចាប់តាំងពីក្រោយសង្គ្រាមត្រជាក់ ដោយ៖ លោក អ៊ុច លាង- អ្នកសិក្សាស្រាវជ្រាវនៃនាយកដ្ឋានសិក្សាអាស៊ី អាហ្វ្រិក និងមជ្ឈិមបូព៌ា នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា

សហភាពសាធារណរដ្ឋសង្គមនិយមសូវៀត ដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩២២ ត្រូវបានរំលាយជាផ្លូវការ នៅចុងឆ្នាំ១៩៩១ និងជំនួសមកវិញដោយប្រទេសឯករាជ្យចំនួន១៥វិញ ដែលក្នុងនោះ មាន រុស្ស៊ី អ៊ុយក្រែន បេឡារុស ហ្សកហ្ស៊ី ម៉ុលដាវី...

2022-03-03 08:24:56   ថ្ងៃព្រហស្បតិ៍, 03 មីនា 2022 ម៉ោង 03:24 PM

សេចក្តីប្រកាស