ព័ត៌មាន

បណ្ឌិតសភាចារ្យ សុខ ទូច៖ «៣ឆ្នាំទៀត កម្ពុជានឹងមានគ្រូបង្រៀនភាសាចិនជាជនជាតិខ្មែរប្រកបដោយសមត្ថភាព និងចំណេះដឹងគរុកោសល្យច្បាស់លាស់»

2022-12-22 08:16:31 ថ្ងៃព្រហស្បតិ៍, 22 ធ្នូ 2022, 08:16 AM
post_detail


(រាជបណ្ឌិត្យសភាកម្ពុជា)៖ ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីថ្លែងសុន្ទរកថាគន្លឹះនៅក្នុងវេទិកាវិទ្យាសាស្ត្រ ស្ដីពី «ទំនាក់ទំនងកម្ពុជា-ចិន និងរំឭកខួប១០០ព្រះវស្សារបស់ព្រះបរមរតនកោដ្ឋ» ដែលរៀបចំដោយវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា នៅសាលមហោស្រពខេមរវិទូ នៃរាជបណ្ឌិត្យសភាកម្ពុជានៅព្រឹកថ្ងៃព្រហស្បតិ៍ ១៤រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍គូសបញ្ជាក់ថា «ក្នុងរយៈពេល៣ឆ្នាំទៀត កម្ពុជានឹងមានគ្រូបង្រៀនភាសាចិនជាជនជាតិខ្មែរប្រកបដោយសមត្ថភាព ជាមួយនឹងចំណេះដឹងគរុកោសល្យគ្រប់គ្រាន់ក្នុងការបន្តនិរន្តរភាពការបណ្ដុះបណ្ដាលភាសាចិន»។

បើតាមប្រសាសន៍របស់ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា បានក្លាយទៅជាវិទ្យាស្ថានខុងជឺគម្រូមួយក្នុងចំណោមវិទ្យាស្ថានខុងជឺនៅលើពិភពលោក ហើយដែលបានបណ្ដុះបណ្ដាលធនធានមនុស្សភាសាចិន និងបញ្ជ្រាបការស្វែងយល់អំពីវប្បធម៌ចិនកាន់តែប្រសើរបន្ថែមទៀតនៅកម្ពុជា។ ជាមួយនឹងភាគជោគជ័យក្នុងការបណ្ដុះបណ្ដាលភាសាចិននៅកម្ពុជា វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា បានទទួលគ្រូបងៀនភាសាចិនជាជនជាតិជាច្រើនដើម្បីផ្ដល់ចំណេះដឹងភាសាចិនច្បាស់លាស់ដល់សិក្ខាកាមដែលបានចូលសិក្សានៅវិទ្យាស្ថាននេះ និងនៅតាមសាខាវិទ្យាស្ថាននៅតាមសាកលវិទ្យាល័យ ស្ថាប័ន និងបណ្ដាខេត្តនានាក្នុងប្រទេសកម្ពុជា។ ទោះជាយ៉ាងណា ដោយសារតែការរីករាលដាលនៃជំងឺកូវីដ-១៩ នៅប្រទេសចិន និងនៅក្នុងប្រទេសកម្ពុជា វិទ្យាស្ថានខុងជឺបានជួបប្រទះនឹងបញ្ហាកង្វះខាតគ្រូបង្រៀនភាសាចិនផ្ទាល់ក្នុងពេលកន្លងមក ដោយសិស្សត្រូវសិក្សាតាមអនឡាញ(online) ដែលពុំសូវមានប្រសិទ្ធភាពខ្ពស់ដូចការរៀននិងបង្រៀននៅក្នុងថ្នាក់ឡើយ។

ទោះជាយ៉ាងណា ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានសម្រេចឱ្យរៀបចំវិទ្យាស្ថានគរុកោសល្យភាសាចិនក្នុងតំបន់ ដើម្បីបណ្ដុះបណ្ដាលធនធានមនុស្សភាសាចិនកម្រិតខ្ពស់ ប្រកបដោយចំណេះដឹងគរុកោសល្យ ដើម្បីចូលរួមចំណែកពង្រឹងការបណ្ដុះបណ្ដាលភាសាចិននៅក្នុងប្រទេសកម្ពុជា ក្នុងពេលដែលភាសាចិនបានក្លាយទៅជាភាសាដ៏សំខាន់មួយនៅក្នុងការទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម ការទូត ទេសចរណ៍ និងការ​បំពេញការងារផ្សេងៗទៀតនៅក្នុងសង្គមកម្ពុជា ក៏ដូចជានៅក្នុងពិភពលោកនៃសាកលភាវូបនីយកម្ម។ បន្ថែមពីនេះ ដោយសារកម្ពុជានិងចិនគឺជាមិត្តដែកថែប ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងបានឈានដល់កម្រិតទំនាក់ទំនងខ្ពស់បំផុតនៅក្នុងប្រវត្តិសាស្ត្រ ការសិក្សាអំពីភាសា វប្បធម៌ និងប្រវត្តិសាស្ត្រអំពីគ្នាទៅវិញទៅមក គឺជាចំណុចចម្បងក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនង កិច្ចសហប្រតិបត្តិការ ការស្វែងយល់ពីគ្នាទៅវិញទៅមក ការតភ្ជាប់និងផ្លាស់ប្ដូររវាងប្រទេសទាំងពីរ កម្ពុជា-ចិន។

ឯកឧត្ដមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍សង្កត់ធ្ងន់បន្ថែមទៀតថា នៅក្នុងទំនាក់ទំនងជាប្រវត្តិសាស្ត្ររវាងកម្ពុជានិងចិនរាប់ពាន់ឆ្នាំកន្លងមកនេះ ប្រទេសទាំងពីរពុំធ្លាប់មានការបើកបណ្ដុះបណ្ដាលថ្នាក់គរុកោសល្យភាសាចិននៅឡើយ ហើយបទពិសោធនាពេលកន្លងមកនេះ បានបង្ហាញឱ្យឃើញយ៉ាងច្បាស់អំពី ភាពចាំបាច់នៅក្នុងការបន្តនិរន្តរភាពបណ្ដុះបណ្ដាលធនធានមនុស្សភាសាចិន ដើម្បីរួមចំណែកជំរុញការកសាងសហគមន៍ជោគវាសនារួមគ្នា រវាងកម្ពុជា-ចិនឱ្យកាន់តែរឹងមាំបន្ថែមទៀត។ តាមរយៈចក្ខុវិស័យនេះ រាជបណ្ឌិត្យសភាកម្ពុជានឹងសម្រេចនូវគោលដៅកសាងធនធានមនុស្សនៅក្នុងការបណ្ដុះបណ្ដាលភាសាចិននេះ នៅក្នុងរយៈពេល៣ឆ្នាំខាងមុខ៕

RAC Media

អត្ថបទទាក់ទង

អត្ថបទ នានាភាពនៃអក្សរសិល្ប៍សម័យអាណានិគមនិយមបារាំង ដោយ៖ លោក ឃិន យ៉ង់ មន្ត្រីស្រាវជ្រាវវិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គមនៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានមនុស្សសា...

2022-03-25 02:13:48   Fri, 25,03,2022, 02:13 AM
កត្តាបង្កការលំបាកនៅក្នុងការរៀនគណិតវិទ្យានៅកម្ពុជា៖ករណីសិក្សាសិស្សថ្នាក់ទី១០និងទី១១សាលារដ្ឋ ឆ្នាំ២០១៩ ដោយ៖ បណ្ឌិត ម៉ុង ម៉ារ៉ា នាយកដ្ឋានគណិតវិទ្យានិងស្ថិតិនៃវិរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេក...

2022-03-23 04:07:25   Wed, 23,03,2022, 04:07 AM
សិក្ខាសាលាផ្សព្វផ្សាយស្តីពីអាហារូបករណ៍ទៅសិក្សានៅប្រទេសចិន

វិទ្យាស្ថានគេុកោសល្យភាសាចិន នៃរាជបណ្ឌិត្យសភាកម្ពុជាមានមានកិត្តិយស សូមជម្រាបជូនសិស្សានុសិស្ស សាធារ ណជនមេត្តាជ្រាបថា វិទ្យាស្ថាននឹងរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីអាហារូបករណ៍ទៅសិក្សានៅប្រទេសចិនតាមរយៈការ...

2022-03-19 07:09:26   Sat, 19,03,2022, 07:09 AM
«ការកំណត់សំណេរអក្សរឡាតាំងស្ថាននាមអគារនៃរាជបណ្ឌិត្យសភាកម្ពុជា»

ពាក្យថា «ខេមរវិទូ» និង «ឥន្រ្ទទេវី» ជាស្ថាននាម ដែលបានជ្រើសរើសសម្រាប់អគារថ្មីពីរកន្លែង នៅរាជបណ្ឌិត្យសភាកម្ពុជា គឺអគារខេមរវិទូ និង អគារឥន្ទ្រទេវី។ កាលពីពេលថ្មីៗនេះ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ដឹកនាំ...

2022-03-17 07:14:35   Thu, 17,03,2022, 07:14 AM
បច្ចុប្បន្នភាពនៃយេនឌ័រ និងតួនាទីយេនឌ័រនៅកម្ពុជា ដោយ៖បណ្ឌិត ជា វណ្ណី ប្រធានផ្នែកធម្មសាស្រ្ត ចរិយាសាស្រ្ត និងយេនឌ័រនៃវិទ្យាសា្ថនមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម

RAC Mediaប្រភព៖ វិទ្យាសា្ថនមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម

2022-03-17 06:50:32   Thu, 17,03,2022, 06:50 AM
អាស៊ានកុងសង់ស៊ុស និងឥទ្ធិពលមហាអំណាចក្នុងតំបន់ ដោយ៖ លោក អ៊ុច លាង អ្នកសិក្សាស្រាវជ្រាវនៃនាយកដ្ឋានសិក្សាអាស៊ី អាហ្វ្រ៊ិក និងមជ្ឈិមបូព៌ា នៃ​វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា

កម្ពុជាបានដើរតួនាទីជាផ្លូវការក្នុងការដឹកនាំអាស៊ានសម្រាប់ឆ្នាំ២០២២នេះ និងជាលើកទីបីផងដែរសម្រាប់ប្រធានប្តូរ​វេន​​របស់កម្ពុជា ចាប់តាំងពីបានចូលជាសមាជិកអាស៊ាននាឆ្នាំ១៩៩៩។ ឆ្នាំ២០២២នៃប្រធានអាស៊ាន​របស់កម្ពុជា...

2022-03-11 15:26:29   Fri, 11,03,2022, 03:26 PM

សេចក្តីប្រកាស