ព័ត៌មាន

បណ្ឌិតសភាចារ្យ សុខ ទូច៖ «៣ឆ្នាំទៀត កម្ពុជានឹងមានគ្រូបង្រៀនភាសាចិនជាជនជាតិខ្មែរប្រកបដោយសមត្ថភាព និងចំណេះដឹងគរុកោសល្យច្បាស់លាស់»

2022-12-22 08:16:31 ថ្ងៃព្រហស្បតិ៍, 22 ធ្នូ 2022 ម៉ោង 03:16 PM
អ្នកមើល 3115
post_detail


(រាជបណ្ឌិត្យសភាកម្ពុជា)៖ ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីថ្លែងសុន្ទរកថាគន្លឹះនៅក្នុងវេទិកាវិទ្យាសាស្ត្រ ស្ដីពី «ទំនាក់ទំនងកម្ពុជា-ចិន និងរំឭកខួប១០០ព្រះវស្សារបស់ព្រះបរមរតនកោដ្ឋ» ដែលរៀបចំដោយវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា នៅសាលមហោស្រពខេមរវិទូ នៃរាជបណ្ឌិត្យសភាកម្ពុជានៅព្រឹកថ្ងៃព្រហស្បតិ៍ ១៤រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍គូសបញ្ជាក់ថា «ក្នុងរយៈពេល៣ឆ្នាំទៀត កម្ពុជានឹងមានគ្រូបង្រៀនភាសាចិនជាជនជាតិខ្មែរប្រកបដោយសមត្ថភាព ជាមួយនឹងចំណេះដឹងគរុកោសល្យគ្រប់គ្រាន់ក្នុងការបន្តនិរន្តរភាពការបណ្ដុះបណ្ដាលភាសាចិន»។

បើតាមប្រសាសន៍របស់ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា បានក្លាយទៅជាវិទ្យាស្ថានខុងជឺគម្រូមួយក្នុងចំណោមវិទ្យាស្ថានខុងជឺនៅលើពិភពលោក ហើយដែលបានបណ្ដុះបណ្ដាលធនធានមនុស្សភាសាចិន និងបញ្ជ្រាបការស្វែងយល់អំពីវប្បធម៌ចិនកាន់តែប្រសើរបន្ថែមទៀតនៅកម្ពុជា។ ជាមួយនឹងភាគជោគជ័យក្នុងការបណ្ដុះបណ្ដាលភាសាចិននៅកម្ពុជា វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា បានទទួលគ្រូបងៀនភាសាចិនជាជនជាតិជាច្រើនដើម្បីផ្ដល់ចំណេះដឹងភាសាចិនច្បាស់លាស់ដល់សិក្ខាកាមដែលបានចូលសិក្សានៅវិទ្យាស្ថាននេះ និងនៅតាមសាខាវិទ្យាស្ថាននៅតាមសាកលវិទ្យាល័យ ស្ថាប័ន និងបណ្ដាខេត្តនានាក្នុងប្រទេសកម្ពុជា។ ទោះជាយ៉ាងណា ដោយសារតែការរីករាលដាលនៃជំងឺកូវីដ-១៩ នៅប្រទេសចិន និងនៅក្នុងប្រទេសកម្ពុជា វិទ្យាស្ថានខុងជឺបានជួបប្រទះនឹងបញ្ហាកង្វះខាតគ្រូបង្រៀនភាសាចិនផ្ទាល់ក្នុងពេលកន្លងមក ដោយសិស្សត្រូវសិក្សាតាមអនឡាញ(online) ដែលពុំសូវមានប្រសិទ្ធភាពខ្ពស់ដូចការរៀននិងបង្រៀននៅក្នុងថ្នាក់ឡើយ។

ទោះជាយ៉ាងណា ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានសម្រេចឱ្យរៀបចំវិទ្យាស្ថានគរុកោសល្យភាសាចិនក្នុងតំបន់ ដើម្បីបណ្ដុះបណ្ដាលធនធានមនុស្សភាសាចិនកម្រិតខ្ពស់ ប្រកបដោយចំណេះដឹងគរុកោសល្យ ដើម្បីចូលរួមចំណែកពង្រឹងការបណ្ដុះបណ្ដាលភាសាចិននៅក្នុងប្រទេសកម្ពុជា ក្នុងពេលដែលភាសាចិនបានក្លាយទៅជាភាសាដ៏សំខាន់មួយនៅក្នុងការទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម ការទូត ទេសចរណ៍ និងការ​បំពេញការងារផ្សេងៗទៀតនៅក្នុងសង្គមកម្ពុជា ក៏ដូចជានៅក្នុងពិភពលោកនៃសាកលភាវូបនីយកម្ម។ បន្ថែមពីនេះ ដោយសារកម្ពុជានិងចិនគឺជាមិត្តដែកថែប ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងបានឈានដល់កម្រិតទំនាក់ទំនងខ្ពស់បំផុតនៅក្នុងប្រវត្តិសាស្ត្រ ការសិក្សាអំពីភាសា វប្បធម៌ និងប្រវត្តិសាស្ត្រអំពីគ្នាទៅវិញទៅមក គឺជាចំណុចចម្បងក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនង កិច្ចសហប្រតិបត្តិការ ការស្វែងយល់ពីគ្នាទៅវិញទៅមក ការតភ្ជាប់និងផ្លាស់ប្ដូររវាងប្រទេសទាំងពីរ កម្ពុជា-ចិន។

ឯកឧត្ដមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍សង្កត់ធ្ងន់បន្ថែមទៀតថា នៅក្នុងទំនាក់ទំនងជាប្រវត្តិសាស្ត្ររវាងកម្ពុជានិងចិនរាប់ពាន់ឆ្នាំកន្លងមកនេះ ប្រទេសទាំងពីរពុំធ្លាប់មានការបើកបណ្ដុះបណ្ដាលថ្នាក់គរុកោសល្យភាសាចិននៅឡើយ ហើយបទពិសោធនាពេលកន្លងមកនេះ បានបង្ហាញឱ្យឃើញយ៉ាងច្បាស់អំពី ភាពចាំបាច់នៅក្នុងការបន្តនិរន្តរភាពបណ្ដុះបណ្ដាលធនធានមនុស្សភាសាចិន ដើម្បីរួមចំណែកជំរុញការកសាងសហគមន៍ជោគវាសនារួមគ្នា រវាងកម្ពុជា-ចិនឱ្យកាន់តែរឹងមាំបន្ថែមទៀត។ តាមរយៈចក្ខុវិស័យនេះ រាជបណ្ឌិត្យសភាកម្ពុជានឹងសម្រេចនូវគោលដៅកសាងធនធានមនុស្សនៅក្នុងការបណ្ដុះបណ្ដាលភាសាចិននេះ នៅក្នុងរយៈពេល៣ឆ្នាំខាងមុខ៕

RAC Media

អត្ថបទទាក់ទង

«ការស្រាវជ្រាវមរតកវប្បធម៌រូបី និងអរូបីនៅខេត្តក្រចេះ»

ឯកឧត្តមបណ្ឌិត នូ ចាន់សុភី ប្រធានវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ បានដឹកនាំក្រុមស្រាវជ្រាវនៃវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈចុះសិក្សាស្រាវជ្រាវអំពីសម្បត្តិបេតិកភណ្ឌវប្បធម៌រូបី និងមរតកវប្បធម៌អរូបី...

2018-08-10 07:03:16   ថ្ងៃសុក្រ, 10 សីហា 2018 ម៉ោង 02:03 PM
«វេទិកាវិទ្យាសាស្ត្រពីលទ្ធភាពនៃការប្រើប្រាស់ទឹកភ្លៀងក្នុងបរិបទនៃការប្រើប្រាស់បច្ចេកវិជ្ជាទំនើប...»

(ហូជីមិញ)៖ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា និងជាប្រធានប្រតិភូកម្ពុជា រួមដំណើរដោយឯកឧត្តមបណ្ឌិត នុត សម្បត្តិ  ប្រធានវិទ្យាស្ថាន ជីវសាស្រ្ត  វេជ្ជសាស្ត្រ និងកសិកម្ម និងលោក ហេង វ...

2018-08-08 14:34:48   ថ្ងៃពុធ, 08 សីហា 2018 ម៉ោង 09:34 PM
«សមិទ្ធិផល១២ខែ ក្រោមការដឹកនាំរបស់​ឯកឧត្តមបណ្ឌិត​សភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា»

          នៅព្រឹកថ្ងៃ​១២រោច ខែ​ទុតិយាសាឍ ​ឆ្នាំច សំរឹទ្ធស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ៨ ខែ សីហា ឆ្នាំ ២០១៨ រាជបណ្ឌិត្យសភាកម្ពុជា បានធ្វើសន្និសីទការសែតស្តីពីសមិទ្ធផលមួយឆ្នាំ ក្រោមការដឹកនាំរបស់ ឯកឧត្តមប...

2018-08-08 10:46:46   ថ្ងៃពុធ, 08 សីហា 2018 ម៉ោង 05:46 PM
បាឋកថា ស្តីពី «ការកាត់បន្ថយភាពក្រីក្រប្រជាជនតាមរយៈ​ ការដាំដំណាំមន និងចិញ្ចឹមដង្កូវនាង» ​

ឆ្លៀតក្នុងឱកាសបើកកម្មវិធីបាឋកថា ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានមានប្រសាសន៍ថា «កម្មវិធីនេះ​ពិត​ជា​​ល្អប្រសើរ​ណាស់ ព្រោះថាយើងមានបញ្ញវន្តដែលអាច​ចែករំលែកបទពិសោធន៍ជាមួយអ្នកសិក្សាស្រាវ​ជ្រាវរបស់រាជ​បណ្ឌិត...

2018-08-07 04:34:40   ថ្ងៃអង្គារ, 07 សីហា 2018 ម៉ោង 11:34 AM
«កិច្ចសហប្រតិបត្ដិការណ៍ស្ដីពីផ្លូវមួយខ្សែក្រវ៉ាត់មួយ»

នៅវេលាព្រឹកម៉ោង ៩ៈ៣០នាទីព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៧នេះ គណៈប្រតិភូរាជបណ្ឌិត្យសភាកម្ពុជា បានទទួលស្វាគមន៍គណៈប្រតិភូចិន ចំនួន៥រូបមកពីបណ្ឌិត្យសភាវិទ្យាសាស្ដ្រសង្គមសៀងហៃ ប្រទេសចិន នៅសាលស្លឹករឹត ក្រោមការដឹ...

2018-08-03 11:09:40   ថ្ងៃសុក្រ, 03 សីហា 2018 ម៉ោង 06:09 PM
«ជប៉ុននឹងសាងសង់សួនសត្វដ៏ធំមួយដែលមិនធ្លាប់មានពីមុនមកនៅខេត្តព្រះវិហារ»

ក្នុងឱកាសស្វាគមន៍ដល់ភ្ញៀវជប៉ុន ដែលមានគម្រោងដាក់វិនិយោគបង្កើតសួនសត្វដ៏ធំនៅកម្ពុជា នៅក្នុងទីតាំងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹប ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បង្ហាញពីក្តីពេញចិត្តចំពោះទឹកចិត...

2018-07-28 16:17:34   ថ្ងៃសៅរ៍, 28 កក្កដា 2018 ម៉ោង 11:17 PM

សេចក្តីប្រកាស