ព័ត៌មាន

រាជបណ្ឌិត្យសភាកម្ពុជារៀបចំវេទិកាវិទ្យាសាស្ត្រ ស្ដីពី «ទំនាក់ទំនងកម្ពុជា-ចិន និងរំឭកខួប១០០ព្រះវស្សារបស់ព្រះបរមរតនកោដ្ឋ»

2022-12-22 05:20:33 ថ្ងៃព្រហស្បតិ៍, 22 ធ្នូ 2022 ម៉ោង 12:20 PM
អ្នកមើល 3448
post_detail

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៤រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២នេះ វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំវេទិកាវិទ្យាសាស្ត្រ ស្ដីពី «ទំនាក់ទំនងកម្ពុជា-ចិន និងរំឭកខួប១០០ព្រះវស្សារបស់ព្រះបរមរតនកោដ្ឋ» នៅសាលមហោស្រពខេមរវិទូ នៃរាជបណ្ឌិត្យសភាកម្ពុជា។

វេទិកាវិទ្យាសាស្ត្រនេះ ទទួលបានការអញ្ជើញជាអធិបតី និងថ្លែងសុន្ទរកថាដោយបណ្ឌិត Chen Xiaolin សាកលវិទ្យាធិការសាកលវិទ្យាល័យជីវជាំង ឯកឧត្ដម ឯក សំអុល ប្រធានសមាគមមិត្តភាពកម្ពុជា-ចិន ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្ដម Wang Wentian ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា សម្ដេចរាជបុត្រី ព្រះអនុជ នរោត្ដម អរុណរស្មី ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងទទួលបានកិត្តិយសថ្លែងសុន្ទរកថាបើកដោយឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី។

វេទិកាវិទ្យាសាស្ត្រ ស្ដីពី «ទំនាក់ទំនងកម្ពុជា-ចិន និងរំឭកខួប១០០ព្រះវស្សារបស់ព្រះបរមរតនកោដ្ឋ» ប្រព្រឹត្តទៅដោយមានវគ្គពិភាក្សាចំនួនពីរគឺ៖

+ វេទិកាពិភាក្សាទីមួយ៖ «ទំនាក់ទំនងសង្គម វប្បធម៌រវាងកម្ពុជា-ចិន» ដែលមានប្រធានបទរងចំនួន៣គឺ៖

- «ទំនាក់ទំនងរវាងព្រះបរមរតនកោដ្ឋ និងថ្នាក់ដឹកនាំចិន» ដោយលោកស្រី Zhao Shulan

- «ព្រះបរមរតនកោដ្ឋ៖ តួអង្គដែលជានិមិត្តរូបក្នុងប្រវត្តិសាស្ត្រ» ដោយលោក Zhao Wei

- «អតីតកាល និងបច្ចុប្បន្នភាពនៃទំនាក់ទំនងកម្ពុជា-ចិន» ដោយឯកឧត្ដមបណ្ឌិត គិន ភា

+ វេទិកាពិភាក្សាទីពីរ៖ «ទំនាក់ទំនងកម្ពុជា-ចិន លើវិស័យនយោបាយ និងសេដ្ឋកិច្ច» ដែលមានប្រធានបទរងចំនួន៣គឺ៖

- «កិច្ចសហប្រតិបត្តិការ ក្រោយការកសាងសហគមន៍ជោគវាសនារួមគ្នា» ដោយលោក Gu Jiayun

- «ជ្រុងមួយនៃវិស័យសេដ្ឋកិច្ចកម្ពុជា» ដោយឯកឧត្ដមបណ្ឌិត គី សេរីវឌ្ឍន៍

- «គោលនយោបាយ "ខ្សែក្រវាត់ និងផ្លូវ" ក្នុងការលើកកម្ពស់ទំនាក់ទំនងកម្ពុជា-ចិន ក្នុងបរិបទថ្មី» ដោយលោកបណ្ឌិត កា ម៉ាធុល។

វេទិកាវិទ្យាសាស្ត្រនេះ មានការអញ្ជើញចូលរួមពីសំណាក់មន្ត្រីរាជការ អ្នកសិក្សាស្រាវជ្រាវ និស្សិតពីបណ្ដាសាកលវិទ្យាល័យនានា និងមន្ត្រីស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា សរុបចំនួន២៣០នាក់៕

សូមចូលតាមដានការឡាយផ្ទាល់តាមរយៈ៖ https://www.facebook.com/watch/live/?ref=watch_permalink&v=1229513274660346


អត្ថបទទាក់ទង

សន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៧និងទិសដៅឆ្នាំ២០១៨

សន្និបាតនេះ ប្រារព្ធធ្វើឡើងក្នុងគោលបំណងពិនិត្យ និងវាយតម្លៃលទ្ធផលការងាររបស់រាជបណ្ឌិត្យសភាកម្ពុជា ក្នុងរយៈពេលពេញមួយឆ្នាំ២០១៧មកនេះ និងលើកទិសដៅឆ្នាំ២០១៨។ ជាការណ៍ពិតណាស់, មួយឆ្នាំកន្លងទៅនេះ មានការងារជាច្រើ...

2018-03-14 06:22:32   ថ្ងៃពុធ, 14 មីនា 2018 ម៉ោង 01:22 PM

សេចក្តីប្រកាស