ព័ត៌មាន

បណ្ឌិតសភាចារ្យ សុខ ទូច៖ អាស៊ានហាក់មិនសូវខ្លាំងព្រោះអាស៊ានគ្មានអ្វីរួម ហើយថែមទាំងប្រកួតប្រជែង និងលាក់បាំងព័ត៌មានគ្នាថែមទៀត

2022-12-21 08:16:36 ថ្ងៃពុធ, 21 ធ្នូ 2022 ម៉ោង 03:16 PM
អ្នកមើល 4016
post_detail

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ក្នុងឱកាសអញ្ជើញជាអធិបតីថ្លែងសុន្ទរកថាបិទសន្និសីទអន្តរជាតិ លើកទី១៧ ស្ដីពី «សណ្ដាប់ធ្នាប់ពិភពលោកថ្មី៖ ការប្រជែង សមាហរណកម្ម និងពហុប៉ូល» ដែលរៀបចំឡើងនៅថ្ងៃអង្គារ ១២រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ដោយមជ្ឈមណ្ឌលស្រាវជ្រាវអាស៊ី នៃរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានគូសបញ្ជាក់ថា «អាស៊ានហាក់មិនសូវខ្លាំងព្រោះអាស៊ានគ្មានអ្វីរួម ហើយថែមទាំងប្រកួតប្រជែង និងលាក់បាំងព័ត៌មានគ្នាថែមទៀត ផង»។

ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានមានប្រសាសន៍បង្ហាញទស្សនៈយល់ឃើញខុសប្លែកពីវាគ្មិនដែលបានលើកឡើងនៅក្នុងសន្និសីទអន្តរជាតិបន្តិចថា «បច្ចុប្បន្ន អាស៊ានបានក្លាយទៅជាកូនក្រមុំ ដោយសារតែមហាអំណាចបានប្រឈមមុខដាក់គ្នា ហើយអាស៊ានស្ថិតនៅត្រង់ចំណុចកណ្ដាល ពុំមែនដោយសារអាស៊ានខ្លាំងនោះទេ»។ ឯកឧត្ដមបណ្ឌិតសភាចារ្យបានបន្តថា «អាស៊ានហាក់មិនសូវខ្លាំងព្រោះអាស៊ានគ្មានអ្វីរួម ហើយថែមទាំងប្រកួតប្រជែងគ្នាហើយថែមទៀតផង»។

បើតាមការគូសបញ្ជាក់របស់ឯកឧត្ដមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជា អាស៊ានគ្មានអ្វីរួមគឺចង់សម្ដៅ ថា អាស៊ានគ្មានជំហររួមគ្នាតែមួយ គ្មានប្រព័ន្ធហិរញ្ញវត្ថុនិងរូបិយបណ្ណរួមគ្នា គ្មានភាសារួមគ្នា និងគ្មានប្រព័ន្ធសន្តិសុខរួមគ្នា។ អាស៊ានដែលបានរួមគ្នាជាសមាគមតែមួយ ប៉ុន្តែជានិច្ចកាល តែងតែគ្មានជំហររួមគ្នាតែមួយនៅក្នុងការដោះស្រាយបញ្ហាផ្សេងៗ ពិសេសនៅចំពោះមុខមហាអំណាច។ បន្ថែមពីនេះ អាស៊ានដែលបានធ្វើសមាហរណកម្មសេដ្ឋកិច្ចទៅហើយក្ដី ក៏នៅតែមិនអាចរកឃើញនូវយន្តការជំរុញបង្កើតប្រព័ន្ធហិរញ្ញវត្ថុ ឬរូបិយបណ្ណរួមគ្នាផងដែរ។ ជាមួយគ្នានេះ អាស៊ានដែលមានប្រទេសជាសមាជិកសរុបចំនួន១០ ដែលក្នុងនោះមានប្រទេស២ដែលនិយាយភាសាដូចគ្នា ហើយឥណ្ឌូណេស៊ីដែលមានប្រជាជនច្រើនជាងគេ និងដែលមានភាសាឥណ្ឌូណេស៊ីជាភាសាផ្លូវការ ក៏អាស៊ានមិនបានសម្រេចជ្រើសរើសភាសារបស់ប្រទេសជាសមាជិក ធ្វើជាភាសាផ្លូវការដែរ ប៉ុន្តែបែរជាយកភាសាអង់គ្លេស ជាភាសាផ្លូវការរបស់ខ្លួនទៅវិញ។

ក្រៅពីនេះ បើទោះបីជាអាស៊ានមានកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិជាទៀងទាត់ក្ដី ប៉ុន្តែអង្គការតំបន់នេះ មិនមានកងកម្លាំងយោធារួមគ្នាដូចជាសហភាពអឺរ៉ុបនោះទេ ហើយមិនត្រឹមតែប៉ុណ្ណោះ ប្រទេសជាសមាជិក ថែមទាំងបន្តលាក់បាំង និងបន្តមិនទុកចិត្តគ្នានៅក្នុងរង្វង់សមាជិកអាស៊ានខ្លួនឯងថែមទៀតផង។ តួយ៉ាង ដូចជាករណីការបន្តដាក់ការសង្ស័យអំពីវត្តមានមូលដ្ឋានកងទ័ពចិននៅលើដែនអធិបតេយ្យរបស់កម្ពុជា ពីសំណាក់សហរដ្ឋអាម៉េរិកដែលរុញច្រានពីក្រោយដោយវៀតណាម ក៏កាន់តែសបញ្ជាក់អំពីភាពមិនទុកចិត្តគ្នានៅក្នុងរង្វង់សមាជិកអាស៊ាន និងប្រទេសជាប់ខាងគ្នាផងដែរ។ ត្រង់ចំណុចនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ ក៏បានគូសបញ្ជាក់ថា គេមិនគួរមានការព្រួយបារម្ភចំពោះចំណុចនេះនោះឡើយ ព្រោះរដ្ឋធម្មនុញ្ញរបស់កម្ពុជាបានចែងយ៉ាងច្បាស់អំពីការហាមឃាត់មិនឱ្យមានវត្តមានមូល ដ្ឋានកងទ័ពបរទេសនៅលើទឹកដីកម្ពុជា ហើយកម្ពុជាដែលបានឆ្លងកាត់សង្គ្រាមរាប់ទសវត្សរ៍ បានយល់ជាក់ច្បាស់ និងបានទទួលបទពិសោធជូរចត់ ព្រមទាំងបានរងទឹកភ្នែកគ្រប់គ្រាន់ហើយ នៅក្នុងអតីតកាលដែលខ្លួនធ្លាប់ផ្ដល់មូលដ្ឋាន ទ័ពដល់បរទេស និងនាំភ្លើងសង្គ្រាមចូលមកក្នុងប្រទេសរបស់ខ្លួន។

ចំពោះបញ្ហាសេដ្ឋកិច្ច អាស៊ានមិនត្រឹមតែមិនចូលរួមចំណែកជួយជំរុញវឌ្ឍនភាពគ្នានោះទេ ប៉ុន្តែបណ្ដាប្រទេសអាស៊ានមួយចំនួន ថែមទាំងបានប្រកួតប្រជែងគ្នាទៅវិញ។ តួយ៉ាង អាស៊ានបានប្រកួតប្រជែងទីផ្សារអង្កររបស់ប្រទេសជាសមាជិក លាក់បាំងព័ត៌មាន និងមិនមានសាមគ្គីភាពគ្នាក្នុងការរួបរួមគ្នាបង្កើតក្រុមប្រទេសនាំចេញអង្ករនោះទេ បើទោះបីជាថៃ វៀតណាម និងកម្ពុជា ជាដើម សុទ្ធសឹងតែជាជាប្រទេសនាំចេញអង្ករដូចគ្នា៕

RAC Media | លឹម សុវណ្ណរិទ្ធ

អត្ថបទទាក់ទង

ដំំណើរទស្សនកិច្ចរបស់តំណាងក្រុមហ៊ុនហួវៃនៅរាជបណ្ឌិត្យសភាកម្ពុជា

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ថ្ងៃទី៧ កក្កដា ២០២២នេះ រាជបណ្ឌិត្យសភាកម្ពុជា បានទទួលជួបពិភាក្សាការងារ និងផ្លាស់ប្តូរទស្សនគ្នា ជាមួយតំណាងក្រុមការងារក្រុមហ៊ុនហួវៃ (Huawei) ប្រចាំកម្ពុជា។ ភាគីទាំងពីរ បានសិក្សាល...

2022-07-07 11:04:19   ថ្ងៃព្រហស្បតិ៍, 07 កក្កដា 2022 ម៉ោង 06:04 PM
ការបោះឆ្នោតឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅព្រះរាជាណាចក្រកម្ពុជា ដោយ៖ លោក អ៊ុច លាង អ្នកសិក្សាស្រាវជ្រាវនៃនាយកដ្ឋានសិក្សាអាស៊ី អាហ្វ្រិក និងមជ្ឈិមបូព៌ា នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលបានប្រកាស លទ្ធផលជាផ្លូវការនៅថ្ងៃអាទិត្យទី២៦ ខែមិថុនា ឆ្នាំ២០២២ ដោយ គ.ជ.ប និងមានគណបក្សចំនួន៩ ក្នុងចំណោមគណបក្ស១៧ដែលបានដាក់បេក្ខភាព ប្រ...

2022-07-04 11:23:07   ថ្ងៃចន្ទ, 04 កក្កដា 2022 ម៉ោង 06:23 PM
«៥៥ឆ្នាំនៃទំនាក់ទំនងកម្ពុជា-វៀតណាម៖ មេរៀនអតីតកាល និងមាគ៌ាឆ្ពោះទៅមុខ»

ខែមិថុនា ឆ្នាំ២០២២នេះ កត់សម្គាល់ខួប៥៥ឆ្នាំនៃទំនាក់ទំនងការទូតផ្លូវការរវាងកម្ពុជានិងវៀតណាម។ កម្ពុជានិងវៀតណាមជាប្រទេសភូមិផងរបងជាមួយ ដែលមានព្រំដែនជាប់គ្នាប្រវែងប្រមាណជាង ១ ២៧០ គីឡូម៉ែត្រ និងមានទន្លេមេគង្គ...

2022-06-22 03:46:34   ថ្ងៃពុធ, 22 មិថុនា 2022 ម៉ោង 10:46 AM
«ប្រវត្តិ និងសារៈសំខាន់នៃពុទ្ធិកសិក្សានៅកម្ពុជា»

(រូបថត៖ http://5000-years.org/)វិស័យអប់រំផ្នែកពុទ្ធិកសិក្សាជាវិស័យមួយដែលបានចូលរួមចំណែកបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា។ វិស័យនេះបានចាប់បដិសន្ធិជាច្រើនសតវត្សរ៍មកហើយ គឺនៅមុនរជ្ជកាលនៃការគ្រប់គ្រងរបស់អតីត...

2022-06-22 03:24:45   ថ្ងៃពុធ, 22 មិថុនា 2022 ម៉ោង 10:24 AM
សមិទ្ធផលថ្មី សៀវភៅ «តក្កវិទ្យាជាមួយការអនុវត្ត»

សៀវភៅ «តក្កវិទ្យាជាមួយការអនុវត្ត» រៀបចំសម្រាប់សិស្ស និស្សិត លោកគ្រូ អ្នកគ្រូ អ្នកសិក្សា និង អ្នកស្រាវជ្រាវលើវិស័យគណិតវិទ្យា។ សៀវភៅនេះ ជាផ្នែកមួយនៃពីជគណិត ដែលផ្តល់ឱ្យនិស្សិតត្រូវ សិក្សាទទួលបានចំណេះដឹងខ...

2022-06-22 02:59:11   ថ្ងៃពុធ, 22 មិថុនា 2022 ម៉ោង 09:59 AM
រាជបណ្ឌិត្យសភាកម្ពុជា ប្រគល់ទឹកថ្នាំសម្លាប់មេរោគជូនក្រសួងសុខាភិបាល

នារសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១៥:០០នាទី ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា តំណាងរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធ...

2022-06-16 12:19:23   ថ្ងៃព្រហស្បតិ៍, 16 មិថុនា 2022 ម៉ោង 07:19 PM

សេចក្តីប្រកាស