ព័ត៌មាន

បណ្ឌិតសភាចារ្យ សុខ ទូច៖ អាស៊ានហាក់មិនសូវខ្លាំងព្រោះអាស៊ានគ្មានអ្វីរួម ហើយថែមទាំងប្រកួតប្រជែង និងលាក់បាំងព័ត៌មានគ្នាថែមទៀត

2022-12-21 08:16:36 ថ្ងៃពុធ, 21 ធ្នូ 2022 ម៉ោង 03:16 PM
អ្នកមើល 3820
post_detail

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ក្នុងឱកាសអញ្ជើញជាអធិបតីថ្លែងសុន្ទរកថាបិទសន្និសីទអន្តរជាតិ លើកទី១៧ ស្ដីពី «សណ្ដាប់ធ្នាប់ពិភពលោកថ្មី៖ ការប្រជែង សមាហរណកម្ម និងពហុប៉ូល» ដែលរៀបចំឡើងនៅថ្ងៃអង្គារ ១២រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ដោយមជ្ឈមណ្ឌលស្រាវជ្រាវអាស៊ី នៃរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានគូសបញ្ជាក់ថា «អាស៊ានហាក់មិនសូវខ្លាំងព្រោះអាស៊ានគ្មានអ្វីរួម ហើយថែមទាំងប្រកួតប្រជែង និងលាក់បាំងព័ត៌មានគ្នាថែមទៀត ផង»។

ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានមានប្រសាសន៍បង្ហាញទស្សនៈយល់ឃើញខុសប្លែកពីវាគ្មិនដែលបានលើកឡើងនៅក្នុងសន្និសីទអន្តរជាតិបន្តិចថា «បច្ចុប្បន្ន អាស៊ានបានក្លាយទៅជាកូនក្រមុំ ដោយសារតែមហាអំណាចបានប្រឈមមុខដាក់គ្នា ហើយអាស៊ានស្ថិតនៅត្រង់ចំណុចកណ្ដាល ពុំមែនដោយសារអាស៊ានខ្លាំងនោះទេ»។ ឯកឧត្ដមបណ្ឌិតសភាចារ្យបានបន្តថា «អាស៊ានហាក់មិនសូវខ្លាំងព្រោះអាស៊ានគ្មានអ្វីរួម ហើយថែមទាំងប្រកួតប្រជែងគ្នាហើយថែមទៀតផង»។

បើតាមការគូសបញ្ជាក់របស់ឯកឧត្ដមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជា អាស៊ានគ្មានអ្វីរួមគឺចង់សម្ដៅ ថា អាស៊ានគ្មានជំហររួមគ្នាតែមួយ គ្មានប្រព័ន្ធហិរញ្ញវត្ថុនិងរូបិយបណ្ណរួមគ្នា គ្មានភាសារួមគ្នា និងគ្មានប្រព័ន្ធសន្តិសុខរួមគ្នា។ អាស៊ានដែលបានរួមគ្នាជាសមាគមតែមួយ ប៉ុន្តែជានិច្ចកាល តែងតែគ្មានជំហររួមគ្នាតែមួយនៅក្នុងការដោះស្រាយបញ្ហាផ្សេងៗ ពិសេសនៅចំពោះមុខមហាអំណាច។ បន្ថែមពីនេះ អាស៊ានដែលបានធ្វើសមាហរណកម្មសេដ្ឋកិច្ចទៅហើយក្ដី ក៏នៅតែមិនអាចរកឃើញនូវយន្តការជំរុញបង្កើតប្រព័ន្ធហិរញ្ញវត្ថុ ឬរូបិយបណ្ណរួមគ្នាផងដែរ។ ជាមួយគ្នានេះ អាស៊ានដែលមានប្រទេសជាសមាជិកសរុបចំនួន១០ ដែលក្នុងនោះមានប្រទេស២ដែលនិយាយភាសាដូចគ្នា ហើយឥណ្ឌូណេស៊ីដែលមានប្រជាជនច្រើនជាងគេ និងដែលមានភាសាឥណ្ឌូណេស៊ីជាភាសាផ្លូវការ ក៏អាស៊ានមិនបានសម្រេចជ្រើសរើសភាសារបស់ប្រទេសជាសមាជិក ធ្វើជាភាសាផ្លូវការដែរ ប៉ុន្តែបែរជាយកភាសាអង់គ្លេស ជាភាសាផ្លូវការរបស់ខ្លួនទៅវិញ។

ក្រៅពីនេះ បើទោះបីជាអាស៊ានមានកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិជាទៀងទាត់ក្ដី ប៉ុន្តែអង្គការតំបន់នេះ មិនមានកងកម្លាំងយោធារួមគ្នាដូចជាសហភាពអឺរ៉ុបនោះទេ ហើយមិនត្រឹមតែប៉ុណ្ណោះ ប្រទេសជាសមាជិក ថែមទាំងបន្តលាក់បាំង និងបន្តមិនទុកចិត្តគ្នានៅក្នុងរង្វង់សមាជិកអាស៊ានខ្លួនឯងថែមទៀតផង។ តួយ៉ាង ដូចជាករណីការបន្តដាក់ការសង្ស័យអំពីវត្តមានមូលដ្ឋានកងទ័ពចិននៅលើដែនអធិបតេយ្យរបស់កម្ពុជា ពីសំណាក់សហរដ្ឋអាម៉េរិកដែលរុញច្រានពីក្រោយដោយវៀតណាម ក៏កាន់តែសបញ្ជាក់អំពីភាពមិនទុកចិត្តគ្នានៅក្នុងរង្វង់សមាជិកអាស៊ាន និងប្រទេសជាប់ខាងគ្នាផងដែរ។ ត្រង់ចំណុចនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ ក៏បានគូសបញ្ជាក់ថា គេមិនគួរមានការព្រួយបារម្ភចំពោះចំណុចនេះនោះឡើយ ព្រោះរដ្ឋធម្មនុញ្ញរបស់កម្ពុជាបានចែងយ៉ាងច្បាស់អំពីការហាមឃាត់មិនឱ្យមានវត្តមានមូល ដ្ឋានកងទ័ពបរទេសនៅលើទឹកដីកម្ពុជា ហើយកម្ពុជាដែលបានឆ្លងកាត់សង្គ្រាមរាប់ទសវត្សរ៍ បានយល់ជាក់ច្បាស់ និងបានទទួលបទពិសោធជូរចត់ ព្រមទាំងបានរងទឹកភ្នែកគ្រប់គ្រាន់ហើយ នៅក្នុងអតីតកាលដែលខ្លួនធ្លាប់ផ្ដល់មូលដ្ឋាន ទ័ពដល់បរទេស និងនាំភ្លើងសង្គ្រាមចូលមកក្នុងប្រទេសរបស់ខ្លួន។

ចំពោះបញ្ហាសេដ្ឋកិច្ច អាស៊ានមិនត្រឹមតែមិនចូលរួមចំណែកជួយជំរុញវឌ្ឍនភាពគ្នានោះទេ ប៉ុន្តែបណ្ដាប្រទេសអាស៊ានមួយចំនួន ថែមទាំងបានប្រកួតប្រជែងគ្នាទៅវិញ។ តួយ៉ាង អាស៊ានបានប្រកួតប្រជែងទីផ្សារអង្កររបស់ប្រទេសជាសមាជិក លាក់បាំងព័ត៌មាន និងមិនមានសាមគ្គីភាពគ្នាក្នុងការរួបរួមគ្នាបង្កើតក្រុមប្រទេសនាំចេញអង្ករនោះទេ បើទោះបីជាថៃ វៀតណាម និងកម្ពុជា ជាដើម សុទ្ធសឹងតែជាជាប្រទេសនាំចេញអង្ករដូចគ្នា៕

RAC Media | លឹម សុវណ្ណរិទ្ធ

អត្ថបទទាក់ទង

«ភាពអសមត្ថភាព និងភាពអសកម្មរបស់មន្ដ្រីជាហានិភ័យសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា...»

ថ្ងៃសុក្រ ទី២៨ ខែកញ្ញា ឆ្នាំ២០១៨សូមជម្រាបថាវិទ្យាស្ថានទី៥ហើយដែលឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានកោះ ហៅប្រជុំភ្លាមដើម្បីតាមដាននិងត្រួតពិនិត្យការងាររបស់វិទ្យាស្ថាន។វិទ្យាស្ថាន...

2018-09-28 04:45:20   ថ្ងៃសុក្រ, 28 កញ្ញា 2018 ម៉ោង 11:45 AM
«ក្រុងកំពតនឹងត្រូវបានចុះបញ្ជី ជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ...»

ថ្ងៃសុក្រ ទី២៨ ខែកញ្ញា ឆ្នាំ២០១៨ដោយមើលឃើញអំពីសក្តានុពលរបស់ខេត្តកំពត ពិសេសពាក់ព័ន្ធនឹងសំណង់ស្ថាបត្យកម្មបន្សល់ទុកពីជំនាន់សម័យអាណានិគមបារាំង ក្រសួងទេសចរណ៍បានសហការជាមួយក្រសួងវប្បធម៌ ក៏ដូចជាអាជ្ញាធរខេត្ត ន...

2018-09-28 04:05:07   ថ្ងៃសុក្រ, 28 កញ្ញា 2018 ម៉ោង 11:05 AM
«ការទាញសន្លឹកឆ្នោត និងការបញ្ជាក់ពីគោលនយោបាយការបរទេសរបស់លោក ដូណាល់ ត្រាំ»

ថ្ងៃសុក្រ ទី២៨ ឆ្នាំ២០១៨នៅ​ទូទាំង​អាម៉េរិក ទាំង​គណបក្ស​សាធារណរដ្ឋ​និង​គណបក្ស​ប្រជាធិបតេយ្យ​បាន​ធ្វើ​ឬនឹង​ធ្វើ​ការ​បោះឆ្នោត​បឋម​ដើម្បី​ជ្រើសរើស​បេក្ខជន​របស់​ខ្លួន​ដែល​នឹង​ត្រូវ​ប្រកួត​ប្រជែង​គ្នា​នៅ​ក្...

2018-09-28 02:49:27   ថ្ងៃសុក្រ, 28 កញ្ញា 2018 ម៉ោង 09:49 AM
«ក្រុមហ៊ុនអាម៉េរិកជាង ១០ កំពុងសម្លឹងមើល ឱកាសវិនិយោគនៅក្នុងវិស័យកសិកម្មរបស់ប្រទេសកម្ពុជា»

ថ្ងៃសុក្រ ទី២៨ ឆ្នាំ២០១៨បើតាមសារព័ត៌មាន ភ្នំពេញប៉ុស្តិ៍ បានផ្សាយគឺ ក្រុមហ៊ុនអាម៉េរិកជាង ១០ ក្រុមហ៊ុនដែលបានប្រមូលផ្ដុំគ្នានៅរាជធានីភ្នំពេញកំពុងសម្លឹងមើលឱកាសវិនិយោគនៅក្នុងវិស័យកសិកម្មរបស់ប្រទេសកម្ពុជា។...

2018-09-28 02:22:00   ថ្ងៃសុក្រ, 28 កញ្ញា 2018 ម៉ោង 09:22 AM
ពិធីបិទសិក្ខាសាលាស្តីពីសៀវភៅភាសាខ្មែរ

                         ភាសាមានការប្រែប្រួល តែអក្ខរាវិរុទ្ធមិនងាយប្រែប្រួលនោះទេ។ នេះជាការលើកឡើងរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ព្រុំ ម៉ល់ ទីប្រឹក្សារាជរដ្ឋាភិបាល និងជាអតីតប្រធានក្រុមប្រឹក្សាជាតិភា...

2018-09-27 18:12:10   ថ្ងៃព្រហស្បតិ៍, 27 កញ្ញា 2018 ម៉ោង 01:12 AM
«កូរ៉េខាងត្បូងទទូចឱ្យពិភពលោកគួរតែឆ្លើយតបដោយវិជ្ជមានចំពោះកូរ៉េខាងជើង»

កូរ៉េខាងត្បូងទទូចឱ្យពិភពលោកគួរតែឆ្លើយតបដោយវិជ្ជមានចំពោះកូរ៉េខាងជើង ថ្លែងក្នុងអង្គមហាសន្និបាតក្នុងទីក្រុងញូវយ៉កសហរដ្ឋអាម៉េរិក នៅថ្ងៃទីទី២៦ ខែកញ្ញា ឆ្នាំ២០១៨ ប្រធានាធិបតីកូរ៉េខាងត្បូងលោកមូន ជែអ៊ីនបានទទូ...

2018-09-27 07:24:27   ថ្ងៃព្រហស្បតិ៍, 27 កញ្ញា 2018 ម៉ោង 02:24 PM

សេចក្តីប្រកាស