ព័ត៌មាន

បណ្ឌិត យង់ ពៅ៖ ការបង្កើតបក្សសម្ព័ន្ធរវាងមហាអំណាចអាម៉េរិក-ចិន បង្ហាញការទប់ទល់ឥទ្ធិពលគ្នាដោយប្រយោលនៅតំបន់អាស៊ី

2022-12-20 06:16:59 ថ្ងៃអង្គារ, 20 ធ្នូ 2022 ម៉ោង 01:16 PM
អ្នកមើល 4113
post_detail

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ក្រោយពេលរដ្ឋាភិបាលចិន ដាក់ចេញគំនិតផ្តួចផ្តើម ខ្សែក្រវាត់ និងផ្លូវ មានការបង្កើតបក្សសម្ព័ន្ធជាបន្តបន្ទាប់ស្ថិតនៅក្រោមពាក្យថា ក្នុងគោលបំណងដើម្បីរក្សាស្ថិរភាព ពង្រឹងសន្តិសុខតំបន់ តែធាតុពិតនៅពីក្រោយខ្នងនៃបក្សសម្ព័ន្ធថ្មីៗនេះ ហាក់បង្ហាញការទប់ទល់នូវឥទ្ធិពលគ្នាដោយប្រយោលរបស់មហាអំណាចរវាងចិន និងសហរដ្ឋអាម៉េរិក ដូចជាយុទ្ធសាស្ត្រ AUKUS, QUAD, RCEP និង IPEF ជាដើម។

ការលើកឡើងបែបនេះ របស់ឯកឧត្ដមបណ្ឌិត យង់ ពៅ បានធ្វើឡើងក្នុងឱកាសអញ្ជើញបើកសន្និសីទអន្តរជាតិប្រចាំឆ្នាំលើកទី១៧ ស្តីពី «សណ្តាប់ធ្នាប់ពិភពលោកថ្មី៖ ការប្រជែងសមាហរណកម្ម និងពហុប៉ូល» នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២នេះ ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលស្រាវជ្រាវអាស៊ីនៃរាជបណ្ឌិត្យសភាកម្ពុជា និងក្រោមការឧបត្ថម្ភពីវិទ្យាស្ថានជ័យសម្រាប់ការសិក្សាជាន់ខ្ពស់នៃសាធារណរដ្ឋកូរ៉េ។

ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិត យង់ ពៅ បានយល់ឃើញថា ការឡើងកំដៅរវាងចិន និងសហរដ្ឋអាម៉េរិក ក្រោយដំណើរទស្សនកិច្ចជាបន្ទាប់របស់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់សហរដ្ឋអាម៉េរិកនៅលើទឹកដីតៃវ៉ាន់ ក៏ជាធាតុផ្សំមួយនៃការវិវត្តស្ថានភាពភូមិសាស្ត្រនយោបាយនៅក្នុងតំបន់ ព្រមទាំងជាការជះឥទ្ធិពលគ្នារវាងចិន និងសហរដ្ឋអាម៉េរិក ព្រោះថា អាម៉េរិកហាក់កំពុងអូសចិនឱ្យចូលក្នុងសង្គ្រាមរវាងចិន និងតៃវ៉ាន់តាមរយៈដំណើរទស្សនកិច្ចនោះ ត្បិតចិនបានបង្ហាញសាច់ដុំយោធាយ៉ាងខ្លាំងសម្បើមណាស់ ថែមទាំងបានធ្វើសមយុទ្ធបាញ់មីស៊ីលរំលងទឹកដីតៃវ៉ាន់ថែមទៀតផង ជាការមើលឃើញរបស់យើងគឺថា អាម៉េរិកចង់ទប់ល្បឿនសេដ្ឋកិច្ចចិន កុំឱ្យហាក់ដើរលឿនទៅមុនខ្លាំងពេក។

ឯកឧត្តមបណ្ឌិត យង់ ពៅ បានលើកឡើងយ៉ាងដូច្នេះថា៖ «យើងឃើញថា នៅតំបន់អាស៊ីរបស់យើង ក្រោយពេលដែលរដ្ឋាភិបាលលោកស៊ីជីនពីង បានដាក់ចេញនូវគំនិតផ្តួចផ្តើម ខ្សែក្រវាត់ និងផ្លូវ ឬផ្លូវមួយខ្សែក្រវាត់មួយមក មានរៀបបង្កើតឡើងនូវបក្សសម្ព័ន្ធជាបន្តបន្ទាប់ ក្រោមរូបភាពផ្សេងៗទាំងក្រមខ័ណ្ឌសេដ្ឋកិច្ច និងក្របខណ្ឌបក្សសម្ព័ន្ធយោធា។ ពិតណាស់ ការបង្កើតបក្សស័ម្ពន្ធទាំងនោះ ស្ថិតនៅក្រោមពាក្យថា ក្នុងគោលបំណងដើម្បីរក្សាស្ថិរភាព ពង្រឹងសន្តិសុខតំបន់ តែធាតុពិតនៅពីក្រោយខ្នងនៃបក្សសម្ព័ន្ធថ្មីៗនេះ ហាក់បង្ហាញការទប់តល់នូវឥទ្ធិពលគ្នាដោយប្រយោលរបស់មហាអំណាចរវាងចិន និងសហរដ្ឋអាម៉េរិក ដូចជាយុទ្ធសាស្ត្រ AUKUS, QUAD, RCEP និង IPEF ជាដើម»។

ត្រង់ចំណុចនេះ លោកបណ្ឌិត បានចោទជាសំណួរថា យើងពិតជាដឹងហើយថា អាម៉េរិកគាំទ្រគោលនយោបាយចិនតែមួយ ចុះហេតុអ្វីពេលថ្នាក់ដឹកនាំនិងមន្ត្រីអាម៉េរិកទៅតៃវ៉ាន់ បែជាមិនជូនដំណឹងមកប៉េកាំង តើនេះជាចេតនាអ្វីទៅ? ជាការបញ្ឆេះសង្គ្រាមដែរឬយ៉ាងណា? ព្រោះថាបើចិន រអិលចូលភ្លើងសង្គ្រាមនោះ គឺស្មើនឹងចិនហែកថវិកាជាតិចោលយ៉ាងសន្ធឹកសន្ធាប់ជាក់ជាមិនខានឡើយ។ ពិតណាស់ ការស្ទុះឡើងរបស់មហាយក្សចិន និងការពង្រីកឥទ្ធិពលខ្លួនឡើងវិញរបស់សហព័ន្ធរុស្ស៉ី ព្រមទាំងការងើបឡើងនៃប្រទេសអំណាចកណ្តាល និងអង្គការតំបន់នានា បានធ្វើឱ្យពិភពលោកវិលត្រឡប់ពីប្រព័ន្ធឯកប៉ូលមកកាន់ប្រព័ន្ធពហុប៉ូលវិញកាន់តែជាក់ច្បាស់។

ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិត យង់ ពៅ បានគូសបញ្ជាក់ថា ក្រៅពីមហាអំណាចពហុប៉ូលដែលបានបង្ហាញនូវអានុភាពខាងលើនេះ ក៏នៅមានបណ្តារដ្ឋអំណាចកណ្តាលមួយចំនួនដែលមានសេដ្ឋកិច្ច និងបច្ចេកវិទ្យានាំមុខគេមួយចំនួនដូចជា៖ ប្រទេសជប៉ុន ឥណ្ឌា ប្រេស៊ីល កាណាដា ជាដើម ដែលមានសកម្មភាពខាងសេដ្ឋកិច្ចនាំមុខ និងចូលរួមដោះស្រាយបញ្ហា និងថែរក្សាស្ថិរភាព និងសន្តិភាពក្នុងក្របខណ្ឌពិភពលោកដែលគួរឱ្យសរសើរ។ ប៉ុន្តែ បណ្តារដ្ឋទាំងនេះនៅមិនទាន់មានឥទ្ធិពលគ្រប់គ្រាន់ក្នុងការរក្សា និងបង្កឱ្យមានការប្រែប្រួលក្នុងពិភពលោកនៅឡើយទេ៕


អត្ថបទទាក់ទង

«ប្រជុំដើម្បីពិនិត្យ ពិភាក្សា និង អនុម័តបច្ចេកសព្ទ គណ:កម្មការគីមីវិទ្យា និងរូបវិទ្យា»

កាលពីរសៀល ថ្ងៃពុធ ទី០៤ ខែកញ្ញា ឆ្នាំ២០១៩ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម បានដឹកនាំប្រជុំដើម្បីពិនិត្យ ពិភាក្សា និង អនុម័តបច្ចេកសព្ទ គណ:កម្មការគីមីវិទ្យា និងរូបវិទ្យា...

2019-09-05 02:54:56   ថ្ងៃព្រហស្បតិ៍, 05 កញ្ញា 2019 ម៉ោង 09:54 AM
«ទស្សនកិច្ចស្វែងយល់ពីវិស័យទេសចរណ៍នៅក្រុងហូជីមិញ»

ជំំនួបជាមួយអនុប្រធានមន្ទីរទេសចរណ៍ក្រុងហូជីមិញនៅវេលាព្រឹក ថ្ងៃពុធ ទី៤ ខែកញ្ញា ឆ្នាំ២០១៩នេះ ឯកឧត្តមបណ្ឌិតសភាចារ្យសុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានដឹកនាំក្រុមការងារនៃរាជបណ្ឌិត្យសភាកម្ពុជា បានជួបពិភ...

2019-09-05 00:34:29   ថ្ងៃព្រហស្បតិ៍, 05 កញ្ញា 2019 ម៉ោង 07:34 AM
«ប្រជុំពិនិត្យការអនុវត្តការងាររបស់វិទ្យាស្ថានខុងជឺ»

តាងនាមឱ្យឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានដឹកនាំកិច្ចប្រជុំជាមួយនាយក និងនាយិកាវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ព...

2019-09-04 08:29:00   ថ្ងៃពុធ, 04 កញ្ញា 2019 ម៉ោង 03:29 PM
«ទឹកដោះគោតេជោសែនឫស្សីត្រឹប ទឹកដោះគោនៃក្តីស្រឡាញ់ បន្តចែករំលែកស្នាមញញឹម» ដោយ៖ សុគន្ធា

រាជបណ្ឌិត្យសភាកម្ពុជាបានបន្តចែកទឹកដោះគោតេជោសែនឫស្សីត្រឹប ទឹកដោះគោនៃក្តីនៃក្តីស្រឡាញ់ ជាមួយស្នាមញញឹមនៅខ័ណ្ឌជ្រោយចង្វារកាលពីព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៩ នៅវិទ្យាល័យជាស៊ីមជ្រោយចង្វារ ដល់សិស្សថ្នាក់ទី៧...

2019-09-04 04:15:55   ថ្ងៃពុធ, 04 កញ្ញា 2019 ម៉ោង 11:15 AM
«ទឹកដោះគោតេជោសែនឫស្សីត្រឹប ទឹកដោះគោនៃក្តីស្រឡាញ់» ដោយ៖ ម៉ៅ សុគន្ធា

កាលពីរសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩ រាជបណ្ឌិត្យសភាកម្ពុជាបាននាំទឹកដោះគោតេជោសែនឫស្សីត្រឹប ទៅ​ចែក​ជូនដល់សិស្សានុសិស្សថ្នាក់ទី២ដល់ថ្នាក់ទី៦ ចំនួន២១០នាក់ នៅសាលាបឋមសិក្សាជ្រោយចង្វា ស្ថិតក្នុងសង្កាត់ជ្រោយ​ចង...

2019-09-03 07:45:39   ថ្ងៃអង្គារ, 03 កញ្ញា 2019 ម៉ោង 02:45 PM
«ពិធីសែនព្រេនសង់សំណង់បុស្បុកព្រះនាងឥន្ទ្រទេវី»

នៅព្រឹក ថ្ងៃអាទិត្យ ទី១ ខែកញ្ញា ឆ្នាំ ២០១៩ ក្រុមការងារសិតរូបព្រះនាងឥន្ទ្រទេវី និងសរសេររបាយការណ៍អគារឥន្ទ្រទេវីបានរៀបចំពិធីសែនព្រេនសង់សំណង់បុស្បុកព្រះនាងឥន្ទ្រទេវី នៅទីធ្លាខាងមុខអគារឥន្ទ្រទេវីនៃរាជបណ្ឌ...

2019-09-01 05:18:38   ថ្ងៃអាទិត្យ, 01 កញ្ញា 2019 ម៉ោង 12:18 PM

សេចក្តីប្រកាស