ព័ត៌មាន

បណ្ឌិត យង់ ពៅ៖ ការបង្កើតបក្សសម្ព័ន្ធរវាងមហាអំណាចអាម៉េរិក-ចិន បង្ហាញការទប់ទល់ឥទ្ធិពលគ្នាដោយប្រយោលនៅតំបន់អាស៊ី

2022-12-20 06:16:59 ថ្ងៃអង្គារ, 20 ធ្នូ 2022 ម៉ោង 01:16 PM
អ្នកមើល 4127
post_detail

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ក្រោយពេលរដ្ឋាភិបាលចិន ដាក់ចេញគំនិតផ្តួចផ្តើម ខ្សែក្រវាត់ និងផ្លូវ មានការបង្កើតបក្សសម្ព័ន្ធជាបន្តបន្ទាប់ស្ថិតនៅក្រោមពាក្យថា ក្នុងគោលបំណងដើម្បីរក្សាស្ថិរភាព ពង្រឹងសន្តិសុខតំបន់ តែធាតុពិតនៅពីក្រោយខ្នងនៃបក្សសម្ព័ន្ធថ្មីៗនេះ ហាក់បង្ហាញការទប់ទល់នូវឥទ្ធិពលគ្នាដោយប្រយោលរបស់មហាអំណាចរវាងចិន និងសហរដ្ឋអាម៉េរិក ដូចជាយុទ្ធសាស្ត្រ AUKUS, QUAD, RCEP និង IPEF ជាដើម។

ការលើកឡើងបែបនេះ របស់ឯកឧត្ដមបណ្ឌិត យង់ ពៅ បានធ្វើឡើងក្នុងឱកាសអញ្ជើញបើកសន្និសីទអន្តរជាតិប្រចាំឆ្នាំលើកទី១៧ ស្តីពី «សណ្តាប់ធ្នាប់ពិភពលោកថ្មី៖ ការប្រជែងសមាហរណកម្ម និងពហុប៉ូល» នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២នេះ ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលស្រាវជ្រាវអាស៊ីនៃរាជបណ្ឌិត្យសភាកម្ពុជា និងក្រោមការឧបត្ថម្ភពីវិទ្យាស្ថានជ័យសម្រាប់ការសិក្សាជាន់ខ្ពស់នៃសាធារណរដ្ឋកូរ៉េ។

ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិត យង់ ពៅ បានយល់ឃើញថា ការឡើងកំដៅរវាងចិន និងសហរដ្ឋអាម៉េរិក ក្រោយដំណើរទស្សនកិច្ចជាបន្ទាប់របស់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់សហរដ្ឋអាម៉េរិកនៅលើទឹកដីតៃវ៉ាន់ ក៏ជាធាតុផ្សំមួយនៃការវិវត្តស្ថានភាពភូមិសាស្ត្រនយោបាយនៅក្នុងតំបន់ ព្រមទាំងជាការជះឥទ្ធិពលគ្នារវាងចិន និងសហរដ្ឋអាម៉េរិក ព្រោះថា អាម៉េរិកហាក់កំពុងអូសចិនឱ្យចូលក្នុងសង្គ្រាមរវាងចិន និងតៃវ៉ាន់តាមរយៈដំណើរទស្សនកិច្ចនោះ ត្បិតចិនបានបង្ហាញសាច់ដុំយោធាយ៉ាងខ្លាំងសម្បើមណាស់ ថែមទាំងបានធ្វើសមយុទ្ធបាញ់មីស៊ីលរំលងទឹកដីតៃវ៉ាន់ថែមទៀតផង ជាការមើលឃើញរបស់យើងគឺថា អាម៉េរិកចង់ទប់ល្បឿនសេដ្ឋកិច្ចចិន កុំឱ្យហាក់ដើរលឿនទៅមុនខ្លាំងពេក។

ឯកឧត្តមបណ្ឌិត យង់ ពៅ បានលើកឡើងយ៉ាងដូច្នេះថា៖ «យើងឃើញថា នៅតំបន់អាស៊ីរបស់យើង ក្រោយពេលដែលរដ្ឋាភិបាលលោកស៊ីជីនពីង បានដាក់ចេញនូវគំនិតផ្តួចផ្តើម ខ្សែក្រវាត់ និងផ្លូវ ឬផ្លូវមួយខ្សែក្រវាត់មួយមក មានរៀបបង្កើតឡើងនូវបក្សសម្ព័ន្ធជាបន្តបន្ទាប់ ក្រោមរូបភាពផ្សេងៗទាំងក្រមខ័ណ្ឌសេដ្ឋកិច្ច និងក្របខណ្ឌបក្សសម្ព័ន្ធយោធា។ ពិតណាស់ ការបង្កើតបក្សស័ម្ពន្ធទាំងនោះ ស្ថិតនៅក្រោមពាក្យថា ក្នុងគោលបំណងដើម្បីរក្សាស្ថិរភាព ពង្រឹងសន្តិសុខតំបន់ តែធាតុពិតនៅពីក្រោយខ្នងនៃបក្សសម្ព័ន្ធថ្មីៗនេះ ហាក់បង្ហាញការទប់តល់នូវឥទ្ធិពលគ្នាដោយប្រយោលរបស់មហាអំណាចរវាងចិន និងសហរដ្ឋអាម៉េរិក ដូចជាយុទ្ធសាស្ត្រ AUKUS, QUAD, RCEP និង IPEF ជាដើម»។

ត្រង់ចំណុចនេះ លោកបណ្ឌិត បានចោទជាសំណួរថា យើងពិតជាដឹងហើយថា អាម៉េរិកគាំទ្រគោលនយោបាយចិនតែមួយ ចុះហេតុអ្វីពេលថ្នាក់ដឹកនាំនិងមន្ត្រីអាម៉េរិកទៅតៃវ៉ាន់ បែជាមិនជូនដំណឹងមកប៉េកាំង តើនេះជាចេតនាអ្វីទៅ? ជាការបញ្ឆេះសង្គ្រាមដែរឬយ៉ាងណា? ព្រោះថាបើចិន រអិលចូលភ្លើងសង្គ្រាមនោះ គឺស្មើនឹងចិនហែកថវិកាជាតិចោលយ៉ាងសន្ធឹកសន្ធាប់ជាក់ជាមិនខានឡើយ។ ពិតណាស់ ការស្ទុះឡើងរបស់មហាយក្សចិន និងការពង្រីកឥទ្ធិពលខ្លួនឡើងវិញរបស់សហព័ន្ធរុស្ស៉ី ព្រមទាំងការងើបឡើងនៃប្រទេសអំណាចកណ្តាល និងអង្គការតំបន់នានា បានធ្វើឱ្យពិភពលោកវិលត្រឡប់ពីប្រព័ន្ធឯកប៉ូលមកកាន់ប្រព័ន្ធពហុប៉ូលវិញកាន់តែជាក់ច្បាស់។

ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិត យង់ ពៅ បានគូសបញ្ជាក់ថា ក្រៅពីមហាអំណាចពហុប៉ូលដែលបានបង្ហាញនូវអានុភាពខាងលើនេះ ក៏នៅមានបណ្តារដ្ឋអំណាចកណ្តាលមួយចំនួនដែលមានសេដ្ឋកិច្ច និងបច្ចេកវិទ្យានាំមុខគេមួយចំនួនដូចជា៖ ប្រទេសជប៉ុន ឥណ្ឌា ប្រេស៊ីល កាណាដា ជាដើម ដែលមានសកម្មភាពខាងសេដ្ឋកិច្ចនាំមុខ និងចូលរួមដោះស្រាយបញ្ហា និងថែរក្សាស្ថិរភាព និងសន្តិភាពក្នុងក្របខណ្ឌពិភពលោកដែលគួរឱ្យសរសើរ។ ប៉ុន្តែ បណ្តារដ្ឋទាំងនេះនៅមិនទាន់មានឥទ្ធិពលគ្រប់គ្រាន់ក្នុងការរក្សា និងបង្កឱ្យមានការប្រែប្រួលក្នុងពិភពលោកនៅឡើយទេ៕


អត្ថបទទាក់ទង

«សប្បុរសជនក្នុងរាជធានីភ្នំពេញផ្តល់ដើមឈើផ្កាខ្មែរចំនួន១២ប្រភេទ សរុបចំនួន ៤៥ដើមជូនរាជបណ្ឌិត្យសភាកម្ពុជា ដើម្បីចូលរួមលើកកម្ពស់បរិស្ថានធម្មជាតិនៅក្នុងបរិវេណស្ថាប័នសិក្សាស្រាវជ្រាវបញ្ញវន្តជាន់ខ្ពស់ជាតិខ្មែរ»

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃពុធ ៣កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជាបានអញ្ជើញទទួលដើមឈើផ្កាខ្មែរចំនួន...

2019-10-30 07:40:24   ថ្ងៃពុធ, 30 តុលា 2019 ម៉ោង 02:40 PM
«កាលានុវត្តភាពនិងបញ្ហាប្រឈម នៃការអភិរក្សនិងអភិវឌ្ឍព្រៃឈើប្រកបដោយនិរន្តរភាព »

លោកបណ្ឌិត ឈឹម សុខាន់ដារា អនុប្រធានឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹប បានធ្វើបទបង្ហាញស្តីពី «កាលានុវត្តភាពនិងបញ្ហាប្រឈម នៃការអភិរក្សនិង អភិវឌ្ឍព្រៃឈើប្រកបដោយនិរន្តរភាព » នៅក្រុងហ្លួងព្រះបាង ប...

2019-10-28 09:59:03   ថ្ងៃចន្ទ, 28 តុលា 2019 ម៉ោង 04:59 PM
« ...មនុស្សត្រូវការធម្មជាតិ តែធម្មជាតិមិនត្រូវការមនុស្សឡើយ....»

«... ប្រទេសក្រីក្រត្រូវការថវិកា ដើម្បីអភិវឌ្ឍន៍ប្រទេស រីឯប្រទេសជឿនលឿនត្រូវការបរិស្ថាន។ យើងដឹងហើយថា ប្រទេសដែលមានឧស្សាហកម្មជឿនលឿន ដូចអាម៉េរិក ចិន រុស្ស៊ី ជាប្រទេសដែលបានបំផ្លិចបំផ្លាញព្រៃឈើ និងបរិស្ថាន ខ...

2019-10-28 05:59:54   ថ្ងៃចន្ទ, 28 តុលា 2019 ម៉ោង 12:59 PM
«ការតភា្ជប់ទេសចរណ៍កម្ពុជា វៀតណាម ឡាវ និងទស្សន:អនាគត( ខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងខេត្តមណ្ឌលគិរី »

លោក ហេង សុភី មន្រ្តីស្រាវជ្រាវ នៃវិទ្យាស្ថាន មនុស្សសាស្រ្ត និងវិទ្យាសាស្រ្តសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា បានធ្វើបទបង្ហាញមួយស្តីពី «ការតភា្ជប់ទេសចរណ៍កម្ពុជា វៀតណាម ឡាវ និងទស្សន:អនាគត ( ខេត្តក្រចេះ ស្ទឹ...

2019-10-28 04:08:21   ថ្ងៃចន្ទ, 28 តុលា 2019 ម៉ោង 11:08 AM
« ទេសចរណ៍សហគមន៍ធម្មជាតិចំបក់ និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព»

វាគ្មិនពីរាជបណ្ឌិត្យសភាកម្ពុជា កញ្ញា អ៊ុន សុភ័ក្រ្ត មន្រ្តីស្រាវជ្រាវវិទ្យាស្ថាន មនុស្សសាស្រ្ត និងវិទ្យាសាស្រ្តសង្គម បានធ្វើបទបង្ហាញមួយស្តីពី«ទេសចរណ៍សហគមន៍ធម្មជាតិចំបក់ និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព...

2019-10-27 09:07:46   ថ្ងៃអាទិត្យ, 27 តុលា 2019 ម៉ោង 04:07 PM
« កម្ពុជា វៀតណាម ឡាវ មានសក្តានុពលលើវិស័យទេសចរណ៍អេកូឡូសី(ecology)» នេះជាការលើកឡើងរបស់ឯកឧត្តមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជា...

ឡាវ៖ ថ្លែងនៅក្នុងពិធីបើកសន្និសីទអន្តរជាតិលើទី៨ ស្តីពី «ការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយនិរន្តរភាពនៅក្នុងប្រទេសកម្ពុជា វៀតណាម និងឡាវ» នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩នៅក្រុង​ហ្លួងព្រះបាង​ នៃសាធារណរដ្ឋប្រជាធិ...

2019-10-27 06:57:50   ថ្ងៃអាទិត្យ, 27 តុលា 2019 ម៉ោង 01:57 PM

សេចក្តីប្រកាស