ព័ត៌មាន

បណ្ឌិត យង់ ពៅ៖ ការបង្កើតបក្សសម្ព័ន្ធរវាងមហាអំណាចអាម៉េរិក-ចិន បង្ហាញការទប់ទល់ឥទ្ធិពលគ្នាដោយប្រយោលនៅតំបន់អាស៊ី

2022-12-20 06:16:59 ថ្ងៃអង្គារ, 20 ធ្នូ 2022 ម៉ោង 01:16 PM
អ្នកមើល 4145
post_detail

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ក្រោយពេលរដ្ឋាភិបាលចិន ដាក់ចេញគំនិតផ្តួចផ្តើម ខ្សែក្រវាត់ និងផ្លូវ មានការបង្កើតបក្សសម្ព័ន្ធជាបន្តបន្ទាប់ស្ថិតនៅក្រោមពាក្យថា ក្នុងគោលបំណងដើម្បីរក្សាស្ថិរភាព ពង្រឹងសន្តិសុខតំបន់ តែធាតុពិតនៅពីក្រោយខ្នងនៃបក្សសម្ព័ន្ធថ្មីៗនេះ ហាក់បង្ហាញការទប់ទល់នូវឥទ្ធិពលគ្នាដោយប្រយោលរបស់មហាអំណាចរវាងចិន និងសហរដ្ឋអាម៉េរិក ដូចជាយុទ្ធសាស្ត្រ AUKUS, QUAD, RCEP និង IPEF ជាដើម។

ការលើកឡើងបែបនេះ របស់ឯកឧត្ដមបណ្ឌិត យង់ ពៅ បានធ្វើឡើងក្នុងឱកាសអញ្ជើញបើកសន្និសីទអន្តរជាតិប្រចាំឆ្នាំលើកទី១៧ ស្តីពី «សណ្តាប់ធ្នាប់ពិភពលោកថ្មី៖ ការប្រជែងសមាហរណកម្ម និងពហុប៉ូល» នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២នេះ ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលស្រាវជ្រាវអាស៊ីនៃរាជបណ្ឌិត្យសភាកម្ពុជា និងក្រោមការឧបត្ថម្ភពីវិទ្យាស្ថានជ័យសម្រាប់ការសិក្សាជាន់ខ្ពស់នៃសាធារណរដ្ឋកូរ៉េ។

ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិត យង់ ពៅ បានយល់ឃើញថា ការឡើងកំដៅរវាងចិន និងសហរដ្ឋអាម៉េរិក ក្រោយដំណើរទស្សនកិច្ចជាបន្ទាប់របស់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់សហរដ្ឋអាម៉េរិកនៅលើទឹកដីតៃវ៉ាន់ ក៏ជាធាតុផ្សំមួយនៃការវិវត្តស្ថានភាពភូមិសាស្ត្រនយោបាយនៅក្នុងតំបន់ ព្រមទាំងជាការជះឥទ្ធិពលគ្នារវាងចិន និងសហរដ្ឋអាម៉េរិក ព្រោះថា អាម៉េរិកហាក់កំពុងអូសចិនឱ្យចូលក្នុងសង្គ្រាមរវាងចិន និងតៃវ៉ាន់តាមរយៈដំណើរទស្សនកិច្ចនោះ ត្បិតចិនបានបង្ហាញសាច់ដុំយោធាយ៉ាងខ្លាំងសម្បើមណាស់ ថែមទាំងបានធ្វើសមយុទ្ធបាញ់មីស៊ីលរំលងទឹកដីតៃវ៉ាន់ថែមទៀតផង ជាការមើលឃើញរបស់យើងគឺថា អាម៉េរិកចង់ទប់ល្បឿនសេដ្ឋកិច្ចចិន កុំឱ្យហាក់ដើរលឿនទៅមុនខ្លាំងពេក។

ឯកឧត្តមបណ្ឌិត យង់ ពៅ បានលើកឡើងយ៉ាងដូច្នេះថា៖ «យើងឃើញថា នៅតំបន់អាស៊ីរបស់យើង ក្រោយពេលដែលរដ្ឋាភិបាលលោកស៊ីជីនពីង បានដាក់ចេញនូវគំនិតផ្តួចផ្តើម ខ្សែក្រវាត់ និងផ្លូវ ឬផ្លូវមួយខ្សែក្រវាត់មួយមក មានរៀបបង្កើតឡើងនូវបក្សសម្ព័ន្ធជាបន្តបន្ទាប់ ក្រោមរូបភាពផ្សេងៗទាំងក្រមខ័ណ្ឌសេដ្ឋកិច្ច និងក្របខណ្ឌបក្សសម្ព័ន្ធយោធា។ ពិតណាស់ ការបង្កើតបក្សស័ម្ពន្ធទាំងនោះ ស្ថិតនៅក្រោមពាក្យថា ក្នុងគោលបំណងដើម្បីរក្សាស្ថិរភាព ពង្រឹងសន្តិសុខតំបន់ តែធាតុពិតនៅពីក្រោយខ្នងនៃបក្សសម្ព័ន្ធថ្មីៗនេះ ហាក់បង្ហាញការទប់តល់នូវឥទ្ធិពលគ្នាដោយប្រយោលរបស់មហាអំណាចរវាងចិន និងសហរដ្ឋអាម៉េរិក ដូចជាយុទ្ធសាស្ត្រ AUKUS, QUAD, RCEP និង IPEF ជាដើម»។

ត្រង់ចំណុចនេះ លោកបណ្ឌិត បានចោទជាសំណួរថា យើងពិតជាដឹងហើយថា អាម៉េរិកគាំទ្រគោលនយោបាយចិនតែមួយ ចុះហេតុអ្វីពេលថ្នាក់ដឹកនាំនិងមន្ត្រីអាម៉េរិកទៅតៃវ៉ាន់ បែជាមិនជូនដំណឹងមកប៉េកាំង តើនេះជាចេតនាអ្វីទៅ? ជាការបញ្ឆេះសង្គ្រាមដែរឬយ៉ាងណា? ព្រោះថាបើចិន រអិលចូលភ្លើងសង្គ្រាមនោះ គឺស្មើនឹងចិនហែកថវិកាជាតិចោលយ៉ាងសន្ធឹកសន្ធាប់ជាក់ជាមិនខានឡើយ។ ពិតណាស់ ការស្ទុះឡើងរបស់មហាយក្សចិន និងការពង្រីកឥទ្ធិពលខ្លួនឡើងវិញរបស់សហព័ន្ធរុស្ស៉ី ព្រមទាំងការងើបឡើងនៃប្រទេសអំណាចកណ្តាល និងអង្គការតំបន់នានា បានធ្វើឱ្យពិភពលោកវិលត្រឡប់ពីប្រព័ន្ធឯកប៉ូលមកកាន់ប្រព័ន្ធពហុប៉ូលវិញកាន់តែជាក់ច្បាស់។

ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិត យង់ ពៅ បានគូសបញ្ជាក់ថា ក្រៅពីមហាអំណាចពហុប៉ូលដែលបានបង្ហាញនូវអានុភាពខាងលើនេះ ក៏នៅមានបណ្តារដ្ឋអំណាចកណ្តាលមួយចំនួនដែលមានសេដ្ឋកិច្ច និងបច្ចេកវិទ្យានាំមុខគេមួយចំនួនដូចជា៖ ប្រទេសជប៉ុន ឥណ្ឌា ប្រេស៊ីល កាណាដា ជាដើម ដែលមានសកម្មភាពខាងសេដ្ឋកិច្ចនាំមុខ និងចូលរួមដោះស្រាយបញ្ហា និងថែរក្សាស្ថិរភាព និងសន្តិភាពក្នុងក្របខណ្ឌពិភពលោកដែលគួរឱ្យសរសើរ។ ប៉ុន្តែ បណ្តារដ្ឋទាំងនេះនៅមិនទាន់មានឥទ្ធិពលគ្រប់គ្រាន់ក្នុងការរក្សា និងបង្កឱ្យមានការប្រែប្រួលក្នុងពិភពលោកនៅឡើយទេ៕


អត្ថបទទាក់ទង

ពិធីសម្ពោធអគារឥន្ទ្រទេវី៖ សម្ដេចអគ្គមហាសេនាបតីតេជោបណ្ឌិតសភាចារ្យ ហ៊ុន សែន ប្រកាសផ្ដល់មន្ទីរពិសោធន៍កម្រិតស្តង់ដារមួយជូនរាជបណ្ឌិត្យសភាកម្ពុជា និងប្រគល់ភារកិច្ចសំខាន់ពីរជូនដល់រាជបណ្ឌិត្យសភាកម្ពុជា

(ភ្នំពេញ)៖ នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារឥន្ទ្រទេវី នៃរាជបណ្ឌិត្យសភាកម្ពុជា នៅក្នុងឱកាសខួប២០ឆ្នាំនៃការបង្កើតរាជបណ្ឌិត្យសភាកម្ពុជា ជាមួយនឹងពិធីប្រកាសគោរមងារកិត្តិយសជូនដល់គោរមវន្តចំនួ...

2019-11-22 07:48:16   ថ្ងៃសុក្រ, 22 វិច្ឆិកា 2019 ម៉ោង 02:48 PM
សម្ដេចអគ្គមហាសេនាបតីតេជោបណ្ឌិតសភាចារ្យ ហ៊ុន សែន អញ្ជើញប្រកាសគោរមងារនៃរាជបណ្ឌិត្យសភាកម្ពុជា ជូនដល់គោរមវន្ត ៦ រូប

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែកត្ដិក ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ សម្ដេចអគ្គមហាសេនាបតីតេជោបណ្ឌិតសភាចារ្យ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា...

2019-11-22 07:25:34   ថ្ងៃសុក្រ, 22 វិច្ឆិកា 2019 ម៉ោង 02:25 PM
សម្ដេចអគ្គមហាសេនាបតីតេជោបណ្ឌិតសភាចារ្យ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារឥន្ទ្រទេវី នៃរាជបណ្ឌិត្យសភាកម្ពុជា

ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែកត្ដិក ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ សម្ដេចអគ្គមហាសេនាបតីតេជោបណ្ឌិតសភាចារ្យ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន...

2019-11-22 06:38:34   ថ្ងៃសុក្រ, 22 វិច្ឆិកា 2019 ម៉ោង 01:38 PM
រាជបណ្ឌិត្យសភាកម្ពុជា និងក្រសួងទេសចរណ៍នឹងសហការគ្នាលើការបណ្តុះបណ្តាល និងស្រាវជ្រាវចំនួន ៤ចំណុច ដើម្បីលើកកម្ពស់វិស័យទេសចរណ៍នៅកម្ពុជា

(ភ្នំពេញ)៖ នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ ម៉ោង៤:០០នាទីរសៀល ឯកឧត្តមបណ្ឌិត្យសភាចារ្យ​ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានជួបប្រជុំពិភាក្សាគ្នា នៅទីស្តីការ...

2019-11-20 12:42:53   ថ្ងៃពុធ, 20 វិច្ឆិកា 2019 ម៉ោង 07:42 PM
«ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច និងអ្នកឧកញ៉ាកិត្តិបណ្ឌិត ពុង ឃាវសែ អញ្ជើញត្រួតពិនិត្យអគារ ឥន្ទ្រទេវី»

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នារសៀល ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានជួបជាមួយអ្នកឧកញ៉ាកិត្តិបណ្ឌិត ពុង ឃាវសែ និងសហការី ដើម្បីអញ្ជើញត្រួតពិនិត្យអ...

2019-11-20 09:53:59   ថ្ងៃពុធ, 20 វិច្ឆិកា 2019 ម៉ោង 04:53 PM
«រាជបណ្ឌិត្យសភាកម្ពុជានឹងសហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុស្រាវជ្រាវលើគម្រោងឌីជីថលូបនីយកម្មនៃភាសាខ្មែរ»

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ដោយសារបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនងមានភាពចាំបាច់សម្រាប់ការអភិវឌ្ឍប្រទេសជាតិប្រកបដោយនិរន្តរភាព រាជបណ្ឌិត្យសភាកម្ពុជានឹងសហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុស្រាវជ្រាវលើ...

2019-11-19 12:20:11   ថ្ងៃអង្គារ, 19 វិច្ឆិកា 2019 ម៉ោង 07:20 PM

សេចក្តីប្រកាស