ព័ត៌មាន

បណ្ឌិត យង់ ពៅ៖ ការបង្កើតបក្សសម្ព័ន្ធរវាងមហាអំណាចអាម៉េរិក-ចិន បង្ហាញការទប់ទល់ឥទ្ធិពលគ្នាដោយប្រយោលនៅតំបន់អាស៊ី

2022-12-20 06:16:59 ថ្ងៃអង្គារ, 20 ធ្នូ 2022 ម៉ោង 01:16 PM
អ្នកមើល 9223
post_detail

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ក្រោយពេលរដ្ឋាភិបាលចិន ដាក់ចេញគំនិតផ្តួចផ្តើម ខ្សែក្រវាត់ និងផ្លូវ មានការបង្កើតបក្សសម្ព័ន្ធជាបន្តបន្ទាប់ស្ថិតនៅក្រោមពាក្យថា ក្នុងគោលបំណងដើម្បីរក្សាស្ថិរភាព ពង្រឹងសន្តិសុខតំបន់ តែធាតុពិតនៅពីក្រោយខ្នងនៃបក្សសម្ព័ន្ធថ្មីៗនេះ ហាក់បង្ហាញការទប់ទល់នូវឥទ្ធិពលគ្នាដោយប្រយោលរបស់មហាអំណាចរវាងចិន និងសហរដ្ឋអាម៉េរិក ដូចជាយុទ្ធសាស្ត្រ AUKUS, QUAD, RCEP និង IPEF ជាដើម។

ការលើកឡើងបែបនេះ របស់ឯកឧត្ដមបណ្ឌិត យង់ ពៅ បានធ្វើឡើងក្នុងឱកាសអញ្ជើញបើកសន្និសីទអន្តរជាតិប្រចាំឆ្នាំលើកទី១៧ ស្តីពី «សណ្តាប់ធ្នាប់ពិភពលោកថ្មី៖ ការប្រជែងសមាហរណកម្ម និងពហុប៉ូល» នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២នេះ ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលស្រាវជ្រាវអាស៊ីនៃរាជបណ្ឌិត្យសភាកម្ពុជា និងក្រោមការឧបត្ថម្ភពីវិទ្យាស្ថានជ័យសម្រាប់ការសិក្សាជាន់ខ្ពស់នៃសាធារណរដ្ឋកូរ៉េ។

ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិត យង់ ពៅ បានយល់ឃើញថា ការឡើងកំដៅរវាងចិន និងសហរដ្ឋអាម៉េរិក ក្រោយដំណើរទស្សនកិច្ចជាបន្ទាប់របស់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់សហរដ្ឋអាម៉េរិកនៅលើទឹកដីតៃវ៉ាន់ ក៏ជាធាតុផ្សំមួយនៃការវិវត្តស្ថានភាពភូមិសាស្ត្រនយោបាយនៅក្នុងតំបន់ ព្រមទាំងជាការជះឥទ្ធិពលគ្នារវាងចិន និងសហរដ្ឋអាម៉េរិក ព្រោះថា អាម៉េរិកហាក់កំពុងអូសចិនឱ្យចូលក្នុងសង្គ្រាមរវាងចិន និងតៃវ៉ាន់តាមរយៈដំណើរទស្សនកិច្ចនោះ ត្បិតចិនបានបង្ហាញសាច់ដុំយោធាយ៉ាងខ្លាំងសម្បើមណាស់ ថែមទាំងបានធ្វើសមយុទ្ធបាញ់មីស៊ីលរំលងទឹកដីតៃវ៉ាន់ថែមទៀតផង ជាការមើលឃើញរបស់យើងគឺថា អាម៉េរិកចង់ទប់ល្បឿនសេដ្ឋកិច្ចចិន កុំឱ្យហាក់ដើរលឿនទៅមុនខ្លាំងពេក។

ឯកឧត្តមបណ្ឌិត យង់ ពៅ បានលើកឡើងយ៉ាងដូច្នេះថា៖ «យើងឃើញថា នៅតំបន់អាស៊ីរបស់យើង ក្រោយពេលដែលរដ្ឋាភិបាលលោកស៊ីជីនពីង បានដាក់ចេញនូវគំនិតផ្តួចផ្តើម ខ្សែក្រវាត់ និងផ្លូវ ឬផ្លូវមួយខ្សែក្រវាត់មួយមក មានរៀបបង្កើតឡើងនូវបក្សសម្ព័ន្ធជាបន្តបន្ទាប់ ក្រោមរូបភាពផ្សេងៗទាំងក្រមខ័ណ្ឌសេដ្ឋកិច្ច និងក្របខណ្ឌបក្សសម្ព័ន្ធយោធា។ ពិតណាស់ ការបង្កើតបក្សស័ម្ពន្ធទាំងនោះ ស្ថិតនៅក្រោមពាក្យថា ក្នុងគោលបំណងដើម្បីរក្សាស្ថិរភាព ពង្រឹងសន្តិសុខតំបន់ តែធាតុពិតនៅពីក្រោយខ្នងនៃបក្សសម្ព័ន្ធថ្មីៗនេះ ហាក់បង្ហាញការទប់តល់នូវឥទ្ធិពលគ្នាដោយប្រយោលរបស់មហាអំណាចរវាងចិន និងសហរដ្ឋអាម៉េរិក ដូចជាយុទ្ធសាស្ត្រ AUKUS, QUAD, RCEP និង IPEF ជាដើម»។

ត្រង់ចំណុចនេះ លោកបណ្ឌិត បានចោទជាសំណួរថា យើងពិតជាដឹងហើយថា អាម៉េរិកគាំទ្រគោលនយោបាយចិនតែមួយ ចុះហេតុអ្វីពេលថ្នាក់ដឹកនាំនិងមន្ត្រីអាម៉េរិកទៅតៃវ៉ាន់ បែជាមិនជូនដំណឹងមកប៉េកាំង តើនេះជាចេតនាអ្វីទៅ? ជាការបញ្ឆេះសង្គ្រាមដែរឬយ៉ាងណា? ព្រោះថាបើចិន រអិលចូលភ្លើងសង្គ្រាមនោះ គឺស្មើនឹងចិនហែកថវិកាជាតិចោលយ៉ាងសន្ធឹកសន្ធាប់ជាក់ជាមិនខានឡើយ។ ពិតណាស់ ការស្ទុះឡើងរបស់មហាយក្សចិន និងការពង្រីកឥទ្ធិពលខ្លួនឡើងវិញរបស់សហព័ន្ធរុស្ស៉ី ព្រមទាំងការងើបឡើងនៃប្រទេសអំណាចកណ្តាល និងអង្គការតំបន់នានា បានធ្វើឱ្យពិភពលោកវិលត្រឡប់ពីប្រព័ន្ធឯកប៉ូលមកកាន់ប្រព័ន្ធពហុប៉ូលវិញកាន់តែជាក់ច្បាស់។

ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិត យង់ ពៅ បានគូសបញ្ជាក់ថា ក្រៅពីមហាអំណាចពហុប៉ូលដែលបានបង្ហាញនូវអានុភាពខាងលើនេះ ក៏នៅមានបណ្តារដ្ឋអំណាចកណ្តាលមួយចំនួនដែលមានសេដ្ឋកិច្ច និងបច្ចេកវិទ្យានាំមុខគេមួយចំនួនដូចជា៖ ប្រទេសជប៉ុន ឥណ្ឌា ប្រេស៊ីល កាណាដា ជាដើម ដែលមានសកម្មភាពខាងសេដ្ឋកិច្ចនាំមុខ និងចូលរួមដោះស្រាយបញ្ហា និងថែរក្សាស្ថិរភាព និងសន្តិភាពក្នុងក្របខណ្ឌពិភពលោកដែលគួរឱ្យសរសើរ។ ប៉ុន្តែ បណ្តារដ្ឋទាំងនេះនៅមិនទាន់មានឥទ្ធិពលគ្រប់គ្រាន់ក្នុងការរក្សា និងបង្កឱ្យមានការប្រែប្រួលក្នុងពិភពលោកនៅឡើយទេ៕


អត្ថបទទាក់ទង

ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ទទួលជួបពិភាក្សាការងារជាមួយនឹងប្រតិភូសាកលវិទ្យាល័យYunnan Minzu នៃខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយលោកសាស្ត្រាចារ្យ Yin Shitang

នៅរសៀលអង្គារ ៥ កើត ខែកត្ដិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច  ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានទទួលជួបជាមួយនឹងប្រតិភូសាកលវិទ្យាល័យYun...

2024-11-05 10:00:46   ថ្ងៃអង្គារ, 05 វិច្ឆិកា 2024 ម៉ោង 05:00 PM
ការបើកការដ្ឋានកសាងផ្លូវក្រវាត់ព្រំដែន៖ រដ្ឋាភិបាលបានប្រែក្លាយការចូលរួមក្នុងន័យមនសិកាជាតិរបស់ពលរដ្ឋ ទៅជាសមិទ្ធផលជាក់ស្ដែងពិតប្រាកដ

ដោយ៖ បណ្ឌិត យង់ ពៅ           ក្រោយរាជរដ្ឋាភិបាល បានបិទបញ្ចប់ការទទួលថវិកានៅក្នុងគម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន កងវិស្វកម្មនៃកងយោធពលខេមរភូមិន្ទ បានក...

2024-11-04 10:26:58   ថ្ងៃចន្ទ, 04 វិច្ឆិកា 2024 ម៉ោង 05:26 PM
រាជបណ្ឌិត្យសភាកម្ពុជាចុះអនុស្សារណៈនៃការយោគយល់គ្នា ស្ដីពី «កិច្ចសហប្រតិបត្តិការស្រាវជ្រាវ និងគម្រោង» ជាមួយនឹងក្រសួងអប់រំ យុវជន និងកីឡា និងសាកលវិទ្យាល័យជាតិសេអ៊ូល នៃសាធារណរដ្ឋកូរ៉េ

(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ៤ កើត ខែកត្ដិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានអញ្ជើញចុះអនុស្សារណៈន...

2024-11-04 04:09:39   ថ្ងៃចន្ទ, 04 វិច្ឆិកា 2024 ម៉ោង 11:09 AM
តើគួរចាត់វិធានការយ៉ាងណា ឆ្លើយតបនឹងការផ្សព្វផ្សាយអវិជ្ជមានអំពីប្រទេសកម្ពុជា?

ដោយ៖ លឹម សុវណ្ណរិទ្ធ ថ្មីៗកន្លងទៅនេះ មានការផ្សព្វផ្សាយក្នុងន័យអវិជ្ជមានជាច្រើនប្រឆាំងនឹងប្រទេសកម្ពុជា រាប់ចាប់តាំងពីរការផលិតជាខ្សែភាពយន្ត មាតិកាជាវីដេអូ មាតិកាព័ត៌មាន និងសារព្រមានផ្សេងៗទៀត ដែលបានចង្...

2024-11-01 10:29:27   ថ្ងៃសុក្រ, 01 វិច្ឆិកា 2024 ម៉ោង 05:29 PM
លទ្ធផលប្រឡងបាក់ឌុប បង្ហាញពីនិន្នាការឱ្យតម្លៃលើការអប់រំនិងផ្លែផ្កានៃកំណែទម្រង់ ហើយក៏ជាការដាស់ស្មារតីយុវជនថា ខ្លួនត្រូវក្លាយជាមនុស្សពេញវ័យ ដែលត្រូវមានភាពរឹងមាំនៅក្នុងការគិតពិចារណា

          ក្រោយការប្រកាសលទ្ធផលនៃការប្រឡងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២៤ បានបង្ហាញថា ចំនួនសិស្សថ្នាក់ទី១២ ដែលបានប្រឡងជាប់ជាស្ថាពរមានកំណើនឡើងជាងឆ្នាំមុនៗ ដែល​មានរហូតដល់...

2024-10-31 04:22:57   ថ្ងៃព្រហស្បតិ៍, 31 តុលា 2024 ម៉ោង 11:22 AM
បណ្ឌិត យង់ ពៅ៖ ពលរដ្ឋគប្បីសិក្សាស្វែងយល់ឱ្យបានទូលំទូលាយពាក់ព័ន្ធនឹងកិច្ចការដឹកនាំរដ្ឋ និងទំនាក់ទំនងអន្តរជាតិ ចៀសវាងអ្នកនយោបាយ ញុះញង់ឱ្យធ្លាក់ចូលក្នុងល្បិចកលនយោបាយដោយពុំដឹងខ្លួន

ពាក់ព័ន្ធនឹងបញ្ហាកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV-DTA) បើទោះបីជារាជរដ្ឋាភិបាលកម្ពុជាបានព្យាយាមបកស្រាយពន្យល់គ្រប់ទិដ្ឋភាពទាំងអស់ និងចុងក្រោយនេះរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសដកប្រទេសកម្ពុជា...

2024-10-30 08:25:21   ថ្ងៃពុធ, 30 តុលា 2024 ម៉ោង 03:25 PM

សេចក្តីប្រកាស