ព័ត៌មាន

បណ្ឌិត យង់ ពៅ៖ ការបង្កើតបក្សសម្ព័ន្ធរវាងមហាអំណាចអាម៉េរិក-ចិន បង្ហាញការទប់ទល់ឥទ្ធិពលគ្នាដោយប្រយោលនៅតំបន់អាស៊ី

2022-12-20 06:16:59 ថ្ងៃអង្គារ, 20 ធ្នូ 2022 ម៉ោង 01:16 PM
អ្នកមើល 4158
post_detail

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ក្រោយពេលរដ្ឋាភិបាលចិន ដាក់ចេញគំនិតផ្តួចផ្តើម ខ្សែក្រវាត់ និងផ្លូវ មានការបង្កើតបក្សសម្ព័ន្ធជាបន្តបន្ទាប់ស្ថិតនៅក្រោមពាក្យថា ក្នុងគោលបំណងដើម្បីរក្សាស្ថិរភាព ពង្រឹងសន្តិសុខតំបន់ តែធាតុពិតនៅពីក្រោយខ្នងនៃបក្សសម្ព័ន្ធថ្មីៗនេះ ហាក់បង្ហាញការទប់ទល់នូវឥទ្ធិពលគ្នាដោយប្រយោលរបស់មហាអំណាចរវាងចិន និងសហរដ្ឋអាម៉េរិក ដូចជាយុទ្ធសាស្ត្រ AUKUS, QUAD, RCEP និង IPEF ជាដើម។

ការលើកឡើងបែបនេះ របស់ឯកឧត្ដមបណ្ឌិត យង់ ពៅ បានធ្វើឡើងក្នុងឱកាសអញ្ជើញបើកសន្និសីទអន្តរជាតិប្រចាំឆ្នាំលើកទី១៧ ស្តីពី «សណ្តាប់ធ្នាប់ពិភពលោកថ្មី៖ ការប្រជែងសមាហរណកម្ម និងពហុប៉ូល» នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២នេះ ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលស្រាវជ្រាវអាស៊ីនៃរាជបណ្ឌិត្យសភាកម្ពុជា និងក្រោមការឧបត្ថម្ភពីវិទ្យាស្ថានជ័យសម្រាប់ការសិក្សាជាន់ខ្ពស់នៃសាធារណរដ្ឋកូរ៉េ។

ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិត យង់ ពៅ បានយល់ឃើញថា ការឡើងកំដៅរវាងចិន និងសហរដ្ឋអាម៉េរិក ក្រោយដំណើរទស្សនកិច្ចជាបន្ទាប់របស់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់សហរដ្ឋអាម៉េរិកនៅលើទឹកដីតៃវ៉ាន់ ក៏ជាធាតុផ្សំមួយនៃការវិវត្តស្ថានភាពភូមិសាស្ត្រនយោបាយនៅក្នុងតំបន់ ព្រមទាំងជាការជះឥទ្ធិពលគ្នារវាងចិន និងសហរដ្ឋអាម៉េរិក ព្រោះថា អាម៉េរិកហាក់កំពុងអូសចិនឱ្យចូលក្នុងសង្គ្រាមរវាងចិន និងតៃវ៉ាន់តាមរយៈដំណើរទស្សនកិច្ចនោះ ត្បិតចិនបានបង្ហាញសាច់ដុំយោធាយ៉ាងខ្លាំងសម្បើមណាស់ ថែមទាំងបានធ្វើសមយុទ្ធបាញ់មីស៊ីលរំលងទឹកដីតៃវ៉ាន់ថែមទៀតផង ជាការមើលឃើញរបស់យើងគឺថា អាម៉េរិកចង់ទប់ល្បឿនសេដ្ឋកិច្ចចិន កុំឱ្យហាក់ដើរលឿនទៅមុនខ្លាំងពេក។

ឯកឧត្តមបណ្ឌិត យង់ ពៅ បានលើកឡើងយ៉ាងដូច្នេះថា៖ «យើងឃើញថា នៅតំបន់អាស៊ីរបស់យើង ក្រោយពេលដែលរដ្ឋាភិបាលលោកស៊ីជីនពីង បានដាក់ចេញនូវគំនិតផ្តួចផ្តើម ខ្សែក្រវាត់ និងផ្លូវ ឬផ្លូវមួយខ្សែក្រវាត់មួយមក មានរៀបបង្កើតឡើងនូវបក្សសម្ព័ន្ធជាបន្តបន្ទាប់ ក្រោមរូបភាពផ្សេងៗទាំងក្រមខ័ណ្ឌសេដ្ឋកិច្ច និងក្របខណ្ឌបក្សសម្ព័ន្ធយោធា។ ពិតណាស់ ការបង្កើតបក្សស័ម្ពន្ធទាំងនោះ ស្ថិតនៅក្រោមពាក្យថា ក្នុងគោលបំណងដើម្បីរក្សាស្ថិរភាព ពង្រឹងសន្តិសុខតំបន់ តែធាតុពិតនៅពីក្រោយខ្នងនៃបក្សសម្ព័ន្ធថ្មីៗនេះ ហាក់បង្ហាញការទប់តល់នូវឥទ្ធិពលគ្នាដោយប្រយោលរបស់មហាអំណាចរវាងចិន និងសហរដ្ឋអាម៉េរិក ដូចជាយុទ្ធសាស្ត្រ AUKUS, QUAD, RCEP និង IPEF ជាដើម»។

ត្រង់ចំណុចនេះ លោកបណ្ឌិត បានចោទជាសំណួរថា យើងពិតជាដឹងហើយថា អាម៉េរិកគាំទ្រគោលនយោបាយចិនតែមួយ ចុះហេតុអ្វីពេលថ្នាក់ដឹកនាំនិងមន្ត្រីអាម៉េរិកទៅតៃវ៉ាន់ បែជាមិនជូនដំណឹងមកប៉េកាំង តើនេះជាចេតនាអ្វីទៅ? ជាការបញ្ឆេះសង្គ្រាមដែរឬយ៉ាងណា? ព្រោះថាបើចិន រអិលចូលភ្លើងសង្គ្រាមនោះ គឺស្មើនឹងចិនហែកថវិកាជាតិចោលយ៉ាងសន្ធឹកសន្ធាប់ជាក់ជាមិនខានឡើយ។ ពិតណាស់ ការស្ទុះឡើងរបស់មហាយក្សចិន និងការពង្រីកឥទ្ធិពលខ្លួនឡើងវិញរបស់សហព័ន្ធរុស្ស៉ី ព្រមទាំងការងើបឡើងនៃប្រទេសអំណាចកណ្តាល និងអង្គការតំបន់នានា បានធ្វើឱ្យពិភពលោកវិលត្រឡប់ពីប្រព័ន្ធឯកប៉ូលមកកាន់ប្រព័ន្ធពហុប៉ូលវិញកាន់តែជាក់ច្បាស់។

ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិត យង់ ពៅ បានគូសបញ្ជាក់ថា ក្រៅពីមហាអំណាចពហុប៉ូលដែលបានបង្ហាញនូវអានុភាពខាងលើនេះ ក៏នៅមានបណ្តារដ្ឋអំណាចកណ្តាលមួយចំនួនដែលមានសេដ្ឋកិច្ច និងបច្ចេកវិទ្យានាំមុខគេមួយចំនួនដូចជា៖ ប្រទេសជប៉ុន ឥណ្ឌា ប្រេស៊ីល កាណាដា ជាដើម ដែលមានសកម្មភាពខាងសេដ្ឋកិច្ចនាំមុខ និងចូលរួមដោះស្រាយបញ្ហា និងថែរក្សាស្ថិរភាព និងសន្តិភាពក្នុងក្របខណ្ឌពិភពលោកដែលគួរឱ្យសរសើរ។ ប៉ុន្តែ បណ្តារដ្ឋទាំងនេះនៅមិនទាន់មានឥទ្ធិពលគ្រប់គ្រាន់ក្នុងការរក្សា និងបង្កឱ្យមានការប្រែប្រួលក្នុងពិភពលោកនៅឡើយទេ៕


អត្ថបទទាក់ទង

«ឯកឧត្ដមបណ្ឌិត យង់ ពៅ ជំរុញក្រុមការងារព័ត៌មានរាជបណ្ឌិត្យសភាកម្ពុជាផលិតព័ត៌មានវិជ្ជាជីវៈ និងវិទ្យាសាស្ត្រឱ្យបានទូលំទូលាយ»

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ឯកឧត្តមបណ្ឌិត យង់ ពៅ បានជំរុញលើកទឹកចិត្តក្រុមការងារព័ត៌មានរាជបណ្ឌិត្យសភាកម្ពុជាទាំងអស់ឱ្យបង្កើនការផលិតព័ត៌មានជាអត្ថបទ វីដេអូ បទសម្ភាសន៍ បទវិភាគ បទវិចារណកថាវិជ្ជាជីវៈ និងបែបវិទ...

2021-02-05 08:11:41   ថ្ងៃសុក្រ, 05 កុម្ភៈ 2021 ម៉ោង 03:11 PM
ពិធីសែនដកជើងធូប ដោយ បណ្ឌិត ចាន់ ប៊ុន្នី, វិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Media

2021-02-04 09:05:17   ថ្ងៃព្រហស្បតិ៍, 04 កុម្ភៈ 2021 ម៉ោង 04:05 PM
«របត់នៃការអភិវឌ្ឍថ្មី ក្រោយសមាជលើកទី១៣ របស់វៀតណាម»

សមាជបក្សកុម្មុយនីស្តវៀតណាមលើកទី១៣ បានបិទបញ្ចប់នាថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១២ មុនការគ្រោងទុកមួយថ្ងៃដោយសារស្ថានភាពនៃវីរុសកូវីដ-១៩ នៅក្នុងប្រទេសនេះមានភាពស្មុគស្មាញ។ទីភ្នាក់ងារសារព័ត៌មានវៀតណាម បានប្រកាសជាផ្...

2021-02-03 07:29:22   ថ្ងៃពុធ, 03 កុម្ភៈ 2021 ម៉ោង 02:29 PM
ផ្លូវដែកនៅក្នុងប្រទេសកម្ពុជា ដោយ​៖ ខុម មុនីបញ្ញា, វិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Media

2021-02-01 03:02:05   ថ្ងៃចន្ទ, 01 កុម្ភៈ 2021 ម៉ោង 10:02 AM
«ឯកឧត្តមបណ្ឌិត គិន ភា៖ ការស្រាវជ្រាវគឺជាការស្វែងរកការពិតនិងដោះស្រាយបញ្ហាមូលដ្ឋាន»

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ថ្លែងក្នុងកិច្ចពិភាក្សាតុមូលស្តីពីសារប្រយោជន៍នៃការស្រាវជ្រាវ ឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ការស្រាវជ្រាវគ...

2021-01-30 09:16:52   ថ្ងៃសៅរ៍, 30 មករា 2021 ម៉ោង 04:16 PM
«តើកម្ពុជាគួរធ្វើយ៉ាងណាដើម្បីលើកស្ទួយការស្រាវជ្រាវ?»

(រាជបណ្ឌិត្យសភាកម្ពុជា)៖ អ្នកស្រាវជ្រាវជំនាញដែលមានបទពិសោធន៍ការងារយូរឆ្នាំក្នុងកិច្ចការងារស្រាវជ្រាវ និងកំពុងបំពេញការងារនៅក្នុងស្ថាប័នស្រាវជ្រាវល្បីៗសុទ្ធតែបានផ្តល់តម្លៃខ្ពស់ដល់ការសិក្សាស្រាវជ្រាវវិភាគ...

2021-01-30 07:58:39   ថ្ងៃសៅរ៍, 30 មករា 2021 ម៉ោង 02:58 PM

សេចក្តីប្រកាស