ព័ត៌មាន

បណ្ឌិតសភាចារ្យ សុខ ទូច៖ មន្ត្រីរាជបណ្ឌិត្យសភាកម្ពុជាជាមន្ត្រីស្រាវជ្រាវ ត្រូវតែមានស្នាដៃស្រាវជ្រាវជាប្រចាំ ហើយមន្ត្រីរាជការទាំងអស់គួរតែចេះរអៀសចិត្ត នៅពេលទទួលប្រាក់បៀវត្សរ៍ជារៀងរាល់ខែ ប៉ុន្តែពុំបានបំពេញការងារដែលខ្លួនទទួលខុសត្រូវ

2022-12-15 08:28:03 ថ្ងៃព្រហស្បតិ៍, 15 ធ្នូ 2022 ម៉ោង 03:28 PM
អ្នកមើល 4283
post_detail

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ក្នុងឱកាសអញ្ជើញថ្លែងចំណាប់អារម្មណ៍បិទកម្មវិធីបទបង្ហាញស្ដីពី «សមិទ្ធផលការងារ៥ឆ្នាំ (២០១៨-២០២២) របស់វិទ្យាស្ថានភាសាជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា» នាព្រឹកថ្ងៃពុធ ៦រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ​ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជាបានថ្លែងក្រើនរំឭកជាថ្មីថា «មន្ត្រីរាជបណ្ឌិត្យសភាកម្ពុជាជាមន្ត្រីស្រាវជ្រាវ ត្រូវតែមានស្នាដៃស្រាវជ្រាវជាប្រចាំ ពុំមែនរង់ចាំប្រាក់ឧបត្ថម្ភគម្រោង ទើបចាប់ផ្ដើមសិក្សាស្រាវជ្រាវនោះទេ»។

ជាកិច្ចចាប់ផ្ដើមនៃការថ្លែងចំណាប់អារម្មណ៍បិទកម្មវិធីបទបង្ហាញ ស្ដីពី «សមិទ្ធផលការងារ៥ឆ្នាំ(២០១៨-២០២២) របស់វិទ្យាស្ថានភាសាជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា» នាព្រឹកនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានថ្លែងកោតសរសើរនូវកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការវិទ្យាស្ថានភាសាជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា ដែលសម្រេចបាននូវសមិទ្ធផលជាច្រើននៅក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ។ ទោះជាយ៉ាងណា ឯកឧត្ដមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានទាញចំណាប់អារម្មណ៍ថ្នាក់ដឹកនាំ និងមន្ត្រីវិទ្យាស្ថានភាសាជាតិ អំពីកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំវិទ្យាស្ថាន ក៏ដូចជាថ្នាក់ដឹកនាំរាជបណ្ឌិត្យសភាកម្ពុជានាពេលកន្លងមក នៅក្នុងវិស័យអក្សរសាស្ត្រខ្មែរ និងគូសរំលេចអំពីប្រវត្តិនៃការបង្កើតរាជបណ្ឌិត្យសភាកម្ពុជា ដែលសមិទ្ធផលទាំងនេះ កើតឡើងចេញពីកិច្ចខិតខំប្រឹងប្រែងរបស់អ្នកជំនាន់មុន ដើម្បីទទួលបាននូវវឌ្ឍនភាពសម្រាប់ស្ថាប័ន។

ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ក៏បានក្រើនរំឭកជាថ្មីដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃរាជបណ្ឌិត្យសភាកម្ពុជាទាំងអស់ថា មានមន្ត្រីរាជបណ្ឌិត្យសភាកម្ពុជាមួយចំនួនហាក់បីដូចជាបានភ្លេច ឬហាក់ពុំចាប់ភ្លឹកអំពីការបំពេញតួនាទីរបស់ខ្លួននៅក្នុងស្ថាប័នស្រាវជ្រាវរបស់ជាតិមួយនេះនោះទេ ដោយមន្ត្រីទាំងនោះហាក់នៅបន្តភាពអសកម្មនៅក្នុងការសិក្សាស្រាវជ្រាវលើជំនាញដែលខ្លួនមាន និងវិស័យដែលខ្លួនទទួលខុសត្រូវក្នុងតួនាទីដែលថ្នាក់ដឹកនាំបានប្រគល់ជូន។ ឯកឧត្ដមបណ្ឌិតសភាចារ្យបន្តថា មន្ត្រីទាំងនោះបានបន្តដេកលង់លក់នៅក្នុងភាពស្ពឹកស្រពន់ក្នុងនាមខ្លួនជាមន្ត្រីនៅក្នុងស្ថាប័នស្រាវជ្រាវ ប៉ុន្តែបែរជារង់ចាំប្រាក់ឧបត្ថម្ភពីគម្រោងស្រាវជ្រាវនានា ទើបរួសរាន់យកចិត្តទុកដាក់កសាងឯកសារស្រាវជ្រាវទៅវិញ។

ឯកឧត្ដមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍សង្កត់ធ្ងន់ថា ក្នុងនាមជាមន្ត្រីរាជការទទួលបានប្រាក់បៀវត្សរ៍ដែលជាប្រាក់បង់ពន្ធពីប្រជាពលរដ្ឋ មន្ត្រីរាជការទាំងអស់គួរតែមានការរអៀសចិត្ត នៅពេលទទួលប្រាក់បៀវត្សរ៍ជារៀងរាល់ខែ ប៉ុន្តែពុំបានបំពេញការងារដែលខ្លួនទទួលខុសត្រូវ ឱ្យស័ក្តិសមទៅនឹងទំហំទឹកប្រាក់ដែលខ្លួនទទួលបាន។ ឯកឧត្ដម​បណ្ឌិតសភាចារ្យបានបន្ថែមទៀតថា មន្ត្រីរាជបណ្ឌិត្យសភាកម្ពុជាត្រូវមានមនសិការភ្ញាក់រឭក ហើយចាប់ផ្ដើមពង្រឹងការសិក្សាស្រាវជ្រាវ តាមជំនាញដែលខ្លួនមាន និងវិស័យដែលខ្លួនទទួលខុសត្រូវក្នុងមុខនាទីរបស់ខ្លួននៅក្នុងស្ថាប័ន ធ្វើយ៉ាងណាចូលរួមជំរុញវឌ្ឍនភាពវិស័យសិក្សាស្រាវជ្រាវរបស់ស្ថាប័ន ដើម្បីឈានទៅរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិរបស់ខ្លួន៕

RAC Media | លឹម សុវណ្ណរិទ្ធ

អត្ថបទទាក់ទង

«មេរៀនពីសង្គ្រាមនៅអ៊ុយក្រែន» ដោយ៖ បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា រាជបណ្ឌិត្យសភាកម្ពុជា

(ប្រធានាធិបតីអ៊ុយក្រែន៖ «មានតែយើងខ្លួនឯងប៉ុណ្ណោះ ដែលត្រូវការពារជាតិរបស់យើង។  តើមាននរណាដែលត្រៀមប្រយុទ្ធជាមួយយើង? ខ្ញុំមិនបានមើលឃើញនរណាម្នាក់នោះទេ»)មេរៀនពីសង្គ្រាមនៅអ៊ុយក្រែន ក៏ដូចជាមេរៀននៅកម្ពុជាឆ...

2022-02-28 04:14:32   ថ្ងៃចន្ទ, 28 កុម្ភៈ 2022 ម៉ោង 11:14 AM
សៀវភៅ តក្កវិទ្យា (Logic) ដោយ៖ លោក យឹម អាយុវឌ្ឍនៈវិជ្ជា- វិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៃរាជបណ្ឌិត្យសភាកម្ពុជា

ការរីកចម្រើននៃបច្ចេកវិទ្យា តម្រូវឱ្យមនុស្សខិតខំស្វែងរក នូវចំណេះដឹងថ្មីៗ ដើម្បីគ្រប់គ្រងនិងប្រើប្រាស់នូវបច្ចេកវិទ្យាទាំង អស់នោះឱ្យបានប្រសើរឡើង។ ក្នុងនោះដែរ មុខជំនាញគណិតវិទ្យា ដើរតួនាទីយ៉ាងសំខាន់នៅក្នុង...

2022-02-25 11:56:21   ថ្ងៃសុក្រ, 25 កុម្ភៈ 2022 ម៉ោង 06:56 PM
''ការអប់រំ និងសុខភាព'' ដោយ៖ បណ្ឌិត សូ សុធីរ-មន្ត្រីស្រាវជ្រាវនាយកដ្ឋានវិទ្យាសាស្ត្រអប់រំនៃវិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម-(២៤-២-២០២២)

...

2022-02-24 05:38:16   ថ្ងៃព្រហស្បតិ៍, 24 កុម្ភៈ 2022 ម៉ោង 12:38 PM
បទវិចារណកថា៖ ចិននៅក្នុងបរិបទសម្ព័ន្ធភាពត្រីភាគី AUKUS ដោយ៖ លោក ផាញ់ សារឿន, មន្ត្រីវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានសិក្សាចិន

2022-02-23 14:41:40   ថ្ងៃពុធ, 23 កុម្ភៈ 2022 ម៉ោង 09:41 PM
អត្ថបទអ្នកនិពន្ធ នូ ហាច ដោយ៖លោក ឃិន យ៉ង់- នាយកដ្ឋានកិច្ចការទូទៅនៃវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា- (២០-២-២០២២)

...

2022-02-20 05:42:43   ថ្ងៃអាទិត្យ, 20 កុម្ភៈ 2022 ម៉ោង 12:42 PM
អត្ថបទស្រាវជ្រាវ ស្ដីពី ផ្ទះប្រពៃណីរបស់ជនជាតិដើមភាគតិចព្នង ដោយ៖ ម៉ិល វាសនា មន្ត្រីស្រាវជ្រាវវិទ្យាស្ថានវប្បធម៌និងវិចិត្រសិល្បៈនៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានវប្បធម៌និងវិចិត្រស...

2022-02-18 09:18:52   ថ្ងៃសុក្រ, 18 កុម្ភៈ 2022 ម៉ោង 04:18 PM

សេចក្តីប្រកាស