ព័ត៌មាន

បណ្ឌិតសភាចារ្យ សុខ ទូច៖ មន្ត្រីរាជបណ្ឌិត្យសភាកម្ពុជាជាមន្ត្រីស្រាវជ្រាវ ត្រូវតែមានស្នាដៃស្រាវជ្រាវជាប្រចាំ ហើយមន្ត្រីរាជការទាំងអស់គួរតែចេះរអៀសចិត្ត នៅពេលទទួលប្រាក់បៀវត្សរ៍ជារៀងរាល់ខែ ប៉ុន្តែពុំបានបំពេញការងារដែលខ្លួនទទួលខុសត្រូវ

2022-12-15 08:28:03 ថ្ងៃព្រហស្បតិ៍, 15 ធ្នូ 2022 ម៉ោង 03:28 PM
អ្នកមើល 4232
post_detail

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ក្នុងឱកាសអញ្ជើញថ្លែងចំណាប់អារម្មណ៍បិទកម្មវិធីបទបង្ហាញស្ដីពី «សមិទ្ធផលការងារ៥ឆ្នាំ (២០១៨-២០២២) របស់វិទ្យាស្ថានភាសាជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា» នាព្រឹកថ្ងៃពុធ ៦រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ​ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជាបានថ្លែងក្រើនរំឭកជាថ្មីថា «មន្ត្រីរាជបណ្ឌិត្យសភាកម្ពុជាជាមន្ត្រីស្រាវជ្រាវ ត្រូវតែមានស្នាដៃស្រាវជ្រាវជាប្រចាំ ពុំមែនរង់ចាំប្រាក់ឧបត្ថម្ភគម្រោង ទើបចាប់ផ្ដើមសិក្សាស្រាវជ្រាវនោះទេ»។

ជាកិច្ចចាប់ផ្ដើមនៃការថ្លែងចំណាប់អារម្មណ៍បិទកម្មវិធីបទបង្ហាញ ស្ដីពី «សមិទ្ធផលការងារ៥ឆ្នាំ(២០១៨-២០២២) របស់វិទ្យាស្ថានភាសាជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា» នាព្រឹកនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានថ្លែងកោតសរសើរនូវកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការវិទ្យាស្ថានភាសាជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា ដែលសម្រេចបាននូវសមិទ្ធផលជាច្រើននៅក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ។ ទោះជាយ៉ាងណា ឯកឧត្ដមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានទាញចំណាប់អារម្មណ៍ថ្នាក់ដឹកនាំ និងមន្ត្រីវិទ្យាស្ថានភាសាជាតិ អំពីកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំវិទ្យាស្ថាន ក៏ដូចជាថ្នាក់ដឹកនាំរាជបណ្ឌិត្យសភាកម្ពុជានាពេលកន្លងមក នៅក្នុងវិស័យអក្សរសាស្ត្រខ្មែរ និងគូសរំលេចអំពីប្រវត្តិនៃការបង្កើតរាជបណ្ឌិត្យសភាកម្ពុជា ដែលសមិទ្ធផលទាំងនេះ កើតឡើងចេញពីកិច្ចខិតខំប្រឹងប្រែងរបស់អ្នកជំនាន់មុន ដើម្បីទទួលបាននូវវឌ្ឍនភាពសម្រាប់ស្ថាប័ន។

ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ក៏បានក្រើនរំឭកជាថ្មីដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃរាជបណ្ឌិត្យសភាកម្ពុជាទាំងអស់ថា មានមន្ត្រីរាជបណ្ឌិត្យសភាកម្ពុជាមួយចំនួនហាក់បីដូចជាបានភ្លេច ឬហាក់ពុំចាប់ភ្លឹកអំពីការបំពេញតួនាទីរបស់ខ្លួននៅក្នុងស្ថាប័នស្រាវជ្រាវរបស់ជាតិមួយនេះនោះទេ ដោយមន្ត្រីទាំងនោះហាក់នៅបន្តភាពអសកម្មនៅក្នុងការសិក្សាស្រាវជ្រាវលើជំនាញដែលខ្លួនមាន និងវិស័យដែលខ្លួនទទួលខុសត្រូវក្នុងតួនាទីដែលថ្នាក់ដឹកនាំបានប្រគល់ជូន។ ឯកឧត្ដមបណ្ឌិតសភាចារ្យបន្តថា មន្ត្រីទាំងនោះបានបន្តដេកលង់លក់នៅក្នុងភាពស្ពឹកស្រពន់ក្នុងនាមខ្លួនជាមន្ត្រីនៅក្នុងស្ថាប័នស្រាវជ្រាវ ប៉ុន្តែបែរជារង់ចាំប្រាក់ឧបត្ថម្ភពីគម្រោងស្រាវជ្រាវនានា ទើបរួសរាន់យកចិត្តទុកដាក់កសាងឯកសារស្រាវជ្រាវទៅវិញ។

ឯកឧត្ដមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍សង្កត់ធ្ងន់ថា ក្នុងនាមជាមន្ត្រីរាជការទទួលបានប្រាក់បៀវត្សរ៍ដែលជាប្រាក់បង់ពន្ធពីប្រជាពលរដ្ឋ មន្ត្រីរាជការទាំងអស់គួរតែមានការរអៀសចិត្ត នៅពេលទទួលប្រាក់បៀវត្សរ៍ជារៀងរាល់ខែ ប៉ុន្តែពុំបានបំពេញការងារដែលខ្លួនទទួលខុសត្រូវ ឱ្យស័ក្តិសមទៅនឹងទំហំទឹកប្រាក់ដែលខ្លួនទទួលបាន។ ឯកឧត្ដម​បណ្ឌិតសភាចារ្យបានបន្ថែមទៀតថា មន្ត្រីរាជបណ្ឌិត្យសភាកម្ពុជាត្រូវមានមនសិការភ្ញាក់រឭក ហើយចាប់ផ្ដើមពង្រឹងការសិក្សាស្រាវជ្រាវ តាមជំនាញដែលខ្លួនមាន និងវិស័យដែលខ្លួនទទួលខុសត្រូវក្នុងមុខនាទីរបស់ខ្លួននៅក្នុងស្ថាប័ន ធ្វើយ៉ាងណាចូលរួមជំរុញវឌ្ឍនភាពវិស័យសិក្សាស្រាវជ្រាវរបស់ស្ថាប័ន ដើម្បីឈានទៅរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិរបស់ខ្លួន៕

RAC Media | លឹម សុវណ្ណរិទ្ធ

អត្ថបទទាក់ទង

រាជរដ្ឋាភិបាល បានប្រគល់សិទ្ធិដល់រាជបណ្ឌិត្យសភាកម្ពុជា ចុះ MOU លើវិស័យស្រាវជ្រាវជាមួយកូរ៉េខាងត្បូង

នៅថ្ងៃទី១៣ ខែមីនា នេះ រាជរដ្ឋាភិបាល បានសម្រេចប្រគល់សិទ្ធិដល់ឯកឧត្តមបណ្ឌិត្យសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MOU) រវាងរាជបណ្ឌិត្យសភាកម្ពុជា និង ក្រុមប្រឹក្...

2019-03-13 11:19:43   ថ្ងៃពុធ, 13 មីនា 2019 ម៉ោង 06:19 PM
«កម្ពុជា និង សាធារណរដ្ឋកូរ៉េ គ្រោងនឹងចុះកិច្ចព្រមព្រៀងចំនួនពីរ និងអនុស្សារណៈចំនួន៥»

ភ្នំពេញ៖ ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ឯកឧត្តម មួន ចេអ៊ីន នឹងមកបំពេញទស្សនកិច្ចជាផ្លូវរដ្ឋនៅកម្ពុជានៅថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមីនាខាងមុខនេះ។ នារសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម កេត សោផាន់ អនុរដ្ឋលេខា...

2019-03-13 03:43:18   ថ្ងៃពុធ, 13 មីនា 2019 ម៉ោង 10:43 AM
«វិមានរំឭកដល់អ្នកស្លាប់ក្នុងសង្គ្រាមលោកលើកទី១» (ភាគទី៤) អត្ថបទដោយ៖ លោកស្រី ស៊ន ច័ន្ទអមរា មន្ត្រីលេខាធិការដ្ឋានរបស់ក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា

សូមរំឭកថានៅក្នុងភាគទី១ យើងបានបង្ហាញអំពីកិច្ចសហការបារាំង-ខ្មែរខាងកងទ័ពជើងគោកនៅចុងសតវត្សរ៍ទី១៩ និងក្នុងសង្គ្រាមលោកលើកទី១ ដែលមានយុទ្ធនាការជ្រើសរើសទាហានស្ម័គ្រចិត្តខ្មែរជាច្រើនរយនាក់ ឱ្យទៅជួយច្បាំងនៅប្រទេ...

2019-03-11 04:10:28   ថ្ងៃចន្ទ, 11 មីនា 2019 ម៉ោង 11:10 AM
ទោសប្រហារជីវិត៖ ប្រមុខរាជរដ្ឋាភិបាល ទទួលស្គាល់ការវិភាគរបស់អ្នកវិភាគ៣រូប

ចុះផ្សាយថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ភ្នំពេញ៖ ក្រោយពីទទួលបានការផ្ដល់ជាមតិជាច្រើនទាក់ទងទៅនឹងបំណងធ្វើប្រជាមតិដើម្បីសម្រេចថា តើគួរមានច្បាប់ដាក់ទោសប្រហារជីវិតទៅលើជនដែលរំលោភសេពសន្ថវៈលើសាច់ញាតិរបស់ខ្លួនដែរឬទេនោ...

2019-03-11 04:10:26   ថ្ងៃចន្ទ, 11 មីនា 2019 ម៉ោង 11:10 AM
«រាជបណ្ឌិត្យសភាកម្ពុជា បង្ហាញពីរបកគំហើញសិលាចារឹកថ្មីមួយនៅវត្តពោធិមុនី»

កាលពីពេលថ្មីៗ កន្លងទៅនេះ ក្រុមអ្នកស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា បានចុះទៅសិក្សាពីសិលាចារឹកថ្មីមួយដោយផ្ទាល់នៅវត្តពោធិមុនី ហៅវត្តស្វាយចេកថ្មី ដែលសិ្ថតនៅក្នុងភូមិស្វាយចេក ឃុំស្វាយចេក ស្រុករំដួល ខេត្តស...

2019-03-11 03:19:19   ថ្ងៃចន្ទ, 11 មីនា 2019 ម៉ោង 10:19 AM
«សម្ដេចតេជោនាយករដ្ឋមន្ត្រី លើកឡើងអំពីលទ្ធភាពដែលកម្ពុជាគួរមានទោសប្រហារជីវិត»

ចុះផ្សាយថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានលើកឡើងនូវបំណងរបស់សម្ដេច ក្នុងការធ្វើប្រជាមតិដើម្បីឈានទៅស្នើសុំព្រះមហាក្សត្រធ្វើវិសោ...

2019-03-10 07:09:24   ថ្ងៃអាទិត្យ, 10 មីនា 2019 ម៉ោង 02:09 PM

សេចក្តីប្រកាស