Royal Academy of Cambodia
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ក្នុងឱកាសអញ្ជើញថ្លែងចំណាប់អារម្មណ៍បិទកម្មវិធីបទបង្ហាញស្ដីពី «សមិទ្ធផលការងារ៥ឆ្នាំ (២០១៨-២០២២) របស់វិទ្យាស្ថានភាសាជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា» នាព្រឹកថ្ងៃពុធ ៦រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជាបានថ្លែងក្រើនរំឭកជាថ្មីថា «មន្ត្រីរាជបណ្ឌិត្យសភាកម្ពុជាជាមន្ត្រីស្រាវជ្រាវ ត្រូវតែមានស្នាដៃស្រាវជ្រាវជាប្រចាំ ពុំមែនរង់ចាំប្រាក់ឧបត្ថម្ភគម្រោង ទើបចាប់ផ្ដើមសិក្សាស្រាវជ្រាវនោះទេ»។
ជាកិច្ចចាប់ផ្ដើមនៃការថ្លែងចំណាប់អារម្មណ៍បិទកម្មវិធីបទបង្ហាញ ស្ដីពី «សមិទ្ធផលការងារ៥ឆ្នាំ(២០១៨-២០២២) របស់វិទ្យាស្ថានភាសាជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា» នាព្រឹកនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានថ្លែងកោតសរសើរនូវកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការវិទ្យាស្ថានភាសាជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា ដែលសម្រេចបាននូវសមិទ្ធផលជាច្រើននៅក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ។ ទោះជាយ៉ាងណា ឯកឧត្ដមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានទាញចំណាប់អារម្មណ៍ថ្នាក់ដឹកនាំ និងមន្ត្រីវិទ្យាស្ថានភាសាជាតិ អំពីកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំវិទ្យាស្ថាន ក៏ដូចជាថ្នាក់ដឹកនាំរាជបណ្ឌិត្យសភាកម្ពុជានាពេលកន្លងមក នៅក្នុងវិស័យអក្សរសាស្ត្រខ្មែរ និងគូសរំលេចអំពីប្រវត្តិនៃការបង្កើតរាជបណ្ឌិត្យសភាកម្ពុជា ដែលសមិទ្ធផលទាំងនេះ កើតឡើងចេញពីកិច្ចខិតខំប្រឹងប្រែងរបស់អ្នកជំនាន់មុន ដើម្បីទទួលបាននូវវឌ្ឍនភាពសម្រាប់ស្ថាប័ន។
ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ក៏បានក្រើនរំឭកជាថ្មីដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃរាជបណ្ឌិត្យសភាកម្ពុជាទាំងអស់ថា មានមន្ត្រីរាជបណ្ឌិត្យសភាកម្ពុជាមួយចំនួនហាក់បីដូចជាបានភ្លេច ឬហាក់ពុំចាប់ភ្លឹកអំពីការបំពេញតួនាទីរបស់ខ្លួននៅក្នុងស្ថាប័នស្រាវជ្រាវរបស់ជាតិមួយនេះនោះទេ ដោយមន្ត្រីទាំងនោះហាក់នៅបន្តភាពអសកម្មនៅក្នុងការសិក្សាស្រាវជ្រាវលើជំនាញដែលខ្លួនមាន និងវិស័យដែលខ្លួនទទួលខុសត្រូវក្នុងតួនាទីដែលថ្នាក់ដឹកនាំបានប្រគល់ជូន។ ឯកឧត្ដមបណ្ឌិតសភាចារ្យបន្តថា មន្ត្រីទាំងនោះបានបន្តដេកលង់លក់នៅក្នុងភាពស្ពឹកស្រពន់ក្នុងនាមខ្លួនជាមន្ត្រីនៅក្នុងស្ថាប័នស្រាវជ្រាវ ប៉ុន្តែបែរជារង់ចាំប្រាក់ឧបត្ថម្ភពីគម្រោងស្រាវជ្រាវនានា ទើបរួសរាន់យកចិត្តទុកដាក់កសាងឯកសារស្រាវជ្រាវទៅវិញ។
ឯកឧត្ដមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍សង្កត់ធ្ងន់ថា ក្នុងនាមជាមន្ត្រីរាជការទទួលបានប្រាក់បៀវត្សរ៍ដែលជាប្រាក់បង់ពន្ធពីប្រជាពលរដ្ឋ មន្ត្រីរាជការទាំងអស់គួរតែមានការរអៀសចិត្ត នៅពេលទទួលប្រាក់បៀវត្សរ៍ជារៀងរាល់ខែ ប៉ុន្តែពុំបានបំពេញការងារដែលខ្លួនទទួលខុសត្រូវ ឱ្យស័ក្តិសមទៅនឹងទំហំទឹកប្រាក់ដែលខ្លួនទទួលបាន។ ឯកឧត្ដមបណ្ឌិតសភាចារ្យបានបន្ថែមទៀតថា មន្ត្រីរាជបណ្ឌិត្យសភាកម្ពុជាត្រូវមានមនសិការភ្ញាក់រឭក ហើយចាប់ផ្ដើមពង្រឹងការសិក្សាស្រាវជ្រាវ តាមជំនាញដែលខ្លួនមាន និងវិស័យដែលខ្លួនទទួលខុសត្រូវក្នុងមុខនាទីរបស់ខ្លួននៅក្នុងស្ថាប័ន ធ្វើយ៉ាងណាចូលរួមជំរុញវឌ្ឍនភាពវិស័យសិក្សាស្រាវជ្រាវរបស់ស្ថាប័ន ដើម្បីឈានទៅរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិរបស់ខ្លួន៕
RAC Media | លឹម សុវណ្ណរិទ្ធ
នៅថ្ងៃ អង្គារ ១៤កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០១៩ គឺជាថ្ងៃទី៣ នៃកម្មវិធីសិក្ខាសាលាអន្តរជាតិស្តីពី «កាលានុវត្តភាពក្នុងការអភិវឌ្ឍគម្រោងបញ្ចេញកាបូនទាបតាមរយៈគម្...
នៅឆ្នាំនេះ សមរាត្រី នឹងកើតមានចំនួន២ដង គឺចំថ្ងៃទី២១ ខែមីនា និងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ នេះ។ វេលានេះ គឺជាឱកាសដែលប្រជាពលរដ្ឋទាំងអស់អាចទស្សនាប្រាសាទអង្គរវត្ត គឺទស្សនាព្រះអាទិត្យដែលនឹងរះចំកំពូលកណ្តាលនៃប្...
ជំនួយអភិវឌ្ឍន៍នៃប្រទេសរីកចម្រើន ជាពិសេសក្រុមប្រទេស G20 និង ប្រទេស OECD បានហូរចូលមកប្រទេស កំពុងអភិវឌ្ឍន៍ តាមរយៈគណកម្មការជំនួយអភិវឌ្ឍន៍ ដែលជំនួយនេះផ្តល់មកប្រទេសក្រីក្រ ឬ ប្រទេសកំពុង អភិវឌ្ឍន៍តាមរូបភាពពី...
នារសៀលថ្ងៃចន្ទ ១៣កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ នេះ ក្រោមអធិបតីភាពនៃ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ដោយមានកិច្ចសហការជាមួយ បណ្ឌិត្...
កញ្ញា Shahnaz Nur Firdausi ជំនួយការគម្រោងមកពីវិទ្យាស្ថានបច្ចេកវិទ្យាបានឌុង ប្រទេសឥណ្ឌូណេស៊ី បានធ្វើបទបង្ហាញពីការវាយតម្លៃស្តុកកាបូនព្រៃកោងកាងនៅក្នុង Segara Anakan នៅជ្វាកណ្តាល ប្រទេសឥណ្ឌូណេស៊ី ហើយក៏ជាវ...