ព័ត៌មាន

បណ្ឌិតសភាចារ្យ សុខ ទូច៖ មន្ត្រីរាជបណ្ឌិត្យសភាកម្ពុជាជាមន្ត្រីស្រាវជ្រាវ ត្រូវតែមានស្នាដៃស្រាវជ្រាវជាប្រចាំ ហើយមន្ត្រីរាជការទាំងអស់គួរតែចេះរអៀសចិត្ត នៅពេលទទួលប្រាក់បៀវត្សរ៍ជារៀងរាល់ខែ ប៉ុន្តែពុំបានបំពេញការងារដែលខ្លួនទទួលខុសត្រូវ

2022-12-15 08:28:03 ថ្ងៃព្រហស្បតិ៍, 15 ធ្នូ 2022 ម៉ោង 03:28 PM
អ្នកមើល 4351
post_detail

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ក្នុងឱកាសអញ្ជើញថ្លែងចំណាប់អារម្មណ៍បិទកម្មវិធីបទបង្ហាញស្ដីពី «សមិទ្ធផលការងារ៥ឆ្នាំ (២០១៨-២០២២) របស់វិទ្យាស្ថានភាសាជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា» នាព្រឹកថ្ងៃពុធ ៦រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ​ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជាបានថ្លែងក្រើនរំឭកជាថ្មីថា «មន្ត្រីរាជបណ្ឌិត្យសភាកម្ពុជាជាមន្ត្រីស្រាវជ្រាវ ត្រូវតែមានស្នាដៃស្រាវជ្រាវជាប្រចាំ ពុំមែនរង់ចាំប្រាក់ឧបត្ថម្ភគម្រោង ទើបចាប់ផ្ដើមសិក្សាស្រាវជ្រាវនោះទេ»។

ជាកិច្ចចាប់ផ្ដើមនៃការថ្លែងចំណាប់អារម្មណ៍បិទកម្មវិធីបទបង្ហាញ ស្ដីពី «សមិទ្ធផលការងារ៥ឆ្នាំ(២០១៨-២០២២) របស់វិទ្យាស្ថានភាសាជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា» នាព្រឹកនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានថ្លែងកោតសរសើរនូវកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការវិទ្យាស្ថានភាសាជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា ដែលសម្រេចបាននូវសមិទ្ធផលជាច្រើននៅក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ។ ទោះជាយ៉ាងណា ឯកឧត្ដមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានទាញចំណាប់អារម្មណ៍ថ្នាក់ដឹកនាំ និងមន្ត្រីវិទ្យាស្ថានភាសាជាតិ អំពីកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំវិទ្យាស្ថាន ក៏ដូចជាថ្នាក់ដឹកនាំរាជបណ្ឌិត្យសភាកម្ពុជានាពេលកន្លងមក នៅក្នុងវិស័យអក្សរសាស្ត្រខ្មែរ និងគូសរំលេចអំពីប្រវត្តិនៃការបង្កើតរាជបណ្ឌិត្យសភាកម្ពុជា ដែលសមិទ្ធផលទាំងនេះ កើតឡើងចេញពីកិច្ចខិតខំប្រឹងប្រែងរបស់អ្នកជំនាន់មុន ដើម្បីទទួលបាននូវវឌ្ឍនភាពសម្រាប់ស្ថាប័ន។

ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ក៏បានក្រើនរំឭកជាថ្មីដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃរាជបណ្ឌិត្យសភាកម្ពុជាទាំងអស់ថា មានមន្ត្រីរាជបណ្ឌិត្យសភាកម្ពុជាមួយចំនួនហាក់បីដូចជាបានភ្លេច ឬហាក់ពុំចាប់ភ្លឹកអំពីការបំពេញតួនាទីរបស់ខ្លួននៅក្នុងស្ថាប័នស្រាវជ្រាវរបស់ជាតិមួយនេះនោះទេ ដោយមន្ត្រីទាំងនោះហាក់នៅបន្តភាពអសកម្មនៅក្នុងការសិក្សាស្រាវជ្រាវលើជំនាញដែលខ្លួនមាន និងវិស័យដែលខ្លួនទទួលខុសត្រូវក្នុងតួនាទីដែលថ្នាក់ដឹកនាំបានប្រគល់ជូន។ ឯកឧត្ដមបណ្ឌិតសភាចារ្យបន្តថា មន្ត្រីទាំងនោះបានបន្តដេកលង់លក់នៅក្នុងភាពស្ពឹកស្រពន់ក្នុងនាមខ្លួនជាមន្ត្រីនៅក្នុងស្ថាប័នស្រាវជ្រាវ ប៉ុន្តែបែរជារង់ចាំប្រាក់ឧបត្ថម្ភពីគម្រោងស្រាវជ្រាវនានា ទើបរួសរាន់យកចិត្តទុកដាក់កសាងឯកសារស្រាវជ្រាវទៅវិញ។

ឯកឧត្ដមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍សង្កត់ធ្ងន់ថា ក្នុងនាមជាមន្ត្រីរាជការទទួលបានប្រាក់បៀវត្សរ៍ដែលជាប្រាក់បង់ពន្ធពីប្រជាពលរដ្ឋ មន្ត្រីរាជការទាំងអស់គួរតែមានការរអៀសចិត្ត នៅពេលទទួលប្រាក់បៀវត្សរ៍ជារៀងរាល់ខែ ប៉ុន្តែពុំបានបំពេញការងារដែលខ្លួនទទួលខុសត្រូវ ឱ្យស័ក្តិសមទៅនឹងទំហំទឹកប្រាក់ដែលខ្លួនទទួលបាន។ ឯកឧត្ដម​បណ្ឌិតសភាចារ្យបានបន្ថែមទៀតថា មន្ត្រីរាជបណ្ឌិត្យសភាកម្ពុជាត្រូវមានមនសិការភ្ញាក់រឭក ហើយចាប់ផ្ដើមពង្រឹងការសិក្សាស្រាវជ្រាវ តាមជំនាញដែលខ្លួនមាន និងវិស័យដែលខ្លួនទទួលខុសត្រូវក្នុងមុខនាទីរបស់ខ្លួននៅក្នុងស្ថាប័ន ធ្វើយ៉ាងណាចូលរួមជំរុញវឌ្ឍនភាពវិស័យសិក្សាស្រាវជ្រាវរបស់ស្ថាប័ន ដើម្បីឈានទៅរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិរបស់ខ្លួន៕

RAC Media | លឹម សុវណ្ណរិទ្ធ

អត្ថបទទាក់ទង

«ប្រជុំដើម្បីពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទបរិស្ថាននិងធនធានធម្មជាតិ»

កាលពីរសៀលថ្ងៃពុធ ៥កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម បានបើកកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សា និងអនុម័...

2020-02-05 02:40:16   ថ្ងៃពុធ, 05 កុម្ភៈ 2020 ម៉ោង 09:40 AM
«ឯកឧត្តមបណ្ឌិត យង់ ពៅ ណែនាំនិស្សិតឱ្យប្រកាន់ភ្ជាប់គោលការណ៍វិទ្យាសាស្រ្ត ដើម្បីរួមចំណែកអភិវឌ្ឍសង្គមជាតិ »

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា (រ.ប.ស.ក.) បានណែនាំនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតទាំងអស់ត្រូវតែប្រកាន់ភ្ជាប់គោលការណ៍វិទ្យាសាស្រ្តជាន...

2020-02-01 08:27:45   ថ្ងៃសៅរ៍, 01 កុម្ភៈ 2020 ម៉ោង 03:27 PM
«កម្ពុជាប្រកាសគ្រោងនឹងបង្កើតស្ថានបេសកកម្មការទូតនៅប្រទេសជាមិត្តចំនួន២បន្ថែមទៀត»

ភ្នំពេញ៖ ការប្រកាសនេះ ត្រូវបានធ្វើឡើងនៅក្នុងឱកាស សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការងារសម្រ...

2020-01-31 03:50:16   ថ្ងៃសុក្រ, 31 មករា 2020 ម៉ោង 10:50 AM
«រាជបណ្ឌិត្យសភាកម្ពុជានិងស្ថាប័នស្រាវជ្រាវរុស្សុីនឹងបង្កើនកិច្ចសហប្រតិបត្តិការរួមគ្នាលើការងារស្រាវជ្រាវបែបវិទ្យាសាស្ត្រ»

(រាជធានីភ្នំពេញ)៖ រាជបណ្ឌិត្យសភាកម្ពុជានិងស្ថាប័នស្រាវជ្រាវរុស្សុីនឹងបង្កើនកិច្ចសហប្រតិបត្តិការរួមគ្នាលើកិច្ចការងារស្រាវជ្រាវបែបវិទ្យាសាស្ត្រ នាពេលខាងមុខ ដើម្បីពង្រឹងនិងពង្រីកទំនាក់ទំនងការងារសិក្សាស្រ...

2020-01-30 11:27:49   ថ្ងៃព្រហស្បតិ៍, 30 មករា 2020 ម៉ោង 06:27 PM
«កម្មវិធីការងារប្រចាំថ្ងៃរបស់ថ្នាក់ដឹកនាំនិងមន្ត្រីនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា ឆ្នាំ២០២០»

ព្រឹកថ្ងៃពុធ ៥កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ ឯកឧត្តម បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា ដឹកនាំកិច្ចប្រជុំ ប្រ...

2020-01-29 11:07:14   ថ្ងៃពុធ, 29 មករា 2020 ម៉ោង 06:07 PM
«ឯកឧត្តមបណ្ឌិត យង់ ពៅ ជំរុញក្រុមការងារព័ត៌មានរាជបណ្ឌិត្យសភាកម្ពុជាឱ្យបង្កើនការផលិតព័ត៌មានបែប​វិទ្យាសាស្រ្ត ដើម្បីផ្សព្វផ្សាយអប់រំដល់សាធារណជនឱ្យបានទូលំទូលាយ»

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ព័ត៌មានបែបវិទ្យាសាស្រ្តដែលជារបកគំហើញពីការសិក្សាស្រាវជ្រាវវិទ្យាសាស្រ្តថ្មីៗរបស់អ្នកស្រាវ​ជ្រាវជាតិ និងអន្តរជាតិ គឺជាសារមួយដ៏សំខាន់សម្រាប់ផ្សព្វផ្សាយអប់រំដល់សាធារណជនឱ្យទទួលបានក...

2020-01-29 10:42:43   ថ្ងៃពុធ, 29 មករា 2020 ម៉ោង 05:42 PM

សេចក្តីប្រកាស