Royal Academy of Cambodia
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ក្នុងឱកាសអញ្ជើញថ្លែងចំណាប់អារម្មណ៍បិទកម្មវិធីបទបង្ហាញស្ដីពី «សមិទ្ធផលការងារ៥ឆ្នាំ (២០១៨-២០២២) របស់វិទ្យាស្ថានភាសាជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា» នាព្រឹកថ្ងៃពុធ ៦រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជាបានថ្លែងក្រើនរំឭកជាថ្មីថា «មន្ត្រីរាជបណ្ឌិត្យសភាកម្ពុជាជាមន្ត្រីស្រាវជ្រាវ ត្រូវតែមានស្នាដៃស្រាវជ្រាវជាប្រចាំ ពុំមែនរង់ចាំប្រាក់ឧបត្ថម្ភគម្រោង ទើបចាប់ផ្ដើមសិក្សាស្រាវជ្រាវនោះទេ»។
ជាកិច្ចចាប់ផ្ដើមនៃការថ្លែងចំណាប់អារម្មណ៍បិទកម្មវិធីបទបង្ហាញ ស្ដីពី «សមិទ្ធផលការងារ៥ឆ្នាំ(២០១៨-២០២២) របស់វិទ្យាស្ថានភាសាជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា» នាព្រឹកនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានថ្លែងកោតសរសើរនូវកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការវិទ្យាស្ថានភាសាជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា ដែលសម្រេចបាននូវសមិទ្ធផលជាច្រើននៅក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ។ ទោះជាយ៉ាងណា ឯកឧត្ដមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានទាញចំណាប់អារម្មណ៍ថ្នាក់ដឹកនាំ និងមន្ត្រីវិទ្យាស្ថានភាសាជាតិ អំពីកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំវិទ្យាស្ថាន ក៏ដូចជាថ្នាក់ដឹកនាំរាជបណ្ឌិត្យសភាកម្ពុជានាពេលកន្លងមក នៅក្នុងវិស័យអក្សរសាស្ត្រខ្មែរ និងគូសរំលេចអំពីប្រវត្តិនៃការបង្កើតរាជបណ្ឌិត្យសភាកម្ពុជា ដែលសមិទ្ធផលទាំងនេះ កើតឡើងចេញពីកិច្ចខិតខំប្រឹងប្រែងរបស់អ្នកជំនាន់មុន ដើម្បីទទួលបាននូវវឌ្ឍនភាពសម្រាប់ស្ថាប័ន។
ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ក៏បានក្រើនរំឭកជាថ្មីដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃរាជបណ្ឌិត្យសភាកម្ពុជាទាំងអស់ថា មានមន្ត្រីរាជបណ្ឌិត្យសភាកម្ពុជាមួយចំនួនហាក់បីដូចជាបានភ្លេច ឬហាក់ពុំចាប់ភ្លឹកអំពីការបំពេញតួនាទីរបស់ខ្លួននៅក្នុងស្ថាប័នស្រាវជ្រាវរបស់ជាតិមួយនេះនោះទេ ដោយមន្ត្រីទាំងនោះហាក់នៅបន្តភាពអសកម្មនៅក្នុងការសិក្សាស្រាវជ្រាវលើជំនាញដែលខ្លួនមាន និងវិស័យដែលខ្លួនទទួលខុសត្រូវក្នុងតួនាទីដែលថ្នាក់ដឹកនាំបានប្រគល់ជូន។ ឯកឧត្ដមបណ្ឌិតសភាចារ្យបន្តថា មន្ត្រីទាំងនោះបានបន្តដេកលង់លក់នៅក្នុងភាពស្ពឹកស្រពន់ក្នុងនាមខ្លួនជាមន្ត្រីនៅក្នុងស្ថាប័នស្រាវជ្រាវ ប៉ុន្តែបែរជារង់ចាំប្រាក់ឧបត្ថម្ភពីគម្រោងស្រាវជ្រាវនានា ទើបរួសរាន់យកចិត្តទុកដាក់កសាងឯកសារស្រាវជ្រាវទៅវិញ។
ឯកឧត្ដមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍សង្កត់ធ្ងន់ថា ក្នុងនាមជាមន្ត្រីរាជការទទួលបានប្រាក់បៀវត្សរ៍ដែលជាប្រាក់បង់ពន្ធពីប្រជាពលរដ្ឋ មន្ត្រីរាជការទាំងអស់គួរតែមានការរអៀសចិត្ត នៅពេលទទួលប្រាក់បៀវត្សរ៍ជារៀងរាល់ខែ ប៉ុន្តែពុំបានបំពេញការងារដែលខ្លួនទទួលខុសត្រូវ ឱ្យស័ក្តិសមទៅនឹងទំហំទឹកប្រាក់ដែលខ្លួនទទួលបាន។ ឯកឧត្ដមបណ្ឌិតសភាចារ្យបានបន្ថែមទៀតថា មន្ត្រីរាជបណ្ឌិត្យសភាកម្ពុជាត្រូវមានមនសិការភ្ញាក់រឭក ហើយចាប់ផ្ដើមពង្រឹងការសិក្សាស្រាវជ្រាវ តាមជំនាញដែលខ្លួនមាន និងវិស័យដែលខ្លួនទទួលខុសត្រូវក្នុងមុខនាទីរបស់ខ្លួននៅក្នុងស្ថាប័ន ធ្វើយ៉ាងណាចូលរួមជំរុញវឌ្ឍនភាពវិស័យសិក្សាស្រាវជ្រាវរបស់ស្ថាប័ន ដើម្បីឈានទៅរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិរបស់ខ្លួន៕
RAC Media | លឹម សុវណ្ណរិទ្ធ
ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន អំពីបំណងបន្តកិច្ចសហប្រតិបត្តិការលើវិស័យយោធារវាងប្រទេសកម្ពុជានិងសហរដ្ឋអាម៉េរិក ដែលត្រូវបានកម្ពុជាលើកឡើងនៅថ្ងៃទី១៣ ខែមករា ដោយស្នើឱ្...
នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ ចំខួបលើកទី៤០ឆ្នាំនៃការឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់សម្តេចតេជោ ហ៊ុន សែន ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា។ លោកបណ្ឌិ...
ថ្លែងក្នុងឱកាសពិធីអបអរសាទរខួបទី៤៦ នៃទិវាជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩-៧ មករា ២០២៥) នៅវត្តឃុំអណ្តូងពោធិ៍ លោកបណ្ឌិត យង់ ពៅ បានមានប្រសាសន៍គូសបញ្ជាក់ថា ថ្ងៃជ័យជម្នះ ៧ មករ...
ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន អំពីករណីឃាតកម្មលើលោក លឹម គីមយ៉ា អតីតអ្នកតំណាងរាស្ត្រអតីតគណបក្សប្រឆាំងកម្ពុជា នៅក្នុងប្រទេសថៃនាពេលថ្មីៗមកនេះ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានគូសបញ្...
ឆ្លើយតបទៅនឹងនិន្នាការផ្ដល់តម្លៃចំពោះការសិក្សា ដោយផ្ដោតតែទៅលើឱកាសនិងលទ្ធភាពស្វែងប្រាក់ចំណូលនោះ លោកបណ្ឌិត យង់ ពៅ អ្នកវិភាគសង្គមនិងនយោបាយបានគូសបញ្ជាក់ថា គុណតម្លៃនៃការអប់រំ មិនមែនដើម្បីតែទទួលបានប្រាក់ចំណូ...