ព័ត៌មាន

ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច អំពាវនាវឱ្យសប្បុរសជនដែលមានលទ្ធភាព ចូលរួមចំណែកនៅក្នុងការបោះពុម្ពសៀវភៅ ដែលជាស្នាដៃស្រាវជ្រាវរបស់រាជបណ្ឌិត្យសភាកម្ពុជា

2022-12-08 07:07:22 ថ្ងៃព្រហស្បតិ៍, 08 ធ្នូ 2022 ម៉ោង 02:07 PM
អ្នកមើល 199
post_detail

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៥កើត ខែមិគសិរ ឆ្នាំខាល ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា បានអញ្ជើញជាអធិបតី និងថ្លែងសុន្ទរកថាបិទកម្មវិធីបទបង្ហាញ ស្ដីពី «ស្នាដៃស្រាវជ្រាវ ចងក្រង និងការវិភាគលើព្រឹត្តិការណ៍នានា ពាក់ព័ន្ធនឹងការរីករាលដាលជំងឺកូវីដ-១៩ នៅកម្ពុជា និងនៅលើពិភពលោក»។

ក្នុងឱកាសអញ្ជើញជាអធិបតីនិងថ្លែងសុន្ទរកថាបិទកម្មវិធីបទបង្ហាញ ស្ដីពី «ស្នាដៃស្រាវជ្រាវ ចងក្រង និងការវិភាគ លើព្រឹត្តិការណ៍នានា ពាក់ព័ន្ធនឹងការរីករាលដាលជំងឺកូវីដ-១៩ នៅកម្ពុជា និងនៅលើពិភពលោក»នាព្រឹកនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានអំពាវនាវ និងលើកទឹកចិត្តដល់សាធារណជន ពិសេសសប្បុរសជនដែលមានលទ្ធភាព ចូលរួមនៅក្នុងការបោះពុម្ពសៀវភៅ ដែលជាស្នាដៃស្រាវជ្រាវរបស់រាជបណ្ឌិត្យសភាកម្ពុជា ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសង្គម និងជំរុញវឌ្ឍនភាពនៃប្រទេសជាតិ។ ឯកឧត្ដមបណ្ឌិត សភាចារ្យបានគូសបញ្ជាក់ថា ការចូលរួមចំណែកឧបត្ថម្ភការបោះពុម្ពសៀវភៅដែលជាស្នាដៃស្រាវជ្រាវរបស់រាជបណ្ឌិត្យសភាកម្ពុជានេះ គឺជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញការរីកចម្រើននៅក្នុងសង្គមជាតិ ដោយ សារការអភិវឌ្ឍប្រទេសជាតិមួយ គឺអាស្រ័យទៅលើធនធានមនុស្សនៃប្រទេសនោះ ហើយការចូលរួមបោះពុម្ពសៀវភៅ គឺជាការបន្សល់មរតកដ៏មានតម្លៃសម្រាប់មនុស្សជំនាន់ក្រោយ ដែលត្រូវការការសិក្សាស្រាវជ្រាវជាសំខាន់ដើម្បីឈានក្លាយទៅជាធនធានមិនចេះរីងស្ងួតរបស់ជាតិ។

ឯកឧត្ដមបណ្ឌិតសភាចារ្យបានមានប្រសាសន៍បន្ថែមទៀតថា ការសិក្សាស្រាវជ្រាវនេះ គឺជាការកសាងឯកសារសម្រាប់​អ្នកជំនាន់ក្រោយ ដោយរាជបណ្ឌិត្យសភាកម្ពុជា គឺជាស្ថាប័នសិក្សាស្រាវជ្រាវ ហើយដែលខុសពីស្ថាប័នមួយចំនួនដែលយកហេតុផលការរីករាលដាលកូវីដ-១៩ធ្វើជាលេសដើម្បីផ្អាកដំណើរការអង្គភាព/ស្ថាប័ន រាជបណ្ឌិត្យសភាកម្ពុជានៅតែបន្តបំពេញការងារ ហើយកសាងឯកសារជាមូលដ្ឋាន សម្រាប់ផលប្រយោជន៍សង្គមជាតិទាំងមូល និងជាសមិទ្ធផលសម្រាប់អ្នកជំនាន់ក្រោយយកជាឯកសារយោង និងបន្តការសិក្សាស្រាវជ្រាវ។

បើតាមប្រសាសន៍ឯកឧត្ដមបណ្ឌិតសភាចារ្យ ស្នាដៃស្រាវជ្រាវ ចងក្រង និងការវិភាគលើព្រឹត្តិការណ៍នានា ពាក់ព័ន្ធនឹងការរីករាលដាលជំងឺកូវីដ-១៩ នៅកម្ពុជា និងនៅលើពិភពលោកនេះ គឺជាសមិទ្ធផលមួយទៀតរបស់រាជបណ្ឌិត្យសភាកម្ពុជា ក្នុងការកសាងឯកសារសម្រាប់ជាមូលដ្ឋានសិក្សាស្វែងយល់អំពីជំងឺរាតត្បាត ផលប៉ះពាល់ និងវិធានការដែលត្រូវបានដាក់ចេញនិងអនុវត្ត ដើម្បីបង្ការ ទប់ស្កាត់ការឆ្លងរីករាលដាល និងដោះស្រាយផលវិបាកនានាដែលបង្កឡើងដោយជំងឺរាតត្បាតជាសាកល។ បន្ថែមពីនេះ ក្នុងករណីដែលមានការរីករាលដាលនូវជំងឺរាតត្បាតផ្សេងទៀត ឯកសារនេះនឹងក្លាយជាមូលដ្ឋានសំខាន់សម្រាប់ការពិចារណាចាត់វិធានការដែលកាន់មានប្រសិទ្ធភាព និងកាត់បន្ថយហានិភ័យក្នុងកម្រិតខ្ពស់៕

RAC Media

អត្ថបទទាក់ទង

ជំនួបរវាងឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានទទួលជួបមន្ត្រីផ្នែកទំនាក់ទំនងកិច្ចការសាធារណៈស្ថានទូតអាមេរិក

សេចក្តីជូនព័ត៌មាន!រសៀលថ្ងៃអង្គារ ៦រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានទទួលជួបមន្ត្រីផ្នែកទំនាក់ទំនងកិច្ច...

  ថ្ងៃពុធ, 14 មីនា 2018 ម៉ោង 01:26 PM
សន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៧និងទិសដៅឆ្នាំ២០១៨

សន្និបាតនេះ ប្រារព្ធធ្វើឡើងក្នុងគោលបំណងពិនិត្យ និងវាយតម្លៃលទ្ធផលការងាររបស់រាជបណ្ឌិត្យសភាកម្ពុជា ក្នុងរយៈពេលពេញមួយឆ្នាំ២០១៧មកនេះ និងលើកទិសដៅឆ្នាំ២០១៨។ ជាការណ៍ពិតណាស់, មួយឆ្នាំកន្លងទៅនេះ មានការងារជាច្រើ...

  ថ្ងៃពុធ, 14 មីនា 2018 ម៉ោង 01:22 PM

សេចក្តីប្រកាស