Royal Academy of Cambodia
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៥កើត ខែមិគសិរ ឆ្នាំខាល ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា បានអញ្ជើញជាអធិបតី និងថ្លែងសុន្ទរកថាបិទកម្មវិធីបទបង្ហាញ ស្ដីពី «ស្នាដៃស្រាវជ្រាវ ចងក្រង និងការវិភាគលើព្រឹត្តិការណ៍នានា ពាក់ព័ន្ធនឹងការរីករាលដាលជំងឺកូវីដ-១៩ នៅកម្ពុជា និងនៅលើពិភពលោក»។
ក្នុងឱកាសអញ្ជើញជាអធិបតីនិងថ្លែងសុន្ទរកថាបិទកម្មវិធីបទបង្ហាញ ស្ដីពី «ស្នាដៃស្រាវជ្រាវ ចងក្រង និងការវិភាគ លើព្រឹត្តិការណ៍នានា ពាក់ព័ន្ធនឹងការរីករាលដាលជំងឺកូវីដ-១៩ នៅកម្ពុជា និងនៅលើពិភពលោក»នាព្រឹកនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានអំពាវនាវ និងលើកទឹកចិត្តដល់សាធារណជន ពិសេសសប្បុរសជនដែលមានលទ្ធភាព ចូលរួមនៅក្នុងការបោះពុម្ពសៀវភៅ ដែលជាស្នាដៃស្រាវជ្រាវរបស់រាជបណ្ឌិត្យសភាកម្ពុជា ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសង្គម និងជំរុញវឌ្ឍនភាពនៃប្រទេសជាតិ។ ឯកឧត្ដមបណ្ឌិត សភាចារ្យបានគូសបញ្ជាក់ថា ការចូលរួមចំណែកឧបត្ថម្ភការបោះពុម្ពសៀវភៅដែលជាស្នាដៃស្រាវជ្រាវរបស់រាជបណ្ឌិត្យសភាកម្ពុជានេះ គឺជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញការរីកចម្រើននៅក្នុងសង្គមជាតិ ដោយ សារការអភិវឌ្ឍប្រទេសជាតិមួយ គឺអាស្រ័យទៅលើធនធានមនុស្សនៃប្រទេសនោះ ហើយការចូលរួមបោះពុម្ពសៀវភៅ គឺជាការបន្សល់មរតកដ៏មានតម្លៃសម្រាប់មនុស្សជំនាន់ក្រោយ ដែលត្រូវការការសិក្សាស្រាវជ្រាវជាសំខាន់ដើម្បីឈានក្លាយទៅជាធនធានមិនចេះរីងស្ងួតរបស់ជាតិ។
ឯកឧត្ដមបណ្ឌិតសភាចារ្យបានមានប្រសាសន៍បន្ថែមទៀតថា ការសិក្សាស្រាវជ្រាវនេះ គឺជាការកសាងឯកសារសម្រាប់អ្នកជំនាន់ក្រោយ ដោយរាជបណ្ឌិត្យសភាកម្ពុជា គឺជាស្ថាប័នសិក្សាស្រាវជ្រាវ ហើយដែលខុសពីស្ថាប័នមួយចំនួនដែលយកហេតុផលការរីករាលដាលកូវីដ-១៩ធ្វើជាលេសដើម្បីផ្អាកដំណើរការអង្គភាព/ស្ថាប័ន រាជបណ្ឌិត្យសភាកម្ពុជានៅតែបន្តបំពេញការងារ ហើយកសាងឯកសារជាមូលដ្ឋាន សម្រាប់ផលប្រយោជន៍សង្គមជាតិទាំងមូល និងជាសមិទ្ធផលសម្រាប់អ្នកជំនាន់ក្រោយយកជាឯកសារយោង និងបន្តការសិក្សាស្រាវជ្រាវ។
បើតាមប្រសាសន៍ឯកឧត្ដមបណ្ឌិតសភាចារ្យ ស្នាដៃស្រាវជ្រាវ ចងក្រង និងការវិភាគលើព្រឹត្តិការណ៍នានា ពាក់ព័ន្ធនឹងការរីករាលដាលជំងឺកូវីដ-១៩ នៅកម្ពុជា និងនៅលើពិភពលោកនេះ គឺជាសមិទ្ធផលមួយទៀតរបស់រាជបណ្ឌិត្យសភាកម្ពុជា ក្នុងការកសាងឯកសារសម្រាប់ជាមូលដ្ឋានសិក្សាស្វែងយល់អំពីជំងឺរាតត្បាត ផលប៉ះពាល់ និងវិធានការដែលត្រូវបានដាក់ចេញនិងអនុវត្ត ដើម្បីបង្ការ ទប់ស្កាត់ការឆ្លងរីករាលដាល និងដោះស្រាយផលវិបាកនានាដែលបង្កឡើងដោយជំងឺរាតត្បាតជាសាកល។ បន្ថែមពីនេះ ក្នុងករណីដែលមានការរីករាលដាលនូវជំងឺរាតត្បាតផ្សេងទៀត ឯកសារនេះនឹងក្លាយជាមូលដ្ឋានសំខាន់សម្រាប់ការពិចារណាចាត់វិធានការដែលកាន់មានប្រសិទ្ធភាព និងកាត់បន្ថយហានិភ័យក្នុងកម្រិតខ្ពស់៕
RAC Media
ល្ខោនខោល ឬ ភាណី ឬ ល្ខោនពាក់មុខ ជាប្រភេទសិល្បៈទស្សនីយភាពរបស់ខ្មែរមួយ ដែលមាន អាយុកាលតាំងពីសតវត្សរ៍ទី១០។ លក្ខណៈពិសេសរបស់ល្ខោនខោលគឺ សម្ដែងតែនៅក្នុងរឿង រាមកេរ្តិ៍ខែ្មរមួយគត់ (មិនយករឿងអ្វីផ្សេងមកសម្ដែងឡើយ),...
«មហោរី» ជាទម្រង់សិល្បៈតន្រ្តីមួយប្រភេទដែលបានបង្កើតឡើងដើម្បីប្រគំថ្វាយអាទិទេព និងបម្រើព្រះមហាក្សត្រ។ ក្រោយមកតន្រ្តីមហោរី ក៏ប្រគំសម្រាប់លើកទឹកចិត្តដល់នាម៉ឺនមន្ត្រី ដែលមានគុណបំណាច់ចំពោះប្រទេសជាតិផងដ...
វិទ្យាស្ថានវិទ្យាស្ថានវប្បធម៌និងវិចិត្រសិល្បៈ៖ ឯកឧត្តមបណ្ឌិត នូ ចាន់សុភី ប្រធានវិទ្យាស្ថានវប្បធម៌និង វិចិត្រសិល្បៈ បានដឹកនាំការប្រជុំវិទ្យាស្ថានប្រចាំខែធ្នូ ដែលជាខែចុងក្រោយឆ្នាំ២០១៨ នាព្រឹកថ្ងៃចន្ទ ១០...
ថ្ងៃសៅរ៍ ៨កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ ក្នុងនាមរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកតំណាងឱ្យឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ក្នុ...