ព័ត៌មាន

ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច អំពាវនាវឱ្យសប្បុរសជនដែលមានលទ្ធភាព ចូលរួមចំណែកនៅក្នុងការបោះពុម្ពសៀវភៅ ដែលជាស្នាដៃស្រាវជ្រាវរបស់រាជបណ្ឌិត្យសភាកម្ពុជា

2022-12-08 07:07:22 ថ្ងៃព្រហស្បតិ៍, 08 ធ្នូ 2022 ម៉ោង 02:07 PM
អ្នកមើល 3873
post_detail

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៥កើត ខែមិគសិរ ឆ្នាំខាល ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា បានអញ្ជើញជាអធិបតី និងថ្លែងសុន្ទរកថាបិទកម្មវិធីបទបង្ហាញ ស្ដីពី «ស្នាដៃស្រាវជ្រាវ ចងក្រង និងការវិភាគលើព្រឹត្តិការណ៍នានា ពាក់ព័ន្ធនឹងការរីករាលដាលជំងឺកូវីដ-១៩ នៅកម្ពុជា និងនៅលើពិភពលោក»។

ក្នុងឱកាសអញ្ជើញជាអធិបតីនិងថ្លែងសុន្ទរកថាបិទកម្មវិធីបទបង្ហាញ ស្ដីពី «ស្នាដៃស្រាវជ្រាវ ចងក្រង និងការវិភាគ លើព្រឹត្តិការណ៍នានា ពាក់ព័ន្ធនឹងការរីករាលដាលជំងឺកូវីដ-១៩ នៅកម្ពុជា និងនៅលើពិភពលោក»នាព្រឹកនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានអំពាវនាវ និងលើកទឹកចិត្តដល់សាធារណជន ពិសេសសប្បុរសជនដែលមានលទ្ធភាព ចូលរួមនៅក្នុងការបោះពុម្ពសៀវភៅ ដែលជាស្នាដៃស្រាវជ្រាវរបស់រាជបណ្ឌិត្យសភាកម្ពុជា ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសង្គម និងជំរុញវឌ្ឍនភាពនៃប្រទេសជាតិ។ ឯកឧត្ដមបណ្ឌិត សភាចារ្យបានគូសបញ្ជាក់ថា ការចូលរួមចំណែកឧបត្ថម្ភការបោះពុម្ពសៀវភៅដែលជាស្នាដៃស្រាវជ្រាវរបស់រាជបណ្ឌិត្យសភាកម្ពុជានេះ គឺជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញការរីកចម្រើននៅក្នុងសង្គមជាតិ ដោយ សារការអភិវឌ្ឍប្រទេសជាតិមួយ គឺអាស្រ័យទៅលើធនធានមនុស្សនៃប្រទេសនោះ ហើយការចូលរួមបោះពុម្ពសៀវភៅ គឺជាការបន្សល់មរតកដ៏មានតម្លៃសម្រាប់មនុស្សជំនាន់ក្រោយ ដែលត្រូវការការសិក្សាស្រាវជ្រាវជាសំខាន់ដើម្បីឈានក្លាយទៅជាធនធានមិនចេះរីងស្ងួតរបស់ជាតិ។

ឯកឧត្ដមបណ្ឌិតសភាចារ្យបានមានប្រសាសន៍បន្ថែមទៀតថា ការសិក្សាស្រាវជ្រាវនេះ គឺជាការកសាងឯកសារសម្រាប់​អ្នកជំនាន់ក្រោយ ដោយរាជបណ្ឌិត្យសភាកម្ពុជា គឺជាស្ថាប័នសិក្សាស្រាវជ្រាវ ហើយដែលខុសពីស្ថាប័នមួយចំនួនដែលយកហេតុផលការរីករាលដាលកូវីដ-១៩ធ្វើជាលេសដើម្បីផ្អាកដំណើរការអង្គភាព/ស្ថាប័ន រាជបណ្ឌិត្យសភាកម្ពុជានៅតែបន្តបំពេញការងារ ហើយកសាងឯកសារជាមូលដ្ឋាន សម្រាប់ផលប្រយោជន៍សង្គមជាតិទាំងមូល និងជាសមិទ្ធផលសម្រាប់អ្នកជំនាន់ក្រោយយកជាឯកសារយោង និងបន្តការសិក្សាស្រាវជ្រាវ។

បើតាមប្រសាសន៍ឯកឧត្ដមបណ្ឌិតសភាចារ្យ ស្នាដៃស្រាវជ្រាវ ចងក្រង និងការវិភាគលើព្រឹត្តិការណ៍នានា ពាក់ព័ន្ធនឹងការរីករាលដាលជំងឺកូវីដ-១៩ នៅកម្ពុជា និងនៅលើពិភពលោកនេះ គឺជាសមិទ្ធផលមួយទៀតរបស់រាជបណ្ឌិត្យសភាកម្ពុជា ក្នុងការកសាងឯកសារសម្រាប់ជាមូលដ្ឋានសិក្សាស្វែងយល់អំពីជំងឺរាតត្បាត ផលប៉ះពាល់ និងវិធានការដែលត្រូវបានដាក់ចេញនិងអនុវត្ត ដើម្បីបង្ការ ទប់ស្កាត់ការឆ្លងរីករាលដាល និងដោះស្រាយផលវិបាកនានាដែលបង្កឡើងដោយជំងឺរាតត្បាតជាសាកល។ បន្ថែមពីនេះ ក្នុងករណីដែលមានការរីករាលដាលនូវជំងឺរាតត្បាតផ្សេងទៀត ឯកសារនេះនឹងក្លាយជាមូលដ្ឋានសំខាន់សម្រាប់ការពិចារណាចាត់វិធានការដែលកាន់មានប្រសិទ្ធភាព និងកាត់បន្ថយហានិភ័យក្នុងកម្រិតខ្ពស់៕

RAC Media

អត្ថបទទាក់ទង

«កិច្ចប្រជុំជាមួយបណ្ឌិត្យសភាវិទ្យាសាស្ដ្រសង្គម សៀង ហៃ»

ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានទទួលជួបពិភាក្សាជាលក្ខណៈទ្វេភាគីជាមួយ ថ្នាក់ដឹកនាំនៃបណ្ឌិត្យសភាវិទ្យាសាស្ដ្រសង្គម សៀង ហៃ។ជំនួបនេះបានធ្វើឡើងនៅ ព្រឹកថ្ងៃសុក្រ ៨កើត ខែចេត្រ ឆ្...

2019-04-13 12:24:30   ថ្ងៃសៅរ៍, 13 មេសា 2019 ម៉ោង 07:24 PM
«ប្រជុំពិនិត្យ ពិភាក្សា និង អនុម័តបច្ចេកសព្ទគណ:កម្មការគីមីវិទ្យា និង រូបវិទ្យា»

កាលពីថ្ងៃពុធ ៦កេីត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ បានបន្តប្រជុំពិនិត្យ ពិភាក្សា និង អនុម័តបច្ចេក...

2019-04-12 12:23:15   ថ្ងៃសុក្រ, 12 មេសា 2019 ម៉ោង 07:23 PM
«ប្រជុំពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទគណ:កម្មការអក្សរសិល្ប៍»

កាលពីថ្ងៃអង្គារ ៥កេីត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាព​ឯកឧត្តមបណ្ឌិត ហ៊ាន សុខុម ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ បានបន្តដឹកនាំប្រជុំពិនិត្យ ពិភាក្សា និង អន...

2019-04-10 10:52:10   ថ្ងៃពុធ, 10 មេសា 2019 ម៉ោង 05:52 PM
សរុបព័ត៌មានប្រចាំសប្តាហ៍«បច្ចេកសព្ទចំនួន៤១ ត្រូវបានអនុម័ត នៅសប្តាហ៍ទី១ ក្នុងខែមេសា ឆ្នាំ២០១៩»

បច្ចេកសព្ទចំនួន៤១ ត្រូវបានអនុម័ត នៅសប្តាហ៍ទី១ ក្នុងខែមេសា  ឆ្នាំ២០១៩នេះ ក្នុងនោះមាន៖- បច្ចេកសព្ទគណៈ កម្មការអក្សរសិល្ប៍  ចំនួន០៣ បានអនុម័តកាលពីថ្ងៃអង្គារ ១៣រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ក្រុ...

2019-04-08 12:30:52   ថ្ងៃចន្ទ, 08 មេសា 2019 ម៉ោង 07:30 PM
«វិមានរំឭកដល់អ្នកស្លាប់ក្នុងសង្គ្រាមលោកលើកទី១» - ភាគទី៦ - វគ្គទី១ ដោយ៖ លោកស្រី ស៊ន ច័ន្ទអមរា មន្ត្រីលេខាធិការដ្ឋាននៃក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា

 ពិធីសម្ពោធវិមានរំឭកដល់អ្នកស្លាប់ក្នុងសង្គ្រាមលោកលើកទី១ (https://sopheak.wordpress.com/2015/11/30)

2019-04-08 07:34:43   ថ្ងៃចន្ទ, 08 មេសា 2019 ម៉ោង 02:34 PM
«ប្រជុំពិនិត្យ ពិភាក្សា និង អនុម័តបច្ចេកសព្ទគណ:កម្មការគីមីវិទ្យា និង រូបវិទ្យា »

ថ្ងៃពុធ ១៤រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ បានបន្តដឹកនាំប្រជុំពនិត្យ ពិភាក្សា និង អនុម័តបច្ចេ...

2019-04-06 17:11:46   ថ្ងៃសៅរ៍, 06 មេសា 2019 ម៉ោង 12:11 AM

សេចក្តីប្រកាស