ព័ត៌មាន

ការសម្របសម្រួលប្រកបដោយភាពបត់បែន ជាកត្តាជំរុញទៅរកភាពជោគជ័យរបស់អាស៊ាន ដោយ៖ លោក អ៊ុច លាង អ្នកសិក្សាស្រាវជ្រាវនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា

2022-11-25 14:22:57 ថ្ងៃសុក្រ, 25 វិច្ឆិកា 2022, 02:22 PM
post_detail

ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ រាជរដ្ឋាភិបាលកម្ពុជា បានជ្រើសយកមូលបទ «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា»។ មូលបទនេះ បង្ហាញពីកិច្ចខិតខំប្រឹងប្រែង ដើម្បីលើកកម្ពស់ស្មារតីអាស៊ាន ជាគ្រួសាររួបរួមគ្នាតែមួយ ដែលមានសមាជិកដប់ប្រទេស ប្រកបដោយស្មារតីរឹងមាំ «ទាំងអស់រួមគ្នា» ធ្វើ សកម្មភាពរួមគ្នា ដើម្បីសម្រេចឱ្យបាននូវគោលដៅរួមគ្នា ដើម្បីរួមចំណែកក្នុងការស្ថាបនាបន្ថែមទៀត ក្នុងការ ថែរក្សា និងការលើកកម្ពស់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់ និងសកលលោក។ បើទោះជាយ៉ាងនេះក្តី ទន្ទឹមគ្នានឹងការធ្វើជាប្រធានអាស៊ាន កម្ពុជាបានមើលឃើញពីចង្កោម ចំនួន៤ នៃបញ្ហា ប្រឈម រួមមាន៖ តម្រូវការចាំបាច់និងជាបន្ទាន់ ដើម្បីសម្រេចបាននូវការស្តារសេដ្ឋកិច្ចឡើងវិញ ឱ្យបានឆាប់រហ័ស ពីផលប៉ះពាល់នៃជំងឺរាតត្បាតដោយកូវីដ-១៩, សម្ពាធដ៏ធ្ងន់ធ្ងរដែលកើតចេញ ពីការប្រកួត ប្រជែងភូមិសាស្ត្រ នយោបាយ, បញ្ហាប្រឈមផ្នែកសន្តិសុខ ទាំងជាប្រពៃណីនិងមិនមែនជាប្រពៃណី ដែលមានស្រាប់, និងបញ្ហា ប្រឈមផ្ទៃក្នុង និងនៅក្នុងស្ថាប័នរបស់អាស៊ាន។ អាទិភាពនានារបស់អាស៊ាន នៅឆ្នាំ២០២២នេះ ត្រូវបានកំណត់ ឡើងដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះ។ នៅក្នុងន័យនេះ អាទិភាពសំខាន់ៗ ក្រោមសសរស្តម្ភ សហគមន៍ សន្តិសុខ-នយោបាយអាស៊ានសម្រាប់អាស៊ានសម្រាប់ឆ្នាំ២០២២ ដែលរួមមានការថែរក្សានិងពង្រឹង មជ្ឈភាព អាស៊ាន សម្រាប់សន្តិភាពនិងវិបុលភាព ការលើកកម្ពស់ការចូលរួមចំណែករបស់ តំបន់ចំពោះសន្តិភាពពិភពលោក ដោយបង្កើនសន្ទុះ និងពង្រីកភាពជាដៃគូជាមួយដៃគូខាងក្រៅ។

សម្រាប់កិច្ចការតំបន់

នៅក្នុងសេចក្តីរាយការណ៍របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងសន្និសីទសារព័ត៌មាន ស្តីពី លទ្ធផលនៃកិច្ចប្រជុំ កំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ បានគូសបញ្ជាក់ថា អ្វីដែលកម្ពុជាបានធ្វើប៉ុន្មានថ្ងៃនេះ គឺជាសក្ខីភាពបញ្ជាក់ពីតួនាទីនាំមុខរបស់ប្រទេសកម្ពុជា ក្នុងនាមជាប្រធានអាស៊ាន នៅក្នុងកិច្ចការតំបន់និងសាកល ក៏ដូចជាលទ្ធភាព និងសមត្ថភាពក្នុងការរៀបចំ ព្រឹត្តិការណ៍ដ៏សំខាន់របស់ពិភពលោក ដូចជាកិច្ច ប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។ ក្រោមមូលបទ “អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈម​ទាំងអស់គ្នា” កម្ពុជាក្នុងនាមជាប្រធានអាស៊ាន អាចអញ្ជើញ និងទទួលថ្នាក់ដឹកនាំកំពូលមកពីបណ្ដា ប្រទេស និងស្ថាប័ន អន្តរជាតិនានាចំនួន ២៩ ក៏ដូចជាបានអនុម័ត និងកត់សម្គាល់ឯកសារលទ្ធផលចំនួន១០១ ស្តីពីអាទិភាពចម្បងនានា នៅក្នុងសសរស្ដម្ភសហគមន៍ទាំងបីរបស់ អាស៊ាន ក្នុងនោះមាន (ទី១)- សេចក្តីថ្លែងការណ៍ស្តីពីទស្សនវិស័យ របស់ប្រមុខដឹកនាំអាស៊ានលើមូលបទ “អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយ បញ្ហាប្រឈមទាំងអស់គ្នា” (ទី២)- សេចក្ដីថ្លែងការណ៍របស់ប្រមុខដឹកនាំអាស៊ាន ស្តីពីខួបទី៥៥នៃអាស៊ាន និង (ទី៣)- សេចក្តីថ្លែងការណ៍របស់ប្រមុខដឹកនាំអាស៊ានស្តីពីរបៀបវារៈ តភ្ជាប់អាស៊ាន ក្រោយឆ្នាំ២០២៥។

ក្នុងរយៈពេលបួនថ្ងៃចុងក្រោយនេះ អាស៊ាននិងដៃគូខាងក្រៅ បានពិភាក្សាយ៉ាងទូលំទូលាយ និងប្រកប ដោយន័យស្ថាបនា ទៅលើបញ្ហាដ៏សំខាន់បំផុតជាច្រើន ដែលតំបន់របស់យើង និង សាកលលោកកំពុងប្រឈម ដូចជាស្ថានការណ៍សន្តិសុខដ៏គួរឱ្យព្រួយបារម្ភ ការធ្លាក់ចុះសេដ្ឋកិច្ច ជំងឺរាតត្បាតជាសាកល ការប្រែប្រួល អាកាសធាតុ វិបត្តិស្បៀង​អាហារនិងថាមពល ជាដើម ហើយស្របពេលគ្នានេះដែរ យើងក៏បានពិភាក្សាពីវិស័យ សក្តានុពលនិងជាក់ស្តែងនៃកិច្ចសហប្រតិបត្តិការ ដែល យើងអាចរួមគ្នាធ្វើ ដើម្បីឆ្ពោះទៅមុខជាមួយគ្នា។

ថ្នាក់ដឹកនាំអាស៊ានពេញចិត្តចំពោះភាពជឿនលឿន នៃសសរស្តម្ភសហគមន៍អាស៊ានទាំងបី ក្នុងការជំរុញ ផែនការលម្អិត និងផែនការសកម្មភាពតាមវិស័យរៀងៗខ្លួន នៅក្នុងបរិបទនៃបញ្ហាប្រឈមជាច្រើន និងត្រួតស៊ីគ្នា ជាពិសេស​ផលប៉ះពាល់យ៉ាងខ្លាំងនៃជំងឺកូវីដ-១៩ ទៅលើអាយុជីវិតនិង ជីវភាពរស់នៅរបស់ប្រជាជនទូទៅ។ លើសពីនេះ ថ្នាក់ដឹកនាំអាស៊ានក៏បានជួបដាច់ដោយឡែក ជាមួយអន្តរសភាអាស៊ាន ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន និងយុវជនអាស៊ាន ដើម្បីស្តាប់ពីទស្សនៈ និងកង្វល់ដែលកើតមាន និងស្វែងយល់ពីលទ្ធភាព ដែលអាច ចូលរួម ចំណែកក្នុងរបៀបវារៈរបស់តំបន់។

អគ្គលេខាធិការអាស៊ាន លោក Lim Jock Hoi ក៏បានគូសបញ្ជាក់ អំពីវឌ្ឍនភាពនៃការអនុវត្ត ចក្ខុវិស័យ សហគមន៍អាស៊ានឆ្នាំ២០២៥ លើសសរស្តម្ភទាំងបី ជាមួយនឹងលទ្ធផលវិជ្ជមានជាច្រើន។ ក្នុងនោះ អាស៊ានអនុវត្ត បាន៩៨% លើសកម្មភាពក្នុងផែនការមេរបស់ សសរស្តម្ភនយោបាយ-សន្តិសុខ ៨៨.៣% លើសសរស្តម្ភ សេដ្ឋកិច្ច ៧២% លើសសរស្តម្ភសង្គម-វប្បធម៌ និងអនុវត្តបាន ១៤/១៥ លើងវិស័យយុទ្ធសាស្ត្រចំនួន៥ នៃផែនការមេ ស្តីពីការត​ភ្ជាប់អាស៊ានឆ្នាំ ២០២៥ (Master Plan on ASEAN Connectivity 2025-MPAC 2025)។

សមិទ្ធផលលេចធ្លោដែលគួរឱ្យកត់សម្គាល់ ក្នុងពេលកម្ពុជាធ្វើជាប្រធានអាស៊ាននៅឆ្នាំនេះ គឺការបានក្លាយ ជាសមាជិកអាស៊ានទី១១ របស់ប្រទេសទីម័រខាងកើត បន្ទាប់ពីការប្រឹងប្រែងក្រោមការជួយ ជ្រោមជ្រែងយ៉ាងខ្លាំង ពីកម្ពុជាអស់​រយៈពេល១១ឆ្នាំ និងផ្ដល់ឋានៈជា ប្រទេសសង្កេតការណ៍ ដែលអនុញ្ញាតឱ្យទីម័រឡេស្តេ អាចចូលរួម ក្នុងកិច្ចប្រជុំអាស៊ានទាំងអស់ រួមទាំងកិច្ចប្រជុំពេញអង្គ នៃកិច្ចប្រជុំកំពូលផងដែរ។ សេចក្តីថ្លែងការណ៍របស់ប្រមុខដឹកនាំអាស៊ានបានបញ្ជាក់ថា ការឯកភាពនេះធ្វើឡើងបន្ទាប់ពីប្រមុខដឹកនាំអាស៊ាន បានពិចារណាលើលទ្ធផលនៃបេសកកម្ម ស្វែង​រកការពិតរបស់សសរស្តម្ភសហគមន៍នយោបាយនិងសន្តិសុខអាស៊ាន សហគមន៍សេដ្ឋកិច្ចអាស៊ាន និងសហគមន៍សង្គមវប្បធម៌អាស៊ាន។ ប្រមុខដឹកនាំអាស៊ានបានឯកភាពគ្នា «បង្កើតជាផែនទីបង្ហាញផ្លូវផ្អែកលើលក្ខណវិនិច្ឆ័យអព្យាក្រឹត សម្រាប់ការចូលជាសមាជិកពេញសិទ្ធិ របស់ទីម័រឡេស្ត រួមទាំងផ្អែកលើសមិទ្ធផលសំខាន់នានា ដែលកំណត់​ដោយរបាយការណ៍នៃបេសកកម្មស្វែងរកការពិតទាំង ៣សសរស្តម្ភរបស់អាស៊ាន»។ ក្រុមប្រឹក្សាសម្របសម្រួលអាស៊ានត្រូវបានប្រគល់ភារកិច្ចក្នុងការបង្កើតផែនទីបង្ហាញផ្លូវនេះ ហើយត្រូវដាក់ជូនថ្នាក់ដឹកនាំអាស៊ានទាំងអស់អនុម័ត ក្នុងឱកាសកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២។ ប្រទេសសមាជិកអាស៊ានទាំងអស់ និងដៃគូខាងក្រៅត្រូវផ្តល់ការគាំទ្រដោយពេញលេញចំពោះទីម័រខាងកើត ក្នុងការឈានទៅសម្រេចបាននូវសមិទ្ធផលដែលបានកំណត់ទាំងនោះ តាមរយៈការកសាងសមត្ថភាព និងផ្តល់ការគាំទ្រចាំបាច់នានាផ្សេងទៀត សម្រាប់ការចូលជាសមាជិកអាស៊ានពេញសិទ្ធិរបស់ទីម័រឡេស្ត។ ជាការឆ្លើយតប ទីម័រឡេស្ត បានចេញសេចក្តីថ្លែងការណ៍ ស្វាគមន៍ចំពោះសេចក្តីថ្លែងការណ៍របស់ប្រមុខដឹកនាំអាស៊ានស្តីពីការស្នើសុំចូលជាសមាជិកអាស៊ានរបស់ទីម័រឡេស្ត ដែលបានប្រកាសទទួល​យកទីម័រឡេស្តជាសមាជិកទី១១ របស់អាស៊ាន ហើយខ្លួនទន្ទឹងរង់ចាំធ្វើកិច្ចសហការជាមួយប្រធានអាស៊ានឆ្នាំក្រោយ គឺប្រទេសឥណ្ឌូនេស៊ី។ ជាមួយគ្នានេះ ទីម័រឡេស្ត បានស្នើសុំប្រទេសសមាជិកអាស៊ានទាំងអស់ផ្ដល់នូវឋានៈជាសមាជិកអាស៊ានពេញសិទ្ធិ ក្នុងឆ្នាំ២០២៣ បន្ទាប់ពីការត្រៀមលក្ខណៈអស់រយៈពេល ១១ឆ្នាំ និងការអនុម័តនូវផែនទីចង្អុលបង្ហាញផ្លូវ និងរបាយការណ៍ជូនកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២។

ទាក់ទងនឹងវិបត្តិនៅមីយ៉ាន់ម៉ា៖ អាស៊ានជំរុញឱ្យប្រទេសមួយនេះ អនុវត្តកិច្ចព្រមព្រៀង ៥ចំណុចឱ្យបានទាំងស្រុង។ បើតាមសេចក្តីសម្រេច និងការវាយតម្លៃមួយរបស់មេដឹកនាំអាស៊ាន កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ ២០២២៖ អាស៊ានបានបញ្ជាក់ជាថ្មីថា មីយ៉ាន់ម៉ា នៅតែជាផ្នែកសំខាន់របស់អាស៊ាន និងថាបើទោះបីជាមានភាពជឿនលឿនតិចតួច នៃការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុច តែកិច្ចព្រមព្រៀងនេះនៅតែជាឯកសារយោងដ៏សំខាន់ និងនៅមានសុពលភាពរបស់អាស៊ាន ហើយថា កិច្ចព្រមព្រៀង៥ចំណុច គួរតែត្រូវបានអនុវត្តឱ្យបានពេញលេញ។ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និងទី៤១ ថ្នាក់ដឹកនាំទាំង៩របស់អាស៊ាន បានក៏ធ្វើការវាយតម្លៃនិងសម្រេច​ឱ្យ ប្រទេសមីយ៉ាន់ម៉ា អនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុច ដែលបាន ឯកភាព នៅក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ាន កាលពីខែមេសា ឆ្នាំ២០២១។

តាមរយៈសេចក្តីសម្រេច និងវាយម្លៃរបស់មេដឹកនាំអាស៊ាន កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ ដែលមាន១៥​ចំណុច បានបញ្ជាក់ទៀតថា ស្ថានការណ៍នៅមីយ៉ាន់ម៉ា នៅតែធ្ងន់ធ្ងរ និងមានភាពផុយស្រួយ ជាមួយ នឹងការ កើនឡើងនៃអំពើហិង្សា ដែលជាកង្វល់ចម្បង ប៉ះពាល់មិនត្រឹមតែ មីយ៉ាន់ម៉ា ប៉ុណ្ណោះទេ ថែមទាំងដល់ កិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ានផងដែរ។ អាស៊ានប្ដេជ្ញាចិត្តជួយ មីយ៉ាន់ម៉ា ក្នុងការស្វែងរក ដំណោះស្រាយ ដោយសន្តិវិធី និងយូរអង្វែងសម្រាប់វិបត្តិបច្ចុប្បន្ន។ ជាមួយនឹងភាពជឿនលឿនតិចតួច ដែល សម្រេចបានក្នុងការ អនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុច កងទ័ពមីយ៉ាន់ម៉ា មានតួនាទីក្នុងការអនុវត្តតាមការ ប្តេជ្ញាចិត្តចំពោះថ្នាក់ដឹកនាំអាស៊ាន។ ចំណុចសំខាន់មួយទៀតនៅក្នុងចំណោមសេចក្តីសម្រេចនិងវាយម្លៃ ដែលមាន១៥ចំណុចនោះគឺអាស៊ានត្រូវពិចារណារិះរកវិធីសាស្ត្រផ្សេងទៀត ដែលអាចគាំទ្រដល់ការអនុវត្ត កិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុចនេះ។ សូមបញ្ជាក់ថា វត្តមានរបស់មីយ៉ាន់ម៉ា ត្រូវបានដកចេញពីកិច្ចប្រជុំរបស់ អាស៊ាន ជាបន្តបន្ទាប់ នៅក្រោយរបបយោធាឡើងកាន់អំណាច កាលពីខែកុម្ភៈ ឆ្នាំ២០២១។ សម្រាប់កិច្ច ប្រជុំកំពូលអាស៊ាន ដែលធ្វើឡើងក្នុង ក្រុង ភ្នំពេញ នាខែវិច្ឆិកានេះ កៅអីមីយ៉ាន់ម៉ាគឺត្រូវបានទុកឱ្យទំនេរ។

សម្រាប់កិច្ចការទំនាក់ទំនងខាងក្រៅ

ដើម្បីបន្តនិងពង្រឹងទំនាក់ទំនងជាមួយដៃគូខាងក្រៅ អាស៊ាន បានយល់ព្រមបញ្ចូល អ៊ុយក្រែន ក្នុងសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការអាស៊ីអាគ្នេយ៍ (TAC) នាកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១នេះ។ ដូចគ្នានេះដែរ ប្រទេស៦​ទៀត រួមមាន ដាណឺម៉ាក ក្រិក ណេតដឺឡង់ (ហូឡង់) អូម៉ង់ កាតា និងអេមីរ៉ាតអារ៉ាប់រួម ក៏បានចុះ ហត្ថលេខា​ចូលជា សមាជិកក្នុងសន្ធិសញ្ញា មិត្តភាពនិងសហប្រតិបត្តិការអាស៊ីអាគ្នេយ៍ នាកិច្ចប្រជុំរដ្ឋមន្ត្រី ការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំ ពាក់ព័ន្ធនៅខែសីហា ដែលធ្វើឱ្យប្រទេសជាសមាជិកនៃសន្ធិសញ្ញា នេះបានកើន ឡើង​ដល់៥០ប្រទេស។

នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននេះ ប្រទេស អ៊ុយក្រែន បានចុះហត្ថលេខាលើលិខិតូបករណ៍ ចូលជា សមាជិកនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ីអាគ្នេយ៍ (TAC)។ លោក Dmytro Kuleba រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនបានថ្លែងថា៖ «យើងពិតជារីករាយដែលបាន ចុះហត្ថលេខាចូល TAC នេះ ស្ថិតក្នុង អំឡុងពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ាន។ ការចុះហត្ថលេខានេះ បានក្លាយជាការពិត និងមានការឯកភាព គ្នាសម្រាប់យើង ហើយការឯកភាព​នេះត្រូវបានធានា។ យើងចាត់ទុកការចុះហត្ថលេខា TAC ជាសារគាំទ្រ ផ្នែកនយោបាយ ពីសំណាក់បណ្តាប្រទេស​អាស៊ានចំពោះអ៊ុយក្រែន»។ លោកថ្លែងថា ចំពោះបញ្ហា អ៊ុយក្រែន ចូល រួមជាមួយ TAC បានស្ថិតនៅក្នុងរបៀបវារៈជាច្រើនឆ្នាំមកហើយ។ ប៉ុន្តែទីបំផុតវាបានសម្រេចហើយ ហើយវាបាននាំ ទំនាក់ទំនងរវាង អ៊ុយក្រែន ជាមួយប្រទេសអាស៊ានទៅកាន់កម្រិតថ្មីមួយ។ លោក Dmytro ក៏បានថ្លែងថា៖ «យើងនឹងស្វែងរក និងប្រើប្រាស់ រាល់ឱកាសនៃការកសាងទំនាក់ទំនងកាន់តែស៊ីជម្រៅ ជាមួយបណ្តាប្រទេស អាស៊ានក្នុងវិស័យនយោបាយ ពាណិជ្ជកម្ម អាជីវកម្ម និងសន្តិសុខស្បៀង។ ទាំងនេះគឺជាអាទិភាព ទាំងអស់ សម្រាប់ទាំងយើង និងប្រទេសអាស៊ាន»។

កិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលីលើកទី២ បានស្វាគមន៍វិស័យថ្មីនៃកិច្ចសហប្រតិបត្តិការ ជាក់ស្តែង ហើយទន្ទឹងរង់ចាំការចាប់ផ្ដើមគំនិតផ្តួចផ្តើមអូស្ត្រាលី សម្រាប់អនាគតអាស៊ាន។ ជាងនេះ ទៅទៀត អាស៊ាន និងកាណាដា ក៏បានរៀប​ចំនូវកិច្ចប្រជុំកំពូលរំលឹកខួបលើកទី៤៥ នៃទំនាក់ទំនង កិច្ចសន្ទនារបស់ខ្លួន ហើយបាន ប្តេជ្ញាដំឡើងទំនាក់ទំនងអាស៊ាននិងកាណាដា ក្នុងកម្រិតដៃគូ យុទ្ធសាស្ត្រ។

សូមរំលឹកថា កិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៥ ភាគីទាំង២ បានផ្លាស់ប្តូរទស្សនៈគ្នា ដើម្បីលើក កម្ពស់កិច្ច​សហប្រតិបត្តិការរវាងអាស៊ាន និងចិន ឱ្យកាន់តែរីកចម្រើនទៅមុខបន្ថែមទៀត ដោយត្រូវឈរ លើមូលដ្ឋានគ្រឹះ ដ៏រឹងមាំនៃសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ និងវិបុលភាពក្នុងតំបន់។ កិច្ចប្រជុំបានវាយតម្លៃខ្ពស់ និងស្វាគមន៍គំនិត ផ្តួចផ្តើមថ្មីដែលនឹងរួមចំណែកក្នុងការអភិវឌ្ឍ និងពេញលេញ ក្នុងភាពជាដៃគូ យុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយអាស៊ាន-ចិន ដើម្បីសន្តិភាព និងវិបុលភាពសម្រាប់ឆ្នាំ២០២១ រហូតដល់ឆ្នាំ២០២៥ព្រមទាំងសម្រេចឱ្យបាននូវរាល់គោល​​​​ដៅនៃកិច្ចព្រមព្រៀងមួយនេះ។ ក្នុងនោះអាស៊ាននិងចិន បានអនុម័តនូវ ឯកសារសំខាន់ៗចំនួន ៣ គឺសេចក្តីថ្លែងការណ៍រួមអាស៊ាន-ចិន ខួបលើកទី២០ នៃសេចក្តីថ្លែងការណ៍ស្តីពី ការប្រតិបត្តិរបស់បណ្តាភាគីនៅ សមុទ្រ ចិនខាងត្បូង, សេចក្តីថ្លែងការណ៍រួមអាស៊ាន-ចិន ស្តីពីការពង្រឹងការ អភិវឌ្ឍរួម និងប្រកបដោយចីរភាព, និង សេចក្តីថ្លែងការណ៍រួមអាស៊ាន-ចិន ស្តីពីការសហប្រតិបត្តិការសន្តិសុខ ស្បៀង។

ជោគជ័យមួយទៀតនោះ ក្នុងនាមជាប្រធានអាស៊ាន នៅឆ្នាំនេះគឺ ប្រទេសដៃគូសន្ទនារបស់អាស៊ាន ចំនួនពីរ គឺឥណ្ឌានិងអាម៉េរិក បានដំឡើងកម្រិត ទំនាក់ទំនងទៅជា «ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ចំណែក ប្រទេសជប៉ុន ក៏ផ្តល់សញ្ញាណល្អ ក្នុងការយល់ព្រមលើកកម្ពស់កម្រិតទំនាក់ទំនង «ដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ» ជាមួយអាស៊ានផងដែរ ហើយគ្រោងនឹងប្រកាសនៅឆ្នាំ ២០២៣ ក្នុងជំនួបប្រជុំកំពូលអាស៊ាន-ជប៉ុន នៅទីក្រុងតូក្យូ។

នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អាម៉េរិក ប្រមុខដឹកនាំអាស៊ាន និងអាម៉េរិក បានឯកភាពគ្នាដំឡើងកិច្ចសហប្រតិបត្តិការពីភាពជាដៃគូយុទ្ធសាស្ត្រ ទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដើម្បីបង្កើនកិច្ចសហការលើគ្រប់វិស័យ និងដោះស្រាយបញ្ហាប្រឈមរួមគ្នានៅក្នុងតំបន់។ លោក គង់ ភោគ អ្នកនាំពាក្យកិច្ចប្រជុំកំពូល អាស៊ាន បានថ្លែងថា កិច្ចសហការ​អាស៊ាន និងអាម៉េរិក ត្រូវបានឈានដល់មួយកម្រិតទៀត ដោយក្នុងនោះប្រធានាធិបតីអាម៉េរិកលោក ចូ បៃដិន បានប្រកាសបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយអាស៊ាន។ ដូច្នេះបន្ទាប់ពីមានការប្រកាសបែបនេះ វាមានភាពចាំបាច់ សម្រាប់ប្រទេសសមាជិកអាស៊ាន និងសហរដ្ឋអាម៉េរិក ដើម្បីធ្វើការស្វែងរក ថាតើផ្នែក​ណាខ្លះដែលជាអាទិភាពត្រូវបញ្ចូលទៅក្នុងភាពជាដៃគូ។ បើសិនជាយើងមើលពីទំនាក់ទំនងអាម៉េរិក និងអាស៊ានគឺមានភាពគ្រប់ជ្រុងជ្រោយរួចទៅហើយ បានន័យថា សហរដ្ឋអាម៉េរិក និងសមាជិកអាស៊ាន បានសហការយ៉ាងច្រើនទាំងផ្នែកសេដ្ឋកិច្ច សន្តិសុខ សង្គម វប្បធម៌។ ដូច្នេះ យើងសង្ឃឹមថា បន្ទាប់ពីការបង្កើតភាពជាដៃគូគ្រប់ជ្រុងជ្រោយនេះ សហរដ្ឋអាម៉េរិក និងសមាជិកអាស៊ាន នឹងពង្រឹងភាពជាដៃគូនេះឱ្យកាន់តែស៊ីជម្រៅ ជាពិសេសទៅលើផ្នែកទាំងឡាយដែលជាអាទិភាព ដូចជា សេដ្ឋកិច្ចឌីជីថល ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីដោះស្រាយបញ្ហាមួយចំនួន ដែលបានឡើងនារយៈពេលចុងក្រោយនេះ។

នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា តាមរយៈកិច្ចប្រជុំកំពូលនេះ អាស៊ាន-ឥណ្ឌា ក៏ឯកភាពគ្នាបន្តលើកកម្ពស់ ទំនាក់ទំនងបន្ថែមទៀត តាមរយៈការបន្តជំរុញលើវិស័យដែលមានស្រាប់ និងបង្កើនការយកចិត្តទុកដាក់លើទំនាក់ទំនងរវាងប្រជាជន និងប្រជាជនលើវិស័យពាណិជ្ជកម្ម និងវិស័យដទៃទៀត ដែលមានសក្តានុពលរបស់ប្រទេសទាំង២។ នៅកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា លើកទី១៩ សម្តេច នាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ថា ក្នុងរយៈពេល ៣​ទសវត្សរ៍កន្លងមក ទោះបីជាជួបនូវបញ្ហាប្រឈមនានា អាស៊ាននិងឥណ្ឌា មានការរីកចម្រើនឥតឈប់ឈរ ដែលបានក្លាយជាប៉ូលសង្គមសេដ្ឋកិច្ចយ៉ាងសំខាន់នៅលើពិភពលោក។ សម្តេច ក៏បានគូសបញ្ជាក់ថា ជាមួយនឹងលទ្ធផលនៃការអភិវឌ្ឍនេះ កិច្ចសហប្រតិបត្តិការអាស៊ាន-ឥណ្ឌា ក៏កាន់តែរីកចម្រើនបន្ថែម និងមានមូលដ្ឋានកាន់តែទូលំទូលាយជាលំដាប់។ សម្តេច ក៏បានបន្តថា៖ «ដោយសារការប្តេជ្ញាចិត្តយ៉ាងមោះមុត ក្នុងការពង្រឹងភាពជាដៃគូ ដើម្បីឱ្យអាស៊ាន-ឥណ្ឌា មានទំនាក់ទំនងកាន់តែស្អិតល្មួត និងមានលទ្ធភាពកាន់តែខ្ពស់ក្នុងការធានា និងនាំមកនូវសន្តិភាព និងវិបុលភាព​ជូនប្រជាជនរបស់យើងបច្ចុប្បន្ន និងអនាគត»។

នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន ភាគីទាំងពីរបានប្រកាសស្វាគមន៍ ផែនការភាពជាដៃគូសេដ្ឋកិច្ចអាស៊ាន-ជប៉ុន ប្រកបដោយភាពច្នៃប្រឌិត និងនិរន្តរភាពក្នុងឆ្នាំ ២០២៣ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឆ្ពោះទៅរកការស្តារឡើងវិញនូវខ្សែចង្វាក់ផ្គត់ផ្គង់ប្រកបដោយភាពធន់ រឹងមាំ ចីរភាព និងនវានុវត្តន៍។ កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន បានវាយតម្លៃខ្ពស់ចំពោះ កិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន ដែលបាននាំមកនូវភាពជោគជ័យយ៉ាងធំធេង និងត្រចះត្រចង់លើគ្រប់វិស័យ ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់គុណភាព ជីវភាពរបស់ប្រជាពលរដ្ឋនៅក្នុងប្រទេសអាស៊ាន និងជប៉ុន។ កិច្ចប្រជុំនេះក៏បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពជាក់ស្ដែងនៃការអនុវត្ត ការកែ​សម្រួល​ការអនុវត្តសេចក្តីប្រកាស ចក្ខុវិស័យស្តីពីមិត្តភាព និងកិច្ចសហប្រតិបត្តិការ អាស៊ាន-ជប៉ុន ចក្ខុវិស័យមួយ អត្តសញ្ញាណមួយ និងអនាគតមួយ។

កិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េលើកទី២៣ មានសេចក្តីរីករាយចំពោះភាពជឿនលឿន ដ៏ល្អនៅ ក្នុងការអនុវត្តចក្ខុវិស័យរួមរបស់ ហើយបានស្វាគមន៍បំណងរបស់សាធារណរដ្ឋកូរ៉េ ក្នុងការសម្រេចបានភាព ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ អាស៊ាន-សាធារណរដ្ឋកូរ៉េ។

ឆ្នាំប្រធានអាស៊ាន កម្ពុជាបានស្វាគមន៍ការប្រារព្ធខួបលើកទី២៥ នៃកិច្ចសហប្រតិបត្តិការអាស៊ានបូកបី (APT) និងបានកោតសរសើរ ចំពោះការរួមចំណែករបស់ក្របខ័ណ្ឌនេះទៅដល់វិស័យអាទិភាពក្នុងតំបន់។ កិច្ចប្រជុំ កំពូលអាស៊ីបូព៌ាលើកទី១៧ (EAS) បានកត់សម្គាល់ដោយការពេញចិត្តចំពោះវឌ្ឍនភាពសំខាន់ៗ ដែល បាន អនុម័ត ក្រោមផែន​ការសកម្មភាពទីក្រុងម៉ានីល ដើម្បីអនុវត្តសេចក្តីថ្លែងការណ៍ ទីក្រុងភ្នំពេញ ស្ដីពីគំនិត ផ្តួចផ្តើម អភិវឌ្ឍន៍ កិច្ចប្រជុំកំពូលអាស៊ីបូព៌ា (២០១៨-២០២២)។ ជាងនេះទៅទៀត កម្ពុជាក៏បានធ្វើជាម្ចាស់ផ្ទះ រៀបចំ កិច្ចសន្ទនា សាកលអាស៊ានលើកទី២ ក្រោមប្រធានបទ “ការស្ដារឡើងវិញយ៉ាង ទូលំទូលាយក្រោយកូវីដ-១៩- ដោយមានការចូលរួមពីថ្នាក់ដឹកនាំអាស៊ាន ដៃគូ ខាងក្រៅ និងប្រធាន ស្ថាប័នអន្តរជាតិនានា។ ជាចុងក្រោយ យើងក៏បានឆ្លៀត ឱកាសប្រកាសនូវការ បញ្ចប់ជាដុំកំភួននៃការ ដំឡើងកម្រិតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អាស៊ាន-អូស្ត្រាលី-នូវែលហ្សេឡង់។

អាស៊ាន បានស្វាគមន៍រាល់គំនិតផ្តួចផ្តើមពីដៃគូខាងក្រៅ ដែលមានគោលបំណងរួមចំណែក ដល់ សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់។ ជាងនេះទៅទៀត គំនិតផ្តួចផ្តើមទាំងនោះ ត្រូវតែស្របតាម ធម្មនុញ្ញ អាស៊ាន សន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ និងទស្សនវិស័យអាស៊ាន ស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក ហើយមិនត្រូវប្រើប្រឆាំងនឹងភាគីផ្សេងទៀត ឬប្រើជាឧបករណ៍សម្រាប់ការ ប្រកួតប្រជែងរវាងប្រទេស មហាអំណាចនោះទេ។ ថ្នាក់ដឹកនាំអាស៊ាន ក៏បានអនុម័ត (១) សេចក្តីប្រកាស របស់ថ្នាក់ដឹកនាំអាស៊ាន ស្តីពីការ បញ្ជ្រាបវិស័យអាទិភាពទាំងបួន នៃទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក ក្នុងយន្តការដឹកនាំដោយអាស៊ាន និង (២) ឯកសារទស្សនទាន ស្តីពីផែនទីចង្អុលផ្លូវអាស៊ាន សម្រាប់ការលើកកម្ពស់ទស្សនវិស័យ អាស៊ានស្តី ពីឥណ្ឌូ- ប៉ាស៊ីហ្វិក ដែលជាគំនិតផ្ដួចផ្ដើមរបស់កម្ពុជា។

បញ្ហាប្រឈមនានា

បញ្ហាសមុទ្រចិនខាងត្បូង លែងជារឿងក្តៅដូចមុន សម្រាប់កិច្ចប្រជុំអាស៊ាន ដោយសារប៉ុន្មានឆ្នាំមកនេះ បញ្ហាសមុទ្រ​ចិនខាងត្បូង មានសភាពស្ងប់ស្ងាត់ នេះបើយោងតាម លោក គង់ ភោគ អ្នកនាំពាក្យកិច្ចប្រជុំ កំពូលអាស៊ាន។ ភាគីពាក់ព័ន្ធបានព្យាយាមសហការគ្នា ទៅលើអ្វីដែលអាចសហការគ្នាបាន។ ភាគីពាក់ព័ន្ធ ទាំងអស់ ក៏បានយល់ថា បញ្ហាសមុទ្រចិនខាងត្បូង ត្រូវការពេលវេលាដើម្បីដោះស្រាយ។ ដើម្បីដោះស្រាយ បញ្ហាសមុទ្រចិនខាងត្បូង កាលពីឆ្នាំ​២០០២ពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ានជាលើកដំបូង អាស៊ាននិងចិន បានចេញសេចក្តីថ្លែងការណ៍ ស្តីពីក្រមប្រតិបត្តិរបស់បណ្តាភាគីនៅសមុទ្រចិនខាងត្បូង (DOC)។ កម្ពុជាក៏បាន ចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញនិងពន្លឿន ដើម្បីធ្វើយ៉ាងណាឱ្យការចរចាររបស់ភាគីពាក់ព័ន្ធ បានចប់ សព្វគ្រប់ ឱ្យបានឆាប់នៃក្រមប្រតិបត្តិនៅសមុទ្រ​ចិនខាងត្បូង (COC) ដែលមានប្រសិទ្ធភាព និងខ្លឹមសារសំខាន់ៗ អនុលោមតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិ ស្ដីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២ ផងដែរ។ សេចក្តីពង្រាង ក្រមប្រតិបត្តិស្តីពីសមុទ្រចិនខាងត្បូង (COC) បានចាប់ផ្តើមតាំងពីឆ្នាំ២០១៨ រហូតមក ទល់ពេលនេះ ប្រទេសទាំងអស់កំពុងខិតខំជំរុញឱ្យមានសេចក្តីថ្លែងការណ៍រួម ស្តីពីក្រមប្រតិបត្តិស្តីពីសមុទ្រចិន ខាងត្បូង (COC) មួយ ដែលអាចទទួលយកបានដើម្បីបញ្ចប់ជម្លោះទាំងស្រុង។

ចំពោះស្ថានភាពនៅអ៊ុយក្រែន យើងអាចនិយាយបានថា ជាការកាន់ថ្មក្តៅបំផុត របស់កម្ពុជា ក្នុងឆ្នាំប្រធាន អាស៊ាន តែយើងអាច មើលឃើញថា មានជំហរផ្សេងគ្នា ជាពិសេសក្នុងអំឡុង កិច្ចប្រជុំកំពូល អាស៊ីបូព៌ា។ កម្ពុជា ពិតជារីករាយណាស់ ដែលកម្ពុជាអាចធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំនេះ ដែលភាគីនានាមានគោលជំហរផ្សេងគ្នា អាចផ្លាស់ប្តូរទស្សនៈ​​ដោយស្មោះត្រង់លើបញ្ហានេះ។ យើងបានបញ្ជាក់ឡើងវិញ នូវការ គោរពចំពោះអធិបតេយ្យ ឯករាជ្យនយោបាយ និងបូរណភាពទឹកដី។ យើងបានគូសបញ្ជាក់ពីសារៈសំខាន់ នៃការ បញ្ឈប់ជា បន្ទាន់នូវអរិភាព និងការបង្កើត បរិយាកាសអំណោយផល សម្រាប់ការដោះស្រាយជម្លោះដោយ សន្តិវិធី។ យើងក៏បានអំពាវនាវ ឱ្យមានការជួយ សម្រួល ដល់ការទទួលបាននូវ ជំនួយមនុស្សធម៌យ៉ាង ឆាប់រហ័ស សុវត្ថិភាព និងគ្មានការរារាំង ទៅដល់ប្រជាជន ដែលត្រូវការជំនួយនៅក្នុងប្រទេសអ៊ុយក្រែន។

នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិ ក៏បានបង្ហាញការព្រួយបារម្ភ ចំពោះសង្គ្រាមដែល កើតមាននៅអ៊ុយក្រែន បានប៉ះពាល់យ៉ាងខ្លាំងដល់ វិបត្តិស្បៀងអាហារ ថាមពល សម្រាប់ប្រទេសជាច្រើន ហើយថ្នាក់ដឹកនាំអាស៊ាន បានគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ក្នុងការស្វែងរក ដំណោះស្រាយដោយ​សន្តិវិធី។

ជាមួយគ្នានេះដែរ ចំពោះបញ្ហាឧបទ្វីបកូរ៉ បានបង្កឱ្យមានការព្រួយបារម្ភចំពោះការបាញ់មីស៊ីលបាលីស្ទីករំលងប្រទេស​​ជប៉ុន ហើយអាស៊ានបានចាត់ទុកសកម្មភាពបែបនេះ ជាការគំរាមកំហែងដល់សន្តិសុខនៅក្នុងតំបន់ និងក៏មានការអំពាវនាវឱ្យសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េគោរពតាមសេចក្ដីសម្រេចពាក់ព័ន្ធនានារបស់ក្រុម ប្រឹក្សា​​​សន្តិសុខអង្គការសហប្រជាជាតិ និងជៀសវាងការសាកល្បងនុយក្លេអ៊ែរបន្ថែមទៀត ក៏ដូចជា ទទូចឱ្យភាគីពាក់ព័ន្ធ ទាំងអស់ជៀសវាងការធ្វើឱ្យស្ថានការណ៍កាន់តែតានតឹង និងបន្តអត់ធ្មត់បំផុត ដើម្បីបង្កើត បរិយាកាស អំណោយ​ផលដល់កិច្ចសន្ទនាដោយសន្តិវិធី។ អាស៊ានបានបង្ហាញការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែង អន្តរជាតិ និង មធ្យោបាយការទូតដើម្បីសម្រេចបាន នូវការលុបបំបាត់នុយក្លេអ៊ែរដោយសន្តិវិធី ពេញលេញ ដែលអាចផ្ទៀងផ្ទាត់បាន និងមិនអាចក្រលាស់បាននៅក្នុងឧបទ្វីបកូរ៉េ។

អាស៊ាននិងភាពបត់បែន

ក្នុងឆ្នាំ២០២២ ជាលើកទី៣ដែលកម្ពុជាក្លាយជាប្រធានប្តូរវេនរបស់អាស៊ាន និងទទួលភារកិច្ច រៀបចំកិច្ច ប្រជុំកំពូលនានា បន្ទាប់ពីបានចូលជាសមាជិកអស៊ាន នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩។ ក្នុងនាមជាប្រធានប្តូរវេនកម្ពុជាបានកំណត់យកមូលបទរួមនៃកិច្ចប្រជុំ «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា»។ កម្ពុជាប្រឈមនឹងបញ្ហាក្តៅជាច្រើន ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ របស់អាស៊ាន ដែលបញ្ហាទាំងនោះរួម មាន៖ វិបត្តិនយោបាយ​​នៅមីយ៉ាន់ម៉ា បញ្ហាសមុទ្រចិនខាងត្បូង បញ្ហាឧបទ្វីបកូរ៉េ និងបញ្ហា សង្គ្រាមនៅប្រទេស អ៊ុយក្រែនជា​ដើម។

ក្នុងឆ្នាំប្រធានអាស៊ានរបស់កម្ពុជាឆ្នាំ២០២២ កម្ពុជាបានបេ្តជ្ញាចិត្តដឹកនាំអាស៊ាឱ្យនបោះជំហានទៅមុខក្រោមមូលបទ «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា (ASEAN A.C.T.: Addressing Challenges Together)» ដើម្បីភាពសុខដុមរមនា, សន្តិភាព និងវិបុលភាព ក្នុងតំបន់ទាំងមូល។ កម្ពុជាបាន ដឹកនាំអាស៊ានឈានទៅសម្រេចបាន នូវសមិទ្ធផលសំខាន់ៗ ថែមទៀត ជាពិសេសជំរុញសម្ទុះនៃ ដំណើរការ កសាងសហគមន៍អាស៊ានប្រកបដោយសមធម៌​រឹងមាំនិងបរិយាបន្នស្របតាមស្មារតីស្នូលរបស់ អាស៊ាន គឺ ចក្ខុវិស័យមួយ អត្តសញ្ញាណមួយ និង​សហគមន៍​មួយ។

កម្ពុជាធ្វើជាប្រធានអាស៊ានប្តូរវេនជាលើកទី៣ បានព្យាយាមដើរតួនាទី ជាអ្នកសម្របសម្រួលឬជួយតាមលទ្ធភាពដែលអាចធ្វើបាន ដោយសារអាស៊ានមិនមានកំលាំងឬអំណាចអ្វី ដូចជាអង្គការសហប្រជាជាតិ នោះ ឡើយ។ អាស៊ាន​​មាន កម្លាំងដែលជាផ្នែកមួយនៃនយោបាយ ដូចជា៖ សេចក្តីថ្លែងការណ៍ សេចក្តីប្រកាស ការថ្កោលទោស ឬមួយដើរតួក្នុងការជួយសម្របសម្រួល ក៏ដូចជាការផ្តល់ទីតាំងដល់សមភាគីជម្លោះ សម្រាប់ធ្វើ ការសម្របស្រួល ចរចា ដើម្បីបន្ថយភាពតានតឹង ដែលកំពុងកើតមាន។ តួយ៉ាង ក្នុងនាមជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំ កំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ កម្ពុជាបានព្យាយាមសម្របសម្រួល ប្រទេសដែលពាក់ព័ន្ធ។ ដូចជា ប្រទេសអ៊ុយក្រែន ក៏បានមកទស្សនកិច្ច និងមកចូលរួមចុះហត្ថលេខា លើសន្ធិសញ្ញមិត្តភាព និង សហប្រតិបត្តិការ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍-TAC នៅកម្ពុជា។ នេះគឺដោយសារ កម្ពុជាមានបំណង ចង់ឱ្យ អ៊ុយក្រែន មានលទ្ធភាពជួបជាមួយភាគីរុស្ស៊ី ធ្វើយ៉ាង​ណាដើម្បី ឱ្យមានការយល់គ្នា ដើម្បីស្វែងរកដំណោះស្រាយ ប៉ុន្តែមិន មានជំនួបណាមួយត្រូវបានកើតឡើង។ ចំណែកបញ្ហាឧបទ្វីបកូរ៉េ ដែលកំពុងកើនឡើងកំដៅ ដោយការ បន្តបាញ់ មីស៊ីលជាបន្តបន្ទាប់ពីសំណាក់ សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ និងបានធ្វើឱ្យ ប្រទេសជប៉ុន កូរ៉េខាងត្បូង ដែលជាប្រទេសជាប់ភូមិផងរបងជាមួយមានការបារម្ភ ហើយបានធ្វើការទំនាក់ទំនង ជាប្រចាំជាមួយ សហរដ្ឋអាម៉េរិក និងបានឯកភាពគ្នាជួបប្រជុំទ្វេភាគីរវាង ប្រធានា​ធិបតីសហរដ្ឋអាម៉េរិក និងនាយករដ្ឋមន្ត្រីជប៉ុន និងបន្តជួយប្រជុំទ្វេភាគីជាមួយ ប្រធានាធិបតីកូរ៉េខាងត្បូង និងបន្តជួបប្រជុំត្រីភាគីនៅកម្ពុជា ដែលពេលនេះកម្ពុជាជាប្រធានអាស៊ានប្តូរវេន និងជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានលើក​ទី​៤០ និង៤១ ដើម្បីស្វែងរកដំណោះ ស្រាយប្រកបដោយសន្តិវិធី។

អាស៊ានជួបប្រទះការលំបាកជាច្រើន ជាពិសេស នៅឆ្នាំ២០២២ នៅពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំអាស៊ានលើកទី៤០ និង ៤១ នេះ គឺចំពេលដែលសភាពការណ៍ដ្តៅៗ កើតឡើងជាបន្តបន្ទាប់ ក្រៅពី ព្រឹត្តិការមួយចំនួននៅតែបន្តអូសបន្លាយតាំងពីមុនមក។ បញ្ហាចាស់ៗរបស់អាស៊ាន នៅពេលប្រជុំកំពូល ម្តងៗ នោះ គឺមានមានពីរដែលបាន អូសបន្លាយស្ទើររាប់ទស្សវត្សរ៍មកហើយ។ ទី១-គឺបញ្ហានៅសមុទ្រចិនខាងត្បូង ឬ សមុទ្រខាងកើត និង ទី២-គឺបញ្ហានៅឧបទ្វីបកូរ៉េ ដែលជាបញ្ហារបស់កូរ៉េខាងជើង។ ចំណែកឆ្នាំ២០២២នេះ បញ្ហានៅ សមុទ្រចិនខាងត្បូង ហាក់ដូចជាមានការថយកម្តៅប៉ុន្តែនៅមិនទាន់បញ្ចប់ ប៉ុន្តែបញ្ហានៅកូរ៉េខាងជើង គឺនៅតែឡើង កម្តៅដដែល ហើយថែមទាំងបានបន្តែមរឿងក្តៅ៣បន្ថែមទៀតគឺ បញ្ហានៅមីយ៉ាន់ម៉ា បញ្ហាច្រក សមុទ្រតៃវ៉ាន់ និងបញ្ហាសង្គ្រាមនៅអ៊ុយក្រែន។ រឿង៣នេះបានធ្វើឱ្យអាស៊ានមានការលំបាក ដែលថា តើអាស៊ាន គួរដើរទៅតាមផ្លូវណា? ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ យើងឃើញថាអាស៊ានបានព្យាយាមដោះស្រាយ ដោយ ស្ងាត់ស្ងៀម ដោយសន្តិវិធី ហើយជាពិសេសបញ្ហានៅមីយ៉ាន់ម៉ា បើសិនអាស៊ានដោះស្រាយដោយមិនមាន ជំហរ ច្បាស់លាស់ នោះនឹងនាំឱ្យផ្ទៃក្នុងគ្រួសារអាស៊ានមានការប្រេះឆា នាំឱ្យបែកបាក់ផ្ទៃក្នុងរង្វង់គ្រួសារអាស៊ាន ប៉ុន្តែ រហូតមកដល់ ពេលនេះកម្ពុជាក្នុងនាមប្រធានអាស៊ានប្តូរវេនក៏ដូចជាសមាជិកអាស៊ាន៨ទៀត បានព្យាយាម ថ្នាក់ថ្នមមីយ៉ាន់ម៉ា ធ្វើយ៉ាងណាដើម្បីឱ្យនៅបន្តជាក្រុមគ្រួសារ ១០ដដែល។ ជាលទ្ធផលចុងបញ្ចប់ អាស៊ានធ្វើយ៉ាង ណាទុកឱ្យ មីយ៉ាន់ម៉ាបន្តនៅជាមួយគ្នា ហើយវិធានការក្តៅយើងទុកមួយឡែកសិន ដោយបន្តជំរុញ ឱ្យមីយ៉ាន់ម៉ា ព្យាយាម អនុវត្តន៍ឱ្យបាននូវចំណុចជាឯកច្ឆ័ន្ទទាំង៥ ដែលបានដាក់ចេញដោយអាស៊ានកាលពីឆ្នាំ២០២១ ហើយ ចំណែក សេចក្តីសម្រេច និងវាយម្លៃរបស់មេដឹកនាំអាស៊ាន កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ ដែលមាន ១៥ចំណុច ក៏បានបញ្ជាក់ផងដែរថា អាស៊ានត្រូវពិចារណារិះរកវិធីសាស្ត្រផ្សេងទៀត ដែលអាចគាំទ្រដល់ការអនុវត្ត កិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុចនេះ ហើយប្រទេសឥណ្ឌូនេស៊ីនឹងអនុវត្តន៍បន្តនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២។ ហើយទន្ទឹមនឹងនេះដែរ បញ្ហាសង្គ្រាមរថាង រុស្ស៊ី និងអ៊ុយក្រែន ក៏អាស៊ានបានព្យាយាម អំពាវនាវម្តង ហើយម្តងទៀត ឱ្យមានការសម្របសម្រួល និងឈានទៅរកការចរចាគ្នារកដំណោះស្រាយដោយសន្តិវិធី។ 

ដូច្នេះ តួនាទីរបស់អាស៊ានជារួម និងប្រធានប្តូរវេនរបស់កម្ពុជាដោយឡែក តែងតែដើរតួនាទីជាអ្នកសម្របសម្រួល ប្រកបដោយ ភាពបត់បែន ភាពច្នៃប្រឌិត និងរួសរវើកក្នុងអំឡុងពេលមានបញ្ហាធំៗកើតមានឡើង ទាំងនៅក្នុងតំបន់ក៏ដូចជាអន្តរជាតិ សំដៅស្វែងរកដំណោះស្រាយដោយសន្តិវិធី ដើម្បីថែរក្សានិងពង្រឹង មជ្ឈភាពអាស៊ានសម្រាប់សន្តិភាពនិងវិបុលភាព ភាពសុខដុមរមនា លើកកម្ពស់ការចូលរួមចំណែករបស់តំបន់ ចំពោះ សន្តិភាពពិភពលោក ដោយបង្កើនសន្ទុះ និងពង្រីកភាពជាដៃគូជាមួយដៃគូខាងក្រៅ៕


RAC Media

ប្រភព៖ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា










អត្ថបទទាក់ទង

China and Cambodia: Rivals or Allies? by: Dr. Seun Sam

China and Cambodia, two countries with intricate geopolitical linkages and rich cultural traditions, have recently gained attention for their expanding economic and political ties. Although China has...

2023-06-24 02:39:26   Sat, 24,06,2023, 02:39 AM
រាជបណ្ឌិត្យសភាកម្ពុជា ទទួលជំនួបជាមួយក្រុមហ៊ុន EMCAST កូរ៉េ ដើម្បីពិភាក្សាស្វែងរកឱកាសសហការបង្កើតមជ្ឈមណ្ឌលបណ្ដុះបណ្ដាលបច្ចេកវិទ្យា AI សម្រាប់ជាប្រយោជន៍ជំនួយដល់ការងារពលរដ្ឋខ្មែរ

កាលពីព្រឹកថ្ងៃព្រហស្បត្តិ៍ ៥កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ០៩:៣០នាទី ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា តំណាងឯកឧត្ដមបណ្ឌិត...

2023-06-22 11:20:40   Thu, 22,06,2023, 11:20 AM
CAMBODIA- VIETNAM DYNAMICS RELATIONS By: UCH Leang, Scholar from Department of Asian, African and Middle East studies of International Relations Institute of Cambodia of the Royal Academy of Cambodia.

Cambodia and China have expanded strategic cooperation and upgraded relations to a “diamond cooperation framework” in six priority areas: political cooperation, production capacity and quality, agricu...

2023-06-20 05:04:59   Tue, 20,06,2023, 05:04 AM
Higher-middle-income of Cambodia in 2030 on the rough road By: UCH Leang, Scholar from Department of Asian, African and Middle East studies of International Relations Institute of Cambodia of the Royal Academy of Cambodia.

A country's national income often has a massive impact on its level of human development and the overall quality of life its residents enjoy. The World Bank, examines the GNI (Gross National Income) p...

2023-06-06 15:02:23   Tue, 06,06,2023, 03:02 PM
បណ្ឌិតសភាចារ្យ សុខ ទូច៖ បច្ចុប្បន្ននេះ កិច្ចសហប្រតិបត្តិការកម្ពុជា-ចិន កំពុងស្ថិតនៅរដូវដាំដុះ និងប្រមូលផល

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ក្នុងឱកាសអញ្ជើញថ្លែងសុន្ទរកថា ក្នុងវេទិកាវិទ្យាសាស្ត្រ ស្ដីពី «ទំនាក់ទំនងកម្ពុជា-ចិន៖ ខួប៦៥ឆ្នាំនៃចំណងការទូតរវាងកម្ពុជា-ចិន» នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣នេះ ឯកឧត្ដមបណ្ឌិតស...

2023-05-27 04:17:26   Sat, 27,05,2023, 04:17 AM
ទស្សនៈស្ដីពីជីវិតរបស់ព្រះពុទ្ធសមណគោតម ដោយ៖ លោក ឈុន ផាវ៉េង, មន្ត្រីនាយកដ្ឋានទស្សនវិជ្ជា និង សង្គមវិទ្យានៃវិទ្យាស្ថានមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម

ព្រះសិទ្ធត្ថកុមារ ដែលក្រោយមកមនុស្សជាច្រើនស្គាល់ថា ព្រះពុទ្ធ គឺជាបុត្រានៃមហាក្សត្រនៃប្រទេសឥណ្ឌាបុរាណ ដែលត្រូវស្នងរាជ្យសម្បត្តិបន្តពីព្រះវរបិតា។ ទោះបី បិតាខំប្រឹងប្រើប្រាស់មធ្យោបាយគ្រប់បែបយ៉ាងដើម្បីរៀប...

2023-05-25 08:05:24   Thu, 25,05,2023, 08:05 AM

សេចក្តីប្រកាស