ព័ត៌មាន

សិក្ខាសាលាស្តីពី «សារៈសំខាន់នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ»

2022-11-15 05:58:38 ថ្ងៃអង្គារ, 15 វិច្ឆិកា 2022 ម៉ោង 12:58 PM
អ្នកមើល 5195
post_detail

នៅថ្ងៃចន្ទ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ នាវេលាម៉ោង៩៖៣០នាទីព្រឹក មជ្ឈមណ្ឌលបណ្តុះបណ្តាលនិងស្រាវជ្រាវនៃអគ្គលេខាដ្ឋាននៃរាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំសិក្ខាសាលាស្តីពី «សារៈសំខាន់នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ»នៅសាលមរតកសិល្បៈខ្មែរនៃអគារឥន្រ្ទទេវី ក្រោមអធិបតីភាពឯកឧត្តម សូត្រ សំណាង អគ្គលេខាធិការរងទទួលបន្ទុកមជ្ឈមណ្ឌលបណ្តុះបណ្តាលនិងស្រាវជ្រាវ តំណាងដ៏ខ្ពង់ខ្ពង់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា។

នៅក្នុងពិធីសិក្ខាសាលានេះមានការចូលរួមពីសំណាក់វាគ្មិនកិត្តិយសមកពីក្រសួងស្ថាប័នពាក់ព័ន្ធដូចជា៖

-លោក ស្រី ឃុន លក្ខិណា ប្រធាននាយកដ្ឋានបណ្តុះបណ្តាលនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ធ្វើបទបង្ហាញស្តីពី«ការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈនៅកម្ពុជា»

-លោកស្រី អ៊ូច ដាច័ន្ទមល្លិកា អនុប្រធានទីភ្នាក់ងារជាតិមុខរបរ និងការងារ ធ្វើបទបង្ហាញស្តីពី«តម្រូវការនិងការផ្គត់ផ្គង់ធនធានមនុស្សទៅលើជំនាញវិជ្ជាជីវៈនៅកម្ពុជា»

-លោកស្រី ចៅ ប្រត្យក្សរតនៈ នាយរងការិយាល័យតាមដានវាយតម្លៃអភិបាលកិច្ចល្អ និងជាប្រធានផ្នែកអភិវឌ្ឍយែនឌ័ររបស់គម្រោងលាភនៃក្រសួងមហាផ្ទៃ ធ្វើបទបង្ហាញស្តីពី«ការអភិវឌ្ឍជំនាញវិជ្ជាជីវៈនិងឱកាសការងារ»

-លោក សាន សុរាវនិត ប្រធានស្តីទីមជ្ឈមណ្ឌលបណ្តុះបណ្តាលនិងស្រាវជ្រាវវនៃអគ្គលេខាដ្ឋាននៃរាជបណ្ឌិត្យសភាកម្ពុជា ធ្វើបទបង្ហាញស្តីពី«ការបណ្តុះបណ្តាលវិជ្ជាជីវៈនៅរាជបណ្ឌិត្យសភាកម្ពុជា»

គួរឱ្យកត់សម្គាល់ផងដែរថា បើទោះបីជាវាគ្មិនកិត្តិយសទាំងអស់បានលើកឡើងពីប្រធានបទផ្សេងៗគ្នាស្តីពីការបណ្តុះបណ្តាលវិជ្ជាជីវៈយ៉ាងណាក្តី ក៏វាគ្មិនទាំងអស់មានគោលបំណងតែមួយគឺឆ្លុះបញ្ជាំងពីសក្តានុពលនៃវិស័យបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជា និងបង្ហាញឱ្យអង្គសិក្ខាសាលាយល់កាន់តែច្បាស់ពីភាពចាំបាច់នៅក្នុងការអភិវឌ្ឍជំនាញវិជ្ជាជីវៈឱ្យកាន់តែមានគុណភាព និងប្រសិទ្ធភាព ដើម្បីលើកកម្ពស់សមត្ថភាពរបស់ប្រជាពលរដ្ឋគ្រប់រូប ក្នុងការចាប់យកឱកាសកាងារល្អ និងលើកស្ទួយកម្រិតជីវភាពរបស់ពួកគាត់កាន់តែប្រសើរឡើង។

នៅក្នុងកម្មវិធីបិទអង្គសិក្ខាសាលា ឯកឧត្តម សូត្រ សំណាង ក៏បានលើកឡើងថា «...ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ TVETនេះ បានរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជាផងដែរ តាមរយៈការផ្តល់ជំនាញដល់ប្រជាជនដែលមិនទទួលបានការអប់រំ សិស្សអនុវិទ្យាល័យ/វិទ្យាល័យដែលបោះបង់ការសិក្សា ស្ត្រីមេផ្ទះ ហើយសូម្បីតែមនុស្សវ័យចំណាស់ ក៏មានលទ្ធភាពរកចំណូលបានដូចគ្នា...» លើសពីនេះទៅទៀត ឯកឧត្តម ក៏បាន​គូសបញ្ជាក់ផងដែរថា «...រាជបណ្ឌិត្យសភាកម្ពុជា បានទទួលភារកិច្ចពីរាជរដ្ឋាភិបាលកម្ពុជាក្នុង បណ្តុះបណ្តាលគ្រប់កម្រិត ទាំងកម្រិតវិជ្ជាជីវៈ និងទាំងកម្រិតឧត្តមសិក្សា ដែលបច្ចុប្បន្ននេះ កំពុងធ្វើការបណ្តុះបណ្តាលថ្នាក់បរិញបត្រជាន់ខ្ពស់និងថ្នាក់បណ្ឌិត។ ឯការបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈវិញ យើងបាននឹងកំពុងបណ្តុះបណ្តាលជំនាញ ចុងភៅ និង ភេសជ្ជៈ ហើយនឹងឈានទៅបណ្តុះបណ្តាលជំនាញដទៃទៀត ពិសេសជំនាញដែលបម្រើឱ្យវិស័យទេសចរណ៍ថែមទៀត បន្ទាប់ពីយើងរៀបចំបន្ទប់អនុវត្តបានរួចរាល់នៅពេលខាងមុខឆាប់ៗនេះ...»

ជាចុងក្រោយ អង្គសិក្ខាសាលាបានបញ្ចប់ទៅដោយភាពជោគជ័យ សោមនស្សរីករាយ និងភាតរភាពក្រោមការចូលរួមពីសិស្សនិស្សិតនិងមហាជនចំនួន៥២នាក់។

---------

RAC Media


អត្ថបទទាក់ទង

ចនានុក្រមអក្ខរាវិរុទ្ធ

កាលពីព្រឹកថ្ងៃទី ២០កុម្ភៈ ឆ្នាំ ២០១៨ វិទ្យាស្ថានភាសាជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានធ្វើពិធីប្រកាសផ្សាយ « វចនានុក្រមអក្ខរាវិរុទ្ធ» ដែលជាការបោះពុម្ពលើកទីពីរ ដែលមានចំនួនជាង ៤ម៉ឺនពាក្យ រួមទាំងមេពាក្យ និងក...

2018-03-14 06:32:21   ថ្ងៃពុធ, 14 មីនា 2018 ម៉ោង 01:32 PM
ជំនួបរវាងឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានទទួលជួបមន្ត្រីផ្នែកទំនាក់ទំនងកិច្ចការសាធារណៈស្ថានទូតអាមេរិក

សេចក្តីជូនព័ត៌មាន!រសៀលថ្ងៃអង្គារ ៦រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានទទួលជួបមន្ត្រីផ្នែកទំនាក់ទំនងកិច្ច...

2018-03-14 06:26:23   ថ្ងៃពុធ, 14 មីនា 2018 ម៉ោង 01:26 PM
សន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៧និងទិសដៅឆ្នាំ២០១៨

សន្និបាតនេះ ប្រារព្ធធ្វើឡើងក្នុងគោលបំណងពិនិត្យ និងវាយតម្លៃលទ្ធផលការងាររបស់រាជបណ្ឌិត្យសភាកម្ពុជា ក្នុងរយៈពេលពេញមួយឆ្នាំ២០១៧មកនេះ និងលើកទិសដៅឆ្នាំ២០១៨។ ជាការណ៍ពិតណាស់, មួយឆ្នាំកន្លងទៅនេះ មានការងារជាច្រើ...

2018-03-14 06:22:32   ថ្ងៃពុធ, 14 មីនា 2018 ម៉ោង 01:22 PM

សេចក្តីប្រកាស