Royal Academy of Cambodia
ក្នុងបទសម្ភាសន៍ជាមួយកាសែតភ្នំពេញប៉ុស្តិ៍ កាលពីថ្ងៃទី៣ ខែវិច្ឆកា ឆ្នាំ២០២២ ពាក់ព័ន្ធនឹងដំណើរការនៃការបង្កើតនិងដំណើរការរបស់អង្គការអាស៊ាន លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បញ្ជាក់ថា ដើមឡើយអង្គការតំបន់នេះបង្កើតឡើងក្នុងគោលដៅទប់ទល់ឥទ្ធិពលកុម្មុយនីស្តនៅអាស៊ីអាគ្នេយ៍ប៉ុណ្ណោះដែលប្រទេស៥ ជាស្ថាបនិកអាស៊ាននោះ សុទ្ធសឹងជាប្រទេសមិនប្រកាន់លទ្ធិកុម្មុយនីស្ត ក្នុងគ្រាមានការប្រជែងឥទ្ធិពលមនោគមន៍វិជ្ជារបស់លោកសេរី និងកុម្មុយនីស្ត ដ៏ខ្លាំងក្លានៅអាស៊ីអាគ្នេយ៍។
ប៉ុន្តែជារួម ការបង្កើតអាស៊ានគឺក្នុងគោលដៅដើម្បីសន្តិសុខ ស្ថិរភាព និងវិបុលភាព នៅក្នុងតំបន់។ លោកបណ្ឌិត គិន ភា សង្កត់ធ្ងន់ថា តំបន់នេះ មានបញ្ហាផ្ទៃក្នុងជាច្រើនដែលមានដូចជា អាស៊ានមានគម្លាតលើវិស័យសេដ្ឋកិច្ចនិងវិស័យអប់រំ ជាកង្វះខាតមួយរបស់អាស៊ានដែលធនធានសេដ្ឋកិច្ច និងធនធានមនុស្សមិនស្មើភាពគ្នា កង្វះខាតនៃការផ្លាស់ប្តូរព័ត៌មាន និងសន្តិសុខដល់គ្នាទៅវិញទៅមកពីសំណាក់រដ្ឋជាសមាជិកអាស៊ានដែលមាននិន្នាការនិយមចិន និងនិយមសហរដ្ឋអាមេរិក ហើយអាស៊ានមានប្រព័ន្ធនយោបាយដឹកនាំប្រទេសខុសៗគ្នាច្រើន និងចុងក្រោយ រដ្ឋជាសមាជិកភាគច្រើន នៅមានជម្លោះដែនអធិបតេយ្យភាព បូរណភាពទឹកដីនឹងគ្នា ពោលគឺជម្លោះព្រំដែនកើតឡើងឥតស្រាកស្រាន្ត។
លោកបញ្ជាក់ថា៖ «សម្រាប់បញ្ហាធំៗ ដែលបន្តប្រទាំងប្រទើសអាស៊ាននោះ រួមមានបញ្ហាសមុទ្រចិនខាងត្បូង បញ្ហាប្រកួតប្រជែងភូមិសាស្ត្រនយោបាយរបស់មហាអំណាចគឺចិន និងសហរដ្ឋអាមេរិក។ បញ្ហាអស់ទាំងនេះហើយដែលបង្កឱ្យអាស៊ានមានការលំបាក ជួបបញ្ហាប្រឈមច្រើនដែលអាចប៉ះពាល់ដល់មជ្ឈភាព និងសាមគ្គីភាពរបស់អាស៊ានផងដែរ»។
អ្នកជំនាញទំនាក់ទំនងអន្តរជាតិរូបនេះ បញ្ជាក់ថា អង្គការអាស៊ានជាច្រកការទូតដ៏សំខាន់សម្រាប់បណ្តារដ្ឋជាសមាជិក មិនថា រដ្ឋតូច ឬធំឡើយ ដែលញ៉ាំងឱ្យសមាជិកទាំង ១០ មានសិទ្ធិស្មើភាពគ្នាក្នុងការសម្រេចកិច្ចការក្នុងតំបន់ និងពិភពលោកក្នុងនាមជាអង្គការតំបន់។ លើសពីនេះ អាស៊ានក្នុងពេលថ្មីៗនេះ បានក្លាយជាច្រកសេដ្ឋកិច្ចដ៏សំខាន់សម្រាប់រដ្ឋជាសមាជិកចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្មនានា ជាពិសេសកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយនិងតំបន់ (RCEP) ដ៏ធំចុងក្រោយគេនេះ។ បន្ថែមពីនេះអង្គការតំបន់មួយនេះ មានយន្តការជជែក និងសន្ទនាជាច្រើនទាំងក្នុងតំបន់ និងពិភពលោក ដើម្បីធានាស្ថិរភាព និងសន្តិសុខក្នុងតំបន់ និងសកល។
លោកបណ្ឌិត គិន ភា សង្កត់ធ្ងន់ថា៖ «តាមរយៈយន្តការ និងការរៀបចំរបស់អង្គការអាស៊ាននេះ វាបានធ្វើឱ្យតំបន់អាស៊ីអាគ្នេយ៍មានសារៈសំខាន់នៅក្នុងក្រសែភ្នែកប្រទេសមហាអំណាច ដែលនៅពេលដែលគេនិយាយពីតំបន់អាស៊ីប៉ាស៊ីហ្វិក ពីឥណ្ឌូ-ប៉ាស៊ីហ្វិក អាស៊ាន ឬអាស៊ីអាគ្នេយ៍របស់យើង វាក្លាយទៅជាមជ្ឈមណ្ឌលដ៏សំខាន់ដែលគេមិនអាចមើលរំលងបាន»។
ក្នុងបទសម្ភាសន៍ជាមួយកាសែតភ្នំពេញប៉ុស្តិ៍ កាលពីថ្ងៃទី៣ ខែវិច្ឆកា ឆ្នាំ២០២២ ពាក់ព័ន្ធនឹងបញ្ហានេះផងដែរ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា យល់ថា ដំណើរការនៃការបង្កើតអង្គការ តំបន់អាស៊ាននេះ ឆ្លងកាត់ដំណាក់កាលចំនួន២ គឺទី ១ ដំណាក់កាលសង្គ្រាមត្រជាក់ និងទី ២ គឺដំណាក់កាលសកលភាវូបនីកម្ម។
នៅដំណាក់កាលទី១ អាស៊ានមានតែ ៥ ប្រទេសហើយដែលនៅមាននិន្នាការរើសអើងប្រទេសដទៃ ដែលមានរបបនយោបាយផ្ទុយពីខ្លួន ខណៈស្ថានការណ៍ប្រកួតប្រជែងរវាងលោកសេរី និងលោកកុម្មុយនីស្ត ទោះស្ថិតក្នុងភូមិសាស្ត្រដូចគ្នាក្តី។ នៅដំណាក់កាលទី២ វិញ ក្នុងលម្ហសកលភាវូបនីយនីស្ត អាស៊ានបើកចំហទទួលយកប្រទេសក្នុងភូមិសាស្ត្រដូចគ្នាជាសមាជិកដែលក្លាយជាសមាជិកចំនួន១០ ក្នុងឆ្នាំ ១៩៩៩។ សម្រាប់លោកយង់ ពៅ ដែលជាអ្នកជំនាញភូមិសាស្ត្រនយោបាយ បញ្ជាក់ថា ទោះបីជាអាស៊ានរងនូវវិបត្តិប្រឈមនានាក្តី អង្គការតំបន់នេះបានដោះស្រាយបញ្ហាទាំងនោះស្របតាមធម្មនុញ្ញអាស៊ាន ដែលយកការឯកភាពគ្នា ឬកុងសង់ស៊ីសជាសំខាន់។
លោកបញ្ជាក់ថា៖ «វាមានភាព-ចាំបាច់ណាស់ដែលកម្ពុជាចូលរួមក្នុងអង្គការតំបន់អាស៊ានដើម្បីធ្វើសមាហរណកម្មខ្លួនឯង ក្នុងតំបន់ និងពិភពលោក ដែលយើងមិនអាចរស់នៅតែឯងបានទេ។ វាបានផ្តល់ផលចំណេញដល់កម្ពុជាទាំងក្នុងទិដ្ឋភាពនយោបាយ និងទិដ្ឋភាពសេដ្ឋកិច្ច ទោះបីអង្គការតំបន់នេះ នៅមានបញ្ហា ប្រឈមខ្លះៗក្តី ប៉ុន្តែវាបានផ្តល់ផលប្រយោជន៍ច្រើនជាងគុណវិបត្តិ»។
បច្ចុប្បន្ននេះអាស៊ានបានគ្របដណ្តប់លើផ្ទៃដីសរុប ៤ ៤៧៩២១០,៥ គីឡូម៉ែត្រក្រឡា ដែលមានប្រជាជនប្រមាណង៦៨០ លាននាក់ (ស្ថិតិឆ្នាំ២០២២) មានសមាជិកភាព ១០ ប្រទេសនេះ តែងផ្លាស់ប្តូរវេនគ្នាធ្វើជាប្រធានដើម្បីរៀបចំកិច្ចប្រជុំកំពូល និងកិច្ចប្រជុំពាក់ព័ន្ធវិលជុំ ក្នុងរយៈពេល ១ ឆ្នាំម្តង។ អាស៊ានបានក្លាយបន្តិចម្ដងៗទៅជាដៃគូពិភាក្សាជាប្រចាំ ជាមួយមហាអំណាចនានាលើលោក រាប់ទាំងបងធំទី ១ អាមេរិក បងធំទី២ ចិន បងទី៣ រុស្ស៊ី អឺរ៉ុប ជប៉ុន កូរ៉េ អូស្ត្រាលី និងឥណ្ឌា ជាដើម។ ទៅថ្ងៃមុខអាស៊ានក៏ទំនងជានឹងក្លាយជាទីចាប់អារម្មណ៍សម្រាប់ប្រទេសផ្សេងទៀត តួយ៉ាងដូចជាបណ្តាប្រទេសនៅតំបន់អហ្រ្វិកឬអាមេរិកឡាទីនផងក៏អាចថាបាន។ ទោះយ៉ាងណា យន្តការអាស៊ាន ជាយន្តការដែលជជែកគ្នារហូត មិនសូវជាបានផលជាផ្លែផ្កាដុំកំភួន លើដំណោះស្រាយនានាឡើយ៕
ប្រភព៖ https://www.postkhmer.com/national/2022-11-04-0923-243102.html
--------------
RAC Media
នៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរា ជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ត្រឡប់មកដល់មាតុប្រទេសវិញ ដោយសុវត្តិភាពហើយ បន្ទាប់...
(ហាណូយ,វៀតណាម)៖ អង្ករក្រអូបប្រណិតរបស់កម្ពុជា បានឈ្នះពានរង្វាន់ជាអង្ករល្អជាងគេបំផុត ក្នុងពិភពលោក សម្រាប់ឆ្នាំ២០១៨នេះ។នេះបើតាមការបញ្ជាក់របស់ លោក មូល សារិទ្ធី អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជាប្រាប់ប...
នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ត្រឡប់មកកាន់មាតុប្រទេសវិញហើយបន្ទាប់ពីបានអ...
ថ្ងៃពុធ ទី១០ ខែតុលា ឆ្នាំ២៩១៨មេដឹកនាំប្រទេសមេគង្គ និងជប៉ុន សម្រេចបាននូវផែនការយុទ្ធសាស្ត្ររួមគ្នាជាច្រើន នាអំឡុងនៃកិច្ចប្រជុំកំពូលលើកទី១០នៅក្រុងតូក្យូ ប្រទេសជប៉ុន ពីថ្ងៃទី៩ ដល់ថ...