ព័ត៌មាន

«អាស៊ានពីសម្ព័ន្ធភាពដើម្បីទប់ទល់ឥទ្ធិពលកុម្មុយនីស្ត ក្លាយជាអង្គការតំបន់ដែលមានសក្តានុពលសេដ្ឋកិច្ច»

2022-11-05 13:23:54 ថ្ងៃសៅរ៍, 05 វិច្ឆិកា 2022, 01:23 PM
post_detail

ក្នុងបទសម្ភាសន៍ជាមួយកាសែតភ្នំពេញប៉ុស្តិ៍ កាលពីថ្ងៃទី៣ ខែវិច្ឆកា ឆ្នាំ២០២២ ពាក់ព័ន្ធនឹងដំណើរការនៃការបង្កើត​និងដំណើរការរបស់អង្គការអាស៊ាន លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បញ្ជាក់ថា ដើមឡើយអង្គការតំបន់នេះបង្កើតឡើងក្នុងគោលដៅទប់ទល់ឥទ្ធិពលកុម្មុយនីស្តនៅអាស៊ីអាគ្នេយ៍ប៉ុណ្ណោះដែលប្រទេស៥ ជាស្ថាបនិកអាស៊ាននោះ សុទ្ធសឹងជាប្រទេសមិនប្រកាន់លទ្ធិកុម្មុយនីស្ត ក្នុងគ្រាមានការប្រជែងឥទ្ធិពលមនោគមន៍វិជ្ជារបស់លោកសេរី និងកុម្មុយនីស្ត ដ៏ខ្លាំងក្លានៅអាស៊ីអាគ្នេយ៍។

ប៉ុន្តែជារួម ការបង្កើតអាស៊ានគឺក្នុងគោលដៅដើម្បីសន្តិសុខ ស្ថិរភាព និងវិបុលភាព នៅក្នុងតំបន់។ លោកបណ្ឌិត គិន ភា សង្កត់ធ្ងន់ថា តំបន់នេះ មានបញ្ហាផ្ទៃក្នុងជាច្រើនដែលមានដូចជា អាស៊ានមានគម្លាតលើវិស័យសេដ្ឋកិច្ចនិងវិស័យអប់រំ ជាកង្វះខាតមួយរបស់អាស៊ានដែលធនធានសេដ្ឋកិច្ច និងធនធានមនុស្សមិនស្មើភាពគ្នា កង្វះខាតនៃការផ្លាស់ប្តូរព័ត៌មាន និងសន្តិសុខដល់គ្នាទៅវិញទៅមកពីសំណាក់រដ្ឋជាសមាជិកអាស៊ានដែលមាននិន្នាការនិយមចិន និងនិយមសហរដ្ឋអាមេរិក ហើយអាស៊ានមានប្រព័ន្ធនយោបាយដឹកនាំប្រទេសខុសៗគ្នាច្រើន និងចុងក្រោយ រដ្ឋជាសមាជិកភាគច្រើន នៅមានជម្លោះដែនអធិបតេយ្យភាព បូរណភាពទឹកដីនឹងគ្នា ពោលគឺជម្លោះព្រំដែនកើតឡើងឥតស្រាកស្រាន្ត។

លោកបញ្ជាក់ថា៖ «សម្រាប់បញ្ហាធំៗ ដែលបន្តប្រទាំងប្រទើសអាស៊ាននោះ រួមមានបញ្ហាសមុទ្រចិនខាងត្បូង បញ្ហាប្រកួតប្រជែងភូមិសាស្ត្រនយោបាយរបស់មហាអំណាចគឺចិន និងសហរដ្ឋអាមេរិក។ បញ្ហាអស់ទាំងនេះហើយដែលបង្កឱ្យអាស៊ានមានការលំបាក ជួបបញ្ហាប្រឈមច្រើនដែលអាចប៉ះពាល់ដល់មជ្ឈភាព និងសាមគ្គីភាពរបស់អាស៊ានផងដែរ»។

អ្នកជំនាញទំនាក់ទំនងអន្តរជាតិរូបនេះ បញ្ជាក់ថា អង្គការអាស៊ានជាច្រកការទូតដ៏សំខាន់សម្រាប់បណ្តារដ្ឋជាសមាជិក មិនថា រដ្ឋតូច ឬធំឡើយ ដែលញ៉ាំងឱ្យសមាជិកទាំង ១០ មានសិទ្ធិស្មើភាពគ្នាក្នុងការសម្រេចកិច្ចការក្នុងតំបន់ និងពិភព​លោកក្នុងនាមជាអង្គការតំបន់។ លើសពីនេះ អាស៊ានក្នុងពេលថ្មីៗនេះ បានក្លាយជាច្រកសេដ្ឋកិច្ចដ៏សំខាន់សម្រាប់រដ្ឋជាសមាជិកចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្មនានា ជាពិសេសកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយនិងតំបន់ (RCEP) ដ៏ធំចុងក្រោយគេនេះ។ បន្ថែមពីនេះអង្គការតំបន់មួយនេះ មានយន្តការជជែក និងសន្ទនា​ជាច្រើនទាំងក្នុងតំបន់ និងពិភពលោក ដើម្បីធានាស្ថិរភាព និងសន្តិសុខក្នុងតំបន់ និងសកល។

លោកបណ្ឌិត គិន ភា សង្កត់ធ្ងន់ថា៖ «តាមរយៈយន្តការ និងការរៀបចំរបស់អង្គការអាស៊ាននេះ វាបានធ្វើឱ្យតំបន់អាស៊ីអាគ្នេយ៍មានសារៈសំខាន់នៅក្នុងក្រសែភ្នែកប្រទេសមហាអំណាច ដែលនៅពេលដែលគេនិយាយពីតំបន់អាស៊ីប៉ាស៊ីហ្វិក ពីឥណ្ឌូ-ប៉ាស៊ីហ្វិក អាស៊ាន ឬអាស៊ីអាគ្នេយ៍របស់យើង វាក្លាយទៅជាមជ្ឈមណ្ឌលដ៏សំខាន់ដែលគេមិនអាចមើលរំលងបាន»។

ក្នុងបទសម្ភាសន៍ជាមួយកាសែតភ្នំពេញប៉ុស្តិ៍ កាលពីថ្ងៃទី៣ ខែវិច្ឆកា ឆ្នាំ២០២២ ពាក់ព័ន្ធនឹងបញ្ហានេះផងដែរ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា យល់ថា ដំណើរការនៃការបង្កើតអង្គការ តំបន់អាស៊ាននេះ ឆ្លងកាត់ដំណាក់កាលចំនួន២ គឺទី ១ ដំណាក់កាលសង្គ្រាមត្រជាក់ និងទី ២ គឺដំណាក់កាលសកលភាវូបនីកម្ម។

នៅដំណាក់កាលទី១ អាស៊ានមានតែ ៥ ប្រទេសហើយដែលនៅមាននិន្នាការរើសអើងប្រទេសដទៃ ដែលមានរបបនយោបាយផ្ទុយពីខ្លួន ខណៈស្ថានការណ៍ប្រកួតប្រជែងរវាងលោកសេរី និងលោកកុម្មុយនីស្ត ទោះស្ថិតក្នុងភូមិសាស្ត្រដូចគ្នាក្តី។ នៅដំណាក់កាលទី២ វិញ ក្នុងលម្ហសកលភាវូបនីយនីស្ត អាស៊ានបើកចំហទទួលយកប្រទេសក្នុងភូមិសាស្ត្រដូចគ្នាជាសមាជិកដែលក្លាយជាសមាជិកចំនួន១០ ក្នុងឆ្នាំ ១៩៩៩។ សម្រាប់លោកយង់ ពៅ ដែលជាអ្នកជំនាញភូមិសាស្ត្រនយោបាយ បញ្ជាក់ថា ទោះបីជាអាស៊ានរងនូវវិបត្តិប្រឈមនានាក្តី អង្គការតំបន់នេះបានដោះស្រាយបញ្ហាទាំងនោះស្របតាមធម្មនុញ្ញអាស៊ាន ដែលយកការឯកភាពគ្នា ឬកុងសង់ស៊ីសជាសំខាន់។

លោកបញ្ជាក់ថា៖ «វាមានភាព-ចាំបាច់ណាស់ដែលកម្ពុជាចូលរួមក្នុងអង្គការតំបន់អាស៊ានដើម្បីធ្វើសមាហរណកម្មខ្លួនឯង ក្នុងតំបន់ និងពិភពលោក ដែលយើងមិនអាចរស់នៅតែឯងបានទេ។ វាបានផ្តល់ផលចំណេញដល់កម្ពុជាទាំងក្នុងទិដ្ឋភាពនយោបាយ និងទិដ្ឋភាពសេដ្ឋកិច្ច ទោះបីអង្គការតំបន់នេះ នៅមានបញ្ហា ប្រឈមខ្លះៗក្តី ប៉ុន្តែវាបានផ្តល់ផលប្រយោជន៍ច្រើនជាងគុណវិបត្តិ»។

បច្ចុប្បន្ននេះអាស៊ានបានគ្របដណ្តប់លើផ្ទៃដីសរុប ៤ ៤៧៩២១០,៥ គីឡូម៉ែត្រក្រឡា ដែលមានប្រជាជនប្រមាណង​​៦៨០ លាននាក់ (ស្ថិតិឆ្នាំ២០២២) មានសមាជិកភាព ១០ ប្រទេសនេះ តែងផ្លាស់ប្តូរវេនគ្នាធ្វើជាប្រធានដើម្បីរៀបចំកិច្ចប្រជុំកំពូល និងកិច្ចប្រជុំពាក់ព័ន្ធវិលជុំ ក្នុងរយៈពេល ១ ឆ្នាំម្តង។ អាស៊ានបានក្លាយបន្តិចម្ដងៗទៅជាដៃគូពិភាក្សាជាប្រចាំ ជាមួយមហាអំណាចនានាលើលោក រាប់ទាំងបងធំទី ១ អាមេរិក បងធំទី២ ចិន បងទី៣ រុស្ស៊ី អឺរ៉ុប ជប៉ុន កូរ៉េ អូស្ត្រាលី និងឥណ្ឌា ជាដើម។ ទៅថ្ងៃមុខអាស៊ានក៏ទំនងជានឹងក្លាយជាទីចាប់អារម្មណ៍សម្រាប់ប្រទេសផ្សេងទៀត តួយ៉ាងដូចជាបណ្តាប្រទេសនៅតំបន់អហ្រ្វិកឬអាមេរិកឡាទីនផងក៏អាចថាបាន។ ទោះយ៉ាងណា យន្តការអាស៊ាន ជាយន្តការដែលជជែកគ្នារហូត មិនសូវជាបានផលជាផ្លែផ្កាដុំកំភួន លើដំណោះស្រាយនានាឡើយ៕

ប្រភព៖ https://www.postkhmer.com/national/2022-11-04-0923-243102.html

--------------

RAC Media

អត្ថបទទាក់ទង

«ក្រុមការងារស្រាវជ្រាវផ្នែកគណិតវិទ្យានិងស្ថិតិ គ្រោងនឹងផ្សព្វផ្សាយស្នាដៃ»

ផ្នែកគណិតវិទ្យានិងស្ថិតិ គឺជាផ្នែកមួយរបស់វិទ្យាស្ថានវិទ្យាសាស្រ្ត និងបច្ចេកវិទ្យានៃរាជបណ្ឌិត្យសភាកម្ពុជា។ ផ្នែកនេះ មានប្រធានផ្នែកមួយរូប និងមានមន្រ្តីបម្រើការចំនួន៧រូប ដែលសុទ្ធសឹងជាធនធានមានឯកទេសគណិតវិទ...

2018-12-27 11:36:35   Thu, 27,12,2018, 11:36 AM
បាឋកថាប្រចាំឆ្នាំ២០១៨ «តំបន់អនាធិបតេយ្យនៅប្រទេសកម្ពុជា៖ បញ្ហាប្រឈម និង ដំណោះស្រាយ»

បញ្ហាតំបន់អនាធិបតេយ្យ ជាបញ្ហាឈឺក្បាលមួយ ដែលកំពុងកើតមានច្រើន ទាំងនៅរាជធានីភ្នំពេញ និងនៅតាមបណ្តាទីរួមខេត្តនានានៅទូទាំងប្រទេស។ ទីតាំងមួយចំនួន បានអភិវឌ្ឍនៅកន្លែងក្លាយទៅជាទីប្រជុំជនច្រើន មានសំណង់រឹងមាំ បើទ...

2018-12-27 05:36:02   Thu, 27,12,2018, 05:36 AM
«កិច្ចប្រជុំផ្ទៀងផ្ទាត់ការងារបញ្ចប់ឆ្នាំ២០១៨»

ឆ្នាំ២០១៨នេះ ជាឆ្នាំដែលរាជបណ្ឌិត្យសភាកម្ពុជា មានសកម្មភាពច្រើន បើប្រៀបធៀបជាមួយនឹងបណ្តាឆ្នាំកន្លងទៅ។ ដូចដែលឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ក្នុងការតាំងចិត្តធ្វើកំ...

2018-12-24 09:00:28   Mon, 24,12,2018, 09:00 AM
«ឯកឧត្តមបណ្ឌិត យង់ ពៅ អញ្ជើញបិទកម្មវិធីសន្និសីទអន្តរជាតិ នៅសណ្ឋាគារអង្គរសេនជូរី»

ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា តំណាងឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានអញ្ជើញថ្លែងសុន្ទរកថាក្នុងពិធីបិទសន្និសីទអន្តរជាតិលើកទី១៤ ស្តីពី «តម្លៃវប្បធម...

2018-12-20 11:32:42   Thu, 20,12,2018, 11:32 AM
«ការប្រើប្រាស់អក្សរថៃនៅក្នុងការសរសេរអក្សរបាលី៖ បញ្ហា និងដំណោះស្រាយ»

លោកសាស្ត្រាចារ្យ Kangvol Khatshima ជាជនជាតិថៃ ដើមកំណើតខ្មែរសុរិន្ទ​ បានអញ្ជើញ​មក​ចូលរួមជាវាគ្មិន ក្នុងកម្មវិធីសន្និសីទអន្តរជាតិ ស្តីពី «តម្លៃវប្បធម៌អាស៊ីប៉ាស៊ីហ្វិក៖ វប្បធម៌, ប្រវត្តិ និងមោទកភាព» ថ្ងៃ...

2018-12-20 09:34:55   Thu, 20,12,2018, 09:34 AM
ចង្កៀងគោមបុរាណខ្មែរ LANTERN LAMP OF KHMER ANCIENT

បទបង្ហាញដោយបណ្ឌិត ខៀវ កុសល អនុប្រធានសមាគមអ្នកនិពន្ធខ្មែរ និងជាសមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យសភាកម្ពុជា    តាមនិយមន័យវចនានុក្រមរបស់សម្តេចព្រះសង្ឃរាជ ជួន ណាត «ចង្កៀង»មានន័យថា ប្រដាប់សម្រា...

2018-12-20 07:44:44   Thu, 20,12,2018, 07:44 AM

សេចក្តីប្រកាស