ព័ត៌មាន

ទំនាក់ទំនងកម្ពុជា-ចិន: មិត្តភាពដែលមិនអាចបំបែកបាន ដោយ៖ បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជារាជបណ្ឌិត្យសភាកម្ពុជា

2022-11-05 07:50:32 ថ្ងៃសៅរ៍, 05 វិច្ឆិកា 2022 ម៉ោង 02:50 PM
អ្នកមើល 4329
post_detail

"មិត្តភក្តិដែលគួរឱ្យទុកចិត្តបំផុត" "មិត្តល្អជួយគ្នាក្នុងគ្រាក្រ" "មិត្តភាពដែក" "ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ" និង "សហគមន៍ចិន-កម្ពុជាដែលមានអនាគតរួមគ្នា" ជាឃ្លោងឃ្លាមួយចំនួនក្នុងចំណោមឃ្លោងឃ្លាដទៃទៀតដែលតែងតែត្រូវបានប្រើដើម្បីបរិយាយអំពីទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន។

ផ្អែកតាមប្រវត្តិសាស្ត្រ ទំនាក់ទំនងចិន-កម្ពុជាមានអាយុកាលតាំងពីសតវត្សរ៍ទី១៣មកម្ល៉េះ។ ក្នុងសម័យទំនើប ទំនាក់ទំនងការទូតផ្លូវការរវាងប្រទេសទាំងពីរត្រូវបានបង្កើតឡើងនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៥៨។ ចាប់ពីពេលនោះមក ក្នុងនាមជាប្រទេសជិតខាងនិងដៃគូដ៏ជិតស្និទ្ធ កម្ពុជានិងចិនបានបង្កើតនិងបីបាច់ថែរក្សាចំណងមិត្តភាព «ដែកថែប» ដែលមិនអាចបំបែកបានដោយបានឆ្លងកាត់ការសាកល្បងនិងការលំបាកជាប្រវត្តិសាស្ត្រជាច្រើន។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តែងបញ្ជាក់ជាសាធារណៈជាបន្តបន្ទាប់ថា ចិនជា «មិត្តភក្តិដែលគួរឱ្យទុកចិត្តបំផុត» របស់ប្រទេសកម្ពុជា។ ចំណងមិត្តភាពរវាងប្រទេសទាំងពីរត្រូវបានចាក់ឫសជ្រៅដោយផ្អែកលើគោលការណ៍បច្ចសីលាសន្តិសហវិជ្ជមាន គោលការណ៍ស្មើភាពនិងស្មើសិទ្ធិ ការគោរពផលប្រយោជន៍គ្នាទៅវិញទៅមក និងការប្រកាន់ខ្ជាប់នូវគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ផងគ្នាទៅវិញទៅមក។ ថ្វីបើមិនមានព្រំដែនជាប់គ្នា តែប្រទេសទាំងពីរត្រូវបានចងភ្ជាប់ដោយទន្លេមេគង្គនិងទន្លេឡានឆាង - យើងមានទឹករួមគ្នា, យើងមានទន្លេរួមគ្នា។

ក្នុងទិដ្ឋភាពនយោបាយ កម្ពុជាគឺជាសម្ព័ន្ធមិត្តដ៏ចំណាស់និងជិតស្និទ្ធបំផុតរបស់ចិន។ ប្រទេសទាំងពីរផ្លាស់ប្តូរដំណើរទស្សនកិច្ចផ្លូវរដ្ឋនិងផ្លូវការកម្រិតខ្ពស់ជាញឹកញាប់និងទៀងទាត់។ កម្ពុជាតែងតែជាអ្នកគាំទ្រដ៏មុតមាំបំផុតនៃគោលនយោបាយចិនតែមួយ។ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់ថា «កម្ពុជានឹងមិនផ្លាស់ប្តូរគោលនយោបាយចិនតែមួយ'របស់ខ្លួននោះទេ»។

ក្នុងទិដ្ឋភាពសេដ្ឋកិច្ច ប្រទេសចិនគឺជាអ្នកវិនិយោគបរទេសដ៏ធំជាងគេរបស់កម្ពុជា ជាម្ចាស់ជំនួយដ៏សំខាន់ និងជាដៃគូពាណិជ្ជកម្មកាន់តែសំខាន់ខ្លាំងឡើងរបស់កម្ពុជា។ ចក្ខុវិស័យរបស់ប្រទេសចិនសម្រាប់ការអភិវឌ្ឍសាកលនិងទំនាក់ទំនងកាន់តែជិតស្និទ្ធរបស់ខ្លួនជាមួយកម្ពុជា ត្រូវបានគេមើលឃើញតាមរយៈកំណត់ត្រានៃការវិនិយោគរបស់ចិននៅកម្ពុជា។ យោងតាមស្ថិតិដែលចេញផ្សាយដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ការវិនិយោគផ្ទាល់ពីបរទេស (FDI) ដែលត្រូវបានអនុម័តក្នុងកំឡុងឆ្នាំ ១៩៩៤-២០១៩ ភាគរយធំបំផុតគឺមកពីប្រទេសចិន (២១.៨១%)។ នៅបណ្តាឆ្នាំដំបូងៗ ប្រទេសចិនបានធ្វើការវិនិយោគយ៉ាងសម្បើមសម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ថាមពល និងធនធានធម្មជាតិ។ ក្នុងឆ្នាំ២០២១ ការវិនិយោគផ្ទាល់ពីបរទេសពីប្រទេសចិនបានជាប់ចំណាត់ថ្នាក់កំពូលជាមួយនឹងការវិនិយោគសរុបចំនួន ២,៣២៦លានដុល្លារអាម៉េរិក កើនឡើង៦៧% បើធៀបនឹងឆ្នាំ២០២០។ នៅឆ្នាំ​២០១៧ កម្ពុជាទទួលជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) ប្រមាណជា ៤.២ពាន់លានដុល្លារអាម៉េរិក ដែលជាជំនួយឥតសំណង និងកម្ចីសម្បទានពីប្រទេសចិន។

ក្នុងទិដ្ឋភាពវប្បធម៌ គុណតម្លៃរបស់ប្រទេសចិនត្រូវបានបង្កប់យ៉ាងជ្រៅនៅក្នុងទិដ្ឋភាពជាច្រើននៃសង្គមកម្ពុជា។ ទំនាក់ទំនងរឹងមាំរវាងប្រជាជននិងប្រជាជន និងទំនាក់ទំនងសង្គម បង្កើតបានជាមូលដ្ឋានរឹងមាំសម្រាប់ការរីកចម្រើនជាបន្តបន្ទាប់នៃកិច្ចសហប្រតិបត្តិការជាមិត្តភាពរវាងកម្ពុជានិងចិន។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅលើគ្រប់វិស័យ ជំរុញឱ្យទំនាក់ទំនងកម្ពុជា-ចិនកាន់តែអភិវឌ្ឍទៅដល់កម្រិតខ្ពស់បំផុតដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ។

ក្នុងឆ្នាំ២០០៦ ប្រទេសទាំងពីរបានដំឡើងកម្រិតទំនាក់ទំនងទ្វេភាគីទៅជា «ភាពជាដៃគូនៃកិច្ចសហប្រតិបត្តិការគ្រប់ជ្រុង​ជ្រោយ» ហើយនៅឆ្នាំ២០១០ បានដំឡើងទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ»។ ប្រទេសកម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេដែលគាំទ្រនិងទទួលយកគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ (BRI) ដែលបង្កើតឡើងដោយប្រទេសចិននាឆ្នាំ២០១៣ ដោយទទួលស្គាល់ថា ឱកាសអភិវឌ្ឍន៍សេដ្ឋកិច្ចសំខាន់ៗនឹងត្រូវបានបង្កើតឡើង។

ក្នុងឆ្នាំ២០១៦ ប្រទេសទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការបង្កើតផែនការសហប្រតិបត្តិការទ្វេភាគី ដើម្បីរួមគ្នាកសាងខ្សែក្រវាត់សេដ្ឋកិច្ចផ្លូវសូត្រ និងផ្លូវសូត្រសមុទ្រសតវត្សរ៍ទី២១។ មួយឆ្នាំក្រោយ​​មក«គ្រោងនៃផែនការសហប្រតិបត្តិការទ្វេភាគីដើម្បីរួមគ្នាកសាងខ្សែក្រវាត់សេដ្ឋកិច្ចផ្លូវសូត្រនិងផ្លូវសូត្រសមុទ្រសតវត្សរ៍ទី២១» ត្រូវបានចុះហត្ថលេខា។ វិស័យចំនួនប្រាំពីរត្រូវបានផ្តល់អាទិភាពសម្រាប់កិច្ចសហប្រតិបត្តិការ រួមមាន ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម ការកសាងសមត្ថភាព ឧស្សាហកម្ម វប្បធម៌និងទេសចរណ៍ ហិរញ្ញវត្ថុ និងការការពារបរិស្ថាន។

នាខែមេសា ឆ្នាំ២០១៩ កម្ពុជានិងចិនបានចុះហត្ថលេខាលើ «ផែនការសកម្មភាព ឆ្នាំ២០១៩-២០២៣ ស្តីពីការកសាងសហគមន៍ចិន-កម្ពុជាដែលមានអនាគតរួមគ្នា»។ នៅក្រោមផែនការសកម្មភាពនេះ ប្រទេសទាំងពីរបានប្តេជ្ញាអនុវត្តវិធានការចំនួន៣១ ក្នុងវិស័យទាំង៥ រួមមាន នយោបាយ សន្តិសុខ សេដ្ឋកិច្ច ទំនាក់ទំនងប្រជាជននិងប្រជាជន និងកិច្ចសហប្រតិបត្តិការពហុភាគី។

ថ្មីៗបំផុត កម្ពុជានិងចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (CCFTA) នាខែតុលា ឆ្នាំ២០២០ ដែលជាការកត់សម្គាល់ការចាប់ផ្តើមនៃយុគសម័យថ្មីនៃកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។ តួនាទីដ៏សំខាន់របស់កម្ពុជានៅក្នុងគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ និងភាពជាដៃគូដ៏រឹងមាំជាមួយប្រទេសចិន​លើវិស័យពាណិជ្ជកម្មនិងការវិនិយោគ ត្រូវបានបង្ហាញនៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងបានបង្ហាញ​ពីការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល (GDI) គំនិតផ្តួចផ្តើមសន្តិសុខសកល (GSI) និងសហគមន៍ដែលមានអនាគតរួមគ្នា។

ការផ្ទុះឡើងនៃរោគរាតត្បាតកូវីដ-១៩ បានសាកល្បងសាមគ្គីភាពសកល និងភាពធន់នៃការឆ្លើយតបរបស់ប្រទេសនានាចំពោះជំងឺរាតត្បាតនេះ។ នៅពេលដែលកម្ពុជាជួបប្រទះនឹងបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរនៃកូវីដ-១៩ ប្រទេសចិនបានប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីជួយកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាតនេះ។ ដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់ប្រទេសចិន នាខែកុម្ភៈ ឆ្នាំ២០២០ ខណៈស្ថានភាពរោគរាតត្បាត​កូវីដ-១៩​នៅប្រទេសចិននៅតែធ្ងន់ធ្ងរនៅឡើយនោះ បានបង្ហាញពីការគាំទ្រដ៏រឹងមាំរបស់កម្ពុជាចំពោះប្រទេសចិន។

ការគាំទ្ររបស់ប្រទេសចិនចំពោះកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតតាមរយៈការផ្តល់ដល់កម្ពុជានូវវ៉ាក់សាំងរាប់លានដូស បានបង្ហាញឱ្យឃើញថា សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវក្នុងការជ្រើសរើសប្រទេសចិនជាប្រភពវ៉ាក់សាំងដ៏សំខាន់របស់ប្រទេស និងជាអ្នកផ្គត់ផ្គង់វ៉ាក់សាំងជាយុទ្ធសាស្ត្រ។ ប្រទេសចិនក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការស្តារសេដ្ឋកិច្ចកម្ពុជាឡើងវិញក្រោយកូវីដ-១៩។

ពាក់ព័ន្ធនឹងបញ្ហាសមុទ្រចិនខាងត្បូង កម្ពុជាតែងតែអំពាវនាវដល់ភាគីទាំងអស់ឱ្យអនុម័តដំណោះស្រាយប្រកប​ដោយ​សន្តិវិធីនិងបន្តប្រើប្រាស់យន្តការអាស៊ាន-ចិន សម្រាប់ការអនុវត្តដោយពេញលេញនូវសេចក្តីប្រកាសស្តីពីការប្រតិបត្តិនៃភាគីនានានៅសមុទ្រចិនខាងត្បូង (DOC) និងជំរុញឱ្យអាស៊ាននិងចិនធ្វើការរួមគ្នាបន្ថែមទៀត ដើម្បីសម្រេច​បាននូវក្រមប្រតិបត្តិនៅសមុទ្រចិនខាងត្បូង (COC)។ សំខាន់ជាងនេះទៀត ជំហរអព្យាក្រឹតនិងយុត្តិធម៌របស់កម្ពុជាលើបញ្ហាសមុទ្រចិនខាងត្បូងនេះបានរួមចំណែកដល់ការថែរក្សាសន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់ ទន្ទឹមនឹងការលើកកម្ពស់ផលប្រយោជន៍ទៅវិញទៅមកដែលកើតចេញពីទំនាក់ទំនង កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដែលមានផលប្រយោជន៍ទៅវិញទៅមករវាងអាស៊ាននិងចិន។

កម្ពុជាក៏រក្សាទំនាក់ទំនងល្អជាមួយប្រទេសចិនក្នុងកម្រិតពហុភាគីក្នុងក្របខណ្ឌអាស៊ានផងដែរ ដូចជា ក្របខណ្ឌកិច្ចសហប្រតិបត្តិការអាស៊ាន+១ អាស៊ាន+៣ និងក្របខណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ជាដើម។ ប្រទេសទាំងពីរប្រកាន់ខ្ជាប់យ៉ាងពេញលេញនូវគោលការណ៍ពហុភាគីនិយម ជាពិសេសប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដែលមានអង្គការពាណិជ្ជកម្មពិភពលោក (WTO) គឺជាកម្លាំងចលករស្នូលសម្រាប់ជំរុញទំនាក់ទំនងអន្តរជាតិដោយផ្អែកលើ​គោល​ការណ៍នៃការគោរពគ្នាទៅវិញទៅមក សមធម៌ និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ។

ចំណងមិត្តភាពដែកថែបរបស់កម្ពុជាជាមួយចិន បានពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងអាស៊ាននិងចិន ព្រមទាំងធានាសិទ្ធិនិងផលប្រយោជន៍នៃប្រទេសកំពុងអភិវឌ្ឍ បង្កើនការយោគយល់គ្នា និងការជឿទុកចិត្តគ្នាទៅវិញទៅ​មក និងលើកកម្ពស់សន្តិភាពនិងស្ថិរភាពក្នុងតំបន់។ ទោះបីជាមានជំងឺរាតត្បាតកូវីដ-១៩ក្តី ក៏អាស៊ាននិងចិននៅតែជាដៃគូពាណិជ្ជកម្មធំបំផុតរបស់គ្នាទៅវិញទៅមក និងរក្សាបាននូវសន្ទុះនៃកំណើន។

ទាំងក្របខណ្ឌទ្វេភាគីនិងក្របខណ្ឌពហុភាគី ទំនាក់ទំនងកម្ពុជា-ចិន បន្តធ្វើពិពិធកម្មនិងពង្រឹងលើគ្រប់វិស័យដែលមាន​ផលប្រយោជន៍រួម។ សាមគ្គីភាពក្នុងការដោះស្រាយបញ្ហាប្រឈមជាអន្តរជាតិ បទពិសោធរឹងមាំក្នុងកិច្ចសន្ទនាទ្វេភាគី ការពន្លឿនទំនាក់ទំនងគ្រប់កម្រិតលើវេទិកាផ្សេងៗ ការយោគយល់គ្នាទៅវិញទៅមកដែលចាក់ឫសយ៉ាងស៊ីជម្រៅ និងវិធីសាស្រ្តប្រកបដោយការគោរពគ្នា ពិតជាធានាឱ្យប្រទេសទាំងពីរអាចសម្រេចបាននូវសមិទ្ធផលធំៗថែមទៀត ទាំងកម្រិតជាតិនិងពិភពលោក។ ដូច្នេះទំនាក់ទំនងចិន-អាស៊ាន ក៏បានឈានចូលទំព័រថ្មីនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដើម្បីរួមគ្នាកសាងសហគមន៍ដែលមានអនាគតរួមគ្នាសម្រាប់មនុស្សជាតិ៕


RAC Media

ប្រភព៖ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា


អត្ថបទទាក់ទង

«កម្ពុជា រយៈពេល ២២ឆ្នាំក្នុងអាស៊ាន»

សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញចូលរួមកិច្ចប្រជុំកំពូលនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លើកទី ៣៦ តាមរយៈប្រព័ន្ធវីដេអូ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០(អត្ថបទដ...

2021-04-30 09:59:56   ថ្ងៃសុក្រ, 30 មេសា 2021 ម៉ោង 04:59 PM
"Myanmar's political crisis should be viewed in an objective and impartial way"

2021-04-30 09:22:33   ថ្ងៃសុក្រ, 30 មេសា 2021 ម៉ោង 04:22 PM
«វិបត្តិនយោបាយនៅមីយ៉ាន់ម៉ាគួរត្រូវបានសម្លឹងមើលដោយលក្ខណៈសត្យានុម័តនិងមិនលម្អៀង» ដោយ៖ បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា រាជបណ្ឌិត្យសភាកម្ពុជា

ប្រទេសមីយ៉ាន់ម៉ាបានធ្លាក់ក្នុងវិបត្តិនយោបាយដ៏ស្រួចស្រាវចាប់តាំងពីខែកុម្ភៈមក ដែលផ្តើមចេញពីការមិនសប្បាយចិត្តរបស់គណបក្សសហព័ន្ធសាមគ្គីភាពនិងការអភិវឌ្ឍដែលគាំទ្រដោយយោធាចំពោះលទ្ធផលនៃការបោះឆ្នោតកាលខែវិច្ឆិកា...

2021-04-30 09:10:30   ថ្ងៃសុក្រ, 30 មេសា 2021 ម៉ោង 04:10 PM
«ទិវាភាសាចិនអន្តរជាតិ» លើកទី១២ តាមប្រព័ន្ធអនឡាញ ដោយ៖ កញ្ញា វុធ សុភ័ក្រណា

នៅព្រឹកថ្ងៃអង្គារ ៩កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ រាជបណ្ឌិត្យសភាកម្ពុជា សហការជាមួយមជ្ឈមណ្ឌលសហប្រតិបត្តិការភាសាបរទេសនៃក្រសួងអប់រំចិនបានប្រារព្ធ «ទិវាភាសាចិនអន...

2021-04-20 14:43:13   ថ្ងៃអង្គារ, 20 មេសា 2021 ម៉ោង 09:43 PM
ទំនាក់ទំនងកម្ពុជា-វៀតណាម៖ សមមិត្តរួមសមរភូមិនិងរបត់ថ្មី ដោយ៖ លោក អ៊ុច លាង អ្នកសិក្សាស្រាវជ្រាវនៃនាយកដ្ឋានសិក្សាអាស៊ី អាហ្វ្រិក និងមជ្ឍិមបូព៌ា នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Media /ចុះផ្សាយថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១

2021-04-19 05:39:38   ថ្ងៃចន្ទ, 19 មេសា 2021 ម៉ោង 12:39 PM
ជំនួបរវាងអគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា និងអគ្គលេខាធិការនៃក្រុមប្រឹក្សាជាតិស្រាវជ្រាវសេដ្ឋកិច្ច មនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម (NRC) នៃសាធារណរដ្ឋកូរ៉េ

ក្នុងនាមឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមបណ្ឌិត យង់ ពៅអគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានដឹកនាំក្រុមការងារបច្ចេកទេសនៃរាជបណ្ឌិត្យ សភាកម្ពុជា ដើម្បីប្រជុំតាមកម្មវិធី...

2021-04-06 10:06:22   ថ្ងៃអង្គារ, 06 មេសា 2021 ម៉ោង 05:06 PM

សេចក្តីប្រកាស