ព័ត៌មាន

ភាពលេចធ្លោនៃចំណងមិត្តភាព កម្ពុជានិងវៀតណាម ដោយ៖ លោក អ៊ុច លាង អ្នកសិក្សាស្រាវជ្រាវនៃនាយកដ្ឋានសិក្សាអាស៊ី អាហ្វ្រិក និងមជ្ឈិមបូព៌ា នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា

2022-11-05 07:02:37 ថ្ងៃសៅរ៍, 05 វិច្ឆិកា 2022, 07:02 AM
post_detail

ទំនាក់ទំនងរវាងប្រទេសកម្ពុជា និងវៀតណាម ត្រូវបានលើកកម្ពស់ និងពង្រឹងឥត ឈប់ឈរ តាមរយៈថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរ ក្រោមបាវចនានៃ “ភាពជា អ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និរន្តរភាពយូរអង្វែង” ដែលបានព្រមព្រៀងគ្នា ក្នុងឆ្នាំ២០០៥ បាននាំមកនូវផលប្រយោជន៍ជាក់ស្តែងសំខាន់ៗ សម្រាប់ ប្រជាជននៃប្រទេសទាំងពីរ។ ប្រទេសទាំងពីរ តែងតែរក្សាបាននូវការផ្លាស់ប្តូរទស្សនកិច្ចកម្រិត ខ្ពស់ យ៉ាងទៀងទាត់និងគ្រប់កម្រិត ដើម្បីពង្រឹងភាពជឿទុកចិត្តគ្នាទៅវិញទៅមក និង លើកកម្ពស់ យន្តការនៃកិច្ចសហប្រតិបត្តិការរវាងគ្នានឹងគ្នា។ ថ្ងៃទី៨ ខែវិច្ឆិកា នេះ នាយករដ្ឋមន្ត្រីនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម លោក Pham Minh Chinh នឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី៨ ដល់ ថ្ងៃទី៩ ខែវិច្ខិកា ឆ្នាំ២០២២ និងចូលរួមកិច្ច ប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ ចាប់ពីថ្ងៃទី១១ ដល់ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ តបតាមការអញ្ជើញរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ធ្វើឡើងក្នុងបរិបទ ដែលពិភពលោក ក៏ដូចជាក្នុងតំបន់កំពុងមានការប្រែប្រួលជាបន្តបន្ទាប់ ជាពិសេស ផលប៉ះពាល់ ដែលបង្កឡើងដោយការរីករាតត្បាតនៃជំងឺ កូវីដ-១៩; ជម្លោះនៃការប្រកួតប្រជែងភូមិសាស្ត្រ នយោបាយ រវាងប្រទេសមហាអំណាចធំៗនៅលើពិភពលោក; សង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែន; និងវិបត្តិនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលមិនទាន់មានដំណោះស្រាយ។ ហើយបើទោះបីជាកំពុង ប្រឈមមុខនឹងបញ្ហាប្រឈមទាំងនេះក្តី ក៏ប្រទេសកម្ពុជានិងវៀតណាម នៅតែបន្តពង្រឹង ទំនាក់ទំនង ក្នុងភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី និងជួយគ្នាទៅវិញទៅមក ក្រោម ស្មារតី រួមសុខរួមទុក្ខជាមួយគ្នា ដើម្បីរក្សាបាននូវស្ថិរភាពនយោបាយនិងសង្គម និងបន្តជំរុញ ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ។

ឆ្នាំ២០២២នេះ គឺជាខួបលើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូតផ្លូវការ រវាងប្រទេស ទាំងពីរ កម្ពុជា-វៀតណាម (១៩៦៧-២០២២) និងជា "ឆ្នាំមិត្តភាពកម្ពុជា-វៀតណាម" ដែលប្រទេសទាំងពីរបានកំណត់យក។ ឆ្នាំនេះមានព្រឹត្តិការណ៍សំខាន់ៗជាច្រើន ត្រូវបានប្រារព ធ្វើឡើង ក្នុងគោលបំណងដើម្បី រំលេចឱ្យឃើញច្បាស់ពី ការលើកកម្ពស់ គោលនយោបាយ ការបរទេស រវាងប្រទេសទាំងពីរ។ ហើយជាការកត់សម្គាល់ មានការផ្លាស់ប្តូរដំណើរទស្សនកិច្ច របស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពី ជាបន្តបន្ទាប់ មានដូចជា៖ ជំនួបរវាង សម្ដេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម លោក Pham Minh Chinh នៅខេត្តត្បូងឃ្មុំ (ជាប់ព្រំប្រទល់ខេត្ត Binh Phuoc របស់ប្រទេសវៀតណាម) ក្នុងឱកាសរំលឹកខួបលើកទី៤៥ នៃទិវានៃការចងចាំដំណើរឆ្ពោះទៅរកការផ្តួលរំលំ របបប្រល័យ ពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧–២០ មិថុនា ២០២២) និងពិធីសម្ពោធ សមិទ្ធផលនានា នៅតំបន់ប្រវត្តិសាស្រ្ត យោធាតេជោកោះថ្ម X១៦។ ដំណើរទស្សនកិច្ចរបស់ សមាជិកការិយាល័យនយោបាយ និងជាលេខាធិការអចិន្ត្រៃយ៍នៃ គណលេខាមជ្ឈិមបក្ស កុម្មុយនិស្តវៀតណាម លោក Vo Van Thuong មកកាន់ប្រទេសកម្ពុជា ចាប់ពី ថ្ងៃទី១៧ ដល់ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២។ ដំណើរទស្សនកិច្ចផ្លួវរដ្ឋ របស់ប្រធានព្រឹទ្ធសភាកម្ពុជា សម្តេច សាយ ឈុំ ទៅកាន់ប្រទេសវៀតណាម ចាប់ពីថ្ងៃទី២៤ ដល់ ថ្ងៃទី២៦ ខែតុលា ឆ្នាំ ២០២២។ ដំណើរទស្សនៈកិច្ចផ្លូវរដ្ឋ របស់ប្រធានរដ្ឋសភាកម្ពុជា សម្តេច ហេង សំរិន ទៅកាន់ប្រទេស វៀតណាម ចាប់ពីថ្ងៃទី១២ ដល់ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២។ ដំណើរទស្សកិច្ចផ្លូវការ របស់ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការកងទ័ពជើងគោកកម្ពុជា នៅប្រទេសវៀតណាម ពីថ្ងៃទី៧ ដល់ ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ ជាដើម។ ក្រៅពីនេះ នៅមានថ្នាក់ដឹកនាំខេត្ត-ក្រុងនៃប្រទេសទាំងពីរ ជាពិសេស ថ្នាក់ដឹកនាំនៅបណ្តាខេត្តជាប់ព្រំដែន រវាងប្រទេសទាំងពីរ បានទៅបំពេញទស្សនកិច្ច រៀងៗ ខ្លួន។ ហើយតាមរយៈដំណើរទស្សនកិច្ចទាំងនេះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បានសម្តែងនូវ សេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ចំពោះសមិទ្ធផលដែលប្រទេសទាំងពីរ សម្រេចបានជា ផ្លែផ្កានាពេលកន្លងមក និងបានបន្តប្តេជាចិត្តយ៉ាងមុតមាំ ក្នុងការគាំទ្រគ្នាទៅវិញទៅមក ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី។

លើទិដ្ឋភាពនយោបាយ៖ ប្រទេសទាំងពីរតែងតែបានបង្ហាញនូវជំហរនៃការគាំទ្រគ្នាទៅវិញ ទៅមក ក្នុងគោលបំណងរក្សាស្ថិរភាពនយោបាយ ដើម្បីជំរុញការអភិវឌ្ឍប្រទេសជាតិ។ ប្រទេស វៀតណាម តែងតែប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានដឹកនាំប្រទេសឱ្យសម្រេចបាន នូវសមិទ្ធផលធំៗ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេស ក្នុងការគ្រប់គ្រងការរីករាលដាល នៃជំងឺកូវីដ-១៩ប្រកបដោយជោគជ័យ; ការបើក ដំណើរការប្រទេសឡើងវិញប្រកបដោយជោគជ័យ និងជំរុញការស្តាសេដ្ឋកិច្ចឡើងវិញឱ្យបាន ឆាប់រហ័ស ក្រោយប៉ះពាល់ដោយជំងឺកូវីដ-១៩ ហើយទន្ទឹមនឹងនោះផងដែរ ប្រទេសវៀតណាម ក៏មានជំនឿចិត្តយ៉ាងមុតមាំផងដែរថា កម្ពុជានឹង រៀប ចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នៅឆ្នាំ២០២៣ ប្រកបដោយជោគជ័យ និងបន្តសម្រេចបានសមិទ្ធផលកាន់ តែច្រើនបន្ថែមទៀត ដើម្បីលើកកម្ពស់ការងារកសាងប្រទេសកម្ពុជា ឱ្យក្លាយជាប្រទេសដែលពោរពេញទៅដោយ សន្តិភាព ឯករាជ្យ ប្រជាធិបតេយ្យ និងវិបុលភាព។

លើទិដ្ឋភាពពាណិជ្ជកម្ម៖ បើយោងតាមស្ថិតិរបស់ការិយាល័យគយ របស់ប្រទេស វៀតណាម បាបញង្ហាញឱ្យឃើញថា គិតរហូតមកដល់ចុងខែកញ្ញា ឆ្នាំ២០២២ ទំហំ ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ សម្រេចបាន ៨,៤៦ពាន់លានដុល្លារអាម៉េរិក កើនឡើង ២,៤% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ហើយក្នុងនោះ ការនាំចេញរបស់ វៀតណាមមកកាន់កម្ពុជា សម្រេចបាន ៤,៥៦ពាន់លានដុល្លារ កើនឡើង ២៨,៨% និងការនាំចេញពី កម្ពុជាទៅកាន់ប្រទេសវៀតណាមឈានដល់ ៣,៩ពាន់លានដុល្លារអាម៉េរិក កើនឡើង៥,១%។ បើយោងតាមការព្យាករណ៍ នៅឆ្នាំ ២០២២ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរនឹងកើនឡើងដល់ជាង១០ពាន់លានដុល្លារអាម៉េរិក នឹងក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសទាំងដប់ពីរ ដែលមានទំហំពាណិជ្ជកម្មធំបំផុតជាមួយវៀតណាម។ ទំនិញដែល វៀតណាមនាំចូលមកកម្ពុជា ភាគច្រើនមានដូចជា ប្រេង ដែកថែប វត្ថុធាតុដើមសម្រាប់វិស័យវាយនភណ្ឌ ជី ជាដើម។ ចំណែក កម្ពុជានាំចេញផលិតផលកសិកម្មជាចម្បង ទៅកាន់ប្រទេសវៀតណាម មានដូចជា៖ គ្រាប់ស្វាយចន្ទី កៅស៊ូ ថ្នាំជក់ ជាដើម។ ប្រទេសទាំងពីរកំពុងសម្របសម្រួល ដើម្បីជំរុញការ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសេដ្ឋកិច្ច និងកិច្ចព្រមព្រៀងនានាផ្សេងទៀត ដើម្បីជំរុញ កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច រវាងប្រទេសទាំងពីរ ដូចជា៖ កិច្ចព្រមព្រៀងពាណិជ្ជកម្ម តាមព្រំដែន; កិច្ចព្រមព្រៀងស្តីពីការជំរុញ ពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម ក្នុងដំណាក់កាលឆ្នាំ២០២៣-២០២៤; កិច្ចព្រមព្រៀងតភ្ជាប់សេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ជាដើម។

លើទិដ្ឋភាពវិន្និយោគ៖ គិតមកទល់ត្រឹមចុងខែកញ្ញា ឆ្នាំ២០២២ វៀតណាមមាន គម្រោងវិនិយោគសរុបចំនួន ១៩៩ នៅកម្ពុជា ដែលមានទុនវិនិយោគសរុបចំនួន ២,៩៣ពាន់ លានដុល្លារអាម៉េរិក ជាប់ចំណាត់ថ្នាក់លេខ២ ក្នុងចំណោមប្រទេស និងដែនដីទាំង៧៩ ដែល ប្រទេសវៀតណាមបានដាក់ទុនវិនិយោគ។ ក្នុងនោះ វិស័យកសិកម្មស្ថិតក្នុងចំណាត់ថ្នាក់ទី១ ចំណាត់ថ្នាក់ទីពីរគឺធនាគារ បន្ទាប់មកគឺឧស្សាហកម្មផលិត និងរ៉ែ។ ចំណេកកម្ពុជាមានគម្រោង វិនិយោគចំនួន២១នៅប្រទេសវៀតណាម ដែលមានទុនវិនិយោគសរុបប្រមាណ៦៤លានដុល្លារអាម៉េរិក។ គម្រោង វិនិយោគ ជាច្រើនរបស់វៀតណាមនៅកម្ពុជា បានរួមចំណែកក្នុងការបង្កើត ទីផ្សារការងារ និងជាប្រភពចំណូលដល់កម្មករកម្ពុជា និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចក្នុងស្រុក ដូចជា ក្រុមហ៊ុន Vietnam Rubber Group–VRG, Thagrico, Metfone ជាដើម។ ហើយប្រទេសវៀតណាម ស្ថិតក្នុងចំណោមប្រទេស ដែលបានដាក់ទុនវិនិយោគធំជាងគេទាំង៥ នៅកម្ពុជា។

លើទិដ្ឋភាពសង្គម-វប្បធម៌៖ ជាក់ស្តែងក្នុងឱកាសរំលឹកខួបលើកទី៥៥ នៃការបង្កើត ទំនាក់ទំនងការទូតផ្លូវការរវាងកម្ពុជានិងវៀតណាម កម្ពុជាបានរៀបចំវេទិកាសប្តាហ៍វប្បធម៌ កម្ពុជានៅប្រទេសវៀតណាម ឆ្នាំ២០២២ (ពីថ្ងៃទី ២៧ ខែកញ្ញា ដល់ ថ្ងៃទី២ ខែតុលា) នៅទីក្រុងហូជីមិញ និងខេត្តត្រាវិញ ប្រទេសវៀតណាម ហើយមានសកម្មភាពជាច្រើនត្រូវបាន ប្រារពធ្វើឡើង ដើម្បីផ្សព្វផ្សាយពីភាពសម្បូរបែបនៃសិល្បៈនិងវប្បធម៌របស់កម្ពុជា។ ចំណែក    វៀត ណាម ក៏បានរៀបចំវេទិកាសប្តាហ៍វប្បធម៌របស់ខ្លួននៅកម្ពុជាឆ្នាំ២០២២ ផងដែរ (ពីថ្ងៃទី១០ ខែតសីហា ដល់ ថ្ងៃទី១៤ ខែសីហា) លើប្រធានបទ “បេតិកភណ្ឌវប្បធម៌ និងអភិវឌ្ឍន៍ ធនធានមនុស្ស”។ តាមរយៈព្រឹត្តិការណ៍នេះ ប្រជាជននៃប្រទេសទាំងពីរមានឱកាស សិក្សា ស្វែងយល់ ពីលក្ខណៈសម្បូរបែបនិងពិសេសៗ របស់វប្បធម៌រវាងប្រទេសទាំងពីរ។

លើទិដ្ឋភាពសន្តិសុខនិងការពារជាតិ៖ ប្រទេសទាំងពីរបានសន្យាបន្តពង្រឹង និងលើក កម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ និងការពារជាតិ ដោយធានាឱ្យបានសន្តិសុខ នៅតំបន់ព្រំដែនរវាងប្រទេសទាំងពីរ។ ទន្ទឹមនឹងនេះនឹងបន្តជំរុញការផ្លាស់ប្តូរបទពិសោធន៍រវាងគ្នា និងសហប្រតិបត្តិការក្នុងការស្វែងរកអដ្ឋិធាតុ របស់កងទ័ពស្ម័គ្រចិត្ត​វៀតណាម​ដែលបានស្លាប់នៅ ក្នុងប្រទេសកម្ពុជា ព្រមទាំងធ្វើការផ្លាស់ប្តូរនិងបង្កើតឱ្យមានភាពឯកភាពគ្នា លើបញ្ហាសន្តិសុខ ក្នុងតំបន់ និងពិភពលោក។

លើទិដ្ឋភាពនៃឆ្នាំជាប្រធានអាស៊ានប្តូរវេនរបស់កម្ពុជា៖ វៀតណាមបានអបអរសាទរ កម្ពុជា ដែលបានរៀបចំកិច្ចប្រជុំអាស៊ាននាពេលថ្មីៗកន្លងទៅប្រកបដោយជោគជ័យ និងបន្តគាំទ្រ កម្ពុជាក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០-៤១ និងមហាសន្និបាត AIPA លើកទី៤៣ នៅខែវិច្ឆិកា ឆ្នាំ២០២២នេះ ទន្ទឹមនឹងនេះ វៀតណាមនៅតែបន្តចូលរួមចំណែកក្នុង ការកសាងសហគមន៍អាស៊ាន និងលើកកម្ពស់កិត្យានុភាពនិងជំហររបស់កម្ពុជានៅឆាក អន្តរជាតិ។ ចំណែកប្រទេសកម្ពុជាក៏បានបោះឆ្នោតគាំទ្រ ដើម្បីជ្រើសរើសបេក្ខភាពរបស់ វៀតណាម ឱ្យជាប់ជាសមាជិក​ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិជាលើកទីពីរ នៅឆ្នាំ២០២៣ផងដែរ។

ទំនាក់ទំនងរវាង កម្ពុជានិងវៀតណាម បានផ្លាស់ប្តូរជាបន្តបន្ទាប់ តាំងពីអតីតកាល រហូតមកទល់បច្ចុប្បន្ន និងបានអភិវឌ្ឍកាន់តែខ្លាំងឡើងលើវិស័យជាច្រើន ដែលបាននាំមកនូវ ផលប្រយោជន៍ ជាក់ស្តែងជាច្រើនសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។ ទំនាក់ទំនងរវាង កម្ពុជា និងវៀតណាម មិនត្រឹមតែជាទំនាក់ទំនងតាមបែបប្រពៃណី ក្នុងនាមជាប្រទេសជិតខាង ភូមិផងរបងជាមួយគ្នាប៉ុណ្ណោះទេ គឺថែមទាំងជាទំនាក់ទំនងក្នុងនាមជាបងប្អូន រួមសុខរួមទុក្ខ ជាមួយគ្នាក្នុងបុព្វហេតុរំដោះជាតិ និងការបង្រួបបង្រួមជាតិ រួមគ្នាក្នុងការកសាងនិងអភិវឌ្ឍន៍ ប្រទេសជាតិ រហូតមកទល់សព្វថ្ងៃនេះ។ ទំនាក់ទំនងនេះត្រូវបានថ្នាក់ដឹកនាំ និងប្រជាជន នៃប្រទេសទាំងពីរបន្តថែរក្សានិងពូនជ្រំជាបន្តបន្ទាប់ និងត្រូវបានយុវជនជំនាន់ក្រោយនៃ ប្រទេស ទាំងពីរបន្តកសាងស្ពានមិត្តភាពនេះបន្តទៀត ក្រោមបាវចនា “ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការ គ្រប់ជ្រុងជ្រោយ និរន្តរភាពយូរអង្វែង”៕


RAC Media

ប្រភព៖ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា


អត្ថបទទាក់ទង

What should Cambodia take away from the changes in Korea? by Seun Sam

Under the cooperation between the Royal Academy of Cambodia and the National Research Council for Economics, Humanities and Social Sciences of the Republic of Korea, has brought me to the Republic of...

2023-03-27 13:54:31   Mon, 27,03,2023, 01:54 PM
«សប្តាហ៍នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៣»

តបតាមការអញ្ជើញរបស់សាកលវិទ្យាល័យមីងជូ ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានដឹកនាំគណៈប្រតិភូ ចូលរួមសន្និសីទអន្តរជាតិលើកទី៦ នៃសប្តាហ៍សហប្រតិបត្តិការមេគង្គ-ឡានឆាង និងវេទិកាល...

2023-03-23 11:20:54   Thu, 23,03,2023, 11:20 AM
«កិច្ចសហប្រតិបត្តិការថ្មីរវាងរាជបណ្ឌិត្យសភាកម្ពុជានិងសាកលវិទ្យាល័យមីងជូ (Minzu) ខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន»

ក្នុងដំណើរទស្សនកិច្ចផ្លូវការមកកាន់ទីក្រុងគន់មីង ខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានជួបពិភាក្សាការងារជាមួ...

2023-03-23 10:07:14   Thu, 23,03,2023, 10:07 AM
ការរៀបចំនិងប្រព្រឹត្តទៅនៃតួនាទី និងអំណាចរដ្ឋបាលឃុំ សង្កាត់ ដោយ៖ បណ្ឌិត ហ៊ឹម ញាណារិទ្ធ មន្ត្រីស្រាវជ្រាវនៃវិទ្យាស្ថានមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា

ការគ្រប់គ្រងរដ្ឋបាលតាមបែប វិមជ្ឈការ គឺជាប្រព័ន្ធនៃការគ្រប់គ្រងរដ្ឋបាល ដែលរដ្ឋបាលកណ្តាលផ្ទេរអំណាចទៅឱ្យរដ្ឋបាល មូលដ្ឋាន ដែលមានរដ្ឋបាលឃុំ សង្កាត់។ ការផ្ទេរអំណាចបែបនេះ ក្នុងគោលបំណងឱ្យរដ្ឋបាលមូលដ...

2023-03-14 09:11:44   Tue, 14,03,2023, 09:11 AM
ការអនុវត្តកិច្ចសន្យាពាណិជ្ជកម្មអន្តរជាតិ ដោយ៖ បណ្ឌិត មិន ប្រុសបញ្ញារិទ្ធិ - នាយកដ្ឋាននីតិសាស្រ្តនៃវិទ្យាស្ថានមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម

ច្បាប់កិច្ចសន្យា ត្រូវបានគេយកទៅអនុវត្ត នៅគ្រប់ក្របខណ្ឌអភិវឌ្ឍន៍សហគ្រាសធុនតូច និង មធ្យមក្រុមហ៊ុនរូបវន្តបុគ្គល និង ក្រុមហ៊ុននីតិបុគ្គលជាតិ និង អន្តរជាតិ។ ដើម្បីដំណើរការប្រព្រឹត្តទៅបានល្អ កាត់បន្ថយនូវជម្...

2023-03-14 08:58:00   Tue, 14,03,2023, 08:58 AM
ជំនឿបែបជីវចលនិយមក្នុងសង្គមខ្មែរ ដោយ៖ បណ្ឌិត ហែម ឡាច មន្ត្រីនាយកដ្ឋាននីតិសាស្ត្រ វិទ្យាស្ថានមនុសាស្ត្រនិងវិទ្យាសង្គម នៃ​រាជបណ្ឌិត្យសភាកម្ពុជា

មនុស្សក្នុងលោកយើងនេះតែងតែមានជំនឿលើអ្វីៗជាច្រើន តាមការយល់ឃើញរបស់ពួកគេ។ ជនជាតិខ្លះមានជំនឿលើកធម្មជាតិដូចជា បឹងបួ ទន្លេ ព្រៃភ្នំ ដើមឈើធំៗ ឬអព្ហូតហេតុផ្សេងៗ ដែលជារឿង អច្ឆរិយៈ។ ពួកគេនាំគ្នាគោរពបន់ស្រន់ដោយជ...

2023-03-14 08:44:07   Tue, 14,03,2023, 08:44 AM

សេចក្តីប្រកាស