ព័ត៌មាន

ឯកឧត្តមបណ្ឌិត យង់ ពៅ៖ បញ្ហាសន្តិសុខសកល ជាប្រធានបទក្ដៅគ្រប់ពេល បាននិងកំពុងជះឥទ្ធិពលដល់បម្រែបម្រួលនៃភូមិសាស្រ្តនយោបាយ និងសណ្តាប់ធ្នាប់ពិភពលោក

2022-10-19 15:01:20 ថ្ងៃពុធ, 19 តុលា 2022 ម៉ោង 10:01 PM
អ្នកមើល 153
post_detail

ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិកានៃរាជបណ្ឌិត្យសភាកម្ពុជា ក្នុងឱកាសបិទកម្មវិធីវេទិកាគោលនយោបាយទំនាក់ទំនងអន្តរជាតិ ស្តីពី «ទ្វេគ្រោះសន្តិសុខក្នុងតំបន់ ៖ និន្នាការ ទិសដៅ និងការបំភាន់» កាលពីព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ ព្រឹកមិញនេះ បានកត់សម្គាល់ថា បញ្ហាសន្តិសុខសកល ជាប្រធានបទក្ដៅគ្រប់ពេល ដែលតែងមានការលើកមកជជែកពិភាក្សាម្ដងហើយម្ដងទៀត ក្នុងចំណោមមេដឹកនាំពិភពលោក អ្នកការទូត អ្នកនយោបាយ អ្នកស្រាវជ្រាវ និងបញ្ញវន្ត ដោយហេតុថា បញ្ហានេះ បាននិងកំពុងជះឥទ្ធិពលដល់បម្រែបម្រួលនៃភូមិសាស្រ្តនយោបាយ និងសណ្តាប់ធ្នាប់ពិភពលោក។ យ៉ាងណាមិញ ប្រធានបទនៃកិច្ចពិភាក្សារបស់យើងនាថ្ងៃនេះ ក៏ជាចំណែកដ៏សំខាន់ ដែលត្រូវយកចិត្តទុកដាក់សម្រាប់អ្នកធ្វើសេចក្តីសម្រេចចិត្តថ្នាក់ជាតិ ថ្នាក់តំបន់ ក៏ដូចជានៅលើពិភពលោកទាំងមូលដែរ ពាក់ព័ន្ធបញ្ហានេះ។

ឯកឧត្តមអគ្គលេខាធិការ បានបញ្ជាក់ថា កិច្ចពិភាក្សានៃវេទិកាពេញមួយព្រឹកនេះពិតជាមានសារៈសំខាន់ណាស់ ដែលបានបង្ហាញឱ្យឃើញអំពីនិន្នាការនិងទិសដៅ នៅចំពោះមុខសភាពការណ៍សន្តិសុខនៅក្នុងតំបន់ ក៏ដូចជាតំបន់ភូមិសាស្ត្រនយោបាយដទៃទៀតលើពិភពលោកដែលកំពុងវិវត្តថ្មីៗ ជាពិសេស សង្រ្គាមរវាងរុស្ស៊ីនិងអ៊ុយក្រែន ការប្រកួតប្រជែងអំណាចរវាងចិននិងសហរដ្ឋអាម៉េរិក បញ្ហាក្ដៅៗនៅចុងបូព៌ាដូចជាឧបទ្វីបកូរ៉េ បញ្ហាតៃវ៉ាន់ ភាពស្រពេចស្រពិលនៃសង្គ្រាមពាណិជ្ជកម្មរវាងចិននិងអាម៉េរិក ព្រឹត្តិការណ៍នៃបម្រែបម្រួលនយោបាយនៅក្នុងតំបន់អាស៊ាន រួមនឹងល្បែងយុទ្ធភូមិសាស្រ្ត (Geostrategic Game) នៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ជាដើម។

និន្នាការសណ្ដាប់ធ្នាប់ពិភពលោក ចាប់ពីក្រោយសង្រ្គាមលោកលើកទី២មក ពិភពលោកបានស្ថិតក្នុងសភាពតានតឹងបំផុត នៃនិន្នាការប៉ូលមហាអំណាចពីរពុះចែកពិភពលោកតាមរយៈមនោគមនយោបាយក្នុង សង្រ្គាមត្រជាក់ ហើយនិយាយដោយឡែកប្រជាជនកម្ពុជាបានហែលឆ្លងកាត់យ៉ាងលំបាកបំផុត។ ក្រោយសង្រ្គាមនេះបញ្ចប់ទៅ ប្រទេសនានាតាមតំបន់បានប្រមូលផ្ដុំគ្នាក្លាយជាអ្វីមួយដែលយើងហៅថា តំបន់និយមស្របគ្នានឹងការរីកចម្រើនខាង បច្ចេកវិទ្យានិងគមនាគមវិជ្ជា បានជំរុញឱ្យពិភពលោកស្ទើរតែក្លាយទៅជាតែមួយ ដែលនាំឱ្យចលនាសាកលភាវូបនីយកម្មហាក់ចូលមកជំនួសតំបន់និយម។

ស្ថានភាពនយោបាយនិងសន្តិសុខពិភពលោក នាប៉ុន្មានឆ្នាំចុងក្រោយនេះ ហាក់បានធ្វើឱ្យចរន្តសាកលភាវូបនីយកម្មដើរថយក្រោយ ដោយយើងសង្កេតឃើញថា មានការបង្កើតរចនាសម្ព័ន្ធភូមិសាស្ត្រនយោបាយថ្មីៗជាបន្តបន្ទាប់ ដែលដឹកនាំដោយមហាអំណាច។ រីឯប្រទេសតូចៗក៏បានខិតខំប្រមូលផ្ដុំគ្នាក្នុងរចនាសម្ព័ន្ធចាស់និងថ្មី ដើម្បីមានឥទ្ធិពលទប់ទល់ចរន្តនិយមប៉ូលពីរ ដែលមានចិននិងសហរដ្ឋអាម៉េរិក ឬប៉ូលបី ដែលមានចិន សហរដ្ឋអាម៉េរិក និងរុស្ស៊ី។ ឥឡូវនេះ ពិភពលោកកំពុងឈានចូលយុគសម័យនៃភូមិសាស្ត្រនយោបាយថ្មី ដែលស្ថិតក្នុងបរិវត្តកម្មដ៏លំបាកមួយឆ្ពោះទៅរកពហុភាព ដែលតួអង្គចាស់ តួអង្គថ្មី និងតួអង្គលេចធ្លោផ្សេងទៀតកំពុងប្រកួតប្រជែងសម្រាប់តួនាទីនៅក្នុងអភិបាលកិច្ចតំបន់និងពិភពលោក។

ក្នុងបរិការណ៍នេះ ពីជ្រុងកម្ពុជា អាស៊ានអាចនឹងក្លាយជាចំណុចស្នូល និងជាទីចាប់អារម្មណ៍របស់ប្រទេសមហាអំណាច ក៏ប៉ុន្តែ អាស៊ានក៏អាចនឹងក្លាយទៅជាសមរភូមិនៃការប្រជែងឥទ្ធិពលដ៏ក្តៅគគុក រវាងចិននិងសហរដ្ឋអាម៉េរិកផងដែរ។ ដូច្នេះ ការប្រជែងឥទ្ធិពលគ្នារវាងចិននិងសហរដ្ឋអាម៉េរិក ក៏ជាសម្មតិកម្ម នាំឱ្យផ្ទៃក្នុងអាស៊ានត្រូវប្រឈមមុខគ្នា ហើយអាចនឹងបង្កជាឧបសគ្គទៅដល់កិច្ចសហប្រតិបត្តិការ មជ្ឈភាព ឯកភាព និងសាមគ្គីភាពរបស់អាស៊ាន ហើយអាចនាំអាស៊ាន ក៏ដូចជាកម្ពុជាដែរ ស្ថិតនៅក្នុងចំណុចទ្វេគ្រោះនៃជម្រើសទាំងខាងសន្តិសុខ ទាំងខាងសេដ្ឋកិច្ច។ មហាអំណាចប្រជែងគ្នាលើគ្រប់វិស័យ ទាំងនយោបាយ សន្តិសុខ យោធា និងសេដ្ឋកិច្ច ប្រយោជន៍ដើម្បីកែប្រែសណ្ដាប់ធ្នាប់ពិភពលោក ជាបច្ច័យនាំឱ្យតំបន់តូចៗ ក៏ដូចជាប្រទេសតូចៗ មានការព្រួយបារម្ភអំពីអសន្តិសុខ ដែលមិនត្រឹមតែអសន្តិសុខជា លក្ខណៈរដ្ឋប្រជាជាតិនីមួយៗប៉ុណ្ណោះទេ គឺចំពោះតំបន់តែម្ដង ពោលគឺការធ្វើឱ្យតំបន់បែកបាក់នោះឯង។

ឯកឧត្ដមអគ្គលេខាធិការបានបញ្ជាក់ដែរថា ការកសាងសហគមន៍រឹងមាំនឹងអាចជាផ្នែកមួយនៃការទប់ទល់ឥទ្ធិពលរបស់មហាអំណាចចំពោះរដ្ឋតូចៗ ជាក់ស្ដែង ដូចជាអាស៊ាន ជាដើម ប៉ុន្តែ វាទាមទារឱ្យមានការពង្រឹងកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសសមាជិកទាំងអស់ក្នុងការសម្របគោលនយោបាយអភិវឌ្ឍន៍ថ្នាក់ជាតិ ឱ្យស្របនឹងរបៀបវារៈនៃការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក ដើម្បីទទួលបានអត្ថប្រយោជន៍ពីការបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក និងការយកមជ្ឈភាពអាស៊ានជាស្នូល ជាជាងយកមហាអំណាចណាមួយជំនួសឱ្យមហាអំណាចមួយទៀត។ ដូច្នេះ សម្រាប់កម្ពុជា ត្រូវប្រកាន់ភ្ជាប់នូវគោលនយោបាយការបរទេសអព្យាក្រឹត អចិន្ដ្រៃយ៍ និងមិនចូលបក្សសម្ព័ន្ធ។ កម្ពុជាអនុវត្ដគោលនយោបាយសន្ដិសហវិជ្ជមានជាមួយប្រទេសជិតខាង និងជាមួយបណ្ដាប្រទេសទាំងអស់ទូទាំងពិភពលោក។ កម្ពុជាប្រកាន់យកឥរិយាបថ បង្កើតមិត្ដភក្ដិឱ្យបានច្រើនជាអតិបរិមាហើយត្រូវចេះដោះស្រាយក្នុងនាមមិត្ដល្អជាមួយប្រទេសមហាអំណាចទាំងអស់ ព្រោះគោលបំណងដ៏ចម្បងរបស់កម្ពុជា គឺដើម្បីថែរក្សាសន្ដិភាព សន្តិសុខ ស្ថិរភាពនយោបាយ និងសណ្ដាប់ធ្នាប់សង្គម ដើម្បីលើកកម្ពស់សេចក្ដីថ្លៃថ្នូររបស់មនុស្សជាតិ និងវិបុលភាពសេដ្ឋកិច្ចដោយឈរលើគោលការណ៍ពហុភាគីនិយមនិងបរិយាបន្ន។

សូមរំលឹកដែរថា វេទិកាគោលនយោបាយទំនាក់ទំនងអន្តរជាតិ ស្តីពី «ទ្វេគ្រោះសន្តិសុខក្នុងតំបន់ ៖ និន្នាការ ទិសដៅ និងការបំភាន់» សហការរៀបចំដោយវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា រាជបណ្ឌិត្យសភាកម្ពុជា និងមូលនិធិខុនរ៉ាដអាដិណៅអ៊ែរ ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃពុធ ១១រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ នៅនៅសាលមរតកសិល្បៈខ្មែរ អគារឥន្ទ្រទេវី នៃរាជបណ្ឌិត្យសភាកម្ពុជា៕


អត្ថបទទាក់ទង

ជំនួបជាមួយដៃគូសហប្រតិបត្តិការពីក្រុងសៀងហៃ

ឯកឧត្តមបណ្ឌិតយង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា តំណាងដ៏ខ្អង់ខ្ពស់របស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូចិន មកពីសាកលវិទ្យាល័យគរុកោសល្យចិនខាងកើតដឹក...

  ថ្ងៃអាទិត្យ, 08 មេសា 2018 ម៉ោង 07:16 PM
ឥណ្ឌូប៉ាស៊ីហ្វិក ជាតំបន់ភូមិសាស្ត្រនយោបាយថ្មីមួយរបស់អាម៉េរិក

យុទ្ធសាស្ត្រថ្មីរបស់លោកដូណាល់ត្រាំ គឺធានាឱ្យអាម៉េរិកមានភាពលេចធ្លោមុខមាត់នៅក្នុងតំបន់នានាដូចជា ឥណ្ឌូប៉ាស៊ីហ្វិក និង អឺរ៉ុប។ ឥណ្ឌូប៉ាស៊ីហ្វិក ដែលប្រើនៅពេលនេះគឺសម្តៅពីសមុទ្រឥណ្ឌាខាងលិចដល់ប៉ាស៊ីហ្វិកខាងកើ...

  ថ្ងៃអាទិត្យ, 08 មេសា 2018 ម៉ោង 06:52 PM
ការបណ្តុះបណ្តាលនៅរាជបណ្ឌិត្យសភាកម្ពុជា

វេលាម៉ោង៧:៣០ ព្រឹក ថ្ងៃសៅរ៍ ៧រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៨ ផ្នែកបណ្តុះបណ្តាល និងស្រាវជ្រាវ នៃរាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំប្រឡងបញ្ចប់មុខវិជ្ជា (Final Exam) ថ្...

  ថ្ងៃអាទិត្យ, 08 មេសា 2018 ម៉ោង 06:39 PM
សតវត្សនៃការជម្លៀសជនជាតិចាមដោយបង្ខំ ៖ ករណីសិក្សាជនជាតិចាមនៅម៉ឡេស៊ី

សតវត្សនៃការជម្លៀសជនជាតិចាមដោយបង្ខំ ៖ ករណីសិក្សាជនជាតិចាមនៅម៉ឡេស៊ី «ខ្ញុំចង់សង្កត់ធ្ងន់ចំពោះគុណបំណាច់របស់សម្តេច ហេង សំរិន ដែលបានសង្គ្រោះជនជាតិចាមឱ្យរស់រានមានជីវិត និង សម្តេចហ៊ុន សែន ដែលបានអភិវឌ្ឍជនជាតិ...

  ថ្ងៃពុធ, 14 មីនា 2018 ម៉ោង 01:47 PM
ជំនួបពិភាក្សាការងារ

នៅរសៀលថ្ងៃចន្ទ ១២កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៦ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិតសភាចារ្យសុខ ទូចប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានអនុញ្ញាតឱ្យលោក ZENG YU FENG សាស្ត្រាចារ្យសាកលវិទ្យា...

  ថ្ងៃពុធ, 14 មីនា 2018 ម៉ោង 01:36 PM
ចនានុក្រមអក្ខរាវិរុទ្ធ

កាលពីព្រឹកថ្ងៃទី ២០កុម្ភៈ ឆ្នាំ ២០១៨ វិទ្យាស្ថានភាសាជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានធ្វើពិធីប្រកាសផ្សាយ « វចនានុក្រមអក្ខរាវិរុទ្ធ» ដែលជាការបោះពុម្ពលើកទីពីរ ដែលមានចំនួនជាង ៤ម៉ឺនពាក្យ រួមទាំងមេពាក្យ និងក...

  ថ្ងៃពុធ, 14 មីនា 2018 ម៉ោង 01:32 PM

សេចក្តីប្រកាស