Royal Academy of Cambodia
ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិកានៃរាជបណ្ឌិត្យសភាកម្ពុជា ក្នុងឱកាសបិទកម្មវិធីវេទិកាគោលនយោបាយទំនាក់ទំនងអន្តរជាតិ ស្តីពី «ទ្វេគ្រោះសន្តិសុខក្នុងតំបន់ ៖ និន្នាការ ទិសដៅ និងការបំភាន់» កាលពីព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ ព្រឹកមិញនេះ បានកត់សម្គាល់ថា បញ្ហាសន្តិសុខសកល ជាប្រធានបទក្ដៅគ្រប់ពេល ដែលតែងមានការលើកមកជជែកពិភាក្សាម្ដងហើយម្ដងទៀត ក្នុងចំណោមមេដឹកនាំពិភពលោក អ្នកការទូត អ្នកនយោបាយ អ្នកស្រាវជ្រាវ និងបញ្ញវន្ត ដោយហេតុថា បញ្ហានេះ បាននិងកំពុងជះឥទ្ធិពលដល់បម្រែបម្រួលនៃភូមិសាស្រ្តនយោបាយ និងសណ្តាប់ធ្នាប់ពិភពលោក។ យ៉ាងណាមិញ ប្រធានបទនៃកិច្ចពិភាក្សារបស់យើងនាថ្ងៃនេះ ក៏ជាចំណែកដ៏សំខាន់ ដែលត្រូវយកចិត្តទុកដាក់សម្រាប់អ្នកធ្វើសេចក្តីសម្រេចចិត្តថ្នាក់ជាតិ ថ្នាក់តំបន់ ក៏ដូចជានៅលើពិភពលោកទាំងមូលដែរ ពាក់ព័ន្ធបញ្ហានេះ។
ឯកឧត្តមអគ្គលេខាធិការ បានបញ្ជាក់ថា កិច្ចពិភាក្សានៃវេទិកាពេញមួយព្រឹកនេះពិតជាមានសារៈសំខាន់ណាស់ ដែលបានបង្ហាញឱ្យឃើញអំពីនិន្នាការនិងទិសដៅ នៅចំពោះមុខសភាពការណ៍សន្តិសុខនៅក្នុងតំបន់ ក៏ដូចជាតំបន់ភូមិសាស្ត្រនយោបាយដទៃទៀតលើពិភពលោកដែលកំពុងវិវត្តថ្មីៗ ជាពិសេស សង្រ្គាមរវាងរុស្ស៊ីនិងអ៊ុយក្រែន ការប្រកួតប្រជែងអំណាចរវាងចិននិងសហរដ្ឋអាម៉េរិក បញ្ហាក្ដៅៗនៅចុងបូព៌ាដូចជាឧបទ្វីបកូរ៉េ បញ្ហាតៃវ៉ាន់ ភាពស្រពេចស្រពិលនៃសង្គ្រាមពាណិជ្ជកម្មរវាងចិននិងអាម៉េរិក ព្រឹត្តិការណ៍នៃបម្រែបម្រួលនយោបាយនៅក្នុងតំបន់អាស៊ាន រួមនឹងល្បែងយុទ្ធភូមិសាស្រ្ត (Geostrategic Game) នៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ជាដើម។
និន្នាការសណ្ដាប់ធ្នាប់ពិភពលោក ចាប់ពីក្រោយសង្រ្គាមលោកលើកទី២មក ពិភពលោកបានស្ថិតក្នុងសភាពតានតឹងបំផុត នៃនិន្នាការប៉ូលមហាអំណាចពីរពុះចែកពិភពលោកតាមរយៈមនោគមនយោបាយក្នុង សង្រ្គាមត្រជាក់ ហើយនិយាយដោយឡែកប្រជាជនកម្ពុជាបានហែលឆ្លងកាត់យ៉ាងលំបាកបំផុត។ ក្រោយសង្រ្គាមនេះបញ្ចប់ទៅ ប្រទេសនានាតាមតំបន់បានប្រមូលផ្ដុំគ្នាក្លាយជាអ្វីមួយដែលយើងហៅថា តំបន់និយមស្របគ្នានឹងការរីកចម្រើនខាង បច្ចេកវិទ្យានិងគមនាគមវិជ្ជា បានជំរុញឱ្យពិភពលោកស្ទើរតែក្លាយទៅជាតែមួយ ដែលនាំឱ្យចលនាសាកលភាវូបនីយកម្មហាក់ចូលមកជំនួសតំបន់និយម។
ស្ថានភាពនយោបាយនិងសន្តិសុខពិភពលោក នាប៉ុន្មានឆ្នាំចុងក្រោយនេះ ហាក់បានធ្វើឱ្យចរន្តសាកលភាវូបនីយកម្មដើរថយក្រោយ ដោយយើងសង្កេតឃើញថា មានការបង្កើតរចនាសម្ព័ន្ធភូមិសាស្ត្រនយោបាយថ្មីៗជាបន្តបន្ទាប់ ដែលដឹកនាំដោយមហាអំណាច។ រីឯប្រទេសតូចៗក៏បានខិតខំប្រមូលផ្ដុំគ្នាក្នុងរចនាសម្ព័ន្ធចាស់និងថ្មី ដើម្បីមានឥទ្ធិពលទប់ទល់ចរន្តនិយមប៉ូលពីរ ដែលមានចិននិងសហរដ្ឋអាម៉េរិក ឬប៉ូលបី ដែលមានចិន សហរដ្ឋអាម៉េរិក និងរុស្ស៊ី។ ឥឡូវនេះ ពិភពលោកកំពុងឈានចូលយុគសម័យនៃភូមិសាស្ត្រនយោបាយថ្មី ដែលស្ថិតក្នុងបរិវត្តកម្មដ៏លំបាកមួយឆ្ពោះទៅរកពហុភាព ដែលតួអង្គចាស់ តួអង្គថ្មី និងតួអង្គលេចធ្លោផ្សេងទៀតកំពុងប្រកួតប្រជែងសម្រាប់តួនាទីនៅក្នុងអភិបាលកិច្ចតំបន់និងពិភពលោក។
ក្នុងបរិការណ៍នេះ ពីជ្រុងកម្ពុជា អាស៊ានអាចនឹងក្លាយជាចំណុចស្នូល និងជាទីចាប់អារម្មណ៍របស់ប្រទេសមហាអំណាច ក៏ប៉ុន្តែ អាស៊ានក៏អាចនឹងក្លាយទៅជាសមរភូមិនៃការប្រជែងឥទ្ធិពលដ៏ក្តៅគគុក រវាងចិននិងសហរដ្ឋអាម៉េរិកផងដែរ។ ដូច្នេះ ការប្រជែងឥទ្ធិពលគ្នារវាងចិននិងសហរដ្ឋអាម៉េរិក ក៏ជាសម្មតិកម្ម នាំឱ្យផ្ទៃក្នុងអាស៊ានត្រូវប្រឈមមុខគ្នា ហើយអាចនឹងបង្កជាឧបសគ្គទៅដល់កិច្ចសហប្រតិបត្តិការ មជ្ឈភាព ឯកភាព និងសាមគ្គីភាពរបស់អាស៊ាន ហើយអាចនាំអាស៊ាន ក៏ដូចជាកម្ពុជាដែរ ស្ថិតនៅក្នុងចំណុចទ្វេគ្រោះនៃជម្រើសទាំងខាងសន្តិសុខ ទាំងខាងសេដ្ឋកិច្ច។ មហាអំណាចប្រជែងគ្នាលើគ្រប់វិស័យ ទាំងនយោបាយ សន្តិសុខ យោធា និងសេដ្ឋកិច្ច ប្រយោជន៍ដើម្បីកែប្រែសណ្ដាប់ធ្នាប់ពិភពលោក ជាបច្ច័យនាំឱ្យតំបន់តូចៗ ក៏ដូចជាប្រទេសតូចៗ មានការព្រួយបារម្ភអំពីអសន្តិសុខ ដែលមិនត្រឹមតែអសន្តិសុខជា លក្ខណៈរដ្ឋប្រជាជាតិនីមួយៗប៉ុណ្ណោះទេ គឺចំពោះតំបន់តែម្ដង ពោលគឺការធ្វើឱ្យតំបន់បែកបាក់នោះឯង។
ឯកឧត្ដមអគ្គលេខាធិការបានបញ្ជាក់ដែរថា ការកសាងសហគមន៍រឹងមាំនឹងអាចជាផ្នែកមួយនៃការទប់ទល់ឥទ្ធិពលរបស់មហាអំណាចចំពោះរដ្ឋតូចៗ ជាក់ស្ដែង ដូចជាអាស៊ាន ជាដើម ប៉ុន្តែ វាទាមទារឱ្យមានការពង្រឹងកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសសមាជិកទាំងអស់ក្នុងការសម្របគោលនយោបាយអភិវឌ្ឍន៍ថ្នាក់ជាតិ ឱ្យស្របនឹងរបៀបវារៈនៃការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក ដើម្បីទទួលបានអត្ថប្រយោជន៍ពីការបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក និងការយកមជ្ឈភាពអាស៊ានជាស្នូល ជាជាងយកមហាអំណាចណាមួយជំនួសឱ្យមហាអំណាចមួយទៀត។ ដូច្នេះ សម្រាប់កម្ពុជា ត្រូវប្រកាន់ភ្ជាប់នូវគោលនយោបាយការបរទេសអព្យាក្រឹត អចិន្ដ្រៃយ៍ និងមិនចូលបក្សសម្ព័ន្ធ។ កម្ពុជាអនុវត្ដគោលនយោបាយសន្ដិសហវិជ្ជមានជាមួយប្រទេសជិតខាង និងជាមួយបណ្ដាប្រទេសទាំងអស់ទូទាំងពិភពលោក។ កម្ពុជាប្រកាន់យកឥរិយាបថ បង្កើតមិត្ដភក្ដិឱ្យបានច្រើនជាអតិបរិមាហើយត្រូវចេះដោះស្រាយក្នុងនាមមិត្ដល្អជាមួយប្រទេសមហាអំណាចទាំងអស់ ព្រោះគោលបំណងដ៏ចម្បងរបស់កម្ពុជា គឺដើម្បីថែរក្សាសន្ដិភាព សន្តិសុខ ស្ថិរភាពនយោបាយ និងសណ្ដាប់ធ្នាប់សង្គម ដើម្បីលើកកម្ពស់សេចក្ដីថ្លៃថ្នូររបស់មនុស្សជាតិ និងវិបុលភាពសេដ្ឋកិច្ចដោយឈរលើគោលការណ៍ពហុភាគីនិយមនិងបរិយាបន្ន។
សូមរំលឹកដែរថា វេទិកាគោលនយោបាយទំនាក់ទំនងអន្តរជាតិ ស្តីពី «ទ្វេគ្រោះសន្តិសុខក្នុងតំបន់ ៖ និន្នាការ ទិសដៅ និងការបំភាន់» សហការរៀបចំដោយវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា រាជបណ្ឌិត្យសភាកម្ពុជា និងមូលនិធិខុនរ៉ាដអាដិណៅអ៊ែរ ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃពុធ ១១រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ នៅនៅសាលមរតកសិល្បៈខ្មែរ អគារឥន្ទ្រទេវី នៃរាជបណ្ឌិត្យសភាកម្ពុជា៕
ដោយ៖ បណ្ឌិត យង់ ពៅ ចាប់តាំងពីការចុះសិក្សាស្រាវជ្រាវបញ្ហាព្រំដែនកម្ពុជា-វៀតណាម នៅឆ្នាំ២០១៥ រហូតមកដល់ពេលនេះ មានរយៈពេលជិត១០មកហើយ។ នៅក្នុងពេលពេល ស្ថានភាពនយោបាយនៅកម្ពុជាមានកម្ដៅយ៉ាងខ្លាំង ពិសេសប្រធានបទល...
ដោយ៖ លឹម សុវណ្ណរិទ្ធ ថ្មីៗកន្លងទៅនេះ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានគូសបញ្ជាក់អំពីការស្នើសុំនាវាល្បាតពីសំណាក់កម្ពុជាទៅកាន់ចិន២គ្រឿង ដើម្បីពង្រឹងសមត្ថភាព និងសន្តិសុខកម្ពុជា ដែលនាវាទាំងពីរគ្...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅរសៀល ថ្ងៃសុក្រ ៤ កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានទទួលជួបពិភាក្សាការងារប្រតិភូបណ្ឌិត្យសភាវិទ្យ...
ដោយ៖ លឹម សុវណ្ណរិទ្ធ នៅក្នុងសង្គមប្រជាធិបតេយ្យ អ្នកនយោបាយតែងតែប្រកួតប្រជែងគ្នា ដើម្បីទាក់ទាញប្រជាប្រិយភាព និងដណ្ដើមយកការគាំទ្រពីសំណាក់ប្រជាពលរដ្ឋតាមរយៈវិធីសាស្ត្រ និងយុទ្ធសាស្ត្រនយោបាយផ្សេងៗគ្នានៅគ...
នៅព្រឹក ថ្ងៃសុក្រ ៤ កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ ក្នុងនាមប្រធានរាជបណ្ឌិត្យសភាកម្ពុជា ខ្ញុំបានទទួលជួបប្រតិភូមន្ទីរបរិស្ថាននៃតំបន់ស្វយ័តខេត្តខ្វាងស៊ី ដឹកន...
នៅក្នុងទស្សនៈនៃភាពជាអ្នកដឹកនាំ និងក្នុងនាមជាមេដឹកនាំដែលទទួលបានការគាំទ្រពីប្រជាជនភាគច្រើន រាជរដ្ឋាភិបាលមានកាតព្វកិច្ចធ្វើជាតំណាង ដែលថែរក្សានិងការពារផលប្រយោជន៍ប្រទេសជាតិនិងប្រជាជននៅក្នុងប្រទេសទាំងមូល...