ព័ត៌មាន

ការទូតដើមឫស្សី ក្នុងនយោបាយការបរទេសវៀតណាម ដោយ៖ លោក អ៊ុច លាង អ្នកសិក្សាស្រាវជ្រាវនៃនាយកដ្ឋានសិក្សាអាស៊ី អាហ្វ្រិក និងមជ្ឈិមបូព៌ា នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា

2022-10-12 04:59:28 ថ្ងៃពុធ, 12 តុលា 2022 ម៉ោង 11:59 AM
អ្នកមើល 4055
post_detail

«ការទូតដើមឫស្សី–Bamboo Diplomacy» ជាសិល្បៈការទូតមួយបែប ដែលបានព្យាយាម ចាក់ប្ញសគល់ យ៉ាងរឹងមាំ និងអាចបទបែនទៅបានគ្រប់ទិសទី ទៅតាមបរិបទនៃនយោបាយ ដែលប្រៀបបានទៅហ្នឹងដើមឫស្សី មួយគុម្ពដែលមានប្រសគល់យ៉ាងរឹងមាំ បើទោះបីដើមត្រូវខ្យល់បក់បោកធ្វើឱ្យទោរទន់ទៅទិសណាក៏ដោយ។

ដើមឫស្សីបានបង្កប់អត្ថន័យយ៉ាងជ្រាលជ្រៅដែលទាក់ទងនឹង វប្បធម៌ និងការទូត របស់ប្រទេសមួយចំនួន នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលមានប្រទេសថៃ វៀតណាម ជាដើម។ សម្រាប់នយោបាយការបរទេសរបស់ប្រទេស ថៃ ត្រូវបានគេចាត់ទុកថា មានភាពស្រដៀងគ្នាទៅនឹងដើមប្ញស្សី «ដែលអាចពត់ពេនឬបត់បែនតាមខ្យល់បក់ បោក»។ ចំណែកប្រទេស វៀតណាម ការទូតដើមឫស្សី នេះត្រូវបានគេមើលឃើញកាន់តែច្បាស់ ក្រោយពេល លើកឡើង នៅក្នុងសុន្ទរកថាដែលទាក់ទងនឹង គោលនយោបាយការបរទេសរបស់ប្រទេសវៀតណាម ដែលជា គោលគំនិតមួយ ត្រូវបានគេប្រើប្រាស់ដើម្បីឆ្លុះបញ្ជាំងឱ្យឃើញអំពី ផលប្រយោជន៍ការទូតរបស់វៀតណាម ចាប់តាំងពី ការធ្វើកំណែទម្រង់ (Doi Moi)កាលពីឆ្នាំជាង៣៥ឆ្នាំមុន ក្នុងឆ្នាំ១៩៨៦ និងដើម្បីរំលេចឱ្យឃើញ ពីគម្រូរបស់រដ្ឋតូចៗ ដែលគួរតែធ្វើការពិចារណា ក្រោយពេលកើតមានភាពតានតឹងដាក់គ្នា រហូតដល់ក្លាយជា ភ្លើងសង្គ្រាម រវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែន។

«ការទូតដើមឫស្សី» របស់វៀតណាម ដែលបានរំលេចឡើងនាពេលកន្លងទៅនេះ គឺជាការបង្ហាញអំពី ទំនុកចិត្តក្នុងការអនុវត្តនយោបាយការបរទេសរបស់ខ្លួន។ លោក Nguyen Phu Trong អគ្គលេខាបក្សកុម្មុយនិស្ត វៀតណាម បានគូសបញ្ជាក់អញ្ចឹងថា «ដើមឫស្សីមានឫសនិងគល់រឹងមាំ ហើយមានមែកអាចបត់បែនបាន ប្រៀបដូចជាទំនាក់ទំនងការទូតរបស់ប្រទេសវៀតណាម ដែលមានភាពទន់ភ្លន់ និងឆ្លាតវៃ ប៉ុន្តែនៅតែរក្សាការតស៊ូ និងការតាំងចិត្ត មានភាពបត់បែន និងច្នៃប្រឌិត មាំមួន ក្លាហាន និងធន់ចំពោះរាល់បញ្ហាប្រឈម និងការលំបាក នានា ដើម្បីរក្សាបាននូវឯករាជ្យជាតិ និងសុភមង្គលជូនប្រជាជន និងដើម្បីផលប្រយោជន៍របស់ប្រទេសជាតិ»។

សម្រាប់ប្រទេសវៀតណាម «ការទូតដើមឫស្សី» គឺសំដៅទៅលើការខិតខំប្រឹងប្រែង ដើម្បីរក្សាបាននូវ ឯករាជ្យ និងស្មើភាពគ្នាដើម្បីទប់ទល់នឹងមហាអំណាច ហើយត្រូវទាញយកផលចំណេញជាអតិបរមា និងត្រូវ ទប់ទល់នឹងយុទ្ធសាស្ត្រដែលមានភាពមិនប្រាកដនិយម។ សមិទ្ធិផលនៃនយោបាយការបរទេសរបស់ប្រទេស វៀតណាម នៅក្នុងរយៈពេលជាងបីទសវត្សរ៍កន្លងមកនេះ បានសបញ្ជាក់ឱ្យឃើញពីភាពជោគជ័យនៃ «ការទូត ដើមឫស្សី» របស់ខ្លួន។

សូមរំលឹកថា ក្រោយការធ្វើកំណែទម្រង់ (Doi Moi) នាឆ្នាំ១៩៨៦ ប្រទេសវៀតណាមបានធ្វើការផ្លាស់ប្តូរ ពីការប្រើប្រាស់គោលនយោបាយការបរទេសបែបមនោគមវិជ្ជា មកជាគោលនយោបាយការបរទេសដែលផ្តោត ទៅលើ ផលប្រយោជន៍ជាតិ និងគោលការណ៍ឯករាជ្យ ពឹងផ្អែកលើខ្លួនឯង ប្រកាន់ពហុភាគីនិយម និងការធ្វើ ពិពិធកម្ម ដែលជាកត្តាជំរុញ ឱ្យប្រទេសមួយនេះ អាចកសាងបាននូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដោយ រក្សាបាន នូវការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្រិតខ្ពស់ និងទទួលបាននូវកិត្យានុភាពទាំងនៅក្នុងតំបន់និងនៅលើឆាក អន្តរជាតិ។

ការប្រៀបប្រដូចដើមឫស្សី ទៅនឹងនយោបាយការបរទេសរបស់ខ្លួននេះ គឺពិតជាបានបង្ហាញអំពីរបៀប ដែលប្រទេស វៀតណាម បានរក្សាជំហររបស់ខ្លួនបានយ៉ាងរឹងមាំ ក្នុងពេលដែលប្រទេសមហាអំណាច កំពុងប្រកួត ប្រជែងគ្នានៅក្នុងតំបន់កាន់តែខ្លាំងក្លាឡើង លើបញ្ហាភូមិសាស្ត្រនយោបាយ។ ទោះបីជាបញ្ហា នៅសមុទ្រចិន ខាងត្បូង នៅតែបន្តកើតមាន, COC នៅមិនទាន់លេចចេញជារូបរាង ក្រោយពេល DOC បានឈានចូលខូបលើក ទី២០ឆ្នានៃការករកើត ហើយទីក្រុងហាណូយ បានបង្កើនទំនាក់ទំនងការទូតជាមួយបណ្តាប្រទេស នៅលោកខាង លិចក្តី ប៉ុន្តែប្រទេសវៀតណាមនៅតែបន្តរប្រកាន់ខ្ជាប់តាមគោលការណ៍ ទាំង៤ ដែលបានដាក់ចេញក្នុងសៀវភៅស ការពារជាតិឆ្នាំ២០១៩ របស់ខ្លួន នោះគឺ៖ (១)-គ្មានការបង្កើតសម្ព័ន្ធភាពយោធា, (២)-គ្មានការចូលរួមជាមួយ ភាគីណាមួយ, (៣)-គ្មានការអនុញ្ញាតឱ្យបរទេសប្រើប្រាស់វៀតណាមធ្វើជាមូលដ្ឋានយោធា និង(៤)-ការ ប្រើប្រាស់កម្លាំងនៅក្នុងការធ្វើទំនាក់ទំនងអន្តរជាតិ។ ការទូតដើមឫស្សី នេះក៏ជាកត្តាជំរុញឱ្យ ប្រទេសវៀតណាម រក្សាបាននូវមជ្ឈភាពរបស់អាស៊ានផងដែរ៕

RAC Media

ប្រភព៖ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា


អត្ថបទទាក់ទង

រាជរដ្ឋាភិបាលកម្ពុជា ចេញសេចក្តីសម្រេចទទួលស្គាល់ជាផ្លូវការ នូវសសមាសភាព ក្រុមការងារទាំង១៣ ផ្នែកឯកជននៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន

ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចុះហត្ថលេខាលើសេចក្តីសម្រេចទទួលស្គាល់ជាផ្លូវការ នូវសសមាសភាព ក្រុមការងារទាំង១៣ ផ្នែកឯកជនន...

2019-03-27 03:54:54   ថ្ងៃពុធ, 27 មីនា 2019 ម៉ោង 10:54 AM
«កត្តាដែលនាំឱ្យរីកចម្រើនសេដ្ឋកិច្ចចិន»

(រូបភាព៖ JOHNSON, P. 2018, www.financial-world.org)បើតាមការសិក្សាស្រាវជ្រាវរបស់លោក ជឹម សុជាតិ មន្ត្រីមជ្ឈមណ្ឌលសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា បានឱ្យដឹងថា ការរីកចម្រើនសេដ្ឋកិច្ចចិន បានកើនសន្ទុះខ្លាំង...

2019-03-27 03:12:11   ថ្ងៃពុធ, 27 មីនា 2019 ម៉ោង 10:12 AM
«សិលាចារឹកនៅវត្តពោធិមុនីហៅវត្តស្វាយចេកថ្មី (K.1422) ទើបនឹងបានចុះបញ្ជីការរួចរាល់»

ទីបំផុត ផ្ទាំងសិលាចារឹកនៅវត្តពោធិមុនីហៅវត្តស្វាយចេកថ្មី ដែលក្រុមការងាររាជបណ្ឌិត្យសភាកម្ពុជា បានរកឃើញនោះ ទទួលបានការចុះបញ្ជីការ​ត្រឹម​ត្រូវ និងទទួលស្គាល់ជាផ្លូវការហើយ គឺ K.1422 ដោយក្រសួងវប្បធម៌និងវិចិត្...

2019-03-26 10:58:37   ថ្ងៃអង្គារ, 26 មីនា 2019 ម៉ោង 05:58 PM
ក្រុមហ៊ុនរបស់ស៊ុយអែត រួមចំណែកជាមួយរាជបណ្ឌិត្យសភាកម្ពុជា អភិរក្សធនធានធម្មជាតិក្នុងឧទ្យានឫស្សីត្រឹប

នៅក្នុងឱកាសចុះអនុស្សរណៈយោគយលល់គ្នារវាង ក្រុមហ៊ុន The Room Design Studio និងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ថា រាជ...

2019-03-26 09:52:04   ថ្ងៃអង្គារ, 26 មីនា 2019 ម៉ោង 04:52 PM
ពិធីចុះអនុស្សរណៈយោគយល់គ្នារវាង The Room Design Studio និង រាជបណ្ឌិត្យសភាកម្ពុជា

វេលារសៀលថ្ងៃនេះ គឺជាឱកាសដ៏ល្អដែលបង្ហាញពីការការអនុវត្តនូវការប្តេជ្ញាចិត្តមួយរវាងរាជបណ្ឌិត្យសភាកម្ពុជា និង ក្រុមហ៊ុន The Room Design Studio របស់ប្រទេសស៊ុយអែត ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ក្នុងការចងភ្ជា...

2019-03-26 09:38:59   ថ្ងៃអង្គារ, 26 មីនា 2019 ម៉ោង 04:38 PM
សរុបព័ត៌មានប្រចាំសប្តាហ៍៖ «បច្ចេកសព្ទចំនួន ១១ ត្រូវបានអនុម័ត កាលពីសប្តាហ៍ទី៣ ក្នុងខែមីនា ឆ្នាំ២០១៩ ដោយក្រុមប្រឹក្សាជាតិភាសាខ្មែរ(ក.ជ.ភ.ខ)នៃរាជបណ្ឌិត្យសភាកម្ពុជា»

បច្ចេកសព្ទចំនួន ១១ ត្រូវបានអនុម័ត នៅសប្តាហ៍ទី៣ ក្នុងខែមីនា  ឆ្នាំ២០១៩នេះ​ ក្នុងនោះមាន៖- បច្ចេកសព្ទគណៈ កម្មការអក្សរសិល្ប៍  ចំនួន០៣ បានអនុម័ត កាលពីថ្ងៃអង្គារ ១៤កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ក...

2019-03-25 11:16:09   ថ្ងៃចន្ទ, 25 មីនា 2019 ម៉ោង 06:16 PM

សេចក្តីប្រកាស