ព័ត៌មាន

សប្តាហ៍វប្បធម៌ កម្ពុជា-វៀតណាម និង ចក្ខុវិស័យអាស៊ាន២០២៥ ដោយ៖ លោក អ៊ុច លាង អ្នកសិក្សាស្រាវជ្រាវនៃនាយកដ្ឋានសិក្សាអាស៊ី អាហ្វ្រិក និងមជ្ឈិមបូព៌ា នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា

2022-10-08 05:01:29 ថ្ងៃសៅរ៍, 08 តុលា 2022, 05:01 AM
post_detail

សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (The Association of Southeast Asian Nations) ដែលហៅកាត់ថា «អាស៊ាន» (ASEAN) បង្កើតឡើងនៅថ្ងៃទី៨ ខែសីហា ឆ្នាំ១៩៦៧ ដោយប្រទេសស្ថាបនិកចំនួន៥។ ក្រោយមកទើបសមាជិកថ្មីៗចូលជាបន្តបន្ទាប់ទៀត ហើយប្រទេសកម្ពុជាគឺជាសមាជិកកូនពៅ ដែលបានចូល នៅថ្ងៃទី៣0 ខែមេសា ឆ្នាំ ១៩៩៩។ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០០៨ ធម្មនុញ្ញអាស៊ានលេចចេញជារូបរាងឡើង និងបានកំណត់ ពីភាពរឹងមាំរបស់តំបន់ ដោយជំរុញឱ្យកាន់តែខ្លាំងថែមទៀត នូវកិច្ចសហប្រតិបត្តិការ ផ្ដោតសំខាន់លើសសរស្ដម្ភសហគមន៍៣គឺ សសរ ស្ដម្ភសហគមន៍នយោបាយ-សន្តិសុខ សសរស្ដម្ភសហគមន៍សេដ្ឋកិច្ច និងសសរស្ដម្ភសហគមន៍សង្គម-វប្បធម៌។ សសរ ស្ដម្ភសហគមន៍សង្គម-វប្បធម៌គឺជាសសរស្ដម្ភទី៣ ដែលបានបង្កើតឡើងនៅឆ្នាំ២០១៥ ក្នុងគោលបំណងសម្រេចឱ្យបាននូវសក្ដានុពលពេញលេញនៃប្រជាជាតិអាស៊ាន ពោល គឺនៅឆ្នាំ២០២៥ សហគមន៍សង្គម-វប្បធម៌អាស៊ាន នឹងមានការរួមបញ្ចូល មាននិរន្តភាព ភាពធន សក្តានុពល យុត្តិធម៌ និងឆ្លើយតបទៅនឹងយេនឌ័រ និងចូលរួមផ្ដល់ផលប្រយោជន៍ដល់ប្រជាជន។

ចំណែកសប្តាហ៍វប្បធម៌ កម្ពុជា-វៀតណាម វៀតណាម-កម្ពុជា ជាព្រឹត្តិការណ៍វប្បធម៌ដើម្បី ផ្តល់ឱកាស ដល់ប្រជាជននៃប្រទេសទាំងពីរក្នុងការស្វែងយល់ពី គ្នាទៅវិញទៅមក និងរួមចំណែកក្នុងការនាំយកការផ្សាភ្ជាប់ និងកិច្ចសហប្រតិបត្តិការមិត្តភាព និងបងប្អូន ភូមិផងរបងជាមួយ រវាងប្រជាជននិងប្រជាជននៃប្រជាជាតិទាំងពីរ ក្នុងកម្រិតខ្ពស់មួយ ដើម្បីស្តារប្រទេសឡើងវិញ ពី ជំងឺរាតត្បាតដោយវីរុសកូវីដ-១៩។

តើដើម្បីសម្រេចឱ្យបាននូវ សក្ដានុពលពេញលេញនៃប្រជាជាតិអាស៊ាន នៃសសរស្ដម្ភ សហគមន៍សង្គម-វប្បធម៌របស់អាស៊ា ពិតជាមានភាពចាំបាច់ ត្រូវជំរុញឱ្យមានជាប្រចាំនូវ សប្តាហ៍វប្បធម៌ កម្ពុជា-វៀតណាម ដែរឬ ទេ?

សសរស្ដម្ភសហគមន៍សង្គម-វប្បធម៌ ជាសសរស្តម្ភទី៣របស់អាស៊ាន ដោយធ្វើការជំរុញដើម្បីឆ្ពោះទៅរក (១) សហគមន៍ដែលមានការប្ដេជ្ញាចិត្ត ការចូលរួម និងការទទួលខុសត្រូវក្នុងសង្គមដើម្បីផលប្រយោជន៍ប្រជាជនអាស៊ាន (២) សហគមន៍ប្រកបដោយបរិយាប័ន្នដែលលើកកម្ពស់គុណភាពជីវិត ការទទួលបានឱកាសប្រកបដោយសមធម៌ និងការលើកកម្ពស់ និងការការពារសិទ្ធិមនុស្ស (៣) សហគមន៍ប្រកបដោយនិរន្តរភាពដែលលើក កម្ពស់ការអភិវឌ្ឍសង្គម និងការការពារបរិស្ថាន (៤) សហគមន៍ដែលមានភាពធន់ រួមជាមួយការពង្រឹង សមត្ថភាព និងលទ្ធភាព ដើម្បីសម្របខ្លួន និងឆ្លើយតបទៅនឹងភាពងាយរងគ្រោះនៃសង្គម និងសេដ្ឋកិច្ច គ្រោះមហន្តរាយ ការប្រែប្រួលអាកាសធាតុ និងបញ្ហាប្រឈម​ថ្មីផ្សេងៗទៀត និង (៥) សហគមន៍ប្រកបដោយភាពស្វាហាប់ និងសុខដុមរមនា ដែលមានការយល់ដឹង និងមានមោទនភាពចំពោះអត្តសញ្ញាណ វប្បធម៌ និងបេតិកភណ្ឌរបស់ខ្លួន។

ដើម្បីសម្រេចបានគោលបំណងទាំងនេះ ប្រទេសសមាជិកអាស៊ានទាំង ១០ ខិតខំបង្កើតសហប្រតិបត្តិការលើវិស័យជាច្រើនរួមមាន វប្បធម៌ និងសិល្បៈ ព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ អប់រំ យុវជន កីឡា សុខុមាលភាពសង្គមនិងការអភិវឌ្ឍ យេនឌ័រ សិទ្ធស្ត្រី និងកុមារ ការអភិវឌ្ឍជនបទ និងការលុបបំបាត់ភាពក្រីក្រ ការងារ មុខងារ សាធារណៈ បរិស្ថាន ការគ្រប់គ្រងគ្រោះមហន្តរាយ និងជំនួយមនុស្សធម៌ និងសុខាភិបាល។

ដោយឡែកសម្រាប់ប្រទេសកម្ពុជា សសរស្ដម្ភសហគមន៍សង្គម-វប្បធម៌ ត្រូវបានដឹកនាំដោយ រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា ដែលជាតំណាងជាតិសម្រាប់ក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ានកម្ពុជា ដោយមានការចូលរួមពីសំណាក់១១ ក្រសួង-ស្ថាប័នដែលទទួលបន្ទុកលើ ១៥ វិស័យគឺ (១)គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (២) ក្រសួងកិច្ចការនារី (៣) ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា (៤) ក្រសួងបរិស្ថាន (៥) ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ (៦) ក្រសួងមុខងារសាធារណៈ (៧) ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ (៨) ក្រសួងអប់រំ យុវជន និងកីឡា (៩) ក្រសួង សុខាភិបាល (១០) ក្រសួងព័ត៌មាន និង (១១) ក្រសួងអភិវឌ្ឍន៍ជនបទ។

យោងតាមសុន្ទរកថារបស់ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងពិធីទទួល តំណែងប្រធានអាស៊ាន ជាប្រធានអាស៊ាន ឆ្នាំ២០២២ សម្តេចបានមានប្រសាសន៍ថា កម្ពុជានឹងដឹកនាំអាស៊ានឈានទៅសម្រេចបាននូវ សមិទ្ធផល សំខាន់ៗថែមទៀត ជាពិសេសជំរុញសម្ទុះនៃដំណើរការកសាងសហគមន៍អាស៊ាន ប្រកបដោយ សមធម៌, រឹងមាំ និងបរិយាបន្ន ស្របតាមស្មារតីស្នូលរបស់អាស៊ាន គឺ ចក្ខុវិស័យមួយ, អត្តសញ្ញាណមួយ, និងសហគមន៍មួយ ដោយដឹកនាំអាស៊ានបោះជំហានទៅមុខក្រោមមូលបទ «អាស៊ានរួមគ្នាធ្វើ–ដោះស្រាយ បញ្ហា ប្រឈមទាំងអស់គ្នា (ASEAN A.C.T.: Addressing Challenges Together)» ដើម្បីភាពសុខដុមរមនា, សន្តិភាព និងវិបុលភាព ក្នុងតំបន់ទាំង មូល។ ក្នុងស្មារតីនេះ សម្រាប់សសរស្តម្ភសង្គម–វប្បធម៌៖ កម្ពុជានឹងជំរុញ ការអភិវឌ្ឍធនធានមនុស្ស ឱ្យឆ្លើយតប នឹងតម្រូវការជាក់ស្តែងក្នុងការកសាងសហគមន៍ រួមទាំងជំរុញការចូលរួម របស់ស្ត្រី និងយុវជន នៅក្នុងការរក្សា និងកសាង សន្ដិភាព និងការអភិវឌ្ឍប្រព័ន្ធការពារសង្គមប្រកបដោយ បរិយាប័ន្នផងដែរ។ អាទិភាពសំខាន់មួយទៀត គឺការជំរុញនូវ ការប្រាស្រ័យទាក់ទងរវាងប្រជាជន និងប្រជាជន សំដៅពង្រឹងស្មាតីអត្តសញ្ញាណអាស៊ានតែមួយ។

ទាក់ទងទៅហ្នឹង “ការជំរុញនូវការប្រាស្រ័យទាក់ទងរវាងប្រជាជន និងប្រជាជន សំដៅពង្រឹងស្មាតីអត្ត សញ្ញាណអាស៊ានតែមួយ” កម្ពុជាកំពុងធ្វើការងារនេះយ៉ាងសកម្មជាមួយបណ្តាប្រទេសនៅក្នុងតំបន់ និយាយជារួម និងនិយាយដោយឡែក ជាមួយប្រទេសជិតខាង ដែលមានភូមិផងរបងជាមួយ ហើយជាពិសេសគឺជាមួយប្រទេស វៀតណាម។

ឆ្នាំ២០២២នេះ សប្តាហ៍វប្បធម៌វៀតណាមនៅកម្ពុជា រៀបចំឡើងចាប់ពីថ្ងៃទី ៩ ដល់ ថ្ងៃទី ១៤ ខែសីហា នៅរាជធានីភ្នំពេញនិងទីក្រុងសៀមរាប ចំណែកព្រឹត្តិការណ៍សប្តាហ៍វប្បធម៌កម្ពុជានៅវៀតណាម រៀបចំឡើងនៅក្នុងទីក្រុងហូជីមិញ និងខេត្តត្រាវិញ នៅដែនដីសណ្តរទន្លេមេគង្គ ចាប់ពីថ្ងៃទី ២៧ ខែកញ្ញា ដល់ថ្ងៃទី០២ ខែតុលា។ ព្រឹត្តិការណ៍វប្បធម៌ដ៏មានអត្ថន័យនាឆ្នាំ២០២២នេះ លើសពីការផ្តល់ឱកាសដល់ប្រជាជននៃប្រទេស ទាំងពីរក្នុងការស្វែងយល់ពីគ្នាទៅវិញទៅមក ថែមទាំងជាផ្នែកមួយនៃសកម្មភាពអបអរសាទរខួបលើកទី៥៥ នៃការ បង្កើតទំនាក់ទំនងការទូតផ្លូវការ និងឆ្នាំមិត្តភាព កម្ពុជា-វៀតណាម វៀតណាម-កម្ពុជា ឆ្នាំ២០២២។ ព្រឹត្តិការណ៍នេះ រៀបចំឡើងដោយអនុលោមទៅតាមផែនការសហប្រតិបត្តិការស្តីពីវប្បធម៌និងសិល្ប: ឆ្នាំ២០១៨-២០២២ រវាងក្រសួងវប្បធម៌នៃប្រទេសទាំងពីរ។ ចំណែកកម្មវិធីកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ និងសិល្បៈ សម្រាប់ ឆ្នាំ២០២៣–២០២៧ ខាងមុខ រវាងប្រទេសកម្ពុជា និងវៀតណាម ដែលបានចុះហត្ថលេខា នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម កាលពី ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅ និងបានឯកភាពជាផ្លូវការ ដោយកំណត់យក ភាគីវៀតណាម នឹងរៀបចំសប្តាហ៍វប្បធម៌វៀតណាមនៅកម្ពុជា ក្នុងឆ្នាំ២០២៤ និងឆ្នាំ២០២៦ ចំណែកសប្តាហ៍ វប្បធម៌កម្ពុជា នៅវៀតណាម កម្ពុជានឹងរៀបចំនៅក្នុងឆ្នាំ២០២៣ និងឆ្នាំ២០២៥។ ចំណែកក្នុងឆ្នាំ ២០២៧ សប្តាហ៍វប្បធម៌ រវាង ប្រទេសទាំងពីរ នឹងប្រព្រឹត្តទៅនៅប្រទេសទាំងពីរ ក្នុងឱកាសអបអរខួបលើកទី ៦០ ឆ្នាំ នៃទំនាក់ទំនងការទូតរវាងកម្ពុជានិងវៀតណាម រួមជាមួយនឹងសកម្មភាពផ្សេងទៀត ដូចជាការសម្តែងសិល្បៈ និងការតាំងពិពណ៌ជាដើម។

ថ្លែងក្នុងពិធីបើកព្រឹត្តិការណ៍“សប្តាហ៍វប្បធម៌វៀតណាមនៅកម្ពុជាឆ្នាំ២០២២នារាត្រី ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២, លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មាន ប្រសាសន៍ ថា ព្រឹត្តិការណ៍វប្បធម៌ដ៏មានអត្ថន័យនេះ បានផ្តល់ឱកាសដល់ប្រជាជននៃប្រទេសទាំងពីរក្នុងការស្វែងយល់ពីគ្នាទៅវិញទៅមក និងរួមចំណែកក្នុងការនាំយកការផ្សាភ្ជាប់ និងកិច្ចសហប្រតិបត្តិការមិត្តភាព និងបងប្អូន ភូមិផងរបងជាមួយ រវាងប្រជាជននិងប្រជាជននៃប្រជាជាតិទាំងពីរ ក្នុងកម្រិតខ្ពស់មួយ ដើម្បីស្តារប្រទេសឡើងវិញ ពី ជំងឺរាតត្បាតដោយវីរុសកូវីដ-១៩។ ទំនាក់ទំនងរបស់ប្រទេសយើងទាំងពីរនាពេលបច្ចុប្បន្ន ត្រូវបានចាត់ទុកថា ជាកិច្ចសហប្រតិបត្តិការដៃគូគ្រប់ជ្រុងជ្រោយ ដែលស្តែងចេញយ៉ាងច្បាស់តាមរយៈការផ្លាស់ប្ដូរ គណៈប្រតិភូ ជាន់ខ្ពស់ មន្ត្រីជំនាញ និងក្រុមសិល្បៈនៃប្រទេសទាំងពីរ។

ជាមួយគ្នានេះដែរ ឯកឧត្តម ហ័ង ដាវគួង អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម បានថ្លែងថា វៀត ណាមនិងកម្ពុជា មានទំនាក់ទំនងជាសាមគ្គីភាព មិត្តភាពបែបប្រពៃណី និងជាអ្នកភូមិផងរបងជា មួយគ្នា។ សម្រាប់ទំនាក់ទំនងការទូតជាងកន្លះសតវត្សរ៍ យើងមានក្តីសោមនស្សបានឃើញជាក់ស្តែង នូវកិច្ច សហប្រតិបត្តិការលើវិស័យនានារវាងប្រទេសទាំងពីរ ដែលមានការវិវឌ្ឍកាន់តែខ្លាំងឡើង និងត្រូវបានបណ្តុះក្នុង វិធីសាស្ត្រដ៏ស៊ីជម្រៅនិងជាក់ស្តែង។ ទំនាក់ទំនងប្រទេសទាំងពីរ ក៏ទទួលបានសមិទ្ធិផលជាច្រើនក្នុងវិស័យ នយោបាយ សេដ្ឋកិច្ច វប្បធម៌ អប់រំ និងវិស័យផ្សេងៗ ដែលចូលរួមការនាំមកនូវអត្ថប្រយោជន៍ជាក់ស្តែងសម្រាប់ ប្រជាជននៃប្រទេសទាំងពីរ។ សកម្មភាពវប្បធម៌នានារបស់ប្រទេសទាំងពីរ ដែលត្រូវបានរៀបចំជាទៀងទាត់ ដើរតួ យ៉ាងសំខាន់ក្នុងការពង្រឹងសាមគ្គីភាព មិត្តភាព និងការស្វែងយល់ពីគ្នាទៅវិញទៅមក ដែលផ្តល់ឱ្យនូវការអភិវឌ្ឍ សង្គមសេដ្ឋកិច្ចនៃប្រទេសនីមួយៗ។

ទាក់ទងនឹង វិស័យពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍៖ យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ វៀតណាមបានឱ្យដឹងថា ក្នុងរយៈពេលប្រាំបីខែដំបូងនៃឆ្នាំ២០២២ ការ នាំចេញ-នាំចូលទំនិញរវាង វៀតណាម និងកម្ពុជា សម្រេចបាន ៧,៨៧ ពាន់លានដុល្លារអាម៉េរិក កើនឡើង ១៨.៣% ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២១។ ក្នុងនោះ ការនាំចូល​ពីវៀតណាមមកកាន់កម្ពុជា សម្រេចបាន ៤,១៨ ពាន់លានដុល្លារអាម៉េរិក កើនឡើង ៣២,៧% ចំណែកការនាំចេញពីកម្ពុជា ទៅកាន់ប្រទេសវៀតណាម សម្រេចបាន ៣,៦៩ ពាន់លាន ដុល្លារអាម៉េរិក កើនឡើង ៥,៥% ធៀបនឹង រយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១។ ហើយបើតាមរបាយការណ៍ ដែលទទួលបានពីស្ថានតំណាងពាណិជ្ជកម្មរបស់វៀត ណាមនៅកម្ពុជា​បានឱ្យដឹងថា គិតត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០២២ វៀតណាមមានគម្រោង ចំនួន១៩៧ ដែល កំពុងដំណើរការនៅកម្ពុជា ដែលមានដើមទុនសរុប ចំនួន ប្រមាណ ដើមទុនចុះបញ្ជីសរុបសម្រាប់ ការវិនិយោគ នៅបរទេសគឺ ២,៩២ ពាន់លានដុល្លារអាម៉េរិក ជាប់ចំណាត់ ថ្នាក់ទីពីរ ក្នុងចំណោមប្រទេស និង ដែនដីចំនួន ៧៩ ដែលវៀតណាមបានដាក់​ទុនវិនិយោគ នៅបរទេស (បន្ទាប់ពីប្រទេសឡាវ)។ ចំណែគបើយោងតាមស្ថិតិរបស់ក្រសួងទេសចរណ៍កម្ពុជា ក្នុង រយៈពេលប្រាំបីខែដំបូង នៃឆ្នាំ ២០២២ កម្ពុជាបាន ស្វាគមន៍ភ្ញៀវ អន្តរជាតិជាង ១លាននាក់ កើនឡើង 580% បើធៀបនឹង​រយៈពេលដូច គ្នាកាលពីឆ្នាំ២០២១។ ជាការរំពឹងទុក ឆ្នាំ២០២២ នេះកម្ពុជានឹងទទួលបានភ្ញៀវអន្តរជាតិ ពី១,៥ ទៅ ២​លាននាក់។ ចំណែក ភ្ញៀវទេសចរវៀតណាម មកទស្សនាកម្ពុជាមានចំនួន ១៤៣,៣០០នាក់ ក្នុងរយៈពេល៦ដើម ឆ្នាំ ២០២២នេះ កើនឡើងជាង២០ដង ធៀបនឹង រយៈពេលដូចគ្នាកាលពីឆ្នាំ២០២១ ចំណែកភ្ញៀវទេសចរកម្ពុជា មានចំនួនជាង ៨ម៉ឺននាក់ បានទៅទស្សនាប្រទេស វៀតណាម ក្នុងរយៈពេល៦ដើមឆ្នាំ២០២២។

សប្តាហ៍វប្បធម៌ កម្ពុជា-វៀតណាម វៀតណាម-កម្ពុជា ជាព្រឹត្តិការណ៍វប្បធម៌ដ៏មានអត្ថន័យ ដែលបាន ផ្តល់ឱកាសដល់ប្រជាជន នៃប្រទេសទាំងពីរក្នុងការស្វែងយល់ពីគ្នាទៅវិញទៅមក និងរួមចំណែកក្នុងការនាំយក ការផ្សាភ្ជាប់ និងកិច្ចសហប្រតិបត្តិការមិត្តភាព និងបងប្អូនភូមិផងរបងជាមួយ រវាងប្រជាជននិងប្រជាជន នៃ ប្រជាជាតិទាំងពីរ ក្នុងកម្រិតខ្ពស់មួយ ដើម្បីស្តារប្រទេសឡើងវិញ ក្រោយពីវិបត្តិនៃជំងឺរាតត្បាតដោយវីរុសកូវីដ-១៩ ដោយការបង្កើនចំណាប់អារម្មណ៍ និងការទាក់ទាញ តាមរយៈការផ្លាស់ផ្តូរវប្បធម៌ដែលប្រកបដោយភាពរួសរវើក របស់ ជាតិសាសន៍នីមួយៗ ក្នុងគោលបំណងជំរុញឱ្យមានកំណើនភ្ញៀវទេសចរបរទេស ពាណិជ្ជកម្ម វិនិយោគ ហើយវាក៏ដូចជាការជំរុញ ដើម្បីសម្រេចឱ្យបាននូវចក្ខុវិស័យអាស៊ាន ឆ្នាំ២០២៥ ដែលជំរុញការអភិវឌ្ឍធនធាន មនុស្ស ឱ្យឆ្លើយតបនឹងតម្រូវការជាក់ស្តែងក្នុងការកសាងសហគមន៍ រួមទាំងជំរុញការចូលរួមរបស់ស្ត្រីនិងយុវជន នៅក្នុងការរក្សា និងកសាងសន្ដិភាព និងការអភិវឌ្ឍប្រព័ន្ធការពារសង្គមប្រកបដោយបរិយាប័ន្ន ជាពិសេសជំរុញនូវ ការប្រាស្រ័យទាក់ទងរវាងប្រជាជន និងប្រជាជន សំដៅពង្រឹងស្មាតីអត្តសញ្ញាណអាស៊ានតែមួយ នៃសសរស្តម្ភ សហគមន៍ សង្គម–វប្បធម៌ ។

RAC Media

ប្រភព៖ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា




អត្ថបទទាក់ទង

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច៖ ក្រោយពីសង្គ្រាមបានបញ្ចប់ កម្ពុជា ខុសពីកូរ៉េ

ថ្លែងនៅក្នុងអង្គសិក្ខាសាលា ស្តីពីដៃគូអភិវឌ្ឍន៍សាធារណរដ្ឋកូរ៉េ-កម្ពុជា៖ កម្ពុជាការស្វែងរកយន្តការដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការនាពេលអនាគតនាព្រឹកថ្ងៃសុក្រ ទី១៥ ខែកញ្ញា ឆ្នាំ២០២៣នៅរាជបណ្ឌិត្យសភាកម្ពុជា...

2023-09-15 04:38:36   Fri, 15,09,2023, 04:38 AM
"Significance of ROK’s Indo-Pacific Strategy and KASI for ASEAN and Cambodia" By Dr. Seun Sam

In the last few years, to increase its involvement and cooperation with nations in the region, the Republic of Korea (ROK) has been vigorously pursuing its Indo-Pacific Strategy and other initiatives....

2023-09-15 03:50:57   Fri, 15,09,2023, 03:50 AM
"ROK’s Indo-Pacific Strategy and Korea-ASEAN Solidarity Initiative are Key Factors for Regional Freedom, Peace, Prosperity and Inclusivity" By Mr. Thun Chhay Piseth

Indo-Pacific is a geopolitical term that is much debated by politicians, political analysts and strategists. The Indo-Pacific accounts for almost 62% of global GDP, equivalent to two-thirds of global...

2023-09-15 03:46:16   Fri, 15,09,2023, 03:46 AM
រាជបណ្ឌិត្យសភាកម្ពុជា រៀបចំសិក្ខាសាលា ស្តីពីដៃគូអភិវឌ្ឍន៍សាធារណរដ្ឋកូរ៉េ-កម្ពុជា៖ ការស្វែងរកយន្តការដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការនាពេលអនាគត (Cambodia-Korea Development Partnership: Navigating the Path for Future Cooperation)

នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ រាជបណ្ឌិត្យសភាកម្ពុជា រៀបចំសិក្ខាសាលា ស្តីពីដៃគូអភិវឌ្ឍន៍សាធារណរដ្ឋកូរ៉េ-កម្ពុជា៖ ការស្វែងរកយន្តការដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការនាពេលអនាគត ដែលរៀបចំឡើង ដើម្បីជាការរ...

2023-09-15 03:41:29   Fri, 15,09,2023, 03:41 AM
"Korea-ASEAN Solidarity Initiative and Its Implications for Cambodia and ASEAN" By Dr. Khek Vireak

The new foreign policy approach of the Republic of Korea (ROK) toward the Indo-Pacific region was introduced by President Yoon at the 2022 ASEAN-Korea Summit in Phnom Penh, Cambodia. In his initiative...

2023-09-15 02:40:43   Fri, 15,09,2023, 02:40 AM
បណ្ឌិត តាំង សុខងី ប្រគល់សៀវភៅជូនបណ្ណាល័យរាជបណ្ឌិត្យសភាកម្ពុជា សម្រាប់ជាប្រយោជន៍ដល់អ្នកសិក្សាស្រាវជ្រាវ

កាលពីព្រឹកថ្ងៃពុធ ទី២៦ ខែកញ្ញា ឆ្នាំ២០២៣ លោកបណ្ឌិត តាំង សុខងី បានប្រគល់សៀវភៅ «គោលនយោបាយចិនតែមួយ» ជូនដល់រាជបណ្ឌិត្យសភាកម្ពុជា តាមរយៈឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា សម្រាប់តម្ក...

2023-09-06 07:13:45   Wed, 06,09,2023, 07:13 AM

សេចក្តីប្រកាស