Royal Academy of Cambodia
រាជបណ្ឌិត្យសភាកម្ពុជា៖ នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ រាជបណ្ឌិត្យសភាកម្ពុជា មានកិត្តិយសទទួលបានការអញ្ជើញចូលរួមរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ីង ថូរ៉ាក់ស៊ី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការនៃទីស្តីការគណៈរដ្ឋមន្ត្រី ថ្លែងសុន្ទរកថា បើកកម្មវិធីសិក្ខាសាលាកសាងសមត្ថភាព ស្តីពី «យុទ្ធសាស្ត្រនៃការស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ-១៩»។
ជាមួយនឹងចំណាប់អារម្មណ៍ពាក់ព័ន្ធនឹងក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារនិងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ីង ថូរ៉ាស៊ី បានបញ្ជាក់ពីក្របខណ្ឌយុទ្ធសាស្ត្របានកំណត់ទិសដៅគោលនយោបាយសំខាន់ៗសម្រាប់វិស័យនីមួយៗទៅតាមអភិក្រមបី គឺការស្ដារឡើងវិញ, ការកែទម្រង់ និងការកសាងភាពធន់ សំដៅផ្តល់ជាមូលដ្ឋានសម្រាប់ការរៀបចំកម្មវិធីលម្អិត និងកម្មវិធីជាក់ស្តែង ដែលអាចនឹងសម្រេចបានក្នុងរយៈពេលខ្លី ដើម្បីស្តារនិងជំរុញការងើបឡើងវិញនៃកំណើនសេដ្ឋកិច្ចជាតិឱ្យបានខ្លាំងក្លា ជាពិសស សម្រេចឱ្យបាននូវមូលដ្ឋានឧស្សាហកម្មរឹងមាំ និងផ្សារភ្ជាប់កាន់តែស៊ីជម្រៅជាមួយច្រវាក់ផ្គត់ផ្គង់ថ្នាក់តំបន់និងសកល ព្រមទាំងសម្រាប់ការបន្តជំរុញកំណើន, ពិពិធកម្ម និងភាពប្រកួតប្រជែងក្នុងរយៈពេលវែង។ ក្នុងការស្តារកំណើនសេដ្ឋកិច្ចឡើងវិញ ឯកឧត្តមបណ្ឌិតសភាចារ្យបានលើកឡើងបន្ថែមថា រាជរដ្ឋាភិបាលផ្តោតទៅលើការស្តារនិងជំរុញកំណើនលើវិស័យចំនួន ៤ រួមមាន វិស័យកសិកម្មនិងកសិ-ឧស្សាហកម្ម, វិស័យទេសចរណ៍, វិស័យកាត់ដេរ និងវិស័យកម្មន្តសាលមិនមែនកាត់ដេរ។
ទន្ទឹមនឹងនោះ រាជរដ្ឋាភិបាលកម្ពុជាជំរុញការកែទម្រង់ ដើម្បីកសាងមូលដ្ឋានគ្រឹះរឹងមាំសម្រាប់កំណើន, ពិពិធកម្ម និងភាពប្រកួតប្រជង។ ការកែទម្រង់ គឺជាកិច្ចការចាំបាច់បំផុត ដើម្បីចាប់យកកាលានុវត្តភាពនៃការផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ចក្នុងស្រុក និងទាក់ទាញបន្ថែមនូវការវិនិយោគនិងធុរកិច្ច ដែលកើតចេញពីការផ្លាស់ប្ដូរខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់ចូលមកកាន់កម្ពុជា សំដៅចូលរួមស្ការនិងពន្លឿនការអភិវឌ្ឍវិស័យឧស្សាហកម្ម, វិស័យកសិកម្ម, និងវិស័យសេវាកម្ម ប្រកបដោយចីរភាពនិងបរិយាប័ន្ន។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ក៏បានលើកបញ្ជាក់បន្ថែមពាក់ព័ន្ធយុទ្ធសាស្ត្របន្សំនឹងការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍបៃតងរបស់រាជរដ្ឋាភិបាលកម្ពុជា។ ការជំរុញភាពធន់នៃកិច្ចដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចទៅនឹងការប្រែប្រួលអាកាសធាតុ ត្រូវបានចាត់ទុកជាអាទិភាពនិងរបៀបវារៈគោលនយោបាយដ៏ចម្បងមួយរបស់រាជរដ្ឋាភិបាល ដូចមានចែងក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ២០១៩-២០២៣។ ដើម្បីសម្រេចនូវគោលដៅនេះ រាជរដ្ឋាភិបាលបានផ្តល់សច្ចាប័នលើអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC), ផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុ, ដាក់ចេញនូវបទប្បញ្ញត្តិ និងផែនការយុទ្ធសាស្ត្រជាតិនានា សំដៅកាត់បន្ថយផលប៉ះពាល់ និងជំរុញការបន្សំនិងការប្រែប្រួលអាកាសធាតុ ព្រមទាំងបានអនុវត្តការបន្សំទៅនឹងការប្រែប្រួលអាកាសធាតុក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ជាពិសេសផ្លូវថ្នល់និងប្រព័ន្ធធារាសាស្ត្រ, ការលើកកម្ពស់ការអភិវឌ្ឍសមត្ថភាពស្ថាប័ន, ការយល់ដឹងនិងការផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ និងការបន្តជំរុញអភិរក្សធនធានព្រៃឈើផងដែរ។
នៅចុងបញ្ចប់នៃការថ្លែងសុន្ទរកថាបើកអង្គសិក្ខាសាលាទាំងមូល ឯកឧត្តមបណ្ឌិតសភាចារ្យ ក៏បានលើកថ្លែងអំណរគុណដល់ វិទ្យាស្ថានបរិស្ថានកូរ៉េ (KEI) ដែលបានឧបត្ថម្ភហិរញ្ញវត្ថុនិងបច្ចេកទេស សម្រាប់រៀបចំសិក្ខាសាលាកសាងសមត្ថភាព RAC-LASES-VASS-KEI ប្រចាំឆ្នាំ តាំងពីឆ្នាំ២០១២ មក និងបន្តឧបត្ថម្ភដល់បណ្ឌិត្យសភាទាំងបី កម្ពុជា ឡាវ វៀតណាម នាបណ្តាឆ្នាំបន្តបន្ទាប់ទៀត៕
«បង្សុកូល៖ អតីតកាលជាមេរៀនសម្រាប់បច្ចុប្បន្ន បច្ចុប្បន្នដើម្បីអនាគត» គឺជាស្នាដៃនិពន្ធថ្មីស្រឡាងមួយដែលកើតចេញពីគំនិត និងការច្នៃ ប្រឌិតខ្ពស់របស់កូនខ្មែរដោយរួមបញ្ចូលការនិពន្ធបទភ្លេងថ្មី ចម្រៀង...
បន្ទាប់ពីការងារចុះស្រាវជ្រាវយ៉ាងមមាញឹកអំពីការចិញ្ចឹមគោយកទឹកដោះនៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែន ឫស្សីត្រឹបកន្លងទៅ។ នៅព្រឹកថ្ងៃចន្ទ ១កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខ...
បើគិតចាប់ពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៧ ដល់ ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨ គឺមានរយៈពេលមួយឆ្នាំគត់ដែលថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់នៃរាជបណ្ឌិត្យសភាកម្ពុជា បានចូលរួមក្នុងពិធីក្រុងពាលី និងបញ្ចុះបឋមសិលា សាង...