ព័ត៌មាន

បណ្ឌិតសភាចារ្យ សុខ ទូច៖ «សហគ្រាសធុនតូចនិងមធ្យម (SMEs) គឺជាឆ្អឹងខ្នងសំខាន់នៃសេដ្ឋកិច្ចជាតិ»

2022-09-20 15:21:16 ថ្ងៃអង្គារ, 20 កញ្ញា 2022, 03:21 PM
post_detail

រាជបណ្ឌិត្យសភាកម្ពុជា៖ ថ្លែងបញ្ជាក់នៅក្នុងសុន្ទរកថាបិទសន្និសីទអន្តរជាតិលើកទី៩ នៅឯសាលសន្និសីទខេមរវិទូ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានមានប្រសាសន៍ថា‍‌ «សហគ្រាសធុនតូចនិងមធ្យម (SMEs) គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច នៃប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើន ក្នុងពិភពលោក រួមទាំងកម្ពុជា ឡាវ និងវៀតណាមផងដែរ។ លើសពីនេះ សហគ្រាសធុនតូចនិងមធ្យម ដើរតួនាទីយ៉ាងសំខាន់ ក្នុងការប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកសម្រាប់ផលិតកម្មរបស់ខ្លួន។ ទន្ទឹមនឹងនេះដែរ វិស័យសហគ្រាសធុនតូចនិងមធ្យម បានខិតខំអភិវឌ្ឍ និងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងពិភពលោក តាមរយៈបច្ចេកវិទ្យាទំនើប និងចំណេះដឹងដ៏សម្បូរបែប។»

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានបញ្ជាក់បន្ថែមក្នុងនាមជាម្ចាស់ផ្ទះ រៀបចំកម្មវិធីសន្និសីទអន្តរជាតិ លើកទី៩ នាឆ្នាំ២០២២នេះ ពីសារៈសំខាន់របស់សហគ្រាសធនតូច និងមធ្យម(SMEs) សម្រាប់បង្កើននូវប្រាក់ចំណូល និង បង្កើតបាននូវការងារជាច្រើន តែទោះយ៉ាងណាក៏ដោយ ទន្ទឹមនឹងការសម្លឹងមើលលើកំណើនសេដ្ឋកិច្ច និង កំណើនស្ថិតិប្រជាជន សហគ្រាសធនតូចនិងមធ្យម(SMEs) មានបញ្ហាប្រឈមមួយចំនួនដែលត្រូវគិតគូរ និងរកមធ្យោបាយដោះស្រាយ។ សហគ្រាសធនតូចនិងមធ្យម ត្រូវប្រឈមនឹងបញ្ហាមួយចំនួន ដូចជាកង្វះដើមទុន បញ្ហាជំនាញក្នុងការគ្រប់គ្រងពាណិជ្ជកម្ម ទីផ្សារលក់និងការនាំចេញផលិតផល និងបច្ចេកវិទ្យាដើម្បីធានាគុណភាពក្នុងការប្រកួតប្រជែងទីផ្សារ និងនវានុវត្តន៍។

ឯកឧត្ដមបណ្ឌិតសភាចារ្យ បានបន្ថែមថា នៅក្នុងប្រទេស CLV (កម្ពុជា ឡាវ វៀតណាម) សហគ្រាសធុនតូចនិងមធ្យម ក៏បានជួបប្រទះបញ្ហាប្រឈមមុខមួយចំនួន ដូចបានលើកឡើងខាងលើ ដោយឯកឧត្តមបណ្ឌិតសភាចារ្យ បានផ្តល់នូវធាតុចូលចំនួន៧ចំណុច គឺ៖

ទី១.ការបណ្តុះបណ្តាលធនធានមនុស្សឱ្យមានជំនាញ ចំណេះដឹង ព្រោះថាធនធានមនុស្សដើរតួនាទីសំខាន់ ហើយកាលណាគ្មានការអប់រំ សូមកុំនិយាយពី SMEs;

ទី២. SMEs នៃប្រទេសទាំងបីត្រូវចេះចាប់យកឱកាសពីអំណោយផលពីធម្មជាតិរបស់ប្រទេសទាំងបី ដែលស្ថិតនៅក្នុងតំបន់ត្រូពិច និងមិនសូវរងគ្រោះពីធម្មជាតិ;

ទី៣. រដ្ឋផ្តល់ឱកាសដល់អ្នកវិនិយោគលើវិស័យ SMEs នៅក្នុងប្រទេសទាំងបី;

ទី៤.ធនាគារគួរពិចារណាក្នុងការបញ្ចុះការប្រាក់ដល់ម្ចាស់សហគ្រាស (SMEs) ដែលមានអទិភាព និងអ្នកជំនាញវិជ្ជាជីវៈពិតប្រាកដ ពីព្រោះវិជ្ជាជីវមានសារៈសំខាន់ក្នុងការរួមចំណែកកាត់បន្ថយភាពក្រីក្រ;

ទី៥. ការផ្តល់ឱកាសរបស់រដ្ឋតាមរយៈការមិនយកពន្ធ និងចាត់វិធានការដោះស្រាយបញ្ហាទាន់ពេលវេលា;

ទី៦. កសិកម្មដើម្បីកសិកម្ម កសិកម្មដើម្បីកសិឧស្សាហកម្ម កសិកម្មដើម្បីសេវាកម្ម;

ទី៧. ​ការបង្កើតផលិផលទេសចរណ៍សិប្បនិមិត្ត បន្ថែមពីលើផលិតផលទេសចរណ៍វប្បធម៌ និងធម្មជាតិដែលមានស្រាប់។

គួរបញ្ជាក់ដែរថា សន្និសីទអន្តរជាតិ ដែលរៀបចំឡើងដោយប្ដូរវេនគ្នាជារៀងរាល់ឆ្នាំ ចាប់ផ្ដើមរៀបចំជាលើកដំបូង នៅប្រទេសវៀតណាម នៅឆ្នាំ២០១២ រហូតមកដល់ឆ្នាំ២០២០ និង ២០២១ កម្មវិធីនេះ ត្រូវបានលើកពេលដោយហេតុផលនៃការឆ្លងរាតត្បាតជាសកលជំងឺកូវីដ-១៩។ នៅឆ្នាំ២០២២នេះ រាជបណ្ឌិត្យសភាកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះរៀបចំ ក្រោមប្រធានបទស្ដីពី «តួនាទីសហគ្រាសធុនតូចនិងមធ្យមក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ក្នុងប្រទេសកម្ពុជា ឡាវ និងវៀតណាម»។ នៅឆ្នាំ២០២៣ បណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមវៀតណាម នឹងទទួលធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិលើកទី១០៕


អត្ថបទទាក់ទង

«សមិទ្ធផលសំខាន់ៗរបស់វិទ្យាស្ថានជីវសាស្រ្ត វេជ្ជសាស្រ្ត និងកសិកម្ម...»

វិទ្យាស្ថានជីវសាស្រ្ត វេជ្ជសាស្រ្ត និងកសិកម្ម ជាវិទ្យាស្ថានមួយក្នុងចំណោមវិទ្យាស្ថានទាំង០៦ នៃរាជបណ្ឌិត្យសភាកម្ពុជា មានបេសកកម្មស្រាវជ្រាវអំពីបរិស្ថាន និងធនធានធម្មជាតិ កសិកម្ម ធនធានទឹក ក៏ដូចជាវិស័យសុខាភិ...

2018-11-27 11:58:42   Tue, 27,11,2018, 11:58 AM
«សមិទ្ធផលសំខាន់ៗរបស់ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប»

បើគិតចាប់តាំងពីក្រុមការងារឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ចាប់សម្រុក​ការងារ​ក្នុង​ឧទ្យានដែលមានទីតាំងនៅស្រុកឆែប ខេត្តព្រះវិហារនេះមក គឺមានរយៈពេលប្រមាណជាមួយឆ្នាំ​ប៉ុណ្ណោះដែលទទួលបានការកត់សំ...

2018-11-27 11:04:53   Tue, 27,11,2018, 11:04 AM
«របាយការណ៍បូកសរុបការងារ ឆ្នាំ២០១៨ និងទិសដៅ ឆ្នាំ២០១៩ នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា»

របាយការណ៍ដែលបានរៀបចំឡើងដោយ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា នៅក្នុង «សន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៨ និងទិសដៅការងារឆ្នាំ២០១៩» ប្រារពធ្វើឡើងរយៈពេល៣ថ្ងៃ គឺចាប់ពី ថ្ងៃចន...

2018-11-27 07:55:39   Tue, 27,11,2018, 07:55 AM
«សមិទ្ធផលសំខាន់ៗរបស់វិទ្យាស្ថានភាសាជាតិ»

ថ្ងៃអង្គារ ៥រោច ខែកត្តិក ឆ្នាំច ព.ស ២៥៦២​ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ (ថ្ងៃទី២ នៃសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩)បទបង្ហាញ៖ ឯកឧត្តមបណ្ឌិត ជួរ គារី ប្រធានវិទ្យា...

2018-11-27 04:02:21   Tue, 27,11,2018, 04:02 AM
«សមិទ្ធផលសំខាន់ៗរបស់វិទ្យាស្ថាន វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា»

ថ្ងៃអង្គារ ៥រោច ខែកត្តិក ឆ្នាំច ព.ស ២៥៦២​ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ នាថ្ងៃទី២ នៃសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩។ឯកឧត្តមបណ្ឌិត អ៊ាប បុណ្ណា (រូបកណ្តាល) ​ប្រធា...

2018-11-27 03:29:34   Tue, 27,11,2018, 03:29 AM
«សមិទ្ធផលសំខាន់ៗដែលសម្រេចបាន នៅក្នុងឆ្នាំ២០១៨របស់វិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ»

ឯកឧត្តមបណ្ឌិត នូ ចាន់សុភី ប្រធានវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកបង្ហាញអំពីបច្ចុប្បន្នភាពរបស់វិទ្យាស្ថាន រចនាសម័ន្ធ ចក្ខុវិស័យ និងបេសកម្មរបស់វិទ្យាស្ថាន និងសមិទ្ធផលផ្សេ...

2018-11-26 15:50:44   Mon, 26,11,2018, 03:50 PM

សេចក្តីប្រកាស