ព័ត៌មាន

វេទិកាភ្នំពេញលើកទី១ បើកសករាជ«មុំគំនិតបី»ជួយគ្នាដោះស្រាយបញ្ហាសង្គម

2022-09-07 11:30:28 ថ្ងៃពុធ, 07 កញ្ញា 2022 ម៉ោង 06:30 PM
អ្នកមើល 3586
post_detail

វេទិកាភ្នំពេញ ជាឱកាសនៃការប្រមូលផ្ដុំនូវបញ្ញាញាណរបស់ជាតិ និងដៃគូអន្តរជាតិ ដើម្បីជជែកពិភាក្សាពីលើកកម្ពស់ការជជែកវែកញែកពីបញ្ហាប្រឈមនានា ដែលកំពុងកើតមានក្នុងប្រទេសកម្ពុជា ក៏ដូចជានៅក្នុងតំបន់ និងនៅលើពិភពលោក។ វេទិកានេះ នឹងចូលរួមចំណែកសំខាន់និងក្លាយជាមធ្យោបាយលើកកម្ពស់កិច្ចសន្ទនា និងការទទួលយកក្នុងកម្រិតទូលំទូលាយមួយ ដែលបានរៀបចំឡើងជាលើកទីមួយនៅរាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២។

ជាមួយនឹងវត្តមានវាគ្មិនកិត្តិយសពីប្រទេសកម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី ថៃ វៀតណាម ចិន សហរដ្ឋអាម៉េរិក អ៊ីតាលី និងអូស្ត្រាលី ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងក្នុងសុន្ទរកថាគន្លឹះបើកកម្មវិធីវេទិកាភ្នំពេញ ស្ដីពី «តួនាទីធនាគារខួរក្បាល អង្គការមិនមែនរដ្ឋាភិបាល និងប្រព័ន្ធផ្សព្វផ្សាយក្នុងបរិបទថ្មី : ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» បានមានប្រសាសន៍ប្រៀបប្រដូចវេទិកាភ្នំពេញនេះ ដូចទៅនឹង «មុំគំនិតបី» ដែលសំដៅទៅលើក្រុមធនាគារខួរក្បាល អង្គការមិនមែនរដ្ឋាភិបាល និងប្រព័ន្ធផ្សព្វផ្សាយ ដែលនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកទ្រទ្រង់អំណាចសង្គម ធានានូវស្ថិរភាព វឌ្ឍនភាព និងវិបុលភាពសង្គម ជាងនេះទៅទៀតថែមទាំងបានជាវិភាគទានក្នុងការតាក់តែងគោលនយោបាយប្រកបដោយគុណភាព គណនេយ្យភាព តម្លាភាព និងបរិយាបន្ន។

ឯកឧត្ដមបណ្ឌិត យង់ ពៅ បានបន្តថា «មុំគំនិតបី»នេះ ត្រូវការជាចាំបាច់នូវការខិតខំប្រឹងប្រែងរួមគ្នារបស់រដ្ឋាភិបាល ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមចំពោះមុខនាពេលបច្ចុប្បន្ន និងទៅអនាគត។ […] នៅពេលដែលពិភពលោកបានឈានចូលដល់យុគសម័យថ្មីនៃការប្រកួតប្រជែងខាងភូមិសាស្ត្រនយោបាយដ៏ស្រួចស្រាល់ដែលស្ថិតក្នុងបរិបទដ៏លំបាកមួយឆ្ពោះទៅរកពហុភាព ដែលតួអង្គចាស់ តួអង្គថ្មី និងតួអង្គលេចធ្លោផ្សេងទៀត កំពុងប្រកួតប្រជែងសម្រាប់តួនាទីនៅក្នុងកិច្ចការតំបន់និងពិភពលោក។ និន្នាការនេះ តម្រូវឱ្យយើងស្វែងរកអភិក្រម«មុំគំនិតថ្មីៗ» ដូចដែលយើងកំពុងតែអង្គុយធ្វើជាមួយគ្នានេះ ជាលំនាំគំរូមួយ។

សូមបញ្ជាក់ថា នេះជាវេទិកាភ្នំពេញ លើកទី១ ដែលបានរៀបចំឡើងក្រោមកិច្ចផ្ដួចផ្ដើមរបស់ឯកឧត្ដមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា៕


អត្ថបទទាក់ទង

សន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៧និងទិសដៅឆ្នាំ២០១៨

សន្និបាតនេះ ប្រារព្ធធ្វើឡើងក្នុងគោលបំណងពិនិត្យ និងវាយតម្លៃលទ្ធផលការងាររបស់រាជបណ្ឌិត្យសភាកម្ពុជា ក្នុងរយៈពេលពេញមួយឆ្នាំ២០១៧មកនេះ និងលើកទិសដៅឆ្នាំ២០១៨។ ជាការណ៍ពិតណាស់, មួយឆ្នាំកន្លងទៅនេះ មានការងារជាច្រើ...

2018-03-14 06:22:32   ថ្ងៃពុធ, 14 មីនា 2018 ម៉ោង 01:22 PM

សេចក្តីប្រកាស