ព័ត៌មាន

កម្ពុជា-វៀតណាម ក្រោយនឹមអាណានិគមបរទេសផុតរលត់ ដោយ៖ លោក អ៊ុច លាង អ្នកសិក្សាស្រាវជ្រាវនៃនាយកដ្ឋានសិក្សាអាស៊ី អាហ្វ្រិក និងមជ្ឈិមបូព៌ា នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា

2022-08-28 07:32:53 ថ្ងៃអាទិត្យ, 28 សីហា 2022 ម៉ោង 02:32 PM
អ្នកមើល 4240
post_detail

បុណ្យឯករាជ្យជាតិ ជាទូទៅត្រូវបានគេស្គាល់ថា ជាពីធីបុណ្យដែលតែងតែប្រារពធ្វើឡើងជា រៀងរាល់ឆ្នាំ ដើម្បីរំលឹកដល់ថ្ងៃដែលប្រទេសនីមួយៗ បានរួចចាកផុតឬទទួលឯករាជ្យពេញលេញចេញពីនឹមអាណានិគម របស់ មហាអំណាច។ សម្រាប់បណ្តាប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងអស់ ត្រូវរង់ចាំរហូតដល់ សង្គ្រាម លោកលើក ទីពីរត្រូវបានបញ្ចប់ ទើបអាចរើបម្រះ ចេញរួចពីនឹមពួកអាណានិគមរបស់អឺរ៉ុបបាន។ នេះក៏មកពីពួកមហាអំណាច អឺរ៉ុប ពិសេសបារាំងនិងអង់គ្លេស បានចុះខ្សោយដោយសារតែសង្គ្រាមលោក ក៏ដូចជាសង្គ្រាមប្រឆាំងពីសំណាក់ ប្រទេសដែលស្ថិតនៅក្រោមអាណានិគម និងដោយសារការរះឡើងរបស់ កំពូលមហាអំណាចថ្មីក្រោយ ឆ្នាំ១៩៤៥ មានសហរដ្ឋអាម៉េរិកនិងសហភាពសូវៀត ដែលជាអ្នកប្រឆាំងនឹងអាណានិគមនិយមផងដែរ។ គឺនៅក្នុងបរិបទនៃ សណ្តាប់ធ្នាប់ថ្មីក្រោយសង្គ្រាមលោកលើកទីពីរនេះហើយ ដែលបណ្តាប្រទេសនៅអាស៊ី ជាពិសេសអាស៊ីអាគ្នេយ៍ អាចពន្លឿនល្បឿននៃអ្វីដែលគេហៅថា អភិក្រមនៃការរំសាយអាណានិគម។ សម្រាប់នៅក្នុងដែនដី ដែលនៅក្រោម អាណានិគមរបស់ប្រទេសអង់គ្លេស មានប្រទេសភូមាទទួលបានឯករាជ្យនៅឆ្នាំ១៩៤៨ និងម៉ាឡេស៊ីទទួលបាន ឯករាជ្យនៅឆ្នាំ១៩៥៨។ សម្រាប់នៅក្នុងដែនដីក្រោមអអាណានិគមរបស់ប្រទេសបារាំងមាន ប្រទេសកម្ពុជានិង ឡាវ ទទួលបានឯករាជ្យនៅឆ្នាំ១៩៥៣ ប្រទេសវៀតណាមទទួលបានឯករាជ្យពីប្រទេសជប៉ុន នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៤៥ និងប្រកាសបង្កើតរដ្ឋវៀតណាមឯករាជ្យ ដោយដាក់ឈ្មោះថា “សាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម” និងពីបារាំងនៅឆ្នាំ១៩៥៤។ សម្រាប់នៅក្នុង ដែនដីក្រោម អាណានិគមរបស់ប្រទេសហូឡង់ ឥណ្ឌូណេស៊ីទទួល បានឯករាជ្យនៅឆ្នាំ១៩៤៩ រីឯហ្វីលីពីន ទទួលបានឯករាជ្យពេញលេញនៅឆ្នាំ១៩៤៦។ ការរើបម្រះខ្លួនចេញពី នឹមអាណានិគមរបស់អឺរ៉ុប មិនមែនកើត ឡើងដូចៗ គ្នាទេ។ សម្រាប់ ប្រទេសភូមា កម្ពុជា និងឡាវ ទទួលបាន ឯករាជ្យដោយសន្តិវិធី។ ចំណែក ប្រទេស ឥណ្ឌូណេស៊ី វៀតណាម និងម៉ាឡេស៊ី ទទួលបានឯករាជ្យតាមរយៈការ បង្ហូរឈាម។ ចំណែកប្រទេស្រទេសសៀម ជាប្រទេសតែមួយគត់ បានរួចផុតពីនឹមអាណានិគមរបស់បរទេស ដោយផ្អែកទៅតាម កិច្ចព្រមព្រៀងឆ្នាំ១៨៩៦ ទីក្រុងឡុងដ៏ (Londres) និងទីក្រុងប៉ារីស (Paris) បានសម្រេច ទុកប្រទេសមួយនេះ ឱ្យនៅទំនេរ ដើម្បីធ្វើជា តំបន់ទ្រនាប់រវាងដែន អាណានិគមអង់គ្លេស និងដែនអាណានិគម បារាំង។

ចលនាទាមទារឯករាជ្យរបស់វៀតណាម

នៅក្រោយសង្រ្គាមលោកលើកទី២ ប្រទេសឥណ្ឌាបានប្រកាសឯករាជ្យពីអាណានិគមអង់គ្លេស នៅ ថ្ងៃទី១៥ ខែសីហា ឆ្នាំ១៩៤៧ ហើយត្រូវបានគេស្គាល់ជាទូទៅថា ជាគំរូនៃការរំសាយអាណានិគមដោយសន្តិវិធី តាមរយៈការចរចា ។ ក៏ប៉ុន្តែការរំសាយអាណានិគមនេះមិនមែនសុទ្ធតែធ្វើឡើងដោយសន្តិវិធី នៅគ្រប់កន្លែងទាំងអស់ ដូចជាករណីឥណ្ឌានោះទេ ហើយសង្រ្គាមដំបូងបំផុតនៅក្នុងចលនារំសាយអាណានិគម ក្រោយសង្រ្គាមលោកលើកទី២ គឺ សង្រ្គាមនៅឥណ្ឌូចិន រវាងកងទ័ពបារាំងនិងវៀតមិញ[1]ដែលដឹកនាំដោយ លោក ហូ ជីមិញ។

សូមរំលឹកថា តំបន់អាស៊ីអាគ្នេយ៍ជារួម និងតំបន់ឥណ្ឌូចិននិយាយដោយឡែក ដែលមានប្រទេសកម្ពុជា វៀតណាម ឡាវ និងដែនដីកូសាំងស៊ីន(កម្ពុជាក្រោម) បានស្ថិតនៅក្រោមអាណានិគមបារាំង តាំងពីសតវត្សរ៍ទី១៩។ ក៏ប៉ុន្តែនៅក្នុងអំឡុងសង្រ្គាមលោកលើកទី២(១៩៣៩-១៩៤៥) បារាំង ដែលបានចាញ់សង្រ្គាមទល់នឹងអាល្លឺម៉ង់ ក៏ត្រូវបង្ខំចិត្តឱ្យជប៉ុន ដែលជាសម្ព័ន្ធមិត្តរបស់ហ៊ីត្លែរ ចូលមកតាំងមូលដ្ឋានទ័ព នៅក្នុងដែនដីឥណ្ឌូចិន ជាពិសេស នៅ វៀត ណាមខាងជើង។ នៅដើមឆ្នាំ១៩៤៥ ទាហានជប៉ុនបានវាតទីពង្រីកទឹកដីរបស់ខ្លួន ស្ទើរតែពាសពេញតំបន់ឥណ្ឌូចិនទាំងមូល គឺទាំងនៅប្រទេសវៀតណាម កម្ពុជា និងឡាវ។

លោកប្រធានហូជីមិញអានសេចក្តីប្រកាសឯករាជ្យនៅទីលាន Ba Dinh ថ្ងៃទី ២ ខែកញ្ញាឆ្នាំ ១៩៤៥ (រូបថត៖ TTXVN)

នៅមុនបញ្ចប់សង្គ្រាមលោកលើកទី២ “បដិវត្តន៍ខែសីហា” ត្រូវបានបង្កើតឡើងនៅ ខែសីហា ឆ្នាំ១៩៤៥ ដើម្បី គៀង គរ ប្រមូលផ្តុំនិងបង្រួបបង្រួមកម្លាំងរបស់ប្រជាជាតិទាំងមូល។ ចលនាជាតិនិយមមួយនេះបានរីក ដុះដាលឡើងនៅប្រទេសវៀតណាម នោះគឺ “បក្សសម្ព័ន្ធដើម្បីឯករាជ្យវៀតណាម” ដែលហៅកាត់ជាទូទៅថា “វៀតមិញ” ក្រោមការដឹកនាំរបស់មេចលនាកុម្មុយនិស្ត គឺ លោក ហូ ជីមិញ ដើម្បីប្រឆាំងនឹងនឹមអាណានិគម។

នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៤៥ ជប៉ុនបានប្រកាសចុះចាញ់សង្រ្គាមលោកលើកទី២ ហើយនៅថ្ងៃដដែល នោះ លោក ហូ ជីមិញ ក៏បានប្រកាសជាឯកតោភាគី នៅទីលានបាឌីង (Ba Dinh) បង្កើតរដ្ឋវៀតណាមឯករាជ្យ ដោយដាក់ឈ្មោះថា “សាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម” ដែលជាថ្ងៃឯករាជ្យជាតិជាផ្លូវការរបស់វៀតណាម។ ក៏ប៉ុន្តែ បារាំងដែលទើបតែទទួលបានជ័យជម្នះក្នុងសង្រ្គាមលោកលើកទី២ មិនសុខចិត្តទុកបណ្តោយឱ្យវៀតណាមប្រកាសឯករាជ្យជាឯកតោភាគីនោះឡើយ ដោយបានបញ្ជូនទាហានឱ្យចូលមកកាន់កាប់ដែនដីអាណានិគមនៅឥណ្ឌូចិនឡើងវិញ។ ក៏ប៉ុន្តែ បារាំងកាន់កាប់បានតែប្រទេសឡាវ កម្ពុជា ដែនដីកូសាំងស៊ីន និងប៉ែកកណ្តាលនៃប្រទេសវៀតណាមតែប៉ុណ្ណោះ។ ចំណែកឯនៅតំបន់តុងកឹង (ប៉ែកខាងជើងវៀតណាម) កងទ័ពបារាំងត្រូវប្រឈមមុខនឹងកងកម្លាំងរបស់វៀតមិញ ហើយបណ្តាលឱ្យសង្រ្គាមរវាងកងទ័ពបារាំង និងក្រុមវៀតមិញត្រូវបានផ្ទុះឡើងនៅខែធ្នូ ឆ្នាំ១៩៤៦ ដោយការចរចាអស់រយៈពេលជាច្រើនខែ តែមិនមានលទ្ធផល។ សង្រ្គាមនេះត្រូវអូសបន្លាយពេលរហូតដល់ទៅជិត១០ឆ្នាំ និងត្រូវបានគេឱ្យឈ្មោះថា "សង្រ្គាមឥណ្ឌូចិន"ឬ“សង្រ្គាមឥណ្ឌូចិនទី១”។

ដើម្បីស្វែងរកកម្លាំងនយោបាយទប់ទល់នឹងក្រុម វៀតមិញ បារាំងបានសម្រេចបង្កើតរដ្ឋវៀតណាមមួយនៅប៉ែកខាងត្បូង នៅឆ្នាំ១៩៤៩ ដោយដាក់ឱ្យស្ថិតក្រោមការដឹកនាំរបស់អធិរាជបាវដាយ។ កងទ័ពជាតិវៀតណាមខាងត្បូងក៏ត្រូវបានបង្កើតឡើងផងដែរ ក្រោមការជួយជ្រោមជ្រែងរបស់បារាំង និងដោយមានជំនួយយោធាយ៉ាង ច្រើនពីសំណាក់សហរដ្ឋអាម៉េរិក។

ដោយកើតមាន ចលនាប្រឆាំងនឹងសង្រ្គាមនៅឥណ្ឌូចិន បានរីកដុះដាលកាន់តែខ្លាំងឡើងៗ ដោយអ្នកនយោបាយ និងសាធារណមតិបារាំងជាច្រើនយល់ថា អាណានិគមនៅតំបន់ឥណ្ឌូចិននេះមិនមានតម្លៃអ្វីធំដុំ ដែលបារាំងត្រូវចំណាយ លុយ និងអាយុជីវិតទាហានយកទៅធ្វើសង្រ្គាម រួមទាំងការចរចានៅក្នុងទីក្រុងហ្សឺណែវមិនបាន ជាលទ្ធផល និងទទួលបរាជ័យនៅ ឌៀនបៀនភូ ដែលបានធ្វើឱ្យកក្រើក និងរញ្ជួយទាំងនៅផ្ទៃក្នុងប្រទេសបារាំង និងនៅលើពិភពលោកទាំងមូល ទើបរដ្ឋាភិបាលបារាំងក៏ត្រូវបង្ខំចិត្តចុះកិច្ចព្រមព្រៀងសន្តិភាពជាមួយ វៀតមិញ នៅក្នុងសន្និសីទក្រុង ហ្សឺណែវ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ១៩៥៤។ តាមរយៈកិច្ចព្រមព្រៀងហ្សឺណែវនេះ បារាំងបានសុខចិត្តប្រគល់ឯក រាជ្យពេញលេញដល់ប្រទេសវៀតណាម ហើយឯករាជ្យរបស់កម្ពុជានិងឡាវ ក៏ត្រូវបានបារាំងទទួលស្គាល់យ៉ាងពេញលេញផងដែរ។ សង្រ្គាមឥណ្ឌូចិនត្រូវបានបញ្ចប់។

នៅក្នុងកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមឥណ្ឌូចិន ដោយបារាំងសុខចិត្តប្រគល់ឯករាជ្យដល់វៀតណាម ក៏ប៉ុន្តែនៅក្នុងសន្និសីទក្រុងហ្សឺណែវ នាពេលនោះ ប្រទេសវៀតណាម ត្រូវបានបន្តទុកឱ្យនៅពុះចែកជាពីរដដែល (វា ប្រហាក់ប្រហែលនឹងបញ្ហានៅឧបទ្វីបកូរ៉េ ដែលសហភាពសូវៀតនិងសហរដ្ឋអាម៉េរិក បានចែកប្រទេសនេះជា ពីរដើម្បីគ្រប់គ្រង) ដោយបានត្រឹមតែកំណត់ថា វៀតណាមទាំងពីរនឹងត្រូវបង្រួបបង្រួមគ្នាមកវិញនៅក្រោយការបោះឆ្នោតជាតិមួយ ដែលគ្រោងរៀបចំធ្វើឡើងនៅទូទាំងប្រទេសវៀតណាម នៅឆ្នាំ១៩៥៦ ប៉ុន្តែពុំមានឱកាសបោះឆ្នោតឡើយ ដោយសារសហរដ្ឋអាម៉េរិក លូកដៃចូលក្នុងសង្គ្រាមនេះបន្តពីបារាំង និងបង្កឱ្យមានសង្គ្រាមថ្មីមួយ ទៀតបានកើតឡើង នៅ វៀតណាមខាងត្បូង ដែលត្រូវបានគេស្គាល់ថាជា “សង្គ្រាមវៀតណាម"ឬ“សង្រ្គាមឥណ្ឌូ ចិនទី២”។

សង្រ្គាមវៀតណាម គឺជាជម្លោះប្រដាប់អាវុធដ៏សំខាន់មួយ នៅក្នុងប្រវត្តិនៃសង្រ្គាមត្រជាក់។ វាគឺជាសង្រ្គាម រវាង វៀតណាមខាងជើង (វៀតណាមកុម្មុយនិស្ត) គាំទ្រដោយប្លុកកុម្មុយនិស្ត និងវៀតណាមខាងត្បូងដែលមានជំនួយពីកង ទ័ពសហរដ្ឋអាម៉េរិក។ សង្រ្គាមនេះត្រូវបានគេហៅជាទូទៅថា “សង្រ្គាមវៀតណាម” ប៉ុន្តែតាមពិត វាមិនមែនកើតឡើងតែនៅក្នុងប្រទេសវៀតណាមមួយនោះទេ គឺបានរាលដាលទៅដល់ផ្នែកខ្លះនៃទឹកដីកម្ពុជា និងឡាវផងដែរ និងបានអូសបន្លាយ នៅន្លោះពីឆ្នាំ១៩៦៤ដល់ឆ្នាំ១៩៧៥។

ប្រទេសវៀតណាម ក្រោយការចាកចេញទៅរបស់អាណានិគមបារាំង នៅឆ្នាំ១៩៥៤-១៩៥៥ ប្រទេស វៀតណាមត្រូវបានបែងចែកជាពីរ ដែលវៀតណាមខាងជើង ដឹកនាំដោយ លោក ហូ ជីមិញ (Hô Chi Minh) បានងាកទៅរកចិននិងសហភាពសូវៀត។ រីឯវៀតណាមខាងត្បូងដឹកនាំដោយ ង៉ូ ឌីញ ហ្សៀម (Ngo Dinh Diem) បានងាកទៅរកសហរដ្ឋអាម៉េរិក។ មិនយូរប៉ុន្មាន វៀតណាមខាងជើង បានចូលឈ្លានពានវៀតណាម ខាងត្បូង ដោយបញ្ជូនកងទ័ព សម្ភារៈស្បៀងអាហារ ពីវៀតណាមខាងជើង ចូលមកតាមប្រទេសកម្ពុជា ដើម្បីធ្វើសង្គ្រាមព្រៃនៅលើទឹកដី វៀត ណាមខាងត្បូង ក្នុងគោលដៅបង្រួបបង្រួមវៀតណាមទាំង ពីរឱ្យទៅជា ប្រទេសតែមួយឡើងវិញ ក្រោមការដឹកនាំដោយរបបកុម្មុយនីស្ត គឺចលនាដែលត្រូវបានគេហៅជាទូទៅថា “វៀតកុង”[2]។ នៅក្នុងបរិបទនោះ សហរដ្ឋអាម៉េរិក ក៏បានសម្រេចចិត្តបញ្ជូន ទាហាន៥សែននាក់មកធ្វើសង្ក្រាម នៅវៀតណាមខាងត្បូង ដែលធ្វើឱ្យសង្គ្រាមវៀតណាម ត្រូវបានចាប់ផ្តើម។ សង្គ្រាមនេះបានរីករាលដាលចេញ ពីវៀតណាម រហូតពេញឥណ្ឌូចិនទាំងមូល។

ចំណែកនៅប្រទេសកម្ពុជា ក្រោយរដ្ឋប្រហារទម្លាក់សម្ដេច នរោត្តម សីហនុ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ សង្គ្រាមក៏បានផ្ទុះឡើងផងដែររវាងរបបសាធារណរដ្ឋរបស់ លន់ នល់ ដែលគាំទ្រដោយសហរដ្ឋ អាម៉េរិក និងពួកទ័ពព្រៃកុម្មុយនីស្តខ្មែរក្រហម ដែលទ្រទ្រង់ដោយប្រទេសចិន។

ចាប់ពីឆ្នាំ១៩៧៣ សហរដ្ឋអាម៉េរិកបានចាប់ផ្ដើមដកទ័ពចេញពីវៀតណាមខាងត្បូង ដោយសារចាញ់ សង្គ្រាម សាធារណមតិ ពីព្រោះពលរដ្ឋអាម៉េរិកនិងពលរដ្ឋនៅបណ្តាប្រទេសលោកខាងលិច បានបង្ខំសហរដ្ឋ អាម៉េរិកឱ្យដកទ័ពចេញពីឥណ្ឌូចិន និងត្រូវបញ្ចប់សង្គ្រាមវៀតណាម។ នៅក្នុងបរិបទនោះហើយ ដែលគ្រប់របប នយោបាយគាំទ្រដោយទីក្រុងវ៉ាស៊ីនតោន នៅឥណ្ឌូចិនបានដួលរលំទាំងស្រុងនៅឆ្នាំ១៩៧៥ ដោយជំនួសមកវិញ ដោយការចូលកាន់កាប់ទីក្រុងភ្នំពេញ ដោយពួកខ្មែរក្រហម និងទីក្រុងសាយហ្កន(Saigon) ដោយវៀតកុង។

ចាប់តាំងពីពេលនោះមក ប្រទេសវៀតណាមបានបញ្ចប់សង្គ្រាមទាំងស្រុង និងបានបោះជំហានទៅរក ការអភិឌ្ឍជាបន្តបន្ទាប់រហូតមកទល់សព្វថ្ងៃ។

ចលនាទាមទារឯករាជ្យរបស់កម្ពុជា

ចំណែកប្រទេសកម្ពុជា ដែលបានទទួលឯករាជ្យជាផ្លូវការពីអាណានិគមនិយមបារាំង នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ជាឯករាជ្យដែលទទួលបានដោយសន្តិវិធី ក្រោមព្រះរាជបូជនីយកិច្ចដឹកនាំ ដ៏ក្លៀវខ្លារបស់ ព្រះមហាវី រក្សត្រខ្មែរ ព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ។ សូមបញ្ជាក់ថា បារាំងបានដាក់ អាណានិគមលើដែនដីសុវណ្ណភូមិ អស់រយៈពេលជិតមួយសតវត្សរ៍ (១១ សីហា ១៨៦៣ - ៩ វិច្ឆិកា ១៩៥៣)។

ទោះជាយ៉ាងណាក៏ដោយ សង្គ្រាមត្រជាក់នៅក្នុងតំបន់អាស៊ី បានចាប់ផ្តើមប្តូរធាតុនិងប្ដូរកម្រិតរបស់វា ជាបន្តបន្ទាប់នៅដើមទសវត្សរ៍១៩៦០។ នេះបណ្តាលមកពីទំនាស់មហិច្ឆតាលាយឡំនឹងទំនាស់មនោគមវិជ្ជារ វាង សហភាពសូវៀតនិងចិន។ ទំនាស់ស្ទើរស៊ីសាច់ហុតឈាមគ្នានេះ បានធ្វើឱ្យដែនអំណាច កុម្មុយនីស្តនិងមិនមែន កុម្មុយនីស្ត នៅតំបន់អាស៊ីអាគ្នេយ៍ មានការបាក់បែកប្រេះឆា និងបានធ្វើឱ្យសង្គ្រាមក្ដៅមួយបានកើតឡើង ក្នុងតំបន់អាស៊ីអាគ្នេយ៍ និងមានលក្ខណៈស្មុគស្មាញ ហើយបានអូសបន្លាយរហូតដល់ទៅឆ្នាំ១៩៩១ គឺដល់ចុង បញ្ចប់នៃសង្គ្រាមត្រជាក់ នោះគឺសង្រ្គាមនៅលើទឹកដីកម្ពុជា។

នៅដើមទសវត្សរ៍១៩៧០ ដោយហេតុទំនាស់រវាងចិននិងសហភាពសូវៀត សង្គ្រាមត្រជាក់មាន ការវិវឌ្ឍ ខ្លាំងដោយ សារ ប្រទេសចិនបានទៅចាប់ដៃជាមួយសហរដ្ឋអាម៉េរិក ដើម្បីទប់ទល់នឹងសហភាពសូវៀត។ គឺនៅក្នុង បរិបទភូមិសាស្ត្រនយោបាយថ្មីនេះហើយ ដែលបណ្តាលឱ្យសង្គ្រាមក្តៅថ្មីមួយបានកើតឡើងនៅចុងទសវត្សរ៍ ១៩៧០ នៅឥណ្ឌូចិន នោះគឺសង្គ្រាមរវាងវៀតណាមមានទំនោរទៅរកសហភាពសូវៀត និងរបបកម្ពុជាប្រជា ធិបតេយ្យរបស់ខ្មែរក្រហម ដែលមានទំនោរទៅរកចិន។ គឺជាអ្វីដែលគេហៅថា សង្គ្រាមឥណ្ឌូចិនទីបី។ ទោះជាយ៉ាង ណាក៏ដោយ សង្គ្រាមឥណ្ឌូចិនទីបីនេះ បានផ្តើមឡើងតាមរយៈការផ្ដួលរំលំរបបខ្មែរក្រហមនៅកម្ពុជា ពីសំណាក់ វៀតណាមនៅឆ្នាំ១៩៧៩ ដែលជាការចូលរួមជួយរំដោះ ប្រជាជនកម្ពុជាឱ្យរួចពីការស្លាប់ ដោយរបបប្រល័យ ពូជសាសន៍ខ្មែរក្រហម និងបាន អូសបន្លាយពេញមួយទសវត្សរ៍១៩៨០ រវាងរដ្ឋកម្ពុជាគាំទ្រដោយវៀតណាម និងចលនាតស៊ូខ្មែររបស់ សម្ដេច នរោតម សីហនុ, ស៊ីន សាន និង របស់ខ្មែរក្រហមដែលទ្រទ្រង់ដោយចិន និង សហរដ្ឋអាម៉េរិក។

                      ព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ(រូបថត៖ Fresh News)

ក្រោយឆ្លងកាត់ ភ្នក់ភ្លើងសង្គ្រាមដ៏វែងឆ្ងាយ គ្រប់មនោគមន៍វិជ្ជានយោបាយ ប្រទេសទាំងពីរ កម្ពុជា និងវៀតណាម នៅតែបន្តរក្សាបាន និងលើកកម្ពស់ជាបន្តបន្ទាប់នូវ ទំនាក់ទំនងក្នុងភាពជាប្រទេសភូមិផងរបង ជាមួយគ្នា ដែលមានទីតាំងស្ថិតនៅក្នុងឧបទ្វីបឥណ្ឌូចិនរួមគ្នា។ បច្ចុប្បន្ន ប្រទេសទាំងពីរមានព្រំដែនជាប់គ្នាប្រវែង ១,២៧៤គីឡូម៉ែត្រ និងមានទន្លេមេគង្គហូរកាត់ដូចគ្នា។ ប្រទេសទាំងពីរបានបង្កើតចំណងទាក់ទងការទូតផ្លូវការ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៦៧។ ចាប់តាំងពីពេលនោះមក ជោគវាសនានៃប្រទេសទាំងពីរហាក់មានការ ជាប់ពាក់ព័ន្ធគ្នា និងប្រឈមនឹងការលំបាកនៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសរៀងៗខ្លួន។ នៅក្នុងសម័យសង្គ្រាម ត្រជាក់ ចំណងទំនាក់ទំនងរវាងប្រទេសទាំងពីរបានជាប់ពាក់ព័ន្ធគ្នាយ៉ាងស៊ីជម្រៅ ជាពិសេស ក្នុងចន្លោះទសវត្សរ៍ ឆ្នាំ១៩៥០ និងទសវត្សរ៍ឆ្នាំ ១៩៧០ ដែលមានព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់ពីរបានកើតឡើង ដែលត្រូវចងចាំ គឺពលិកម្មរបស់កម្ពុជាក្នុងបុព្វហេតុនៃការបង្រួបបង្រួមប្រទេសវៀតណាម និងពលិកម្មរបស់វៀតណាមក្នុង ការរួម ចំណែក រំដោះអាយុជីវិតប្រជាជនកម្ពុជាឱ្យរួចផុតពីការស្លាប់ ពីរបបប្រល័យពូជសាសន៍ កម្ពុជាប្រជាធិបតេយ្យ ខ្មែរក្រហម។

រយៈពេលជាងកន្លះសតវត្សរ៍កន្លងមកនេះ ទំនាក់ទំនងរវាងប្រទេសទាំងពីរមានការអភិវឌ្ឍ ឈានឡើង ជាលំដាប់។ ក្នុងឆ្នាំ២០០៥ កម្ពុជានិងវៀតណាមបានព្រមព្រៀងគ្នាក្នុងការអភិវឌ្ឍន៍ប្រទេសទាំងពីរក្នុងបរិបទ ថ្មី តាមពាក្យស្លោក “ភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និរន្តរភាពយូរ អង្វែង”។ ចំណែករយៈកាលជាងពីរឆ្នាំកន្លងទៅនេះ ក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩ មានភាព ស្មុគស្មាញយ៉ាងខ្លាំង បានបង្កឱ្យមានការផ្លាស់ប្តូរជាច្រើនដល់ជីវភាពសង្គម និងបានធ្វើឱ្យដាច់ខ្សែរចង្វាក់ផ្គត់ផ្គង់ ការផលិត និងការចែក ចាយ របស់សេដ្ឋកិច្ចសកល ធ្វើឱ្យសេដ្ចកិច្ចប្រទេសនីមួយៗស្ថិតក្នុងភាពលំបាក ធ្លាក់ចុះ យ៉ាងខ្លាំង ដែលមិនអាចស្តាឡើងវិញបានក្នុងរយៈពេលខ្លី។ ប៉ុន្តែក្នុងស្ថានភាពជាក់ស្តែង អស់រយៈពេលជាង ២ឆ្នាំនេះ ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានតម្រូវឱ្យប្រទេសនីមួយៗ ត្រូវសម្របខ្លួនទៅនឹងបរិបទនៃជំងឺផង និងស្តារសេដ្ឋកិច្ចឡើងវិញផង ដោយប្តូរនូវវិធីសាស្ត្រនៃកិច្ចសហប្រតិបត្តិការក្នុងការការពារជំងឺ ហើយនៅតែអាច រក្សាបានស្ថេរភាព និងមានកំណើនក្នុងការដោះដូរទំនិញរវាងគ្នា។

ក្នុងស្ថានភាពនេះ ដោយការពង្រឹងនិងពង្រីកនូវប្រពៃណី ការស្រឡាញ់ រាប់អានគ្នា និងការជួយគ្នាក្នុងគ្រា លំបាកនេះ ប្រទេសតាំងពីរ កម្ពុជា-វៀតណាម បានចែករំលែក និងជួយឧបត្ថម្ភគ្នាទៅវិញទៅមក ទាំងសម្ភារៈទាំង ស្មារតី ដើម្បីរួមគ្នាទប់ទល់នឹងជំងឺដ៏កាចសាហាវនេះ ហើយឈានទៅដល់គ្រប់គ្រងបានការរីករាលដាលនៃជំងឺ កូវីដ១៩ និងបានឈានទៅដល់ការបើកឡើងវិញ នូវកិច្ចសហប្រត្តិបត្តិការរវាងប្រទេសទាំងពីរនិយាយដោយឡែក តំបន់និងពិភពលោកនិយាយជារួម។

ឆ្នាំ២០២២នេះ គឺជាខួបលើកទី៥៥ នៃទំនាក់ទំនងការទូត កម្ពុជា-វៀតណាម ហើយប្រទេសទាំងពីរបានជ្រើសរើស យកឆ្នាំ២០២២ នេះជា «ឆ្នាំមិត្តភាពកម្ពុជា-វៀតណាម» និងក៏ជាឆ្នាំកម្ពុជាធ្វើជាប្រធានអាស៊ានប្តូរវេនជា លើកទី៣ ប្រទេសវៀតណាមថែមទាំងបានគាំទ្រយ៉ាងពេញទំហឹងដល់កម្ពុជា ដូចអ្វីដែលកម្ពុជាតែងគាំទ្រ វៀតណាមអំឡុងពេល វៀតណាមធ្វើជាប្រធានអាស៊ានកន្លងទៅ ក្នុងការរក្សាឱ្យបាននូវមជ្ឈភាពអាស៊ាន ការលើក កម្ពស់ស្មារតីអាស៊ាននៃ “ការរួបរួមគ្នា” ដើម្បីប្រមូលផ្តុំនូវកិច្ចខិតខំប្រឹងប្រែងនានា ទាំងផ្ទៃក្នុងតំបន់ អាស៊ាន ក៏ដូច ជាមួយប្រទេសជាដៃគូខាងក្រៅ ដើម្បីលើកកម្ពស់នូវសាមគ្គីភាព និងភាពធន់របស់អាស៊ាន និងដើម្បីសម្រេចបាន គោលដៅនៃការកសាងទស្សនៈវិស័យ សហគមន៍អាស៊ានឆ្នាំ២០២៥ ប្រកបដោយភាពធន់។ អាស៊ាន អាចធ្វើ ដំណើរទៅមុខប្រកបដោយភាពរឹងមាំ សាមគ្គីភាព និងមិត្តភាព ដើម្បីជំនះរាល់បញ្ហា ប្រឈមនានា ដែលកំពុង បង្កផលប៉ះពាល់ដល់ប្រយោជន៍រួមរបស់ប្រជាជននៅក្នុងតំបន់បាន ដរាបណា អាស៊ាន ប្រកាន់ខ្ជាប់នូវស្មារតី៖ «ទស្សនៈវិស័យមួយ អត្តសញ្ញាណមួយ សហគមន៍មួយ»។

សរុបមក ទំនាក់ទំនងជាមិត្តភាព និងភាពជាអ្នកជិតខាងល្អ រវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម ជាទំនាក់ទំនង ដែលមិនកាត់ផ្តាច់បាន ហើយទំនាក់ទំនងផ្នែកសេដ្ឋកិច្ច បានដើរតួនាទីសំខាន់ សម្រាប់ទំនាក់ទំនង រវាងប្រទេសនិងប្រទេស និងបានគាំទ្រដល់ទំនាក់ទំនងនយោបាយ។ អបអរសាទរ ខួបអនុស្សាវីយ៍លើកទី៧៧ (ថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៤៥-ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២) ថ្ងៃបុណ្យឯករាជ្យរបស់ សាធារណៈរដ្ឋសង្គមនិយម វៀតណាម៕

--------------------

[1] បក្សសម្ព័ន្ធដើម្បីឯករាជ្យវៀតណាម ជាចលនាជាតិនិយមមួយបានរីកដុះដាលឡើងនៅវៀតណាម ដែលគេច្រើនហៅកាត់ជាទូទៅថា “វៀតមិញ” ក្រោមការដឹកនាំរបស់មេចលនាកុម្មុយនិស្ត ហូ ជីមិញ។

[2} គឺចលនាកុម្មុយនិស្ត ដែលជាក្រុមឧទ្ទាមស្ថិតនៅក្នុងទឹកដីវៀតណាមខាងត្បូង។ ចំណែក “វៀតមិញ” គឺចលនាកុម្មុយនិស្តដឹកនាំដោយហូជីមិញ ដែលប្រយុទ្ធទាមទារឯករាជ្យពីបារាំង ហើយដែលក្រោយមកបានឡើងកាន់អំណាចនៅវៀតណាមខាងជើង។

RAC Media

ប្រភព៖ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា

អត្ថបទទាក់ទង

កិច្ចប្រជុំក្រុមប្រឹក្សាភិបាលប្រចាំឆ្នាំ២០២១ នៃវិទ្យាស្ថានខុងជឺ និងសាកលវិទ្យាល័យជីវជាំង

នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលប្រចាំឆ្នាំ២០២១ នៃវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ កន្លងទៅនេះ រាជបណ្ឌិត្យសភាកម្ពុជា និងសាកលវិទ្យាល័យជីវជាំង នឹងបន្តកិច្ចសហប្រតិបត្...

2022-01-06 10:48:35   ថ្ងៃព្រហស្បតិ៍, 06 មករា 2022 ម៉ោង 05:48 PM
តំណាងអង្គការយូណេស្កូប្រចាំនៅកម្ពុជា នឹងជួយដល់វិស័យសិក្សាស្រាវជ្រាវរាជបណ្ឌិត្យសភាកម្ពុជា

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានទទួលជំនួបសំណេះសំណាល និងពិភាក្សាការងារជាមួយលោក សាដា អ៊ូម៉ា អាឡាម នាយកការិយាល័យនៅភ្នំពេញ និងជាតំណាងអង្គការយូណេស្កូប្រចាំកម្ពុជា ថ្ងៃទី៥ មករា...

2022-01-06 10:32:13   ថ្ងៃព្រហស្បតិ៍, 06 មករា 2022 ម៉ោង 05:32 PM
ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច អញ្ជើញចូលរួម និងថ្លែងចំណាប់អារម្មណ៍ក្នុងសិក្ខាសាលា "សប្ដាហ៍អប់រំភាសាចិនអន្តរជាតិ" ប្រចាំឆ្នាំ២០២១

(ភ្នំពេញ)៖ នៅរសៀលថ្ងៃអង្គារ ១០កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក...

2021-12-14 14:10:09   ថ្ងៃអង្គារ, 14 ធ្នូ 2021 ម៉ោង 09:10 PM
Will Cambodia's ASEAN Chairmanship be able to help Myanmar resolve its crisis?

Prime Minister Hun Sen has announced that he will travel to Myanmar for a two-day visit on January 7-8 in an effort to restore normalcy to ASEAN proceedings by resolving the country's crisis and bring...

2021-12-14 04:20:58   ថ្ងៃអង្គារ, 14 ធ្នូ 2021 ម៉ោង 11:20 AM
បណ្ឌិតសភាចារ្យ សុខ ទូច៖ កម្ពុជាគួរផ្ដោតលើគោលដៅទេសចរណ៍សំខាន់៥ ដើម្បីជំរុញវឌ្ឍនភាពវិស័យទេសចរណ៍ និងកំណើនភ្ញៀវទេសចរ

(រាជបណ្ឌិត្យសភាកម្ពុជា)៖ «ដើម្បីជំរុញវឌ្ឍនភាពវិស័យទេសចរណ៍ និងកំណើនភ្ញៀវទេសចរ កម្ពុជាគួរផ្ដោតលើមុខព្រួញទេសចរណ៍សំខាន់៥» នេះគឺជាប្រសាសន៍លើកឡើងរបស់ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជ​បណ្ឌិត្យសភាកម្ពុ...

2021-12-13 12:04:11   ថ្ងៃចន្ទ, 13 ធ្នូ 2021 ម៉ោង 07:04 PM
រាជបណ្ឌិត្យសភាកម្ពុជា ចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយសមាគមទេសចរណ៍កម្ពុជា និងសណ្ឋាគារធំៗចំនួន៤

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅរសៀលថ្ងៃចន្ទ ៩កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១នេះ រាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំពិធីចុះអនុស្សរណៈ នៃការយោគយល់គ្នារវាងរាជបណ្ឌិត្យសភាក...

2021-12-13 11:59:26   ថ្ងៃចន្ទ, 13 ធ្នូ 2021 ម៉ោង 06:59 PM

សេចក្តីប្រកាស