ព័ត៌មាន

នយោបាយផ្កាចម្រុះពណ៌របស់កម្ពុជា គឺជាការប្រកាន់គោលនយោបាយការបរទេសដ៏ត្រឹមត្រូវនៅចំពោះមុខការប្រឈមរវាងមហាអំណាចពិភពលោក

2022-07-14 13:16:31 ថ្ងៃព្រហស្បតិ៍, 14 កក្កដា 2022 ម៉ោង 08:16 PM
អ្នកមើល 4118
post_detail

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ក្នុងឱកាសអញ្ជើញជាវាគ្មិននៅក្នុងកិច្ចពិភាក្សាតុមូល ស្ដីពី «អាស៊ាននៅចន្លោះចិន និងសហរដ្ឋអាម៉េរិក» ដែលរៀបចំឡើងនៅរាជបណ្ឌិត្យសភាកម្ពុជា នាព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះ ជំហរប្រកាន់គោលនយោបាយចម្រុះពណ៌របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមិនផ្ដេកផ្ដួលទៅលើមហាអំណាចណាមួយ ហើយទាត់ចោលមហាអំណាចណាមួយឡើយ។

ឯកឧត្ដមបណ្ឌិតសភាចារ្យបានមានប្រសាសន៍លើកឡើងថា «កម្ពុជាសព្វថ្ងៃ គោលនយោបាយដើរនៅលើផ្លូវមួយគេហៅថាផ្កាចម្រុះពណ៌ មិនចាប់នរណាមួយជាធំទេ»។ បើតាមការគូសបញ្ជាក់បន្ថែមរបស់ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រវត្តិសាស្ត្រ បានបង្រៀនកម្ពុជាយ៉ាងច្បាស់អំពីផលវិបាក ដែលអ្នកនយោបាយកម្ពុជាបានប្រកាន់គោលនយោបាយគាំទ្រមហាអំណាចមួយ ហើយប្រឈមមុខនឹងមហាអំណាចផ្សេងទៀត ដោយបាននាំប្រទេសកម្ពុជាធ្លាក់ក្នុងវិបត្តិអស់រយៈពេលរាប់សិបឆ្នាំរួចមកហើយ។

ឯកឧត្ដមបណ្ឌិតសភាចារ្យ បានថ្លែងបញ្ជាក់ថា «[...] បទពិសោធប្រវត្តិសាស្ត្រ ដែលយើងផ្កាប់មុខទៅលើនរណាមួយហើយ វាជាគ្រោះថ្នាក់នៅក្នុងសង្គមកម្ពុជា។ ឧទាហរណ៍ នៅទសវត្សរ៍ឆ្នាំ១៩៦០ នៅពេលដែលព្រះបាទនរោត្ដម​សីហនុ​ងាកទៅរកពួកខាងចិន ខាងអាម៉េរិក័ងធ្វើរដ្ឋប្រហារភ្លាម។ ឆ្នាំ១៩៧០ ដោះដូរ កម្ពុជាផ្កាប់មុខទៅរកអាម៉េរិក [...]»។ វាគឺជាការពិតមួយដែលគេមិនអាចប្រកែកបាន ក្នុងរយៈពេលជាង៣ទសវត្សរ៍ដែលចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៦០ កម្ពុជាបានក្លាយទៅជាទីលានសាកល្បងមនោគមវិជ្ជា និងអាវុធរបស់មហាអំណាច ហើយប្រជាជន និងកងទ័ពកម្ពុជា បានស្លាប់បាត់បង់ជីវិត ទទួលរងពិការភាព ព្រាត់ប្រាស និងបាត់បង់គ្រួសារសាច់ញាតិ ដោយសារតែការប្រកាន់នយោបាយផ្កាប់មុខទៅមហាអំណាចម្ខាងៗ នៅចំពោះមុខការប្រឈមមុខដាក់គ្នារបស់មហាអំណាច ។

ដោយឡែក នៅក្នុងបរិបទនៃពិភពលោកថ្មីនេះ នយោបាយការបរទេសផ្កាចម្រុះពណ៌ គឺជាជម្រើសដ៏ល្អបំផុតរបស់ប្រទេសតូចៗដូចជាកម្ពុជា ពិសេសនៅចំពោះមុខនៃការប្រកួតប្រជែងឥទ្ធិពលរវាងមហាអំណាចពិភពលោក។ បើតាមការបញ្ជាក់របស់ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច វាជាការលំបាកក្នុងការរក្សាអព្យាក្រឹត្យរបស់ប្រទេសមួយ នៅចំពោះមុខការប្រឈមគ្នារវាងមហាអំណាច ប៉ុន្តែវាគឺជាភាពចាំបាច់ដែលត្រូវប្រកាន់យក ដើម្បីបញ្ចៀសប្រទេសធ្លាក់ចូលទៅក្នុងវិបត្តិធ្ងន់ធ្ងរ ក៏ដូចជាដើម្បីឈានឆ្ពោះទៅកាន់ការអភិវឌ្ឍប្រទេសជាតិមួយ។ ឯកឧត្ដមបណ្ឌិតសភាចារ្យបានមានប្រសាសន៍ថា «តែបើកម្ពុជាដើរនៅក្នុងផ្លូវចម្រុះពណ៌ វាគឺជារឿងល្អនៅក្នុងបរិបទថ្មី។ យើងដឹងថាវាលំបាកបន្តិច ព្រោះគេត្រូវការអ្នកស្មោះ ប៉ុន្តែមហាអំណាចដែលស្មោះនឹងយើងដែរឬទេ?»។ ឯកឧត្ដមបណ្ឌិតសភាចារ្យ បានលើកជាឧទាហរណ៍ថា កាល​ពី​បារាំងដាក់អាណានិគម មុននឹងចេញទៅវិញបារាំងបានកាត់ដីកម្ពុជាក្រោមនៅឆ្នាំ១៩៤៩ ទៅឱ្យវៀតណាម ហើយនៅ​ពេលដែលកម្ពុជាស្មោះជាមួយនឹងចិននៅឆ្នាំ១៩៧៥ កម្ពុជាមិនទទួលបានអ្វីក្រៅតែពីមនោគមវិជ្ជានោះទេ។ នៅក្នុងបរិបទនៃពិភពលោកថ្មីនេះ នយោបាយការផ្កាចម្រុះពណ៌ គឺជាជម្រើសដ៏ល្អបំផុតរបស់ប្រទេសតូចៗដូចជាកម្ពុជា ពិសេសនៅចំពោះមុខនៃការប្រកួតប្រជែងឥទ្ធិពលរវាងមហាអំណាចពិភពលោក។

ទោះជាយ៉ាងណា ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានថ្លែងអះអាងថា សម្រាប់កម្ពុជាក្នុងបរិបទបច្ចុប្បន្ននេះរាជរដ្ឋាភិបាលបានប្រើប្រាស់នយោបាយចម្រុះពណ៌នៅក្នុងទំនាក់ទំនងជាបណ្ដាប្រទេសមហាអំណាចពិភពលោក ព្រោះកម្ពុជាត្រូវការការអភិវឌ្ឍប្រទេស និងទីផ្សារសម្រាប់នាំចេញផលិតផលនានារបស់ខ្លួន។

ចំពោះការប្រឈមគ្នារវាងមហាអំណាចចិន និងសហរដ្ឋអាម៉េរិក ត្រូវបានឯកឧត្ដមបណ្ឌិតសភាចារ្យចាត់ទុកថា វាជាឱកាសសម្រាប់កម្ពុជាក្នុងការអភិវឌ្ឍប្រទេសជាតិ ហើយការដើរនយោបាយការបរទេសរបស់កម្ពុជាបច្ចុប្បន្ន ដែលប្រកាន់​យកនយោបាយផ្កាចម្រុះពណ៌ ដោយមិនផ្កាប់មុខទៅចិន ហើយទាត់ចោលនូវទំនាក់ទំនងល្អជាមួុយបណ្ដាប្រទេសនានានោះ ជាលទ្ធផល កម្ពុជាបានទទួលនូវការស្វាគមន៍ពីបណ្ដាបស្ចិមប្រទេសជាច្រើន និងការបន្តកិច្ចសហប្រតិបត្តិនានា ដែល​ក្នុងនោះ កម្ពុជាទទួលបានជំនួយវ៉ាក់សាំងជាច្រើនពីបណ្ដាប្រទេសជាមិត្តកម្ពុជា ពិសេសបស្ចិមប្រទេសដូចជាសហរដ្ឋអាម៉េរិក អូស្ត្រាលី និងជប៉ុនជាដើម។

បន្ថែមពីនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យក៏បានរំឭកលើកឡើងអំពីព្រឹត្តិការណ៍មួយ ដែលបញ្ជាក់អំពីសន្ដានចិត្តរបស់កម្ពុជា ដែលបើកចំហរបេះដូងទៅកាន់បណ្ដាប្រជាជាតិជាមិត្តទាំងអស់នៅលើពិភពលោក ពិសេសសហរដ្ឋអាម៉េរិក គឺការប្រកាសយល់ព្រមទទួលយកនូវអ្នកដំណើរ ដែលធ្វើដំណើរតាមនាវាវេស្ទើដាម ដែលត្រូវបានបដិសេធមិនឱ្យចូលចតដោយបណ្ដាប្រទេស និងដែនដីជាច្រើន។ ត្រង់ចំណុចនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យបានសង្កត់ធ្ងន់ថា ប្រសិនបើកម្ពុជាផ្កាប់មុខតែទៅកាន់ចិន នោះមេដឹកនាំកម្ពុជាក៏នឹងមិនអាចបើកចិត្តទូលាយទទួលយកនូវអ្នកដំណើរក្នុងនាវានោះបានឡើយ ព្រោះពិភពលោកទាំងមូលកំពុងព្រួយបារម្ភនឹងវិបត្តិរាតត្បាតជំងឺកូវីដ-១៩៕

------------

RAC Media 

អត្ថបទទាក់ទង

ទំនាក់ទំនងយោធា និងសន្តិសុខរវាងខ្មែរ និងចិន ក្នុងសម័យចក្រភពខ្មែរពីសតវត្សរ៍ទី៣ ដល់ សតវត្សរ៍ទី១៥ ដោយ៖ បណ្ឌិត ជិន សុជាតិមន្រ្តីស្រាវជ្រាវវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Media ប្រភព៖ វិទ្យាស្ថានសិក្សាចិន

2021-05-18 05:20:58   ថ្ងៃអង្គារ, 18 ឧសភា 2021 ម៉ោង 12:20 PM
«ទិដ្ឋភាពទូទៅនៃទំនាក់ទំនងកម្ពុជា-រុស្ស៊ីរយៈពេល៦៥ឆ្នាំ» ដោយបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា

ថ្ងៃនេះគឺជាខួបលើកទី៦៥ នៃទំនាក់ទំនងកម្ពុជា-រុស្ស៊ី។ បើក្រឡេកមកមើលកាលពី ៦៥ឆ្នាំមុន គឺនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ១៩៥៦ ប្រទេសកម្ពុជានិងសហភាពសូវៀតបានបង្កើតចំណងទំនាក់ទំនងការទូតជាផ្លូវការ។ ក្នុងរយៈពេល៦៥ឆ្នាំមកនេ...

2021-05-13 15:05:50   ថ្ងៃព្រហស្បតិ៍, 13 ឧសភា 2021 ម៉ោង 10:05 PM
ឆ្នាំ២០២២ ទំនងជាវិញ្ញាសាដ៏ស្មុគស្មាញសម្រាប់កម្ពុជា ដោយ៖ បណ្ឌិត ខែក វីរៈ

         ...

2021-05-13 08:04:38   ថ្ងៃព្រហស្បតិ៍, 13 ឧសភា 2021 ម៉ោង 03:04 PM
កម្ពុជានិងតួនាទីជាប្រធានអាស៊ានឆ្នាំ២០២២៖ ឱកាសនិងការត្រៀមលក្ខណៈ​ ក្នុងដំណើរការកសាងសហគមន៍នយោបាយ-សន្តិសុខអាស៊ាន* ដោយ៖ បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា

RAC Media 

2021-05-13 05:07:47   ថ្ងៃព្រហស្បតិ៍, 13 ឧសភា 2021 ម៉ោង 12:07 PM
សង្ខេបនយោបាយការបរទេសចិនជាមួយសិង្ហបុរី ដោយ៖ លោក ផាញ់ សារឿន មន្ត្រីស្រាវជ្រាវនៃវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានសិក្សាចិន

2021-05-12 04:29:10   ថ្ងៃពុធ, 12 ឧសភា 2021 ម៉ោង 11:29 AM
How does China Involve in Myanmar’s Affairs?

By Seun Sam After the coup d'état committed by Myanmar’s military on February 1, 2021, countries all over the world were paying close attention to the situation in that country. The reactions of the...

2021-04-30 10:44:07   ថ្ងៃសុក្រ, 30 មេសា 2021 ម៉ោង 05:44 PM

សេចក្តីប្រកាស