Royal Academy of Cambodia
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ក្នុងឱកាសអញ្ជើញជាវាគ្មិននៅក្នុងកិច្ចពិភាក្សាតុមូល ស្ដីពី «អាស៊ាននៅចន្លោះចិន និងសហរដ្ឋអាម៉េរិក» ដែលរៀបចំឡើងនៅរាជបណ្ឌិត្យសភាកម្ពុជា នាព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះ ជំហរប្រកាន់គោលនយោបាយចម្រុះពណ៌របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមិនផ្ដេកផ្ដួលទៅលើមហាអំណាចណាមួយ ហើយទាត់ចោលមហាអំណាចណាមួយឡើយ។
ឯកឧត្ដមបណ្ឌិតសភាចារ្យបានមានប្រសាសន៍លើកឡើងថា «កម្ពុជាសព្វថ្ងៃ គោលនយោបាយដើរនៅលើផ្លូវមួយគេហៅថាផ្កាចម្រុះពណ៌ មិនចាប់នរណាមួយជាធំទេ»។ បើតាមការគូសបញ្ជាក់បន្ថែមរបស់ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រវត្តិសាស្ត្រ បានបង្រៀនកម្ពុជាយ៉ាងច្បាស់អំពីផលវិបាក ដែលអ្នកនយោបាយកម្ពុជាបានប្រកាន់គោលនយោបាយគាំទ្រមហាអំណាចមួយ ហើយប្រឈមមុខនឹងមហាអំណាចផ្សេងទៀត ដោយបាននាំប្រទេសកម្ពុជាធ្លាក់ក្នុងវិបត្តិអស់រយៈពេលរាប់សិបឆ្នាំរួចមកហើយ។
ឯកឧត្ដមបណ្ឌិតសភាចារ្យ បានថ្លែងបញ្ជាក់ថា «[...] បទពិសោធប្រវត្តិសាស្ត្រ ដែលយើងផ្កាប់មុខទៅលើនរណាមួយហើយ វាជាគ្រោះថ្នាក់នៅក្នុងសង្គមកម្ពុជា។ ឧទាហរណ៍ នៅទសវត្សរ៍ឆ្នាំ១៩៦០ នៅពេលដែលព្រះបាទនរោត្ដមសីហនុងាកទៅរកពួកខាងចិន ខាងអាម៉េរិក័ងធ្វើរដ្ឋប្រហារភ្លាម។ ឆ្នាំ១៩៧០ ដោះដូរ កម្ពុជាផ្កាប់មុខទៅរកអាម៉េរិក [...]»។ វាគឺជាការពិតមួយដែលគេមិនអាចប្រកែកបាន ក្នុងរយៈពេលជាង៣ទសវត្សរ៍ដែលចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៦០ កម្ពុជាបានក្លាយទៅជាទីលានសាកល្បងមនោគមវិជ្ជា និងអាវុធរបស់មហាអំណាច ហើយប្រជាជន និងកងទ័ពកម្ពុជា បានស្លាប់បាត់បង់ជីវិត ទទួលរងពិការភាព ព្រាត់ប្រាស និងបាត់បង់គ្រួសារសាច់ញាតិ ដោយសារតែការប្រកាន់នយោបាយផ្កាប់មុខទៅមហាអំណាចម្ខាងៗ នៅចំពោះមុខការប្រឈមមុខដាក់គ្នារបស់មហាអំណាច ។
ដោយឡែក នៅក្នុងបរិបទនៃពិភពលោកថ្មីនេះ នយោបាយការបរទេសផ្កាចម្រុះពណ៌ គឺជាជម្រើសដ៏ល្អបំផុតរបស់ប្រទេសតូចៗដូចជាកម្ពុជា ពិសេសនៅចំពោះមុខនៃការប្រកួតប្រជែងឥទ្ធិពលរវាងមហាអំណាចពិភពលោក។ បើតាមការបញ្ជាក់របស់ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច វាជាការលំបាកក្នុងការរក្សាអព្យាក្រឹត្យរបស់ប្រទេសមួយ នៅចំពោះមុខការប្រឈមគ្នារវាងមហាអំណាច ប៉ុន្តែវាគឺជាភាពចាំបាច់ដែលត្រូវប្រកាន់យក ដើម្បីបញ្ចៀសប្រទេសធ្លាក់ចូលទៅក្នុងវិបត្តិធ្ងន់ធ្ងរ ក៏ដូចជាដើម្បីឈានឆ្ពោះទៅកាន់ការអភិវឌ្ឍប្រទេសជាតិមួយ។ ឯកឧត្ដមបណ្ឌិតសភាចារ្យបានមានប្រសាសន៍ថា «តែបើកម្ពុជាដើរនៅក្នុងផ្លូវចម្រុះពណ៌ វាគឺជារឿងល្អនៅក្នុងបរិបទថ្មី។ យើងដឹងថាវាលំបាកបន្តិច ព្រោះគេត្រូវការអ្នកស្មោះ ប៉ុន្តែមហាអំណាចដែលស្មោះនឹងយើងដែរឬទេ?»។ ឯកឧត្ដមបណ្ឌិតសភាចារ្យ បានលើកជាឧទាហរណ៍ថា កាលពីបារាំងដាក់អាណានិគម មុននឹងចេញទៅវិញបារាំងបានកាត់ដីកម្ពុជាក្រោមនៅឆ្នាំ១៩៤៩ ទៅឱ្យវៀតណាម ហើយនៅពេលដែលកម្ពុជាស្មោះជាមួយនឹងចិននៅឆ្នាំ១៩៧៥ កម្ពុជាមិនទទួលបានអ្វីក្រៅតែពីមនោគមវិជ្ជានោះទេ។ នៅក្នុងបរិបទនៃពិភពលោកថ្មីនេះ នយោបាយការផ្កាចម្រុះពណ៌ គឺជាជម្រើសដ៏ល្អបំផុតរបស់ប្រទេសតូចៗដូចជាកម្ពុជា ពិសេសនៅចំពោះមុខនៃការប្រកួតប្រជែងឥទ្ធិពលរវាងមហាអំណាចពិភពលោក។
ទោះជាយ៉ាងណា ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានថ្លែងអះអាងថា សម្រាប់កម្ពុជាក្នុងបរិបទបច្ចុប្បន្ននេះរាជរដ្ឋាភិបាលបានប្រើប្រាស់នយោបាយចម្រុះពណ៌នៅក្នុងទំនាក់ទំនងជាបណ្ដាប្រទេសមហាអំណាចពិភពលោក ព្រោះកម្ពុជាត្រូវការការអភិវឌ្ឍប្រទេស និងទីផ្សារសម្រាប់នាំចេញផលិតផលនានារបស់ខ្លួន។
ចំពោះការប្រឈមគ្នារវាងមហាអំណាចចិន និងសហរដ្ឋអាម៉េរិក ត្រូវបានឯកឧត្ដមបណ្ឌិតសភាចារ្យចាត់ទុកថា វាជាឱកាសសម្រាប់កម្ពុជាក្នុងការអភិវឌ្ឍប្រទេសជាតិ ហើយការដើរនយោបាយការបរទេសរបស់កម្ពុជាបច្ចុប្បន្ន ដែលប្រកាន់យកនយោបាយផ្កាចម្រុះពណ៌ ដោយមិនផ្កាប់មុខទៅចិន ហើយទាត់ចោលនូវទំនាក់ទំនងល្អជាមួុយបណ្ដាប្រទេសនានានោះ ជាលទ្ធផល កម្ពុជាបានទទួលនូវការស្វាគមន៍ពីបណ្ដាបស្ចិមប្រទេសជាច្រើន និងការបន្តកិច្ចសហប្រតិបត្តិនានា ដែលក្នុងនោះ កម្ពុជាទទួលបានជំនួយវ៉ាក់សាំងជាច្រើនពីបណ្ដាប្រទេសជាមិត្តកម្ពុជា ពិសេសបស្ចិមប្រទេសដូចជាសហរដ្ឋអាម៉េរិក អូស្ត្រាលី និងជប៉ុនជាដើម។
បន្ថែមពីនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យក៏បានរំឭកលើកឡើងអំពីព្រឹត្តិការណ៍មួយ ដែលបញ្ជាក់អំពីសន្ដានចិត្តរបស់កម្ពុជា ដែលបើកចំហរបេះដូងទៅកាន់បណ្ដាប្រជាជាតិជាមិត្តទាំងអស់នៅលើពិភពលោក ពិសេសសហរដ្ឋអាម៉េរិក គឺការប្រកាសយល់ព្រមទទួលយកនូវអ្នកដំណើរ ដែលធ្វើដំណើរតាមនាវាវេស្ទើដាម ដែលត្រូវបានបដិសេធមិនឱ្យចូលចតដោយបណ្ដាប្រទេស និងដែនដីជាច្រើន។ ត្រង់ចំណុចនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យបានសង្កត់ធ្ងន់ថា ប្រសិនបើកម្ពុជាផ្កាប់មុខតែទៅកាន់ចិន នោះមេដឹកនាំកម្ពុជាក៏នឹងមិនអាចបើកចិត្តទូលាយទទួលយកនូវអ្នកដំណើរក្នុងនាវានោះបានឡើយ ព្រោះពិភពលោកទាំងមូលកំពុងព្រួយបារម្ភនឹងវិបត្តិរាតត្បាតជំងឺកូវីដ-១៩៕
------------
RAC Media
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅថ្ងៃព្រហស្បតិ៍ ១១ រោច ខែផល្គុន បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤នេះ រាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំកម្មវិធីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ឆ្នាំរោង...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅថ្ងៃព្រហស្បតិ៍ ១១ រោច ខែផល្គុន បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤នេះ រាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំកម្មវិធីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ឆ្នាំរោង...
ការកំណត់ថ្ងៃខែចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើងតាំងពីយូលង់ណាស់មកហើយនោះគឺកំណត់យកតាមចន្ទគតិគឺកំណត់យកខែមិគសិរជាដើមឆ្នាំ។តាមចន្ទគតិគេកំណត់បែកចែកជា៣រដូវកាលធំៗនោះគឺៈ ១.ហេមន្តរដូវ ចាប់គិតពីថ្ងៃ១រោចខែកត្តិកដល់ថ...
នៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤នេះ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបានប្រាព្ធពិធីបើកសម័យប្រជុំដំបូង នីតិកាលទី៥ ក្រោមព្រះរាជាធិបតីភាពព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រ...
សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ដែលបានឧបត្ថម្ភថវិកាចំនួន ២០ ០០០ ០០០ រៀល ចូលរួមចំណែកនៅក្នុង «គម្រោងជីកប្រឡាយក្រវាត់ជុំវិញឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្...
ក្នុងឱកាសនៃការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ រាជបណ្ឌិត្យសភាកម្ពុជាគ្រោងរៀបចំការសម្តែងពិសេស ល្ខោននិយាយរឿង «នេះមិនមែនសុបិន្ត» នៅសាលមហោស្រពខេមរវិទូ ដោយមានការចូលរួមពី លោក ណេន ភារិទ្ធ និងកញ្ញា កែ...