ព័ត៌មាន

«៥៥ឆ្នាំនៃទំនាក់ទំនងកម្ពុជា-វៀតណាម៖ មេរៀនអតីតកាល និងមាគ៌ាឆ្ពោះទៅមុខ»

2022-06-22 03:46:34 ថ្ងៃពុធ, 22 មិថុនា 2022, 03:46 AM
post_detail

ខែមិថុនា ឆ្នាំ២០២២នេះ កត់សម្គាល់ខួប៥៥ឆ្នាំនៃទំនាក់ទំនងការទូតផ្លូវការរវាងកម្ពុជានិងវៀតណាម។ កម្ពុជានិងវៀតណាមជាប្រទេសភូមិផងរបងជាមួយ ដែលមានព្រំដែនជាប់គ្នាប្រវែងប្រមាណជាង ១ ២៧០ គីឡូម៉ែត្រ និងមានទន្លេមេគង្គហូរកាត់ដូចគ្នា។ ទំនាក់ទំនងរវាងប្រទេសទាំងពីរត្រូវបានចងភ្ជាប់ដោយចំណងប្រវត្តិសាស្ត្រ ភូមិសាស្ត្រ និងនយោបាយ។ ប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូតផ្លូវការនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៦៧។

ទោះបីកម្ពុជានិងវៀតណាមទើបមានចំណងទំនាក់ទំនងការទូតផ្លូវការជាងកន្លះសតវត្សរ៍កន្លងមកនេះក្តី ប៉ុន្តែ បើផ្អែកតាមប្រវត្តិសាស្ត្រ ប្រទេសទាំងពីរមានទំនាក់ទំនងគ្នាជាយូរលង់មកហើយ ពោលគឺតាំងពីសតវត្សរ៍​ទី​១៥នៃគ្រឹស្តសករាជមកម្ល៉េះ។ ក្នុងសម័យសង្គ្រាមត្រជាក់ ចំណងទំនាក់ទំនងរវាងប្រទេសទាំងពីរបានជាប់ពាក់ព័ន្ធគ្នាយ៉ាងស៊ីជម្រៅ ជាពិសេស ក្នុងចន្លោះទសវត្សរ៍ឆ្នាំ១៩៦០ និងទសវត្សរ៍ឆ្នាំ១៩៧០។ ចាប់ពីដើមទសវត្សរ៍ឆ្នាំ១៩៨០ ទំនាក់ទំនងរវាងប្រទេសទាំងពីរមានលក្ខណៈស៊ីជម្រៅ ស្អិតល្មួត និងបន្តរីកចម្រើនរឹងមាំរហូតមកដល់បច្ចុប្បន្ន។

ក្នុងទំនាក់ទំនាក់ទំនងរវាងប្រទេសទាំងពីរក្រោយសម័យអាណានិគមនិយមបារាំង មានព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ​ដ៏សំខាន់ពីរបានកើតឡើងដែលត្រូវចងចាំ គឺពលិកម្មរបស់កម្ពុជាក្នុងបុព្វហេតុនៃការបង្រួបបង្រួមប្រទេសវៀតណាម និងពលិកម្មរបស់វៀតណាមក្នុងការរួមចំណែករំដោះអាយុជីវិតប្រជាជនកម្ពុជាពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។

នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ១៩៥៤ បារាំងបានចុះកិច្ចព្រមព្រៀងបញ្ចប់សង្រ្គាមឥណ្ឌូចិន នៅក្នុងសន្និសីទក្រុងហ្សឺណែវ ដោយបារាំងបានសុខចិត្តប្រគល់ឯករាជ្យដល់វៀតណាម ក៏ប៉ុន្តែ នៅក្នុងសន្និសីទក្រុងហ្សឺណែវនេះ ប្រទេសវៀតណាមត្រូវបានគេបន្តទុកឱ្យនៅពុះចែកជាពីរដដែល ដោយបានត្រឹមតែកំណត់ថា វៀតណាមទាំងពីរនឹងត្រូវបង្រួបបង្រួមគ្នាមកវិញនៅក្រោយការបោះឆ្នោតជាតិមួយ ដែលគេគ្រោងរៀបចំធ្វើឡើងនៅទូទាំងប្រទេសវៀតណាម នៅឆ្នាំ១៩៥៦។ ក៏ប៉ុន្តែ ផែនការរៀបចំការបោះឆ្នោតជាតិនេះ ត្រូវបានច្រានចោលដោយវៀតណាមខាងត្បូង និងសហរដ្ឋអាម៉េរិកដែលជាសម្ព័ន្ធមិត្ត។

សង្រ្គាមរវាងវៀតណាមខាងជើងគាំទ្រដោយប្លុកកុម្មុយនីស្ត និងវៀតណាមខាងត្បូងដែលមានជំនួយពីកងទ័ពអាម៉េរិក បានផ្ទុះសន្ធោរសន្ធៅឡើង។ សង្រ្គាមនេះត្រូវបានគេហៅជាទូទៅថា «សង្រ្គាមវៀតណាម» ប៉ុន្តែ តាមពិត វាមិនមែនកើតឡើងតែនៅក្នុងប្រទេសវៀតណាមមួយនោះទេ គឺបានរាលដាលទៅដល់ផ្នែកខ្លះនៃទឹកដីកម្ពុជានិងឡាវផងដែរ។ ដូច្នេះហើយ ទើបគេហៅថា «សង្គ្រាមឥណ្ឌូចិនទី២»។

ដើម្បីជួយវៀតណាម កម្ពុជាបានផ្លាស់ប្តូរគោលជំហរអព្យាក្រឹតរបស់ខ្លួន ដោយអនុញ្ញាតឱ្យរដ្ឋាភិបាលសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម (វៀតណាមខាងជើង) និងរដ្ឋាភិបាលបណ្ដោះអាសន្នវៀតណាមខាងត្បូង ប្រើប្រាស់ទឹកដីកម្ពុជាតាមព្រំដែន ដើម្បីគេចពីការតាមកម្ទេចរបស់វៀតណាមខាងត្បូងនិងសម្ព័ន្ធមិត្ត, ផ្តល់ស្បៀងអាហារ, អនុញ្ញាតឱ្យវៀតណាមខាងជើងប្រើប្រាស់កំពង់ផែក្រុងព្រះសីហនុ និងផ្លូវជាតិលេខ៤ក៏ដូចជាផ្លូវជាតិផ្សេងៗទៀតដែលមានការពាក់ព័ន្ធ ដើម្បីដឹកសម្ភារៈសឹក និងបោះទីតាំងមូលដ្ឋានតស៊ូប្រឆាំងវៀតណាមខាងត្បូង ដែលមានសហរដ្ឋអាម៉េរិកជាខ្នងបង្អែក រហូតទទួលបានជោគជ័យទាំងស្រុងក្នុងការបង្រួបបង្រួមវៀតណាមជាប្រទេសតែមួយ ដែលមានឈ្មោះផ្លូវការថា «សាធារណរដ្ឋសង្គមនិយមវៀតណាម» រហូតមកដល់សព្វថ្ងៃនេះ។

ដោយសារតែការធ្វើពលិកម្មដើម្បីជួយវៀតណាមដូចបានបញ្ជាក់ខាងលើនេះហើយ ទើបធ្វើឱ្យសហរដ្ឋអាម៉េរិកមានលេសទម្លាក់គ្រាប់បែកមកលើប្រទេសកម្ពុជា ដែលបានបង្កឱ្យប្រជាជនកម្ពុជាស្លាប់និងរងរបួសរាប់សិបម៉ឺននាក់ និងបានទាញឱ្យកម្ពុជាធ្លាក់ចូលក្នុងមហាវិបត្តិ និងគ្រោះមហន្តរាយស្ទើរតែរលាយសាបសូន្យទឹកដីនិងពូជសាសន៍ខ្មែរ។

ខែមេសា ឆ្នាំ១៩៧៥ ក្រោមពលិកម្មនិងការជួយជ្រោមជ្រែងដោយសុទ្ធចិត្តរបស់កម្ពុជាវៀតណាមបានទទួលជ័យជម្នះលើចក្រពត្តិអាម៉េរិក និងបានបង្រួបបង្រួមនិងឯកភាពទឹកដីរបស់ខ្លួនឡើងវិញ ឯកម្ពុជាបែរជាធ្លាក់ចូលក្នុងរបបប្រល័យពូជសាសន៍កម្ពុជាប្រជាធិបតេយ្យ ឬខ្មែរក្រហម។

នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ កងទ័ពខ្មែរក្រហមបានចូលកាន់កាប់ទីក្រុងភ្នំពេញ និងទីរួមខេត្តដទៃទៀត។ កងទ័ពខ្មែរក្រហមបានបង្ខំឱ្យប្រជាជនក្រុងភ្នំពេញទាំងអស់ឱ្យចាកចេញពីទីក្រុង ហើយប្រជាជនខេត្ត ក្រុងឯទៀត ក៏ត្រូវជម្លៀសពីខេត្តមួយទៅខេត្តមួយ ពីតំបន់មួយទៅតំបន់មួយដូចគ្នា។ តមក ពួកខ្មែរក្រហមបានអនុវត្តនយោបាយដឹកនាំប្រទេសដ៏ចម្លែក ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ។ លទ្ធផលនៃរបបដឹកនាំនេះ បានធ្វើឱ្យប្រជាជនខ្មែរប្រមាណ ២លាននាក់បានស្លាប់ដោយសារជំងឺដែលគ្មានថ្នាំសង្កូវព្យាបាល ការបង្អត់អាហារ ការកាប់សម្លាប់ និងការបង្ខំឱ្យធ្វើពលកម្មហួសកម្លាំង។

ចលនានៃការប្រយុទ្ធដ៏ខ្លាំងក្លាប្រឆាំងនឹងពួកកម្ពុជាប្រជាធិបតេយ្យ បានកើតមានឡើងនៅខែវិច្ឆិកា ឆ្នាំ១៩៧៧ និងខែឧសភា ឆ្នាំ១៩៧៨ នៅខាងតំបន់បូព៌ា និងខាងពាយ័ព្យនៃប្រទេសកម្ពុជា។ ក្នុងពិធីប្រារព្ធខួបលើកទី៤៥ នៃទិវាការចងចាំដំណើរឆ្ពោះទៅកាន់ការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានរំឭកពីដំណើររបស់លោកទៅកាន់ប្រទេសវៀណាមកាលពី៤៥ឆ្នាំមុន (២០ មិថុនា ១៩៧៧) ដើម្បីស្នើសុំកងកម្លាំងវៀតណាមមកជួយ រំដោះប្រទេសកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។

ឥស្សរជនជាន់ខ្ពស់បំផុតនៃគណបក្សប្រជាជកម្ពុជា រួមមាន សម្តេច ជា ស៊ីម សម្តេច ហ៊ុន សែន និងសម្តេច ហេង សំរិន ព្រមទាំងឥស្សរជនជាន់ខ្ពស់ជាច្រើនរូបទៀតនៃគណបក្សប្រជាជនកម្ពុជា បានបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ និងបានស្នើសុំជំនួយអន្តរាគមន៍ពីវៀតណាម។ តាមរយៈការអំពាវនាវរបស់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា បក្សកុម្មុយនីស្តវៀតណាមនិងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានឆ្លើយតបយ៉ាងទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពក្នុងការផ្តួលរំលំរបបប្រល័យពូជសាសន៍នេះ ដោយទទួលបានជោគជ័យនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។

តាមរយៈព្រឹត្តិការណ៍សង្គ្រាមជាប្រវត្តិសាស្ត្រដ៏ធំទាំងពីរ ពីទសវត្សរ៍ឆ្នាំ១៩៦០ ដល់ទសវត្សរ៍ឆ្នាំ១៩៧០ នៅវៀតណាមគឺសង្គ្រាមដើម្បីបង្រួបបង្រួមនិងឯកភាពវៀតណាម ឯនៅកម្ពុជាគឺសង្រ្គាមដើម្បីរំដោះអាយុជីវិតប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ យើងអាចនិយាយបានថា ប្រទេសទាំងពីរ កម្ពុជានិងវៀតណាម បានធ្វើពលិកម្មយ៉ាងធំធេងចំពោះគ្នាទៅវិញទៅមកក្នុងនាមជាអ្នកជិតខាង។ បើគ្មានពលិកម្មរបស់កម្ពុជា ការបង្រួបបង្រួមនិងឯកភាពទឹកដីវៀតណាមពិតជាជួបការលំបាកយ៉ាងខ្លាំង ហើយបើគ្មានអន្តរាគមន៍របស់វៀតណាម កម្ពុជាក៏មិនអាចផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ភ្លាមៗបានដែរ។

ការធ្វើពលិកម្មដើម្បីគ្នាទៅវិញទៅមករវាងកម្ពុជានិងវៀតណាម ត្រូវតែកត់ត្រានិងចងចាំដោយប្រជាជាតិទាំងពីរ។ នៅកម្ពុជា គុណដែលវៀតណាមបានជួយរំដោះចេញពីរបបប្រល័យពូជសាសន៍ ត្រូវបានរំឭកជារៀងរាល់ឆ្នាំ ហើយស្តូបអនុស្សាវរីយ៍កម្ពុជា-វៀតណាម ត្រូវបានអនុញ្ញាតឱ្យសាងសង់ស្ទើរគ្រប់រាជធានី ខេត្តនៃប្រទេសកម្ពុជា។

លើសពីនេះទៀត កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២ រាជរដ្ឋាភិបាលកម្ពុជាបានចេញសេចក្ដីណែនាំស្តីពីការចារឹកនូវអត្ថន័យនៃសច្ចភាពជាប្រវត្តិសាស្ត្រលើស្តូបមិត្តភាពកម្ពុជា-វៀតណាម ដែលបានសាងសង់ឡើងនៅតាមបណ្តារាជធានី ខេត្តនៃព្រះរាជាណាចក្រកម្ពុជា ដែលមានខ្លឹមសារទាំងស្រុងដូចតទៅ៖ «ស្តូបមិត្តភាពកម្ពុជា-វៀតណាម ត្រូវបានសាងសង់ឡើងដើម្បីជាសក្ខីភាពនៃការដឹងគុណនិងការចងចាំចំពោះពលិកម្មរបស់ប្រជាជនកម្ពុជា ដើម្បីបុព្វហេតុនៃការបង្រួបបង្រួមនិងឯកភាពទឹកដីវៀតណាម ក្នុងអំឡុងទសវត្សរ៍៦០-៧០ និងជាសក្ខីភាពនៃការដឹងគុណនិងការចងចាំចំពោះពលិកម្មរបស់កងទ័ពនិងប្រជាជនវៀតណាម ដើម្បីបុព្វហេតុរំដោះប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍កម្ពុជាប្រជាធិបតេយ្យ នៅទសវត្សរ៍៧០-៨០។»

ចំពោះពលិកម្មរបស់កម្ពុជាក្នុងបុព្វហេតុនៃការបង្រួបបង្រួមនិងឯកភាពទឹកដីវៀតណាមកន្លងមក ក៏ត្រូវបានលើកឡើងជាហូរហែផងដែរដោយមេដឹកនាំវៀតណាម។ ជាក់ស្តែង នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ ក្នុងពិធីប្រារព្ធខួបលើកទី៤៥នៃទិវាការចងចាំដំណើរឆ្ពោះទៅកាន់ការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅឯព្រំដែនកម្ពុជា-វៀតណាម ឯកឧត្តម ផាម មីញជីញ នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានទទួលស្គាល់ពលិកម្មនេះដោយបានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះការគាំទ្រនិងការជួយដ៏មានតម្លៃរបស់ថ្នាក់ដឹកនាំនិងប្រជាជនកម្ពុជាជាច្រើនជំនាន់ ជូនចំពោះប្រជាជនវៀតណាមក្នុងការជួយរំដោះប្រទេសជាតិកន្លងមក ក៏ដូចជាការកសាងនិងការអភិវឌ្ឍប្រទេសវៀតណាមសព្វថ្ងៃ។

ឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាម ក៏បានសូមសម្តែងនូវអំណរគុណជាពិសេសចំពោះរាជរដ្ឋាភិបាលដើរតាមនយោបាយអព្យាក្រឹតវិជ្ជមានរបស់កម្ពុជា បានទទួលស្គាល់រណសិរ្សរំដោះជាតិវៀតណាមខាងត្បូង បានជួយអស់ពីចិត្តនិងបង្កលក្ខណៈអំណោយផលដល់បដិវត្តន៍វៀតណាមក្នុងការកសាងកម្លាំងនៅមូលដ្ឋាននិងផ្លូវដឹកជញ្ជូនឲ្យសមរភូមិវៀតណាមខាងត្បូង ក្នុងកាលៈទេសៈដ៏សែនលំបាកនោះ។

ចាប់ពីឆ្នាំ១៩៧៩ មក កម្ពុជានិងវៀតណាម បានចុះកិច្ចព្រព្រៀងជួយគ្នាទៅវិញទៅមកស្ទើរគ្រប់វិស័យ ទាំងវិស័យការពារជាតិ សេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ អប់រំ សង្គមកិច្ច និងសុខាភិបាល។ ក្នុងវិស័យការពារជាតិវិញ វៀតណាមបានផ្តត់ផ្គង់នូវសម្ភារៈបរិក្ខារយោធាដល់កម្ពុជា។ សិស្ស និស្សិត និងកម្មភិបាលនៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា និងរដ្ឋកម្ពុជាជាច្រើនរូប ត្រូវបានបញ្ជូនទៅរៀននៅប្រទេសវៀតណាម និងនៅបណ្តាប្រទេសសង្គមនិយមមួយចំនួនទៀត។

ទន្ទឹមនឹងនេះដែរ ដោយក្រោយថ្ងៃរំដោះ៧ មករា ១៩៧៩ ប្រទេសកម្ពុជាជួបប្រទះនូវការខ្វះខាតសព្វបែបយ៉ាង វៀតណាមក៏ដូចជាប្រទេសសង្គមនិយមជាមិត្តមួយចំនួនទៀត ជាពិសេសសហភាពសូវៀត បានផ្តល់ជំនួយដល់កម្ពុជាជាស្បៀងអហារ ថ្នាំពេទ្យ និងគ្រឿងឧបភោគនិងបរិភោគដទៃទៀតយ៉ាងច្រើន។

ដំណាក់កាលឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៨៩ ជាដំណាក់កាលដ៏លំបាកដែលកម្ពុជាធ្លាក់ចូលក្នុងភ្នក់ភ្លើងសង្គ្រាមស៊ីវិល។ រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតកម្ពុជានិងរដ្ឋកម្ពុជា ដៃម្ខាងត្រូវទប់ស្កាត់ការវិលត្រឡប់មកវិញនៃរបបកម្ពុជាប្រជាធិបតេយ្យ និងដៃម្ខាងទៀត ត្រូវស្តារនិងក៏កសាងប្រទេសជាតិឡើងវិញផង។ ដូច្នេះ ជំនួយរបស់វៀតណាម ពិតជាមានសារៈសំខាន់ណាស់នៅពេលនោះ។

ការផ្លាស់ប្តូរស្ថានការណ៍នយោបាយអន្តរជាតិ នាចុងទសវត្សរ៍ ឆ្នាំ១៩៨០ បានធ្វើឱ្យភាគីជម្លោះកម្ពុជាវិលទៅរកតុចរចាស្វែងរកសន្តិភាព។ ការចរចាសន្តិភាពនៅកម្ពុជា បានចេញដំណើរពីជំនួបជាប្រវត្តិសាស្ត្ររវាងសម្តេច នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃ០២ ខែធ្នូ ឆ្នាំ១៩៨៧ នៅហ្វែរអង់តាដឺណ័រ (Fer-en-Tardenois) ប្រទេសបារាំង។ ការចរចាបានធ្វើទៅតាមកន្លែងយ៉ាងច្រើនស្ទើរពេញមួយចំហៀងផែនដី ដែលក្នុងនោះមានបារាំង ថៃ ឥណ្ឌូណេស៊ី កូរ៉េខាងជើង ចិន ជប៉ុន និងញូវយ៉ក ។

ទីបំផុត នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ នៅទីក្រុងប៉ារីស ប្រទេសបារាំង កិច្ចព្រមព្រៀងសន្តិភាពត្រូវបានចុះហត្ថលេខាដោយភាគីខ្មែរទាំងបួន ដោយមានការចូលរួមពីបណ្តាប្រទេសជាងម្ភៃ និងប្រទេសហត្ថលេខីចំនួន១៨ ដែលក្នុងនោះក៏មានប្រទេសវៀតណាមផងដែរ។ តាមរយៈកិច្ចព្រមព្រៀងនេះ បាននាំទៅដល់ការបោះឆ្នោតមួយនៅឆ្នាំ១៩៩៣ ដែលរៀបចំដោយអង្គការសហប្រជាជាតិ។

ចាប់ពីដើមទសវត្សរ៍ឆ្នាំ១៩៩០ មក ទំនាក់ទំនងរវាងកម្ពុជានិងវៀតណាមបានបោះជំហានចូលក្នុងរបត់នយោបាយថ្មីមួយ ដែលក្នុងនោះ វៀតណាមនៅរក្សារបបនយោបាយកុម្មុយនីស្តនិយម ឯកម្ពុជាបានប្រកាន់យករបបប្រជាធិបតេយ្យសេរីពហុបក្ស ហើយរបបរាជានិយមអាស្រ័យអាស្រ័យធម្មនុញ្ញត្រូវបានបង្កើតឡើងវិញ។

ក្នុងក្របខណ្ឌទំនាក់ទំនងទ្វេភាគីជាមួយវៀតណាម កម្ពុជាបានប្រកាន់ខ្ជាប់នូវគោលនយោបាយការបរទេសជាអ្នកជិតខាងល្អ ដោយពង្រឹងមិត្តភាពនិងពង្រីកកិច្ចសហប្រតិបត្តិការ មិនត្រឹមតែនៅក្នុងក្របខ័ណ្ឌទ្វេភាគីប៉ុណ្ណោះទេ ថែមទាំងផ្សារភ្ជាប់និងគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកាអន្តរជាតិ និងតំបន់ទៀតផង។ ក្នុងវេទិកាតំបន់ ប្រទេសទាំងពីរបានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់និងអន្តរជាតិ ដែលមានប្រយោជន៍សម្រាប់ប្រទេសទាំងពីរ។ ដោយឡែកវៀតណាមវិញ ជាក្របខណ្ឌគោលនយោបាយការបរទេសទ្វេភាគីជាមួយប្រទេស កម្ពុជា ក៏មិនសូវជាខុសពីកម្ពុជាប៉ុន្មានដែរ គឺវៀតណាមចាត់ទុកកម្ពុជាជាប្រទេសប្រទេសជិតខាងមួយ ដែលទំនាក់ទំនងល្អត្រូវបានចាត់ទុកជាអាទិភាពនិងត្រូវពូនជ្រុំ។

ចំពោះមុខបរិបទផ្ទៃក្នុងនិងខាងក្រៅ ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ កំពុងមានការអភិវឌ្ឍលើវិស័យជាច្រើន។ កម្ពុជានិងវៀតណាមបានឯកភាពថា ការពង្រឹងនិងលើកកម្ពស់ទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ មានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់ប្រជាជាតិទាំងពីរ។ ជារួមទៅ គោលនយោបាយការបរទេសទ្វេភាគីរបស់កម្ពុជានិងវៀតណាមចំពោះគ្នាទៅវិញមក បានរំលេចឱ្យឃើញនូវភាពរឹងមាំនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។

ក្នុងការបង្ហាញគោលជំហរចំពោះគ្នាទៅវិញទៅមក មេដឹកនាំនៃប្រទេសទាំងពីរតែងតែសម្ដែងឱ្យឃើញនូវការប្តេជ្ញាចិត្តពង្រឹង ពង្រីក និងលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យរីកចម្រើនដល់កម្រិតខ្ពស់ថ្មីមួយទៀត ដែលនាំមកនូវផលប្រយោជន៍ពិតប្រាកដសម្រាប់ប្រជាជននិងប្រទេសទាំងពីរ និងរួមចំណែកជាវិជ្ជមានដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងភាពរុងរឿងនៅក្នុងតំបន់និងលើពិភពលោក។

ដោយឈរលើកត្តាប្រវត្តិសាស្ត្រ ភូមិសាស្ត្រ និងនយោបាយដូចបានបញ្ជាក់ខាងលើ ការពង្រឹងទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជានិងវៀតណាម ពិតជាមិនអាចខ្វះបាន។ ដូច្នេះ ប្រទេសទាំងពីរត្រូវបន្តរួមរស់ជាមួយគ្នាដោយសុខសន្តិភាព គោរពអធិបតេយ្យ ឯករាជ្យ និងបូរណភាពទឹកដី មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ផងគ្នាទៅវិញទៅមក ដោះស្រាយបញ្ហាដោយសន្តិវិធី និងសហប្រតិបត្តិការលើគ្រប់វិស័យដែលមានផលប្រយោជន៍ទាំងសងខាង ឱ្យសក្តិសមនឹងបាវចនានៃទំនាក់ទំនងដែលប្រទេសទាំងពីរបានអនុម័តគឺ «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយនិងយូរអង្វែង»។ ជាមួយនឹងបាវចនានេះ យើងសង្ឃឹមថា ទំនាក់ទំនងរវាងប្រទេសទាំងពីរសម្រាប់រយៈ៥៥ឆ្នាំខាងមុខឬយូរអង្វែងទៅមុខទៀត នឹងបន្តរីកចម្រើនកាន់តែទូលំទូលាយ កាន់តែស៊ីជម្រៅ កាន់តែមានប្រសិទ្ធភាព និងកាន់តែល្អប្រសើរឡើងថែមទៀត៕

បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា

រាជបណ្ឌិត្យសភាកម្ពុជា

(ទស្សនៈក្នុងអត្ថបទនេះជាទស្សនៈផ្ទាល់ខ្លួនរបស់អ្នកនិពន្ធ)

អត្ថបទទាក់ទង

«គម្រោងជីកប្រឡាយទឹកជាព្រំប្រទល់ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប»

ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ត្រូវបានបង្កើតនិងទទួលស្គាល់ ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៤១៤/៤៣៦ ចុះថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៤ មានទំហំ ផ្ទៃដី១១ ៤៣៥ហិកតា មានទីតាំងស្ថិតក្នុងឃុំឆែបមួយ និង ឃ...

2024-02-29 03:52:02   Thu, 29,02,2024, 03:52 AM
«ការអប់រំពីតម្លៃនៃមនុស្ស»

អត្ថបទដោយ៖ បណ្ឌិត ទុយ យូឃីម និង បណ្ឌិត ជា វណ្ណី, វិទ្យាស្ថានមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម, រាជបណ្ឌិត្យសភាកម្ពុជាការអប់រំពីតម្លៃនៃមនុស្ស មានឥទ្ធិពល លើគ្រប់ទិដ្ឋភាពនៃជីវិត វាប៉ះពាល់យ៉ាងខ្លាំង...

2024-02-29 03:20:58   Thu, 29,02,2024, 03:20 AM
ឆ្នាំទី៣នៃសង្រ្គាមរវាងរុស្ស៊ីនិងអ៊ុយក្រែន ៖ តើសង្គ្រាមនេះនឹងចប់ពេលណា?

ដោយ ៖ លោក ធន ឆាយពិសិដ្ឋ អនុប្រធានពិសិដ្ឋអនុប្រធាននាយកដ្ឋាននយោបាយនិងច្បាប់អន្តរជាតិ នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជាគិតមកដល់មកដល់ពេលនេះ សង្រ្គាមរវាងរុស្ស៊ីនិងអ៊ុយក្រែនបានចូលឆ្នាំទីបីដោយគ្មានតម...

2024-02-29 02:07:56   Thu, 29,02,2024, 02:07 AM
Diplomatic Strategies for Strengthening ASEAN Unity

Mr. Peou Sedara, Official of the Department of International Law and Diplomacy, International Relations Institute of Cambodia (IRIC)The Association of Southeast Asian Nations (ASEAN) has been a corner...

2024-02-29 01:53:10   Thu, 29,02,2024, 01:53 AM
ការបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា ដោយ៖ បណ្ឌិត ឈឿន ប៊ុនឆា មន្ត្រីជំនួយការបណ្ឌិតសភាចារ្យ លេខាធិការដ្ឋានក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ និងជាលេខាធិការមជ្ឈមណ្ឌលស្រាវជ្រាវអាស៊ីនៃរាជបណ្ឌិត្យសភាកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជាមានមហិច្ឆតាក្នុងការផ្លាស់ប្ដូរពីប្រទេសដែលមានចំណូលមធ្យមកម្រិតទាប ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ ហើយបន្តក្លាយជាប្រទេសអភិវឌ្ឍនូវកំណើនសេដ្ឋកិច្ច និងការប្រកួតប្រជែង...

2024-02-26 08:16:01   Mon, 26,02,2024, 08:16 AM
ទស្សនវិទូនិយមការសិក្សាស្រាវជ្រាវដោះស្រាយបញ្ហាកំពុងកើតឡើង (Pragmatism) ដោយ៖ បណ្ឌិត វង់ សំអូន ជំនួយការខុទ្ទកាល័យរាជបណ្ឌិត្យសភាកម្ពុជា

ទស្សនវិទូក្រុមនេះបានប្រើប្រាស់គោលវិធីសិក្សាស្រាវជ្រាវតាមបែបចម្រុះតែប៉ុណ្ណោះ ក្នុងការសិក្សាស្វែងរកចម្លើយ ឬដោះស្រាយបញ្ហាទាំងឡាយណាដែលបានកើតមានឡើងចេញពីសកម្មភាពណាមួយដែលត្រូវបានគេអនុវត្ត ឬប្រព្រឹត្តនៅក្នុងស...

2024-02-23 09:04:05   Fri, 23,02,2024, 09:04 AM

សេចក្តីប្រកាស