ព័ត៌មាន

កិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាម៉េរិក និងផលប្រយោជន៍ជាយុទ្ធសាស្ត្រ ដោយ៖ លោក អ៊ុច លាង អ្នកសិក្សាស្រាវជ្រាវនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា

2022-04-28 08:31:36 ថ្ងៃព្រហស្បតិ៍, 28 មេសា 2022 ម៉ោង 03:31 PM
អ្នកមើល 3402
post_detail

កិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាម៉េរិក ដែលនឹងត្រូវរៀបចំឡើងនៅថ្ងៃទី១២-១៣ ឧសភាខាងមុខនេះ នាទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក ជាការជួបមុខគ្នាដោយផ្ទាល់ រវាងប្រមុខមេដឹក នាំអាស៊ាន ជាមួយនឹងលោក ចូ បៃឌិន ប្រធានាធិបតីសហរដ្ឋអាម៉េរិក។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ាន នាយប់ថ្ងៃអាទិត្យ ទី១៦ ខែមេសា កន្លងទៅ។ ពេលវេលាប្រជុំលើកនេះ គឺជាការកំណត់ឡើងជាលើកទី២ បន្ទាប់ពីត្រូវបានខកខាន កាលពីខែមីនាកន្លងទៅដែលគ្រោងធ្វើនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ ដោយសារតែភាគីឥណ្ឌូនេស៊ី ដែលជាអ្នកសម្របសម្រួល មិនអាចសម្របសម្រួល ពេលវេលាជាមួយមេដឹកនាំនៃបណ្តាប្រទេសក្នុងអាស៊ានបាន។

សេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ាន បានបញ្ជាក់ថា កិច្ចប្រជុំកំពូលពិសេស រវាង អាស៊ាន និង សហរដ្ឋអាម៉េរិក នេះប្រារពឡើងដើម្បីអបអរសាទរទំនាក់ទំនងភាពដៃគូសន្ទនាអាស៊ាន សហរដ្ឋអាម៉េរិក ដែលមានវ័យ ៤៥ឆ្នាំទៅ ហើយនេះគឺជាកិច្ចប្រជុំកំពូលពិសេសលើកទី២ គិតពីឆ្នាំ ២០១៦ និងជាការជួបប្រជុំ គ្នាដោយផ្ទាល់មុខលើកទី១សម្រាប់ថ្នាក់ដឹកនាំអាស៊ាន គិតចាប់តាំងពី ឆ្នាំ២០១៧ មក។

តើកិច្ចប្រជុំកំពូលពិសេសលើកទី២ និងដោយផ្ទាល់មុខជាលើកទី១សម្រាប់ថ្នាក់ដឹកនាំអាស៊ាន ជាមួយសហរដ្ឋអាម៉េរិក ចាប់តាំងពីឆ្នាំ២០១៧មកនេះ ភាគីទាំងសងខាងរំពឹងថានឹងទទួលបាលលទ្ធផល អ្វីជាផ្លែផ្កា? ចំណែកកម្ពុជាដែលពេលនេះជាប្រធានអាស៊ាន រំពឹងថានឹងទទួលផលវិជ្ជមានអ្វីជាដុំកំភួន?

បើយោងតាមសេចក្តីថ្លែងការណ៍ព័ត៌មានរបស់ប្រធានអាស៊ាន បានប្រកាសថា ថ្នាក់ដឹកនាំ អាស៊ាន និងប្រធាននាធិបតី Joe Biden នឹងពិភាក្សាគ្នាអំពីមធ្យោបាយ និងវិធីសាស្ត្រ នានា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យជាច្រើន ដែលជាអាទិ៍រួមមាន ការឆ្លើយតបនឹងជំងឺ កូវីដ១៩ សន្តិសុខសុខភាពសកល ការផ្លាស់ប្តូរអាកាសធាតុ ការអភិវឌ្ឍប្រកបដោយ​ចីរភាព កិច្ចសហ ប្រតិបត្តិការ លំហសមុទ្រ ការអភិវឌ្ឍធនធានមនុស្ស ការអប់រំ និងចំណងទាក់ទងរវាងប្រជាជន និង ប្រជាជន ក៏ដូចជាការតភ្ជាប់ និងទំនាក់ទំនងសេដ្ឋកិច្ច។ ថ្នាក់ដឹកនាំអាស៊ាន និងសហរដ្ឋអាម៉េរិកក៏នឹង ធ្វើការ ផ្លាស់ប្តូ
យោ​បល់​គ្នាផងដែរ អំពីបញ្ហាតំន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងកង្វល់រួម។

នៅក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលពិសេសជាប្រវត្តិសាស្ត្រនេះ ថ្នាក់ដឹកនាំអាស៊ាន និង សហរដ្ឋ អាម៉េរិកនឹងដាក់ចេញនូវទិសដៅអានាគតនៃទំនាក់ទំនងរវាងអាស៊ាន និងសហរដ្ឋអាម៉េរិក ហើយនឹង លើកកម្ពស់ភាពជាដៃគូយុទ្ឋសាស្ត្រសម្រាប់​ផលប្រយោជន៍រួមទៅវិញទៅមកនៃប្រជាជនអាស៊ាន និងប្រជាជនសហរដ្ឋអាម៉េរិក។

កិច្ចប្រជុំកំពូលពិសេសនេះ ក៏នឹងបញ្ជាក់ឡើងវិញផងដែរនូវការប្តេជ្ញាចិត្តរួមគ្នា ដើម្បីរក្សាមជ្ឈភាព និងឯកភាពអាស៊ាន តាមរយៈយន្តការនានាដែលដឹកនាំដោយអាស៊ាន ក៏ដូចជាដើម្បីបង្កើនជំនឿ និង ទំនុកចិត្តគ្នាទៅវិញទៅមកក្នុងការថែរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាព នៅក្នុងតំបន់។

សេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ាននាពេលនេះ ធ្វើឡើងបន្ទាប់ពី សេតវិមាន បានបញ្ជាក់ពី ពេលវេលាជាក់លាក់នៃកិច្ចប្រជុំកំពូលពិសេសនេះដូចគ្នា កាលពីថ្ងៃទី១៦។ នៅក្នុងសេចក្តីថ្លែងការណ៍ របស់លោកស្រី Jen Psaki អ្នកនាំពាក្យ​សេតវិមាន បានបញ្ជាក់ថា កិច្ចប្រជុំនេះនឹងពង្រឹងការចូលរួម របស់ លោក Joe Biden នៅក្នុងកិច្ចប្រជុំកាលពីខែតុលាឆ្នាំ២០២១ ដែលធ្លាប់បានប្រកាសពីការ ផ្តល់ទឹកប្រាក់ ចំនួន១០២លានដុល្លារ ដើម្បីជួយស្តារសេដ្ឋកិច្ចអាស៊ានឡើងវិញក្រោយវិបត្តិកូវីដ-១៩។

ចំណែកក្នុងងសេចក្តីប្រកាសព័ត៌មានមួយកាលពីចុងខែកុម្ភៈ កន្លងទៅ អ្នកស្រី Jen Psaki អ្នកនាំពាក្យសេតវិមាន បានឱ្យដឹងថា ប្រធានាធិបតីសហរដ្ឋអាម៉េរិក នឹងស្វាគមន៍មេដឹកនាំអាស៊ាននៅ រដ្ឋធានី វ៉ាស៊ីនតោន នៃសហរដ្ឋអាម៉េរិក នៅថ្ងៃទី២៨ និង២៩ ខែមីនា។ ហើយលិខិតនោះក៏បាន បញ្ជាក់ថា អាម៉េរិក នឹងគោរពតាមការសម្រេចរបស់អាស៊ាន ដែលថា កិច្ចប្រជុំនេះនឹងមិនអញ្ជើញ មេដឹកនាំ របបយោធា មីយ៉ាន់ម៉ាឬលោក មីន អ៊ុងឡាំង ឱ្យចូលរួមឡើយ។

សម្តេច នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងនាមជាប្រធានអាស៊ាននាឆ្នាំ២០២២នេះ ក៏បានដាក់ក្តីសង្ឃឹមថា ទំនាក់ទំនងភាពជាដៃគូរវាងអាស៊ាន និងអាម៉េរិក កាន់តែមានភាពរីកចម្រើនបន្ថែមទៀត បន្ទាប់ពីកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាម៉េរិក ធ្វើឡើងរួចរាល់។ សម្តេចបានបញ្ជាក់ថា «ក្នុងនាមកម្ពុជា ជាប្រធានអាស៊ានឆ្នាំ២០២២ ខ្ញុំសូមបញ្ជាក់សារជាថ្មី អំពីការប្តេជ្ញា និងការគាំទ្រយ៉ាងពេញទំហឹង ចំពោះសហរដ្ឋអាម៉េរិក ក្នុងការរៀបចំ កិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាម៉េរិក នៅរដ្ឋធានីវ៉ាស៊ីនតោន»។ នេះបើយោងតាមការបញ្ជាក់របស់ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃ០១ ខែកុម្ភៈ ឆ្នាំ២០២២ ដែលជាការឆ្លើយតបទៅនឹងលិខិតរបស់ លោក Joe Biden ប្រធានាធិបតីសហរដ្ឋអាម៉េរិក កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២។ លិខិតបានប្រកាសពីការ ទន្ទឹងរង់ចាំពេលវេលាធ្វើការជាមួយកម្ពុជា ក្នុងរបត់ជាប្រធានអាស៊ានឆ្នាំនេះ។ លោក Joe Biden បញ្ជាក់ ជំហររបស់អាម៉េរិកថា «ខ្លួនសង្ឃឹមថាទំនាក់ទំនងអាស៊ាន-អាម៉េរិកកាន់តែរីកចម្រើន និងសម្រេចបាន គោលដៅរួមនៅក្នុងតំបន់»។

សូមរំលឹកថា នៅឆ្នាំ២០១៥ ក្នុងរដ្ឋបាលរបស់លោក Obama ទំនាក់ទំនងរវាង អាស៊ាន និងសហរដ្ឋអាម៉េរិក មានភាពល្អប្រសើរ ដែលផ្អែកលើយុទ្ធសាស្ត្ររបស់សហរដ្ឋអាម៉េរិកឆ្ពោះមកកាន់អាស៊ី (Pivot to Asia Strategy) ដោយពឹងផ្អែក​លើចំណុចសំខាន់ចំនួនពីរ៖ ទីមួយ គឺគោលនយោបាយ យុទ្ធសាស្ត្រប្រទាក់ក្រឡា គ្នារវាងសេដ្ឋកិច្ចនិងនយោបាយ និងទីពីរ គឺការខិតខំប្រឹងប្រែងរួម និងជា សាធារណៈ របស់សហរដ្ឋអាម៉េរិក ដើម្បីបង្ហាញឱ្យឃើញថា អាស៊ានគឺជាដៃគូសហប្រតិបត្តិការ ដ៏សំខាន់ មួយនៅក្នុងតំបន់។ ការគោរពរបស់សហរដ្ឋអាម៉េរិកចំពោះមជ្ឈភាពអាស៊ាន គឺជាការទទួល ស្គាល់ គុណតម្លៃ ដែលទ្រទ្រង់ដល់ចក្ខុវិស័យ មជ្ឈភាពអាស៊ាន រួមមាន នីតិរដ្ឋ ការទូត សេរីភាពក្នុង ការធ្វើ នាវាចរណ៍ និងការ​អត់ធ្មត់ ដែលនឹងជួយដល់ទីក្រុងវ៉ាស៊ីនតោនក្នុងការសម្រេចគោលដៅយុទ្ធសាស្ត្រ របស់ខ្លួន។ ចាប់តាំងពីឆ្នាំ២០១៦មក អ្វីៗបានប្រែទៅជាអាក្រក់បំផុត។ ទីមួយ៖ ការសម្រេច ចិត្តរបស់ លោកប្រធានាធិបតីអាម៉េរិក Donald Trump ក្នុងការដកខ្លួនចេញពីភាពជាដៃ គូនៃអន្តរ ប៉ាស៊ីហ្វិក បានកាត់ផ្តាច់គោលនយោបាយយុទ្ធសាស្ត្រដែលមានភាពប្រទាក់ក្រឡាគ្នា ដែលបានបង្កើត ឡើងក្នុង សម័យលោក Obama។ លោក Trump បានចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋ អាម៉េរិក លើកទី៥ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ក្នុងឆ្នាំ២០១៧ និងបានផ្សព្វផ្សាយពីទស្សនវិស័យថ្មីរបស់ លោកស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិកសេរីនិងបើកចំហ។ ប៉ុន្តែគោលនយោបាយនេះ នៅមាន ភាពខ្វះខាតនៅឡើយ។ ទីពីរ៖ នៅពេលដែល​ក្របខណ្ឌគោលនយោបាយសម្រាប់ការ ចូលរួមរបស់ អាម៉េរិក ជាមួយអាស៊ានបាន បែកបាក់គ្នាបណ្តាលឱ្យកិច្ចខិតខំប្រឹងប្រែងដើម្បីគាំទ្រដល់មជ្ឈភាពអាស៊ាន និងការបង្ហាញពីសារៈសំខាន់ របស់អាស៊ានចំពោះ សហរដ្ឋអាម៉េរិកក៏ត្រូវបានបញ្ចប់ផងដែរ។

សម្រាប់កិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាម៉េរិក ដែលនឹងត្រូវរៀបចំឡើងនៅថ្ងៃទី ១២-១៣ ឧសភា ឆ្នាំ២០២២ នាទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក ខាងមុខនេះ និងដោយយោងទៅតាម សេចក្តី ថ្លែងការណ៍របស់ប្រធានអាស៊ានកាលពីថ្ងៃ​ទី១៦ ខែមេសា កន្លងទៅនេះ គឺជាការបង្ហាញជាថ្មីថា អាស៊ាន គឺជាដៃគូ សហប្រតិបត្តិការដ៏សំខាន់មួយនៅក្នុងតំបន់របស់រដ្ឋអាម៉េរិក។ សហរដ្ឋអាម៉េរិក ទទួលស្គាល់នូវ គុណតម្លៃ ដែលទ្រទ្រង់ដល់ចក្ខុវិស័យនៃមជ្ឈភាពអាស៊ាន។

ផលប្រយោជន៍របស់សហរដ្ឋអាម៉េរិក នៅតំបន់អាស៊ាន រួមមានការជំរុញការអភិវឌ្ឍពាណិជ្ជកម្ម ការវិនិយោគ បញ្ហាសន្តិសុខក្នុងតំបន់ ការពង្រឹងគោលការណ៍ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ជាពិសេស គឺផលប្រយោជន៍ខាងភូមិសាស្ត្រនយោបាយ ដែលសហរដ្ឋអាម៉េរិកកំពុងប្រកួត ប្រជែងយ៉ាងស្រួចស្រាល់ ជាមួយប្រទេសចិន។ ការធ្វើឱ្យមានទំនាក់ទំនងល្អជាមួយបណ្តាប្រទេសនៅក្នុងតំបន់អាស៊ាន ពីសំណាក់ សហរដ្ឋអាម៉េរិក មិនត្រឹមតែ សម្រេច បាននូវផលប្រយោជន៍ និងគុណតម្លៃរបស់សហរដ្ឋអាម៉េរិក ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាច ទប់ទល់នឹង ឥទ្ធិពលរបស់ចិននៅអាស៊ីអាគ្នេយ៍ទៀតផង។

បើយោងតាមរបាយការណ៍របស់ ក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ាន រហូតមកទល់ពេកបច្ចុប្បន្ន ក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ាន គឺជាអ្នកដឹកនាំក្នុងការពង្រឹង ទំនាក់ទំនងសេដ្ឋកិច្ច និងការទូតរវាង សហរដ្ឋអាម៉េរិក និងអាស៊ីអាគ្នេយ៍។ ពីមួយឆ្នាំទៅមួយឆ្នាំ មានការរីកចម្រើន និងការអភិវឌ្ឍឥត ឈប់ឈរ នៅក្នុងតំបន់។

ក្នុងទស្សវត្សរ៍ចុងក្រោយនេះ ប្រទេសសមាជិកអាស៊ានបានបង្កើនការវិនិយោគ របស់ពួក គេទៅ ក្នុងសហរដ្ឋអាម៉េរិកជាង ២៥០% ពី ៧.៣ ពាន់លានដុល្លារ ដល់ជាង ២៧ ពាន់លានដុល្លារ។ ការវិនិយោគ ផ្ទាល់របស់សហរដ្ឋអាម៉េរិកនៅក្នុងតំបន់​អាស៊ាន បានកើនឡើងដោយអត្រាប្រចាំឆ្នាំជាមធ្យម ១០% ក្នុងរយៈពេលដូចគ្នា ដែលធ្វើឱ្យអាស៊ានក្លាយជាទិសដៅធំបំផុតសម្រាប់ការវិនិយោគផ្ទាល់ របស់ សហរដ្ឋអាម៉េរិកនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ អាស៊ានគឺជាទីផ្សារធំទីបួន សម្រាប់ការនាំចេញរបស់ សហរដ្ឋអាម៉េរិក ហើយសហរដ្ឋអាម៉េរិក គឺជាដៃគូពាណិជ្ជកម្មធំទីបួនរបស់អាស៊ានផងដែរ។ ទំនាក់ទំនងដែលមាន អត្ថប្រយោជន៍ទៅវិញទៅមកនេះ ពិតមានសារៈសំខាន់សម្រាប់សហរដ្ឋអាម៉េរិក ដោយគាំទ្រដល់ក្រុមហ៊ុនអាម៉េរិកជិត ៤២ 000 និងជួយរកទីផ្សារការងារប្រមាណ ៥៩0 000 នាក់។

ទោះបីជាទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគរវាងសហរដ្ឋអាម៉េរិក និងអាស៊ាន នៅតែ ស្ថិតស្ថេរយូរអង្វែង និងផ្តល់អត្ថប្រយោជន៍ឱ្យគ្នាទៅវិញទៅមកក្តី តែផលប៉ះពាល់ជាសកលនៃ Covid-១៩ បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់វិនិយោគ​រយៈពេលខ្លី។ ទោះបីជាFDI នៅអាស៊ីអាគ្នេយ៍បានធ្លាក់ចុះ ៣១% មកត្រឹម១០៧ពាន់លានដុល្លារ ក្នុងឆ្នាំ២០២០​ក៏​ដោយ ក៏តំបន់អាស៊ីអាគ្នេយ៍នេះ នៅតែ មានកម្រិតផលផ៉ះពាល់ទាបជាង FDI សកល ដែលធ្លាក់ចុះរហូត ៤៥%។

ទោះបីជាពេលបច្ចុប្បន្ននេះបញ្ហាប្រឈមជាច្រើន ចំពោះការវិនិយោគជាសកលក្តី ក៏នៅមានកត្តា ជាច្រើន ដែលជាចំណុចវិជ្ជមានសម្រាប់ការវិនិយោគរបស់សហរដ្ឋអាម៉េរិក នៅអាស៊ាន នៅក្នុងប៉ុន្មាន ឆ្នាំខាងមុខ។ បច្ចុប្បន្នអាស៊ានមានកម្លាំង​ពលកម្មធំជាងគេទីបី របស់ពិភពលោក ហើយវ័យកណ្តាល ត្រូវបានគេរំពឹងថានឹងកើនឡើងទ្វេដង ពី ១៣៥ លានទៅ ៣៣៤ លាននាក់ នៅឆ្នាំ ២០៣០ ដែលធ្វើឱ្យអាស៊ាន ក្លាយជាក្បាលម៉ាស៊ីនដ៏មានឥទ្ធិពលសម្រាប់កំណើនសេដ្ឋកិច្ចរយៈពេលវែង។ ការវិវឌ្ឍ នៃគោលនយោ បាយពាណិជ្ជកម្មឆ្លាតវៃ (Smart trade policies) បានផ្តល់អត្ថប្រយោជន៍យ៉ាងខ្លាំង សម្រាប់ វិនិយោគិនរបស់អាម៉េរិកនៅក្នុងតំបន់ ហើយមិនតែប៉ុណ្ណោះ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី RCEP និង CPTPP ដ៏ធំទូលាយនឹងផ្តល់ផលប្រយោជន៍យ៉ាងច្រើន ដល់ក្រុមហ៊ុនអាម៉េរិកដែលកំពុង ប្រតិបត្តិការ ក្នុងតំបន់អាស៊ាន។

កត្តាប្រជាសាស្រ្តអំណោយផល កិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មី និងសេដ្ឋកិច្ចដែលមានការ រីកចម្រើនទៅមុខ នេះហើយ គឺជាកត្តា ជួយសម្រួលដល់ការវិនិយោគ របស់អាម៉េរិកនៅ តំបន់អាស៊ាន ឱ្យកាន់តែកើនឡើង។

ទាំងនេះសបញ្ជាក់ឱ្យឃើញថា រដ្ឋបាលរបស់លោក Joe Biden មិនបានបោះបង់អាស៊ាន ឬ សម្ព័ន្ធមិត្តរបស់ខ្លួន ដូចកាលពីរដ្ឋបាលលោក Donald Trump នោះទេ។ អាម៉េរិកបានយកចិត្តទុកដាក់ យ៉ាងខ្លាំង ចំពោះតំបន់អាស៊ីអាគ្នេយ៍ ដែលមានប្រជាជនជាង៦៨០លាននាក់ ដែលកំពុងតែមាន សក្តានុពលទាំងលើផ្នែកភូមិសាស្ត្រនយោបាយ និងវិនិយោគ ក្រោយពេលដែលប្រទេសចិន បានរះឡើង យ៉ាងលឿនក្នុងតំបន់ ដើម្បីប្រជែងយកមកវិញនូវតុល្យភាពអំណាច និងទីផ្សារក្នុងពីប្រទេសចិន បើមិន ដូច្នោះ អាស៊ាននឹងក្លាយជាទីផ្សារផ្តាច់មុខ ដែលក្រោមឥទ្ធិពល របស់ចិនមិនខាន។ ដោយសហរដ្ឋ អាម៉េរិកបាន ផ្តល់ការយកចិត្តទុកដាក់ខ្ពស់ចំពោះតំបន់អស៊ាន គាំទ្រដល់មជ្ឈភាពអាស៊ាន និងការ បង្ហាញពីសារៈសំខាន់ របស់អាស៊ានចំពោះសហរដ្ឋអាម៉េរិក ដោយគោរពតាមការសម្រេចចិត្តខ្ពស់ និងជា ឯកច្ឆ័ន្តរបស់អាស៊ាន ជាពិសេសធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រធានអាស៊ាន ដែលពេលនេះគឺកម្ពុជា៕

RAC Media

ប្រភព៖ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា


អត្ថបទទាក់ទង

ឯកឧត្តមបណ្ឌិត យង់ ពៅ៖ ការប្រោះព្រំទឹកជាទំនៀមទម្លាប់មានក្នុងសង្គមខ្មែរយូរមកហើយ តែការបាញ់ទឹកដោយកាំភ្លើងបាញ់ទឹក ឬគប់ទឹក មិនមែនជាវប្បធម៌ខែ្មរទេ

យោងតាមកិច្ចពិភាក្សាពីប្រពៃណីទំនៀមទម្លាប់មួយចំនួនក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ កាលពីព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ នេះ ឯកឧត្តមបណ្ឌិត យង់ ពៅ បានមានប្រសាសន៍ថា ការប្រោះព្រំទឹក ជាទំនៀមទម្លាប់មានក្នុងសង្គមខ្មែ...

2024-04-09 09:52:15   ថ្ងៃអង្គារ, 09 មេសា 2024 ម៉ោង 04:52 PM
អ្នកជំនាញសិលាចារឹកនៃរាជបណ្ឌិត្យសភាកម្ពុជាបកស្រាយអំពីប្រវត្តិនៃការប្រើប្រាស់ពាក្យ «សង្ក្រាន្ត» និងពាក្យ «ចូលឆ្នាំថ្មី» នៅក្នុងវប្បធម៌ខ្មែរ តាមរយៈការសិក្សាទៅលើសិលាចារឹក

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅក្នុងពេលថ្មីៗនេះ មានការជជែកដេញដោលគ្នាយ៉ាងខ្លាំងនៅក្នុងចំណោមមហាជនខ្មែរ អំពីការប្រើប្រាស់ពាក្យ «សង្ក្រាន្ត» និងពាក្យ «ចូលឆ្នាំថ្មី» នៅក្នុងកម្មវិធីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្ម...

2024-04-09 09:42:57   ថ្ងៃអង្គារ, 09 មេសា 2024 ម៉ោង 04:42 PM
ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច អញ្ជើញនាំយកទឹកដោះគោស្រស់ តេជោសែន ឫស្សីត្រឹបផ្ដល់ជូនកុមារនៅមណ្ឌលកុមារកំព្រា បុរីទារក និងកុមារជាតិ ដោយផ្ទាល់

(រាជធានីភ្នំពេញ) ថ្ងៃព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បាននាំយកទឹកដោះគោស្រស់ តេជោសែន ឫស្សីត្រឹប ចំនួន២០០លីត្រ ផ្ដល់ជូនដល់កុមារទាំង ១៧៧នាក់ នៅមណ...

2024-04-09 06:26:55   ថ្ងៃអង្គារ, 09 មេសា 2024 ម៉ោង 01:26 PM
រាជបណ្ឌិត្យសភាកម្ពុជាបានផ្ដល់ទឹកដោះគោស្រស់ តេជោសែន ឫស្សីត្រឹប ជូនកុមារកំព្រាសរុបចំនួន ៧៥នាក់ ដើម្បីរួមចំណែកជំរុញការលូតលាស់របស់កុមារកម្ពុជា

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅរសៀលថ្ងៃចន្ទ ១៥ រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានចាត់ឱ្យមន្ត្រី...

2024-04-08 11:55:24   ថ្ងៃចន្ទ, 08 មេសា 2024 ម៉ោង 06:55 PM
បណ្ឌិត យង់ ពៅ ស្នើឱ្យមានការជំរុញបង្កើតបរិយាកាសបៃតង ដើម្បីទប់កម្ដៅ និងផ្តល់សុខដុមភាព

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃចន្ទ ទី៨ ខែមេសា ឆ្នាំ២០២៤នេះ ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជាបានស្នើឱ្យមានការជំរុញបង្កើតបរិយាកាសបៃតង ដើម្បីទប់កម្ដៅ និងផ្តល់សុខដុមភាព តាមរយៈក...

2024-04-08 08:40:34   ថ្ងៃចន្ទ, 08 មេសា 2024 ម៉ោង 03:40 PM
ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ទទួលជួបពិភាក្សាការងារជាមួួយប្រតិភូសាកលវិទ្យាល័យរុស្ស៊ី ដែលដឹកនាំដោយលោកស្រី Ksenia Trinchenko ប្រធាននាយកដ្ឋានទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងវិទ្យាសាស្ត្រនិងឧត្ដមសិក្សា នៃសហព័ន្ធរុស្ស៊ី

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅរសៀលម៉ោង ២:០០នាទីរសៀល ថ្ងៃសុក្រ ១២ រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជ...

2024-04-05 10:04:23   ថ្ងៃសុក្រ, 05 មេសា 2024 ម៉ោង 05:04 PM

សេចក្តីប្រកាស