ព័ត៌មាន

អាស៊ានកុងសង់ស៊ុស និងឥទ្ធិពលមហាអំណាចក្នុងតំបន់ ដោយ៖ លោក អ៊ុច លាង អ្នកសិក្សាស្រាវជ្រាវនៃនាយកដ្ឋានសិក្សាអាស៊ី អាហ្វ្រ៊ិក និងមជ្ឈិមបូព៌ា នៃ​វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា

2022-03-11 15:26:29 ថ្ងៃសុក្រ, 11 មីនា 2022, 03:26 PM
post_detail

កម្ពុជាបានដើរតួនាទីជាផ្លូវការក្នុងការដឹកនាំអាស៊ានសម្រាប់ឆ្នាំ២០២២នេះ និងជាលើកទីបីផងដែរសម្រាប់ប្រធានប្តូរ​វេន​​របស់កម្ពុជា ចាប់តាំងពីបានចូលជាសមាជិកអាស៊ាននាឆ្នាំ១៩៩៩។ ឆ្នាំ២០២២នៃប្រធានអាស៊ាន​របស់កម្ពុជានាពេលនេះ គឺផ្តោតលើមូលបទសំខាន់ «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា ហើយនិមិត្តសញ្ញាគឺ ត្របក​ឈូក​​ដែលជាទម្រង់ក្បាច់ខ្មែរ តំណាងឱ្យភាពរុងរឿង និងភាពសុខដុមរមនានៃ​សន្តិភាពដែលប្រទេសសមាជិកអាស៊ានទាំង​១០ បានខិតខំបង្កើតឡើង។ ពណ៌ទាំងបីនៅនៃស្រទាប់ត្របក​ឈូក គឺបានមកពីពណ៌នៃទង់ជាតិកម្ពុជា ចំណែកពណ៌មាស តំណាងឱ្យពណ៌និងភាពចម្រុះនៃអាស៊ាន។ «ស្មារតីស្នូលរបស់អាស៊ានគឺ ភាពរួបរួមគ្នា សាមគ្គីភាព និងភាពសុខដុម​រមនា​! ចំណែកគោលបំណងសំខាន់គឺ រក្សាឱ្យបាននូវមជ្ឈភាព និងសាមគ្គីភាពរបស់អាស៊ាន រួមគ្នាដោះស្រាយបញ្ហាប្រឈម ធានាឱ្យបាននូវវឌ្ឍនភាព​ការងាររួមដែលមានស្រាប់និងលើកកម្ពស់ការផ្តោតសំខាន់ទៅលើមនុស្សជាតិ»។ លទ្ធផលរំពឹងទុករួមមាន «សេចក្តីថ្លែងការណ៍រួមនិងសេចក្តីថ្លែងការណ៍របស់ប្រមុខដឹកនាំអាស៊ាន ការបន្តផែនការការងារ និងផែនការសកម្មភាព ព្រមទាំងការរៀបចំព្រឹត្តិការណ៍និងសកម្មភាពសំខាន់ៗទាំងអស់។ កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចពោរពេញ​ទៅដោយទំនួលខុសត្រូវ ហើយកម្ពុជានឹងបំពេញតួនាទីនេះដោយមោទនភាពបំផុត» នេះ​យោង​តាមសេចក្តីប្រកាស​​របស់ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។

ចាប់តាំងពីកម្ពុជាចូលកាន់តំណែងជាប្រធានអាស៊ាននាឆ្នាំ២០២២ បន្តវេនពីប្រទេសប៊្រុយណេមក បញ្ហាកុងសង់ស៊ុសរបស់សមាជិកអាស៊ាន ចេះតែកើតមានជាបន្តបន្ទាប់ ដូចជា កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន (AMM Retreat) ដែលគ្រោងរៀបចំធ្វើនៅថ្ងៃទី១៨-១៩ ខែមករា ឆ្នាំ២០២២ នៅខេត្តសៀមរាប ត្រូវបានលើកទៅធ្វើនៅថ្ងៃទី​១៦-​១៧ ខែកុម្ភៈ ឆ្នាំ២០២២ វិញ ដោយហេតុផលកង្វះកុងសង់ស៊ុស។ កិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាម៉េរិក ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី២៨-២៩ ខែមីនា ឆ្នាំ២០២២ នេះក៏ត្រូវបានលើកពេលផងដែរ ដោយហេតុផលថា «សហរដ្ឋអាម៉េរិក ធ្លាប់បានប្រកាសកំណត់យកថ្ងៃទី២៨-២៩ មីនា ដើម្បីរៀបចំកិច្ចប្រជុំនេះ ដែលបច្ចុប្បន្នមានប្រទេសឥណ្ឌូណេស៊ី គឺជាប្រទេសសម្រប​​​​សម្រួលទំនាក់ទំនងដៃគូសន្ទនារវាងអាស៊ាននិងសហរដ្ឋអាម៉េរិក។ បន្ទាប់ពីកាលបរិច្ឆេទត្រូវបានស្នើឡើងសម្រាប់​​​កិច្ចប្រជុំកំពូលនេះ ឥណ្ឌូនេស៊ីបានខិតខំអស់ពីសមត្ថភាពក្នុងការសម្របសម្រួល ដើម្បីស្វែងរកកាលបរិច្ឆេទមួយដែល​អាចទទួលយកបានដោយថ្នាក់ដឹកនាំទាំងអស់ ប៉ុន្តែគួរឱ្យសោកស្តាយ កាលបរិច្ឆេទដែលបានស្នើឡើងគឺមិនសមស្របសម្រាប់ថ្នាក់ដឹកនាំអាស៊ានដោយសារភាពជាប់រវល់ច្រើនរបស់ថ្នាក់ដឹកនាំ។ ហេតុនេះហើយភាគីទាំងសងខាង អាស៊ាន​​និងសហរដ្ឋអាម៉េរិក បានសម្រេចលើកពេលកិច្ចប្រជុំកំពូលនេះ ហើយនិងបន្តធ្វើការដើម្បីស្វែងរកកាលបរិច្ឆេទ ដែលសមស្របសម្រាប់ភាគីទាំងសងខាង» នេះបើយោងតាមអ្នកនាំពាក្យរបស់ក្រសួងការបរទេសកម្ពុជា។

នេះជាភាពរអាក់រអួលមួយនៃដំណើរការជាប្រធានប្តូរវេនរបស់កម្ពុជា។ តើនេះជាចេតនារបស់រដ្ឋជាសមាជិករបស់អាស៊ានមួយចំនួនឬក្រោមឥទ្ធិពលរបស់មហាអំណាច?

សូមរំឭកថា កាលពីអតីតកាល ជាពិសេសនៅចន្លោះទសវត្សរ៍ទី៦០និងទសវត្សរ៍ទី៧០ បណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ តែងតែចាត់ទុកចិនកុម្មុយនិស្ត ជាប្រទេសដែលគ្រោះថ្នាក់ធំបំផុត។ ជាពិសេស នៅឆ្នាំ១៩៧៩ បណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ភាគច្រើន នាំគ្នាចាត់ទុកប្រទេសចិនថា ជាប្រទេសដែលមានភាពគ្រោះថ្នាក់បំផុត ផ្នែកយោធា គឺនៅពេលដែលកងទ័ពចិនបានវាយប្រហារទៅលើប្រទេសវៀតណាម(វៀតណាមខាងជើង) ដោយហេតុថាវៀតណាមបានវាយចូល​មក​ផ្តួលរំលំរបបខ្មែរក្រហមដែលកំពុងគ្រប់គ្រងប្រទេសកម្ពុជានិងបានបន្តគ្រប់គ្រងប្រទេសកម្ពុជា។

រហូតមកទល់សព្វថ្ងៃនេះ បណ្តាប្រទេសសមាជិកទាំង១០របស់អាស៊ានមានទំនាក់ទំនងល្អជាមួយចិន។ មិនតែប៉ុណ្ណោះ អាស៊ានថែមទាំងគាំទ្រចិននិងទទួលស្គាល់គោលការណ៍ប្រទេសចិនតែមួយនៅលើឆាកអន្តរជាតិទៀតផង។ នេះគឺដោយ​សារតាំងពីដើមទសវត្សរ៍ទី៩០មក ចិនបាននឹងកំពុងបន្តជំរុញនយោបាយការទូតសេដ្ឋកិច្ច វប្បធម៌ និងនយោបាយដ៏ប៉ិនប្រសប់របស់ខ្លួនចូលមកតំបន់អាស៊ីអាគ្នេយ៍។ ចិនប្រើអំណាចទន់ (the soft power) និងអនុវត្តនយោបាយ«ឈ្នះឈ្នះ» ក្នុងគោលដៅពង្រីកឥទ្ធិពល​របស់ខ្លួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ តាមរយៈនយោបាយអំណាចទន់នេះ ចិនក៏បាន​ពង្រីកឥទ្ធិពលវប្បធម៌របស់ខ្លួនទៅលើភូមិភាគអាស៊ីអាគ្នេយ៍ផងដែរ។ ខ្សែភាពយន្តចិន សិល្បៈធ្វើម្ហូបអាហារចិននិងផលិតផលឧបភោគបរិភោគ ដែលផលិតនៅប្រទេសចិន (made in China) កំពុងជួយធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់ចិនល្បីសុះសាយពេញទូទាំងតំបន់អាស៊ីអាគ្នេយ៍។

សូមបញ្ជាក់ដែរថា ចាប់តាំងពីឆ្នាំ១៩៩១ ថ្នាក់ដឹកនាំនៃបណ្តាប្រទេសក្នុងតំបន់អាស៊ាននិងចិន បានបង្កើតទំនាក់ទំនងសន្ទនា​​ជាផ្លូវការ ហើយរហូតមកទល់ពេលនេះ ភាគីទាំងពីរ បានឯកភាពគ្នាបង្កើតទៅជា «ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ» ដោយការទទួលស្គាល់ថា ទំនាក់ទំនងអាស៊ាន-ចិន គឺស្ថិតក្នុង​ចំណោមទំនាក់ទំនងដែលប្រកបដោយថាមវន្ត​បំផុត មានសារៈសំខាន់ និងផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក និងបានរួមចំណែកដល់ការថែរក្សាសន្តិភាព ស្ថិរភាព អភិវឌ្ឍន៍ និងវិបុលភាព នៅក្នុងតំបន់ដោយខិតខំរក្សាស្ថិរភាពក្នុងតំបន់ ជំរុញការតភ្ជាប់គ្នា ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្ម និងបង្កើនទំនាក់ទំនងលើវិស័យវប្បធម៌។ ទំនាក់ទំនងអាស៊ាន-ចិន ប្រកប​ដោយ​​ភាពរស់រវើកនិងធំបំផុតក្នុងកិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ី-បាស៊ីហ្វិក ហើយបាននាំមកនូវផលប្រយោជន៍ដ៏ធំធេងជូនដល់ប្រជាជនជាង ២ ០០០លាននាក់ នៃប្រទេសចំនួន១១ក្នុងតំបន់។

ក៏ប៉ុន្តែ ទោះបីជាទំនាក់ទំនងរវាងចិន និងអាស៊ានមានលក្ខណៈកាន់តែប្រសើរពីមួយឆ្នាំទៅមួយឆ្នាំក៏ដោយ ក៏តាំងពីដើមដំបូងមក ថ្នាក់ដឹកអាស៊ានតែងតែប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍មួយច្បាស់ នោះគឺធ្វើយ៉ាងណាកុំឱ្យអាស៊ីអាគ្នេយ៍ស្ថិតនៅក្រោមឥទ្ធិពលផ្តាច់មុខរបស់ចិនបាន(ពេលនេះគឺផ្តាច់មុខរបស់មហាអំណាចណាមួយ ក្នុងចំណោមចិននិងអាម៉េរិក)។ ការណ៍នេះគឺមិនមែនចៃដន្យឡើយ។ ចូរកុំភ្លេចថា គោលដៅសំខាន់ជាងគេមួយនៃការបង្កើតសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ឡើងនៅឆ្នាំ១៩៦៧ គឺដើម្បីបង្រួបបង្រួមគ្នា ដើម្បីទប់ទល់នឹងគ្រោះថ្នាក់ពីសំណាក់របបកុម្មុយនិស្ត។

នាពេលបច្ចុប្បន្ននេះ ថ្នាក់ដឹកនាំចិនតែងតែលើកឡើងថា ចិនចង់បានតែសន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់។ ក៏ប៉ុន្តែ កាយវិការរបស់ទីក្រុងប៉េកាំង មិនទាន់ស្តែងឱ្យឃើញច្បាស់នៅឡើយទេថា ចិនជាប្រទេសមហាអំណាចដែលនិយមអំណាចទន់ (the soft power)។ ជាក់ស្តែង មហិច្ឆតារបស់ទីក្រុងប៉េកាំងនៅក្នុងតំបន់សមុទ្រ​ចិនខាងត្បូង នៅតែបន្តបង្កឱ្យមានភាពតានតឹងកើតឡើងជារឿយៗ។ ភាពតានតឹងចេះតែបន្តកើតឡើងរវាងចិន និងបណ្តាប្រទេសអាស៊ានមួយចំនួន ជាអាទិ៍​​​ជាមួយប្រទេសវៀតណាម ហ្វីលីពីន ម៉ាឡេស៊ី និងព្រុយណេ។

នៅក្នុងបរិបទនៃភាពតានតឹងបែបនេះហើយដែលអាស៊ានបានបើកទទួលសហរដ្ឋអាម៉េរិក តាមរយៈជំនួបកំពូលអាស៊ាន-អាម៉េរិក ដែលបានកើតឡើងតាំងពីឆ្នាំ២០០៩រៀងមក។ ការខិតចូលជិតគ្នារវាងសហរដ្ឋអាម៉េរិក​និងអាស៊ាន បានធ្វើឱ្យកើតមានភាពល្អក់កករដល់ទំនាក់ទំនងរវាងចិននិងអាស៊ាន ពីព្រោះថា វា​បើក​លទ្ធភាពឱ្យអាម៉េរិកបង្កើនវត្តមាននិងអំណាច​របស់ខ្លួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ គឺដើម្បីកាត់បន្ថយឥទ្ធិពល​និងអំណាចរបស់ចិននៅក្នុងតំបន់ ពិសេសគឺមិនចង់ឱ្យអាស៊ាន ស្ថិតនៅក្រោមមហាអំណាចផ្តាច់មុខណាមួយ។

ជាក់ស្តែង សហរដ្ឋអាម៉េរិក បានបង្ហាញពីតួនាទីដ៏ចាំបាច់របស់ខ្លួនក្នុងតំបន់អាស៊ីអាគ្នេយ៍ នៅក្នុងដំណោះស្រាយនៃជម្លោះនៅទីប្រជុំកោះប៉ារ៉ាសែល(Paracel)និងស្ប៉្រាតលី(Sprately) នៅសមុទ្រចិនខាងត្បូងជាដើម ហើយរហូតមកទល់ពេលនេះ វត្តមានរបស់អាម៉េរិកនៅក្នុងវេទិកាអាស៊ាន បានបណ្តាលឱ្យមានការបាក់បែកគ្នា រវាងរដ្ឋជាសមាជិកអាស៊ានដែលមានទំនោរទៅ​រកអាម៉េរិក និងរដ្ឋសមាជិកអាស៊ានដែលមានទំនោរទៅរកប្រទេសចិន បើទោះបីប្រទេសទាំងនោះបាននិយាយថាមិនជ្រើសយកខាងណាក៏ដោយ។

សម្រាប់កម្ពុជាដែលជាប្រទេសកូនពៅរបស់អាស៊ាននិងជាមិត្តលើសពីដែកថែបរបស់ចិនផងទៀតនោះ ទោះបីចង់ឬមិនចង់ នៅក្នុងក្រសែភ្នែករបស់រដ្ឋជាសមាជិកអាស៊ានផ្សេងទៀត ដែលមានទំនោរទៅរកសហរដ្ឋអាម៉េរិក ពិតជាមានភាពលំ​បាកណាស់ក្នុងការសម្រេចចិត្តជាមួយកម្ពុជា។ ការស្វែងរកកុងសង់ស៊ុសសម្រាប់កម្ពុជាក្នុងឆ្នាំជាប្រធានអាស៊ានប្តូរវេន​២០២២នេះ ដែលកំពុងតែប្រឈមដោយការប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយរបស់មហាអំណាចនិងបញ្ហាសន្តិសុខមិនមែនប្រពៃណី(ការរីករាលដាលនៃវីរុសកូវីដ-១៩) នាពេលនេះ គឺពិតជានឹងពិបាកឈានទៅទទួលបានលទ្ធផលតាមការគ្រោងទុក៕

RAC Media

ប្រភព៖ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា

អត្ថបទទាក់ទង

ព្រឹទ្ធសភា និង រាជបណ្ឌិត្យសភាកម្ពុជា សហការពង្រឹងការស្រាវជ្រាវនិងបណ្តុះបណ្តាលធនធានមនុស្ស

ថ្ងៃទី២១ ខែមករា ឆ្នាំ២០២២នេះ រាជបណ្ឌិត្យសភាកម្ពុជា និងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានចុះអនុស្សរណៈនៃការយោគយល់គ្នាដែលផ្តោតជាសំខាន់លើវិស័យសិក្សានិងស្រាវជ្រាវ។អនុស្សរណៈនៃការយោគយល់គ្នានេះ មានគោលដៅបង្កើតនិ...

2022-01-22 02:40:44   Sat, 22,01,2022, 02:40 AM
"វគ្គបណ្តុះបណ្តាលវិជ្ជាជីវ:ជំនាញចុងភៅ នៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ដំណើរការហើយ"

រាជបណ្ឌិត្យសភាកម្ពុជា បានចាប់ដំណើរការវគ្គបណ្តុះបណ្តាលវិជ្ជាជីវ:ជំនាញចុងភៅ វគ្គទីមួយ ដែលរៀបចំនិងបណ្តុះបណ្តាល ដោយមានលោកគ្រូចុងភៅ ស័រ សំអាង ជាគ្រូបង្រៀនដែលមានបទពិសោធន៍យូរឆ្នាំជាអ្នកបណ្តុះបណ្តាលដោយផ្ទាល់...

2022-01-17 08:31:08   Mon, 17,01,2022, 08:31 AM
ឯកឧត្ដមបណ្ឌិត យង់ ពៅ៖ វិបត្តិមីយ៉ាន់ម៉ា គួរតែត្រូវបានដោះស្រាយដោយផ្ដោតទៅលើស្ថានភាពនៃសណ្ដាប់ធ្នាប់ពិភពលោកថ្មី

(រាជបណ្ឌិត្យសភាកម្ពុជា)៖ អញ្ជើញថ្លែងសុន្ទរកថាបិទកម្មវិធីបាឋកថា ស្ដីពី «អាស៊ាន-អូស្ត្រាលី៖ ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» នៅព្រឹកថ្ងៃសុក្រ ១២កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ទី១៤ ខែ...

2022-01-14 12:10:44   Fri, 14,01,2022, 12:10 PM
រាជបណ្ឌិត្យសភាកម្ពុជា និងស្ថានទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជាសហការរៀបចំបាឋកថា ស្ដីពី «អាស៊ាន-អូស្ត្រាលី៖ ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ»

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃសុក្រ ១២កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ទី១៤ ខែមករា ឆ្នាំ២០២២នេះ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា សហការជាមួយស្ថានទូតអូស្ត្...

2022-01-14 09:33:13   Fri, 14,01,2022, 09:33 AM
ជំនួបពិភាក្សាការងាររវាង ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច និងលោកស្រី Alissar Chaker ប្រធានអង្គការ UNDP ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា

នៅរសៀលថ្ងៃព្រហស្បតិ៍ ១១កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានជួបពិភាក្សាការងារជាមួួយលោកស្រី Al...

2022-01-14 08:18:04   Fri, 14,01,2022, 08:18 AM
ជំនួបលោកជំទាវ Amanda Milling អនុរដ្ឋមន្ត្រីការបរទេសនៃចក្រភពអង់គ្លេស

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ទទួលជំនួបលោកជំទាវ Amanda Milling អនុរដ្ឋមន្ត្រីការបរទេស ចក្រភពអង់គ្លេស ទទួលបន្ទុកកិច្ចការអាស៊ីនៅសាលទន្លេសាប នៃអគារខេមរវិទូ នៃរាជបណ្ឌិត្យសភាកម្...

2022-01-10 08:42:55   Mon, 10,01,2022, 08:42 AM

សេចក្តីប្រកាស