Royal Academy of Cambodia
កម្ពុជាបានដើរតួនាទីជាផ្លូវការក្នុងការដឹកនាំអាស៊ានសម្រាប់ឆ្នាំ២០២២នេះ និងជាលើកទីបីផងដែរសម្រាប់ប្រធានប្តូរវេនរបស់កម្ពុជា ចាប់តាំងពីបានចូលជាសមាជិកអាស៊ាននាឆ្នាំ១៩៩៩។ ឆ្នាំ២០២២នៃប្រធានអាស៊ានរបស់កម្ពុជានាពេលនេះ គឺផ្តោតលើមូលបទសំខាន់ «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា ហើយនិមិត្តសញ្ញាគឺ ត្របកឈូកដែលជាទម្រង់ក្បាច់ខ្មែរ តំណាងឱ្យភាពរុងរឿង និងភាពសុខដុមរមនានៃសន្តិភាពដែលប្រទេសសមាជិកអាស៊ានទាំង១០ បានខិតខំបង្កើតឡើង។ ពណ៌ទាំងបីនៅនៃស្រទាប់ត្របកឈូក គឺបានមកពីពណ៌នៃទង់ជាតិកម្ពុជា ចំណែកពណ៌មាស តំណាងឱ្យពណ៌និងភាពចម្រុះនៃអាស៊ាន។ «ស្មារតីស្នូលរបស់អាស៊ានគឺ ភាពរួបរួមគ្នា សាមគ្គីភាព និងភាពសុខដុមរមនា! ចំណែកគោលបំណងសំខាន់គឺ រក្សាឱ្យបាននូវមជ្ឈភាព និងសាមគ្គីភាពរបស់អាស៊ាន រួមគ្នាដោះស្រាយបញ្ហាប្រឈម ធានាឱ្យបាននូវវឌ្ឍនភាពការងាររួមដែលមានស្រាប់និងលើកកម្ពស់ការផ្តោតសំខាន់ទៅលើមនុស្សជាតិ»។ លទ្ធផលរំពឹងទុករួមមាន «សេចក្តីថ្លែងការណ៍រួមនិងសេចក្តីថ្លែងការណ៍របស់ប្រមុខដឹកនាំអាស៊ាន ការបន្តផែនការការងារ និងផែនការសកម្មភាព ព្រមទាំងការរៀបចំព្រឹត្តិការណ៍និងសកម្មភាពសំខាន់ៗទាំងអស់។ កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចពោរពេញទៅដោយទំនួលខុសត្រូវ ហើយកម្ពុជានឹងបំពេញតួនាទីនេះដោយមោទនភាពបំផុត» នេះយោងតាមសេចក្តីប្រកាសរបស់ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។
ចាប់តាំងពីកម្ពុជាចូលកាន់តំណែងជាប្រធានអាស៊ាននាឆ្នាំ២០២២ បន្តវេនពីប្រទេសប៊្រុយណេមក បញ្ហាកុងសង់ស៊ុសរបស់សមាជិកអាស៊ាន ចេះតែកើតមានជាបន្តបន្ទាប់ ដូចជា កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន (AMM Retreat) ដែលគ្រោងរៀបចំធ្វើនៅថ្ងៃទី១៨-១៩ ខែមករា ឆ្នាំ២០២២ នៅខេត្តសៀមរាប ត្រូវបានលើកទៅធ្វើនៅថ្ងៃទី១៦-១៧ ខែកុម្ភៈ ឆ្នាំ២០២២ វិញ ដោយហេតុផលកង្វះកុងសង់ស៊ុស។ កិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាម៉េរិក ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី២៨-២៩ ខែមីនា ឆ្នាំ២០២២ នេះក៏ត្រូវបានលើកពេលផងដែរ ដោយហេតុផលថា «សហរដ្ឋអាម៉េរិក ធ្លាប់បានប្រកាសកំណត់យកថ្ងៃទី២៨-២៩ មីនា ដើម្បីរៀបចំកិច្ចប្រជុំនេះ ដែលបច្ចុប្បន្នមានប្រទេសឥណ្ឌូណេស៊ី គឺជាប្រទេសសម្របសម្រួលទំនាក់ទំនងដៃគូសន្ទនារវាងអាស៊ាននិងសហរដ្ឋអាម៉េរិក។ បន្ទាប់ពីកាលបរិច្ឆេទត្រូវបានស្នើឡើងសម្រាប់កិច្ចប្រជុំកំពូលនេះ ឥណ្ឌូនេស៊ីបានខិតខំអស់ពីសមត្ថភាពក្នុងការសម្របសម្រួល ដើម្បីស្វែងរកកាលបរិច្ឆេទមួយដែលអាចទទួលយកបានដោយថ្នាក់ដឹកនាំទាំងអស់ ប៉ុន្តែគួរឱ្យសោកស្តាយ កាលបរិច្ឆេទដែលបានស្នើឡើងគឺមិនសមស្របសម្រាប់ថ្នាក់ដឹកនាំអាស៊ានដោយសារភាពជាប់រវល់ច្រើនរបស់ថ្នាក់ដឹកនាំ។ ហេតុនេះហើយភាគីទាំងសងខាង អាស៊ាននិងសហរដ្ឋអាម៉េរិក បានសម្រេចលើកពេលកិច្ចប្រជុំកំពូលនេះ ហើយនិងបន្តធ្វើការដើម្បីស្វែងរកកាលបរិច្ឆេទ ដែលសមស្របសម្រាប់ភាគីទាំងសងខាង» នេះបើយោងតាមអ្នកនាំពាក្យរបស់ក្រសួងការបរទេសកម្ពុជា។
នេះជាភាពរអាក់រអួលមួយនៃដំណើរការជាប្រធានប្តូរវេនរបស់កម្ពុជា។ តើនេះជាចេតនារបស់រដ្ឋជាសមាជិករបស់អាស៊ានមួយចំនួនឬក្រោមឥទ្ធិពលរបស់មហាអំណាច?
សូមរំឭកថា កាលពីអតីតកាល ជាពិសេសនៅចន្លោះទសវត្សរ៍ទី៦០និងទសវត្សរ៍ទី៧០ បណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ តែងតែចាត់ទុកចិនកុម្មុយនិស្ត ជាប្រទេសដែលគ្រោះថ្នាក់ធំបំផុត។ ជាពិសេស នៅឆ្នាំ១៩៧៩ បណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ភាគច្រើន នាំគ្នាចាត់ទុកប្រទេសចិនថា ជាប្រទេសដែលមានភាពគ្រោះថ្នាក់បំផុត ផ្នែកយោធា គឺនៅពេលដែលកងទ័ពចិនបានវាយប្រហារទៅលើប្រទេសវៀតណាម(វៀតណាមខាងជើង) ដោយហេតុថាវៀតណាមបានវាយចូលមកផ្តួលរំលំរបបខ្មែរក្រហមដែលកំពុងគ្រប់គ្រងប្រទេសកម្ពុជានិងបានបន្តគ្រប់គ្រងប្រទេសកម្ពុជា។
រហូតមកទល់សព្វថ្ងៃនេះ បណ្តាប្រទេសសមាជិកទាំង១០របស់អាស៊ានមានទំនាក់ទំនងល្អជាមួយចិន។ មិនតែប៉ុណ្ណោះ អាស៊ានថែមទាំងគាំទ្រចិននិងទទួលស្គាល់គោលការណ៍ប្រទេសចិនតែមួយនៅលើឆាកអន្តរជាតិទៀតផង។ នេះគឺដោយសារតាំងពីដើមទសវត្សរ៍ទី៩០មក ចិនបាននឹងកំពុងបន្តជំរុញនយោបាយការទូតសេដ្ឋកិច្ច វប្បធម៌ និងនយោបាយដ៏ប៉ិនប្រសប់របស់ខ្លួនចូលមកតំបន់អាស៊ីអាគ្នេយ៍។ ចិនប្រើអំណាចទន់ (the soft power) និងអនុវត្តនយោបាយ«ឈ្នះឈ្នះ» ក្នុងគោលដៅពង្រីកឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ តាមរយៈនយោបាយអំណាចទន់នេះ ចិនក៏បានពង្រីកឥទ្ធិពលវប្បធម៌របស់ខ្លួនទៅលើភូមិភាគអាស៊ីអាគ្នេយ៍ផងដែរ។ ខ្សែភាពយន្តចិន សិល្បៈធ្វើម្ហូបអាហារចិននិងផលិតផលឧបភោគបរិភោគ ដែលផលិតនៅប្រទេសចិន (made in China) កំពុងជួយធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់ចិនល្បីសុះសាយពេញទូទាំងតំបន់អាស៊ីអាគ្នេយ៍។
សូមបញ្ជាក់ដែរថា ចាប់តាំងពីឆ្នាំ១៩៩១ ថ្នាក់ដឹកនាំនៃបណ្តាប្រទេសក្នុងតំបន់អាស៊ាននិងចិន បានបង្កើតទំនាក់ទំនងសន្ទនាជាផ្លូវការ ហើយរហូតមកទល់ពេលនេះ ភាគីទាំងពីរ បានឯកភាពគ្នាបង្កើតទៅជា «ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ» ដោយការទទួលស្គាល់ថា ទំនាក់ទំនងអាស៊ាន-ចិន គឺស្ថិតក្នុងចំណោមទំនាក់ទំនងដែលប្រកបដោយថាមវន្តបំផុត មានសារៈសំខាន់ និងផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក និងបានរួមចំណែកដល់ការថែរក្សាសន្តិភាព ស្ថិរភាព អភិវឌ្ឍន៍ និងវិបុលភាព នៅក្នុងតំបន់ដោយខិតខំរក្សាស្ថិរភាពក្នុងតំបន់ ជំរុញការតភ្ជាប់គ្នា ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្ម និងបង្កើនទំនាក់ទំនងលើវិស័យវប្បធម៌។ ទំនាក់ទំនងអាស៊ាន-ចិន ប្រកបដោយភាពរស់រវើកនិងធំបំផុតក្នុងកិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ី-បាស៊ីហ្វិក ហើយបាននាំមកនូវផលប្រយោជន៍ដ៏ធំធេងជូនដល់ប្រជាជនជាង ២ ០០០លាននាក់ នៃប្រទេសចំនួន១១ក្នុងតំបន់។
ក៏ប៉ុន្តែ ទោះបីជាទំនាក់ទំនងរវាងចិន និងអាស៊ានមានលក្ខណៈកាន់តែប្រសើរពីមួយឆ្នាំទៅមួយឆ្នាំក៏ដោយ ក៏តាំងពីដើមដំបូងមក ថ្នាក់ដឹកអាស៊ានតែងតែប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍មួយច្បាស់ នោះគឺធ្វើយ៉ាងណាកុំឱ្យអាស៊ីអាគ្នេយ៍ស្ថិតនៅក្រោមឥទ្ធិពលផ្តាច់មុខរបស់ចិនបាន(ពេលនេះគឺផ្តាច់មុខរបស់មហាអំណាចណាមួយ ក្នុងចំណោមចិននិងអាម៉េរិក)។ ការណ៍នេះគឺមិនមែនចៃដន្យឡើយ។ ចូរកុំភ្លេចថា គោលដៅសំខាន់ជាងគេមួយនៃការបង្កើតសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ឡើងនៅឆ្នាំ១៩៦៧ គឺដើម្បីបង្រួបបង្រួមគ្នា ដើម្បីទប់ទល់នឹងគ្រោះថ្នាក់ពីសំណាក់របបកុម្មុយនិស្ត។
នាពេលបច្ចុប្បន្ននេះ ថ្នាក់ដឹកនាំចិនតែងតែលើកឡើងថា ចិនចង់បានតែសន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់។ ក៏ប៉ុន្តែ កាយវិការរបស់ទីក្រុងប៉េកាំង មិនទាន់ស្តែងឱ្យឃើញច្បាស់នៅឡើយទេថា ចិនជាប្រទេសមហាអំណាចដែលនិយមអំណាចទន់ (the soft power)។ ជាក់ស្តែង មហិច្ឆតារបស់ទីក្រុងប៉េកាំងនៅក្នុងតំបន់សមុទ្រចិនខាងត្បូង នៅតែបន្តបង្កឱ្យមានភាពតានតឹងកើតឡើងជារឿយៗ។ ភាពតានតឹងចេះតែបន្តកើតឡើងរវាងចិន និងបណ្តាប្រទេសអាស៊ានមួយចំនួន ជាអាទិ៍ជាមួយប្រទេសវៀតណាម ហ្វីលីពីន ម៉ាឡេស៊ី និងព្រុយណេ។
នៅក្នុងបរិបទនៃភាពតានតឹងបែបនេះហើយដែលអាស៊ានបានបើកទទួលសហរដ្ឋអាម៉េរិក តាមរយៈជំនួបកំពូលអាស៊ាន-អាម៉េរិក ដែលបានកើតឡើងតាំងពីឆ្នាំ២០០៩រៀងមក។ ការខិតចូលជិតគ្នារវាងសហរដ្ឋអាម៉េរិកនិងអាស៊ាន បានធ្វើឱ្យកើតមានភាពល្អក់កករដល់ទំនាក់ទំនងរវាងចិននិងអាស៊ាន ពីព្រោះថា វាបើកលទ្ធភាពឱ្យអាម៉េរិកបង្កើនវត្តមាននិងអំណាចរបស់ខ្លួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ គឺដើម្បីកាត់បន្ថយឥទ្ធិពលនិងអំណាចរបស់ចិននៅក្នុងតំបន់ ពិសេសគឺមិនចង់ឱ្យអាស៊ាន ស្ថិតនៅក្រោមមហាអំណាចផ្តាច់មុខណាមួយ។
ជាក់ស្តែង សហរដ្ឋអាម៉េរិក បានបង្ហាញពីតួនាទីដ៏ចាំបាច់របស់ខ្លួនក្នុងតំបន់អាស៊ីអាគ្នេយ៍ នៅក្នុងដំណោះស្រាយនៃជម្លោះនៅទីប្រជុំកោះប៉ារ៉ាសែល(Paracel)និងស្ប៉្រាតលី(Sprately) នៅសមុទ្រចិនខាងត្បូងជាដើម ហើយរហូតមកទល់ពេលនេះ វត្តមានរបស់អាម៉េរិកនៅក្នុងវេទិកាអាស៊ាន បានបណ្តាលឱ្យមានការបាក់បែកគ្នា រវាងរដ្ឋជាសមាជិកអាស៊ានដែលមានទំនោរទៅរកអាម៉េរិក និងរដ្ឋសមាជិកអាស៊ានដែលមានទំនោរទៅរកប្រទេសចិន បើទោះបីប្រទេសទាំងនោះបាននិយាយថាមិនជ្រើសយកខាងណាក៏ដោយ។
សម្រាប់កម្ពុជាដែលជាប្រទេសកូនពៅរបស់អាស៊ាននិងជាមិត្តលើសពីដែកថែបរបស់ចិនផងទៀតនោះ ទោះបីចង់ឬមិនចង់ នៅក្នុងក្រសែភ្នែករបស់រដ្ឋជាសមាជិកអាស៊ានផ្សេងទៀត ដែលមានទំនោរទៅរកសហរដ្ឋអាម៉េរិក ពិតជាមានភាពលំបាកណាស់ក្នុងការសម្រេចចិត្តជាមួយកម្ពុជា។ ការស្វែងរកកុងសង់ស៊ុសសម្រាប់កម្ពុជាក្នុងឆ្នាំជាប្រធានអាស៊ានប្តូរវេន២០២២នេះ ដែលកំពុងតែប្រឈមដោយការប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយរបស់មហាអំណាចនិងបញ្ហាសន្តិសុខមិនមែនប្រពៃណី(ការរីករាលដាលនៃវីរុសកូវីដ-១៩) នាពេលនេះ គឺពិតជានឹងពិបាកឈានទៅទទួលបានលទ្ធផលតាមការគ្រោងទុក៕
RAC Media
ប្រភព៖ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា
ខេត្តបាត់ដំបង ជាខេត្តចំណាស់មួយដែលស្ថិតនៅភាគពាយ័ព្យនៃប្រទេសកម្ពុជា ធ្លាប់មានប្រវត្តិរឿងរ៉ាវបែបប្រវត្តិសាស្រ្ត ស្មុគស្មាញជាមួយប្រទេសជិតខាង។ តាមសន្ឋិសញ្ញាបារាំង-សៀម ចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩០៧ តម្រូវឱ្យ...
មនុស្សគ្រប់ជាតិសាសន៍នៅលើ លោកនេះ សុទ្ធតែមានមាន ទម្លាប់ របស់ ខ្លួនគ្រប់ៗគ្នា។ វាអាចជា ទម្លាប់របស់ បុគ្គល, ទម្លាប់របស់គ្រួសារ, ឬអាចជា ទម្លាប់របស់ស្រុកទេស។ ទម្លាប់របស់ បុគ្គលបង្កើតឱ្យមានទម្លាប់គ្រួសារ ដែ...
នាពេលបច្ចុប្បន្ននេះ ស្រ្តីបានដើរតួនាទីសំខាន់ក្នុងការជួយអភិវឌ្ឍន៍សង្គមជាតិ មិនថានៅក្នុងគ្រួសារ សហគមន៍ ឬស្ថាប័ន សហគ្រាសនោះឡើយ ហើយក៏មានមានស្រ្តីជាច្រើនរូបដែលមានភាពក្លាហានក្នុងការចែករំលែកចំណេះដឹងនិងបទព...
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ផ្ដល់កិត្តិយសចូលរួមក្នុងសិក្ខាសាលាអន្តរជាតិដែលបានរៀបចំដោយវិទ្យាស្ថានស្រាវជ្រាវច្បាប់កូរ៉េ (KLRI) នៅព្រឹកថ្ងៃពុធ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទី...
ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ កាលពីថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដោយគណបក្សប្រជាជនកម្ពុជាទទួលបានសម្លេងគាំទ្រងចំនួន៨២.៣% និងទទួលបាន ១២០អាសនៈ នៃរដ្ឋសភាលើចំនួន១២៥អាសនៈ បានបង្ហាញអំពីភាពជ...