ព័ត៌មាន

ទំនាក់ទំនង ណាតូ-រុស្ស៊ី និងសង្គ្រាមនៅអ៊ុយក្រែន ចាប់តាំងពីក្រោយសង្គ្រាមត្រជាក់ ដោយ៖ លោក អ៊ុច លាង- អ្នកសិក្សាស្រាវជ្រាវនៃនាយកដ្ឋានសិក្សាអាស៊ី អាហ្វ្រិក និងមជ្ឈិមបូព៌ា នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា

2022-03-03 08:24:56 ថ្ងៃព្រហស្បតិ៍, 03 មីនា 2022 ម៉ោង 03:24 PM
អ្នកមើល 3991
post_detail

សហភាពសាធារណរដ្ឋសង្គមនិយមសូវៀត ដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩២២ ត្រូវបានរំលាយជាផ្លូវការ នៅចុងឆ្នាំ១៩៩១ និងជំនួសមកវិញដោយប្រទេសឯករាជ្យចំនួន១៥វិញ ដែលក្នុងនោះ មាន រុស្ស៊ី អ៊ុយក្រែន បេឡារុស ហ្សកហ្ស៊ី ម៉ុលដាវី អាមេនី អេស្តូនី ឡេតូនី លីទុយអានី អាស៊ែបៃហ្សង់ កាហ្សាក់ស្ថាន អ៊ូសបេគីស្ថាន តាហ្ស៊ីគីស្ថាន កៀហ្ស៊ីស៊ីស្ថាន និងតួកម៉េនីស្ថាន។ ការដូលរលំនៃ សហភាពសូវៀតនេះ ត្រូវបានគេមើឃើញថា វាបានកើតចេញពី ចលនាបដិវត្តន៍ប្រជា​ជន ដែលបានផ្ទុះឡើងនៅក្នុងតំបន់អឺរ៉ុបខាងកើត គឺរដ្ឋជាប់នឹងសមុទ្របាល់ទិក មាន អេស្តូនី ឡេតូនី និងលីទុយ​អានី ដែល​ប្រទេសទាំង៣នេះធ្លាប់ជាប្រទេសឯករាជ្យ ក៏ប៉ុន្តែត្រូវបានសូវៀតកាត់យកមកដាក់ជាទឹកដីរបស់ខ្លួន តាមរយៈកិច្ចព្រមព្រៀង រវាងស្តាលីន និងហ៊ីត្លែរ នៅឆ្នាំ១៩៣៩។ ចលនាបដិវត្តន៍នេះ ក៏បានធ្វើឱ្យរបបកុម្មុយនិស្តរណបសូវៀតត្រូវ​ដួលរលំជាបន្តបន្ទាប់ រហូតធ្វើឱ្យប្លុកកុម្មុយនិស្ត នៅអឺរ៉ុបខាងកើតត្រូវបាក់បែកខ្ចាត់ខ្ចាយស្ទើរគ្មានសល់ និងជំនួសមកវិញដោយរបបប្រជាធិបតេយ្យតាមបែបលោកខាងលិច។ មួយវិញទៀត នយោបាយកំណែទម្រង់របស់ លោក ហ្គ័របាឆូវ (ប៉េរ៉េស្ត្រូយកា-Berestroika) ដើម្បីកែ ទម្រង់នយោបាយ សេដ្ឋកិច្ច និងសង្គមនៅសហភាពសូវៀត ដែលកំពុងឈានទៅរកសភាពទុំជោរ ក្នុងសម័យសង្គ្រាមត្រជាក់ ក៏ជាកត្តាជំរុញដ៏ធំមួយផងដែរ ដែលធ្វើឱ្យចលនាបដិវត្តន៍នេះបានទទួលជោគជ័យ។ ក៏ប៉ុន្តែ អ្វីដែល លោក ហ្គ័របាឆូវ មិនបានរំពឹងទុកនោះ គឺបដិវត្តន៍ឆ្នាំ១៩៨៩នេះ មិនមែនកើតមានឡើងតែនៅអឺរ៉ុបខាងកើតនោះទេ តែបានរាលដាលទៅដល់សហភាពសូវៀតខ្លួនឯងផ្ទាល់។

សូមរំលឹកថា ក្រោយឡើងកាន់អំណាចជាប្រធានាធិបតីសហភាពសូវៀត លោក ហ្គោបាឆូវ បានប្រកាសថា លោកមិនអនុញ្ញាតឱ្យមានអន្តរាគមន៍យោធា នៅតំបន់អឺរ៉ុបខាងកើតទៀតឡើយ។ ចំណុច នេះហើយ ធ្វើឱយក្រុមប្រទេសដែលនៅក្រោមការគ្រប់គ្រងរបស់សហភាពសូវៀត ចាប់ផ្ដើមប្រកាស ឯករាជ្យជាបន្តបន្ទាប់ និងបានប្ដូរទៅរករបបប្រជាធិបតេយ្យដូចក្រុមប្រទេសនៅអឺរ៉ុបខាងលិចវិញ ដូចជា ប្រទេស អាល្លឺម៉ង់ខាងកើត ឆេកូស្លូវ៉ាគី ហុងគ្រី ប៊ុលហ្ការី ប៉ូឡូញ ជាដើម។

ក្រោយអ៊ុយក្រែនប្រកាសឯករាជ្យ ក្រោយការដួលរលំនៃសហភាពសូវៀត នាថ្ងៃទី៥ ខែធ្នូ ឆ្នាំ១៩៩៤ អ៊ុយក្រែន និងរុស្ស៊ី បានចុះហត្ថលេខាលើអនុស្សារណៈមួយ នៅក្នុងទីក្រុងប៊ុយដាប៉ែស ប្រទេសហុងគ្រី (Budapest Memorandum on Security Assurances) រួមជាមួយនឹងប្រទេសហត្ថលេខី ៣ផ្សេងទៀត គឺ រុស្ស៊ី សហរដ្ឋអាម៉េរិក និងអង់គ្លេស។ តាមរយៈអនុស្សារណៈនេះ អ៊ុយក្រែនសុខចិត្តបោះបង់ចោលអាវុធនុយក្លេអ៊ែរ ដែលបន្សល់ទុកពីសម័យសហភាពសូវៀត ដោយផ្ទេរទៅឱ្យរុស្ស៊ី ជាថ្នូរមកវិញ រុស្ស៊ី សហរដ្ឋអាម៉េរិក និងអង់គ្លេស ដែលសុទ្ធសឹងជាមហាអំណាចនុយក្លេអ៊ែរ បានសន្យាគោរពអធិបតេយ្យ និងបូរណភាពដែនដីរបស់អ៊ុយក្រែន។

អ្វីដែលជាការកត់សម្គាល់ ចាប់តាំងពីអ៊ុយក្រែនប្រកាសឯករាជ្យពីសហភាពសូវៀតនាឆ្នាំ១៩៩១ ប្រទេសទាំងពីរមិនដែលមានអរិយភាពជាមួយគ្នានោះទេ។ រហូតដល់ឆ្នាំ២០០៨ អ៊ុយក្រែន រួមជាមួយ ហ្សកហ្ស៊ី បានដាក់សំណើ សុំចូលជាសមាជិក​បក្សសម្ព័ន្ធណាតូ នៅក្នុងជំនួបកំពូល ខែមេសា ឆ្នាំ២០០៨ នៅទីក្រុងប៊ុយការ៉េស (ប្រទេសរូម៉ានី) បក្សសម្ព័ន្ធ​ណាតូបានស្វាគមន៍បំណងចង់ចូលជាសមាជិករបស់ អ៊ុយក្រែន និងហ្សកស៊ី។ ក៏ប៉ុន្តែ ដោយមានការជំទាស់យ៉ាងខ្លាំងក្លាពីសំណាក់រុស្ស៊ី ហើយប្រទេសសំខាន់ពីរក្នុងណាតូ គឺបារាំង និងអាល្លឺម៉ង់ ក៏មិនគាំទ្រ ណាតូបានបដិសេធមិនចាប់ផ្តើមផែនការប្រតិបត្តិ (Membership Action Plan) ទទួលអ៊ុយក្រែន និងហ្សកហ្ស៊ី ជាសមាជិកនោះទេ តែក្នុងពេលជាមួយគ្នា ណាតូក៏មិនបិទទ្វារទាំងស្រុងនោះដែរ ដោយទុកលទ្ធភាពឱ្យអ៊ុយក្រែន ចូលជាសមាជិកនៅថ្ងៃណាមួយ។

ក្រោយមានសំណើសុំចូលជាសមាជិកបក្សសម្ព័ន្ធ ណាតូ ពីសំណាក់ អ៊ុយក្រែន ភាពតាមតឹងរវាង រុស្ស៊ី និងអ៊ុយក្រែន កើតមានឡើងជាបន្តបន្ទាប់ ដូចជា នៅខែមីនា ឆ្នាំ២០១៤ រុស្ស៊ីដាក់ពង្រាយកងទ័ពនៅតំបន់គ្រីមេ ក្នុងហេតុផលថា ដើម្បីការពារ​ប្រជាជនដើមកំណើតរុស្ស៊ី បន្ទាប់មក រៀបចំបោះឆ្នោតប្រជាមតិ ភ្ជាប់តំបន់គ្រីមេជាទឹកដីរបស់រុស្ស៊ី។ ការកាត់យកតំបន់គ្រីមេដោយរុស្ស៊ីត្រូវបានសហគមន៍អន្តរជាតិជាទូទៅ ចាត់ទុកថាជាទង្វើខុសច្បាប់ ហើយមហាសន្និបាតអ.ស.ប បានបោះ​ឆ្នោតនៅឆ្នាំ២០១៤ ក្នុងសំឡេង ១០០ ទល់នឹង ១១ (១៣ប្រទេសអនុប្បវាទ) បដិសេធមិនទទួលស្គាល់ការបោះឆ្នោតប្រជាមតិនៅគ្រីមេ ហើយកំណត់ថា គ្រីមេនៅតែជាដែនដីមួយរបស់អ៊ុយក្រែន។ ចំណែកសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ព្រមទាំងប្រទេសសម្ព័ន្ធមិត្តលោកខាងលិចបានដាក់ទណ្ឌកម្មលើរុស្ស៊ី ជុំវិញការកាត់យកតំបន់គ្រីមេ។ នៅខែមេសា ឆ្នាំ២០១៤ សង្រ្គាមបានផ្ទុះឡើងនៅតំបន់ដុនបាស់ (Donbas) ខាងកើតអ៊ុយក្រែន ហើយក្រុមឧទ្ទាមផ្តាច់ខ្លួន ដោយមានការគាំទ្រពីសំណាក់រុស្ស៊ី បានប្រកាសបង្កើតរដ្ឋឯករាជចំនួនពីរដាច់ពីអ៊ុយក្រែនគឺ ដូណេតស្ក៍(Donetsk) និង លូហាន់ស្ក៍ (Luhansk)។ ការបោះឆ្នោតប្រជាមតិបង្កើតរដ្ឋឯករាជទាំងពីរ ត្រូវបានរៀបចំធ្វើឡើង នៅថ្ងៃទី១១ ឧសភា ឆ្នាំ២០១៤។ នាថ្ងៃទី១២ ខេមិថុនា ឆ្នាំ២០២០ បក្សសម្ព័ន្ធណាតូ បានផ្តល់ឱ្យអ៊ុយក្រែន នូវឋានៈជាប្រទេសដៃគូ ដែលបើកផ្លូវឱ្យមានកិច្ចសហប្រតិបត្តិការខាងផ្នែកយោធាជាមួយគ្នា ក៏ប៉ុន្តែ នៅតែបដិសេធមិនចាប់ផ្តើមនីតិវិធីទទួលអ៊ុយក្រែនជាសមាជិក ទៅតាមការស្នើសុំរបស់លោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី។ នាថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ លោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី ចោទរុស្ស៊ីថាពង្រាយទ័ពនៅតាមព្រំដែនអ៊ុយក្រែន តែរុស្ស៊ីថា ការពង្រាយទ័ពនេះ គឺដើម្បីធ្វើសមយុទ្ធ ឆ្លើយតបទៅនឹងទង្វើបង្កហេតុរបស់អ៊ុយក្រែន។ នាថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ លោកវ៉ូឡូឌីមៀរ ហ្សេឡេនស្គី បានប្រកាសជាចំហថា ការចូលជាសមាជិកបក្សសម្ព័ន្ធណាតូគឺជាមធ្យោបាយ តែមួយគត់ ដែលអាចបញ្ចប់សង្រ្គាមនៅតំបន់​ដុនបាស់បាន និងក៏បានប្រកាសផងដែរ អំពីគោលបំណងចង់ចូលជាសមាជិកសហភាពអឺរ៉ុប។ នៅខែធ្នូ ឆ្នាំ២០២១ រុស្ស៊ីពង្រាយទ័ពកាន់តែច្រើន នៅក្បែរព្រំដែនអ៊ុយក្រែន ប្រទេសលោកខាងលិចបានលើកឡើងថា ជាការពង្រាយទ័ពនេះ ក្នុងគោលដៅចូលឈ្លានពានអ៊ុយក្រែន តែលោកវ៉្លាឌីមៀរ ពូទីន បានបដិសេធថា រុស្ស៊ីមិនមានចេតនាចូលឈ្លានពានអ៊ុយក្រែន​នោះទេ ក៏ប៉ុន្តែ ក្នុងពេលជាមួយគ្នា បានដាក់លក្ខខណ្ឌមួយចំនួនចំពោះអាម៉េរិក និងបក្សសម្ព័ន្ធណាតូ ដែលក្នុងនោះ រួមមានការទាមទារឱ្យណាតូធានាថានឹងមិនឱ្យអ៊ុយក្រែនចូលជាសមាជិក ហើយឱ្យណាតូដកកម្លាំងយោធាទាំងអស់ ដែលឈរជើងនៅក្នុងប្រទេសនៅអឺរ៉ុបខាងកើត ដែលចូលជាសមាជិកណាតូ ក្រោយឆ្នាំ១៩៩៩៧ ចេញ។ ចំណែក លោក​បៃដិន បានព្រមានទុកជាមុនថា ប្រសិនបើរុស្ស៊ីចូលឈ្លានពានអ៊ុយក្រែន អាម៉េរិក និងសម្ព័ន្ធមិត្ត នឹងដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរបំផុតទៅលើរុស្ស៊ី ក៏ប៉ុន្តែក្នុងពេលជាមួយគ្នា លោកប្រធានាធិបតីអាម៉េរិក ក៏បានប្រកាសផងដែរថា អាម៉េរិកនឹងមិនបញ្ជូនកងទ័ពទៅជួយអ៊ុយក្រែននោះទេ ពីព្រោះអ៊ុយក្រែនមិនមែនជាសមាជិកណាតូ។ ចាប់តាំងពីខែធ្នូ ឆ្នាំ២០២១ ដល់ ខែកុម្ភៈ ឆ្នាំ២០២២ មានកិច្ចប្រឹងប្រែងផ្នែកការទូតជាច្រើនបានរៀបចំឡើង ដើម្បីបញ្ចៀសសង្រ្គាមអ៊ុយក្រែន ក្នុងនោះ ក៏រួមមានទាំងជំនួបតាមវីដេអូ រវាងលោកពូទីន និងលោកបៃដិន ជំនួបដោយផ្ទាល់ នៅទីក្រុងម៉ូស្គូ រវាងលោកម៉ាក្រុង និងលោកពូទីន និងជំនួប រវាងលោកពូទីន និងលោកអូឡាហ្វ ស្ហុលស៍ ប្រមុខរដ្ឋាភិបាលអាល្លឺម៉ង់ ដែលទើបនឹងឡើងកាន់តំណែង ផងដែរ ក៏ប៉ុន្តែ កិច្ចខិតខំប្រឹងប្រែងផ្នែកការទូតទាំងនេះ មិនបានទទួលលទ្ធផលជាវិជ្ជមាននោះទេ។ លោកបៃដិន និងសម្ព័ន្ធមិត្តក្នុងបក្សសម្ព័ន្ធណាតូបដិសេធមិនផ្លាស់ប្តូរគោលនយោបាយបើកទ្វារចំហ ឬ « Open door policy » ពោលគឺ ទុកសិទ្ធិឱ្យប្រទេសនីមួយៗជាអ្នកសម្រេចដោយខ្លួនឯងថាចង់ចូលក្នុងណាតូឬក៏អត់។ នេះមានន័យថា ក្នុងករណីអ៊ុយក្រែន គឺអ៊ុយក្រែនខ្លួនឯងជាអ្នកមានសិទ្ធិសម្រេចថា ចង់ចូលក្នុងណាតូឬក៏អត់ ចំណែកណាតូមានសិទ្ធិសម្រេច​ថា ទទួលយកអ៊ុយក្រែនជាសមាជិកឬមិនទទួល ដោយមើលទៅលើលក្ខខណ្ឌសមាជិកភាពរបស់ណាតូ ក៏ប៉ុន្តែ មិនអាច​បិទទ្វារជាមុនថាមិនទទួលយកអ៊ុយក្រែននោះទេ។ នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២នេះ ក្រោយពីមានជំនួបតាមទូរសព្ទ រវាងលោកម៉ាក្រុង និងលោកពូទីន វិមានប្រធានាធិបតីបារាំងបានចេញសេចក្តីថ្លែងការណ៍ថា លោកពូទីន និងលោកបៃដិន បានព្រមព្រៀងជាគោលការណ៍ថានឹងបើកធ្វើជំនួបកំពូល ដើម្បីពិភាក្សាគ្នាអំពីវិបត្តិអ៊ុយក្រែន។ ក៏ប៉ុន្តែ នៅថ្ងៃទី២១ ខែកុម្ភៈ លោកពូទីន បានប្រកាសទទួលស្គាល់ ដូណេតស្ក៍ និង លូហាន់ស្ក៍ ជារដ្ឋឯករាជ្យ ហើយនៅថ្ងៃទី២៤កុម្ភៈ កងទ័ពរុស្ស៊ីក៏បានចាប់ផ្តើមវាយប្រហារទៅលើអ៊ុយក្រែន។

នេះជាបញ្ហាមួយដែលយើងគិតស្មានមិនដល់។ សំណួរសួរថា ហេតុអ្វីបានជារុស្ស៊ី សម្រេចចិត្តវាយ ប្រហាចូលទឹកដីអ៊ុយក្រែន ដោយមិនខ្វល់ពីការគម្រាមដាក់ទណ្ឌកម្ម ពីសំណាក់ប្រទេសលោកខាងលិច រួមទាំងសហរដ្ឋអាម៉េរិក?

អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ដែលហៅកាត់ជាភាសាបារាំងថា អូតង់ (OTAN) និងភាសាអង់គ្លេសហៅកាត់ថា ណាតូ (NATO) គឺជាមរតកដែលបានបន្សល់ទុក តាំងពីសម័យសង្គ្រាម ត្រជាក់ គឺក្រោយសង្ក្រាមលោកទី២ត្រូវបានបញ្ចប់ និងបន្តរហូតមកដល់សព្វថ្ងៃ។ ណាតូបានបង្កើត ឡើងនៅថ្ងៃទី៤ ខែមេសា ឆ្នាំ១៩៤៩ និងចូលជាធរមាននៅ ឆ្នាំ​១៩៥១ ដែលជាលទ្ធផល ដែលកើត ចេញពីព្រឹត្តិការណ៍ចំនួនពីរ ក្រោយសង្គ្រាមលោកលើកទី២បានបញ្ចប់។ ទីមួយ គឺភាពមិន ចុះសម្រុងគ្នា រវាងសហរដ្ឋអាម៉េរិ និងសូវៀត ដែលជាសម្ព័ន្ធមិត្តនឹងគ្នា កាលពី សង្គ្រាមលោកលើកទី២ ដើម្បីផ្តួលរំលំ អាល្លឺម៉ង់ ដែលពេលនោះដឹកនាំដោយ ហ៉ីទ្លែរ (Hitler) ប៉ុន្តែបានក្លាយជាសត្រូវនឹងគ្នាវិញ ចាប់ពី ឆ្នាំ១៩៤៧ ដោយមូលហេតុមនោគមវិជ្ជា និងមហិច្ឆតា។ និងទីពីរ គឺការស្នើសុំពីសំណាក់ បណ្តា ប្រទេសនៅអឺរ៉ុបខាងលិច នៅក្រោយសង្គ្រាម​លោកលើកទី២ សុំឱ្យអាម៉េរិក ជួយធានាការពារ សន្តិសុខ របស់ពួកគេ នៅចំពោះមុខ អានុភាពយោធាដ៏ធំ របស់សូវៀត កុម្មុយនីស្ត។ នៅក្នុងបរិបទបែបនេះ អាម៉េរិក និងកាណាដា ព្រមទាំងបណ្តាប្រទេសអឺរ៉ុបខាងលិច ដែលកាល​ណោះ តាំងខ្លួន ជាតំណាង «ពិភពសេរី» នាំគ្នាបង្កើតណាតូឡើង ដើម្បីទប់ទល់ នឹង«ពិភពកុម្មុយនីស្ត» ដឹកមុខដោយ សូវៀត។

ជាការឆ្លើយតបវិញ នៅថ្ងៃ១៤ ឧសភា ១៩៥៥ សហភាពសូវៀត និងបណ្តាប្រទេសកុម្មុយ នីស្ត អឺរ៉ុបខាងកើតចំនួនប្រាំពីរ នាំគ្នាបង្កើតសម្ព័ន្ធភាពយោធាមួយដែរ ដែលគេហៅថា កតិកាសញ្ញាវ៉ាសូវី (Varsovie)។ ប៉ុន្តែ ក្រោយមកនៅឆ្នាំ១៩៩១ កតិកាសញ្ញាវ៉ាសូវីនេះ ត្រូវរំលាយចោលវិញ ក្រោយ ការដួលរលំនៃសហភាពសូវៀត គឺបន្ទាប់ពីសង្គ្រាមត្រជាក់ត្រូវបានបញ្ចប់​។ ប៉ុន្តែ ណាតូនៅបន្ត ដំណើរការរហូតដល់សព្វថ្ងៃ និងថែមទាំងរីកធំលើសមុនទៀតផង រីកធំសំដៅទៅទិសខាងកើត។ ណាតូ ត្រូវបានបង្កើតឡើងដោយប្រទេសចំនួន១២ ប៉ុន្តែបច្ចុប្បន្នមានប្រទេសជាសមាជិក សរុបចំនួន៣០ ដោយ​សារតែ ទទួលបានពីបណ្តាប្រទេសអឺរ៉ុបខាងកើតចំនួន១០ ដែលនៅក្នុងអតីតកាលជារណបសូវៀត និងដែលមួយចំនួនជាសមាជិកនៃកតិកាសញ្ញាវ៉ាសូវី មកអតីតសាធារណរដ្ឋសូវៀតចំនួន៣ ដែលគេហៅថា បណ្តាប្រទេសបាល្ទ(Baltes) និងបានមកពីអតីតសាធារណរដ្ឋយូហ្គោស្លាវី (Yougoslavie) ចំនួន៤។

ការណ៍ដែលណាតូ បន្តមានវត្តមាន និងបន្តពង្រីកខ្លួន ចូលកាន់តែជិតទៅដល់ទឹកដីរុស្ស៊ី ធ្វើ ឱ្យរុស្ស៉ីមានការបារម្ភកាន់តែខ្លាំង។ ក្រោយពីណាតូទទួលយកសមាជិករបស់ខ្លួន ជាបន្តបន្ទាប់ ពីបណ្តា ប្រទេសនៅអឺរ៉ុបខាងកើត និងបណ្តាប្រទេស​បាល្ទ ណាតូកំពុងត្រៀមទទួលយកយក អ៊ុយក្រែន (Ukraine) និងហ្សកហ្ស៉ី(Georgie) បន្ថែមទៀត។ នេះគឺជាអ្វីដែលប្រធានាធិបតីរុស្ស៊ី ពូទីន (Poutine) មិនអាចទទួលបាន ហើយលោកបានលើកឡើងថា វាជាការគំរាមកំហែង មកលើសន្តិសុខរបស់ រុស្ស៊ីតែម្តង។ ការណ៍បណ្តោយឱ្យអ៊ុយក្រែន ក្លាយជាសមាជិកអូតង់ វាជាគ្រោះអាសន្នធំនឹងអាច កើតឡើងសម្រាប់រុស្ស៊ី។ អ៊ុយក្រែននឹង អាចទាមទារយកគ្រីមេមកវិញ ទោះជាសង្គ្រាម ត្រូវផ្ទុះឡើង ជាមួយរុស្ស៊ីក៏ដោយ ព្រោះថាណាតូប្រកាន់គោលការណ៍មួយសំខាន់ ដែលកំណត់ដោយមាត្រាទី៥ នៃសន្ធិសញ្ញា នោះគឺសាមគ្គីភាពរវាងបណ្តាប្រទេសសមាជិក។ បានន័យថា រាល់ការឈ្លានពានមកលើ សមាជិកណាមួយក៏ដោយរបស់អូតង់ នឹងត្រូវចាត់ទុកថាជាការឈ្លានពានមកលើបណ្តាសមាជិក ទាំងអស់ របស់អូតង់តែម្តង។

មួយវិញទៀត នេះគឺជាអារម្មណ៍មួយដែល លោក ពូទីន ពិបាកនឹងទទួលយកបាន។ តាំងពីចុងបញ្ចប់នៃសង្គ្រាមត្រជាក់ ដែលបណ្តាប្រទេសលោកខាងលិច បានសន្យាតែមិនអនុវត្តន៍។ តួយ៉ាង នៅខែកុម្ភៈ ឆ្នាំ១៩៩០ ប្រធានាធិបតីសហភាពសូវៀត លោក Mikhail Gorbachev បានជួប ជាមួយរដ្ឋមន្ត្រីការបរទេសអាម៉េរិក James Baker ដើម្បីពិភាក្សាអំពីការដកទ័ពសូវៀត ចេញពីប្រទេស អាល្លឺម៉ង់ខាងកើត។ ដើម្បីធានាដល់ប្រធានាធិបតី Gorbachev អំពីផលវិបាកនៃភូមិសាស្ត្រនយោបាយ នាពេលអនាគត រដ្ឋមន្ត្រីការបរទេសអាម៉េរិក James Baker បានប្រកាសថា៖ «មិនរំកិលទៅ​ទិសខាងកើតមួយអ៊ីញណានោះទេ គឺណាតូនឹងមិនរំកិលមួយអ៊ីញទៅខាងកើតទេបន្ទាប់ពីការបង្រួបបង្រួមអាល្លឺម៉ង់ឡើងវិញ»។ ចំណែកអធិការបតីនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ លោក Helmut Kohl ក៏បានអះអាងផងដែរថា «ជាធម្មតា​ ណាតូ ពិតជានឹងមិនពង្រីកខ្លួនទៅអាឡឺម៉ង់ខាងកើតជាដាច់ខាត»។ នៅនាំ១៩៩១ នៅពេល រដ្ឋមន្ត្រីការពារជាតិសូវៀត លោក Dmitry Yazov និយាយពីការចូលជាសមាជិក ណាតូរបស់បណ្តា ប្រទេសនៅអ៊ឺរ៉ុបខាងកើត នាយករដ្ឋមន្ត្រីអង់គ្លេស ក៏បានបញ្ជាប់ថា «រឿងនេះ ពិតជាមិនអាច កើតមាននោះទេ»។

ទាំងនេះសបញ្ជាក់ឱ្យឃើញថា វាជាមធ្យោបាយតែមួយគត់ ដើម្បីបញ្ជាក់នូវការប្តេជ្ញាចិត្តរបស់ រុស្ស៊ី ប្រាប់ទៅណាតូ និងប្រាប់បស្ចិមប្រទេសថា រុស្ស៊ីមិនមានជំនឿចិត្តលើអ្វីដែលពួកគេបានសន្យា និងមិនត្រូវ ប៉ះពាល់ជាដាច់ខាតដែនអំណាចនិងសន្តិសុខរបស់ខ្លួន។

ទោះបីជាយ៉ាងណា ការប្រកួតប្រជែងឥទ្ធិពលពីសំណាក់ប្រទេសមហាអំណាច ដើម្បីរក្សាឱ្យបាន ឬយកឱ្យបាន នូវអ្វីដែលគិតថាជារបស់ខ្លួន វាជាហានិភ័យ សម្រាប់ប្រទេសដែលជាប់ពាក់ព័ន្ធ មិនថា ធំឬតូច គ្រាន់តែខុសគ្នាត្រង់ថាធ្ងន់ឬស្រាល ផ្ទាល់ឬដោយប្រយោល។ សម្រាប់សង្គ្រាមរវាងប្រទេសទាំងពីរ ដែលពេលនេះកំពុងក្លាយជា អឺរ៉ុបនីយកម្មសង្គ្រាមជាមួយ​រុស្ស៊ី ដែលពីដំបូងគឺជារូបភាពនៃការវាយ ប្រហារពីសំណាក់ រុស្ស៊ីលើអ៊ុយក្រែនតែប៉ុណ្ណោះ។ ប្រទេសនានានៅអឺរ៉ុប រួមទាំងអាស៊ីមួយចំនួន បាននាំគ្នាលើក ទឹកចិត្ត ប្រគល់ទាំង មនុស្សឱ្យទៅជួយច្បាំងនៅអ៊ុយក្រែន ផ្តល់ជំនួយយោធាទាំងអាវុធ និងយន្តហោះ ចម្បាំង រួមទាំង អ្នកបើកបរ យន្តហោះប្រយុទ្ធថែមទៀត។ ទិដ្ឋភាពបែបនេះ មិនមែនជា សង្គ្រាមរុស្ស៊ី-អ៊ុយក្រែនទៀតទេ គឺវាជាសង្គ្រាមរវាងរុស្ស៊ី និងអឺរ៉ុប។ អ្វីដែលជាផលប៉ះពាល់ចំពោះមុខ គឺពលរដ្ឋដែលស្ថិតក្នុងតំបន់ជម្លោះ៖ បាត់បង់អាយុជីវិតជនស្លូតត្រង់ បាត់បង់ទីជម្រក ព្រាត់ប្រាស់គ្រួសារ បងប្អូន ហេដ្ឋារចនាសម្ព័ន្ធត្រូវបំផ្លាញ ក្លាយជាជន​ភៀសខ្លួនដោយសារសង្គ្រាម និយាយជារួមអ្វីៗត្រូវ បំផ្លាញ។ ដូច្នេះមានតែ បន្តការចរចា រកដំណោះស្រាយដើម្បីបញ្ឈប់សង្គ្រាមឱ្យបានឆាប់ និងស្របតាម ការអំពាវនាវរបស់អាស៊ាន កាលពីពេលថ្មីៗនេះទេ ដែលជាជម្រើសមិនខាចខ្វះបាន បើទោះបីជាការចរចា របស់ប្រតិភូពីទីក្រុងគៀវ និងម៉ូស្គូ ជុំទី១មិនទាន់មានលទ្ធផលក៏ដោយ៕


RAC Media

ប្រភព៖ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា


អត្ថបទទាក់ទង

ដំំណើរទស្សនកិច្ចរបស់តំណាងក្រុមហ៊ុនហួវៃនៅរាជបណ្ឌិត្យសភាកម្ពុជា

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ថ្ងៃទី៧ កក្កដា ២០២២នេះ រាជបណ្ឌិត្យសភាកម្ពុជា បានទទួលជួបពិភាក្សាការងារ និងផ្លាស់ប្តូរទស្សនគ្នា ជាមួយតំណាងក្រុមការងារក្រុមហ៊ុនហួវៃ (Huawei) ប្រចាំកម្ពុជា។ ភាគីទាំងពីរ បានសិក្សាល...

2022-07-07 11:04:19   ថ្ងៃព្រហស្បតិ៍, 07 កក្កដា 2022 ម៉ោង 06:04 PM
ការបោះឆ្នោតឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅព្រះរាជាណាចក្រកម្ពុជា ដោយ៖ លោក អ៊ុច លាង អ្នកសិក្សាស្រាវជ្រាវនៃនាយកដ្ឋានសិក្សាអាស៊ី អាហ្វ្រិក និងមជ្ឈិមបូព៌ា នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលបានប្រកាស លទ្ធផលជាផ្លូវការនៅថ្ងៃអាទិត្យទី២៦ ខែមិថុនា ឆ្នាំ២០២២ ដោយ គ.ជ.ប និងមានគណបក្សចំនួន៩ ក្នុងចំណោមគណបក្ស១៧ដែលបានដាក់បេក្ខភាព ប្រ...

2022-07-04 11:23:07   ថ្ងៃចន្ទ, 04 កក្កដា 2022 ម៉ោង 06:23 PM
«៥៥ឆ្នាំនៃទំនាក់ទំនងកម្ពុជា-វៀតណាម៖ មេរៀនអតីតកាល និងមាគ៌ាឆ្ពោះទៅមុខ»

ខែមិថុនា ឆ្នាំ២០២២នេះ កត់សម្គាល់ខួប៥៥ឆ្នាំនៃទំនាក់ទំនងការទូតផ្លូវការរវាងកម្ពុជានិងវៀតណាម។ កម្ពុជានិងវៀតណាមជាប្រទេសភូមិផងរបងជាមួយ ដែលមានព្រំដែនជាប់គ្នាប្រវែងប្រមាណជាង ១ ២៧០ គីឡូម៉ែត្រ និងមានទន្លេមេគង្គ...

2022-06-22 03:46:34   ថ្ងៃពុធ, 22 មិថុនា 2022 ម៉ោង 10:46 AM
«ប្រវត្តិ និងសារៈសំខាន់នៃពុទ្ធិកសិក្សានៅកម្ពុជា»

(រូបថត៖ http://5000-years.org/)វិស័យអប់រំផ្នែកពុទ្ធិកសិក្សាជាវិស័យមួយដែលបានចូលរួមចំណែកបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា។ វិស័យនេះបានចាប់បដិសន្ធិជាច្រើនសតវត្សរ៍មកហើយ គឺនៅមុនរជ្ជកាលនៃការគ្រប់គ្រងរបស់អតីត...

2022-06-22 03:24:45   ថ្ងៃពុធ, 22 មិថុនា 2022 ម៉ោង 10:24 AM
សមិទ្ធផលថ្មី សៀវភៅ «តក្កវិទ្យាជាមួយការអនុវត្ត»

សៀវភៅ «តក្កវិទ្យាជាមួយការអនុវត្ត» រៀបចំសម្រាប់សិស្ស និស្សិត លោកគ្រូ អ្នកគ្រូ អ្នកសិក្សា និង អ្នកស្រាវជ្រាវលើវិស័យគណិតវិទ្យា។ សៀវភៅនេះ ជាផ្នែកមួយនៃពីជគណិត ដែលផ្តល់ឱ្យនិស្សិតត្រូវ សិក្សាទទួលបានចំណេះដឹងខ...

2022-06-22 02:59:11   ថ្ងៃពុធ, 22 មិថុនា 2022 ម៉ោង 09:59 AM
រាជបណ្ឌិត្យសភាកម្ពុជា ប្រគល់ទឹកថ្នាំសម្លាប់មេរោគជូនក្រសួងសុខាភិបាល

នារសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១៥:០០នាទី ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា តំណាងរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធ...

2022-06-16 12:19:23   ថ្ងៃព្រហស្បតិ៍, 16 មិថុនា 2022 ម៉ោង 07:19 PM

សេចក្តីប្រកាស