ព័ត៌មាន

«មេរៀនពីសង្គ្រាមនៅអ៊ុយក្រែន» ដោយ៖ បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា រាជបណ្ឌិត្យសភាកម្ពុជា

2022-02-28 04:14:32 ថ្ងៃចន្ទ, 28 កុម្ភៈ 2022 ម៉ោង 11:14 AM
អ្នកមើល 4060
post_detail

(ប្រធានាធិបតីអ៊ុយក្រែន៖ «មានតែយើងខ្លួនឯងប៉ុណ្ណោះ ដែលត្រូវការពារជាតិរបស់យើង។  តើមាននរណាដែលត្រៀមប្រយុទ្ធជាមួយយើង? ខ្ញុំមិនបានមើលឃើញនរណាម្នាក់នោះទេ»)

មេរៀនពីសង្គ្រាមនៅអ៊ុយក្រែន ក៏ដូចជាមេរៀននៅកម្ពុជាឆ្នាំ១៩៧៥ និងមេរៀនជាច្រើនទៀត បានបង្រៀនយើងថា ប្រទេសនីមួយៗ មិនត្រូវពឹងផ្អែកទៅលើបរទេសជ្រុលពេកទេ មិនថាវិស័យនយោបាយ សន្តិសុខ ឬសេដ្ឋកិច្ចនោះទេ។ គ្មាននរណាជួយយើងទេ បើយើងមិនអាចជួយខ្លួនឯងបាន, មានតែយើងប្រឹងធ្វើឱ្យជាតិយើងខ្លាំងទេ ទើបយើងអាចរក្សាអត្ថិភាពជាតិយើងបាន។

តាមរយៈមេរៀនពីសង្គ្រាមនៅអ៊ុយក្រែននេះ ខ្ញុំយល់ឃើញថា៖

១. សន្តិភាពគឺសំខាន់ជាងអ្វីៗទាំងអស់។ នៅពេលឃើញសោកនាដកម្មនៃសង្គ្រាម ទើបយើងកាន់តែយល់ច្បាស់ពីតម្លៃនៃសន្តិភាព, សង្រ្គាមឬសន្តិភាពចំណុះខ្លាំងលើភាពជាអ្នកដឹកនាំនិងការសម្រេចចិត្តរបស់មេដឹកនាំ។ ដូច្នេះ ត្រូវតែរួមគ្នារក្សាសន្តិភាពឱ្យបាន ហើយសន្តិភាពនោះ ត្រូវតែផ្តល់ម្លប់ និងផ្តល់ភាពសុខុដមរម្យនាដល់មនុស្សគ្រប់គ្នានៅក្នុងសង្គម និងជាគ្រឹះនៃឯកភាព សាមគ្គីភាព និងមោទនភាពជាតិ។ អ្វីដែលខ្មែរត្រូវការបំផុត គឺខ្មែរត្រូវពួតដៃគ្នា ដើម្បីជំរុញការអភិវឌ្ឍប្រទេសឱ្យលឿនទៅមុខដោយប្រើប្រាស់បញ្ញាញាណរបស់ខ្មែរគ្រប់គ្នា។

២. បន្តគោលនយោបាយការបរទេសដែលផ្តល់អាទិភាពលើសន្តិភាព ស្ថិរភាព វិបុលភាព និងបរិយាបន្ន ហើយត្រូវគោរពដោយខ្ជាប់ខ្ជួននូវគោលការណ៍គ្រឹះនៃនយោបាយការបរទេសដូចមានកំណត់ក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ មាត្រា៥៣ ដែលកំណត់ថា «ព្រះរាជាណាចក្រកម្ពុជាប្រកាន់ខ្ជាប់ជានិច្ចនូវនយោបាយអព្យាក្រឹតអចិន្ត្រៃយ៍និងមិនចូលបក្សសម្ព័ន្ធ។ ព្រះរាជាណាចក្រកម្ពុជារួមរស់ដោយសន្តិសហវិជ្ជមានជាមួយប្រទេសជិតខាង និងប្រទេសដទៃទៀតទាំងអស់នៅលើសកលលោក»។

៣. កម្ពុជាត្រូវមានទំនាក់ទំនងល្អជាបងប្អូនជាមួយប្រទេសជិតខាង ទាំងវិស័យនយោបាយ សន្តិសុខ សេដ្ឋកិច្ច និងសង្គមវប្បធម៌។ កម្ពុជាមិនអាចយកប្រទេសជិតខាងណាជាសត្រូវនោះទេ ប៉ុន្តែ កម្ពុជាក៏មិនត្រូវស្ថិតក្រោមការបង្គាប់បញ្ជាឬឥទ្ធិពលរបស់ប្រទេសជិតខាងណាមួយនោះដែរ។ កម្ពុជាត្រូវមានទំនាក់ទំនងដោយស្មើមុខនិងស្មើសិទ្ធិជាមួយគ្រប់បណ្តាប្រទេសទាំងអស់ ដោយគោរពផលប្រយោជន៍គ្នាទៅវិញទៅមក គោរពអធិបតេយ្យនិងបូរណភាពទឹកដីគ្នាទៅវិញទៅមក និងមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ផងគ្នា។ ប្រទេសណាក៏ដោយដែលឈ្លានពានកម្ពុជា យើងត្រូវឆ្លើយតបតាមភាសារបស់ពួកគេ។

៤. ក្នុងចន្លោះរវាងខ្លានិងក្រពើ និងក្នុងបរិបទនៃការផ្លាស់ប្តូរនៃសណ្តាប់ធ្នាប់ពិភពលោកដែលផ្អែកលើច្បាប់ ទៅកាន់សណ្តាប់ធ្នាប់មួយដែលអ្នកខ្លាំងរំលោភអ្នកខ្សោយ ថ្វីបើយើងស្រឡាញ់សន្តិភាព តែយើងក៏មិនត្រូវភ្លេចខ្លួនត្រៀមលក្ខណៈសម្រាប់សង្គ្រាមនោះដែរ។

៥. ល្មមដល់ពេលអនុវត្តច្បាប់កាតព្វកិច្ចយោធាហើយ ដើម្បីឱ្យយុវជនយើងស្គាល់ពីយុទ្ធសាស្ត្រសង្គ្រាម ត្រៀមលក្ខណៈដើម្បីជាតិ ជាកម្លាំងស្នូលរបស់ជាតិ ជាខឿនការពារជាតិ, កុំឱ្យយុវជនចេះតែស្នេហាជាតិត្រឹមតែនៅលើហ្វេសប៊ុក។ ទន្ទឹមនឹងនោះ វាជាពេលវេលាមួយដែលកម្ពុជាចាំបាច់ពង្រឹងបន្ថែមទៀតនូវខឿនការពារជាតិរបស់ខ្លួនតាមរយៈការធ្វើទំនើបកម្មយោធា ពង្រឹងសមត្ថភាព វិន័យ សុខភាព និងបណ្ដុះមនសិការស្នេហាជាតិមោះមុតដល់កងកម្លាំងរបស់យើងគ្រប់ផ្នែក បង្កើនថវិកាការពារជាតិ និងពង្រីកបន្ថែមនូវកិច្ចសហប្រតិបត្តិការអន្តរជាតិលើវិស័យសន្តិសុខ។

ត្រូវចងចាំថា បើជាតិយើងខ្សោយ យើងមិនអាចទៅសំពះសុំសន្តិភាពពីនរណាបានទេ។ បើជាតិយើងខ្សោយ កុំនិយាយពីឯករាជ្យនិងអព្យាក្រឹត្យ សូម្បីតែយើងសុំរស់នៅដោយស្ងប់សុខដោយមិនទៅរំខានជាតិសាសន៍ណា ក៏មិនប្រាកដថា គេឱ្យជាតិយើងបានសុខនោះដែរ។ ដូច្នេះ មានតែយើងខិតខំប្រឹងប្រែងធ្វើឱ្យជាតិខ្លាំងនោះទេ ទើបជាតិយើងអាចគេចផុតពីការប្រមាថពីជាតិសាសន៍ដទៃបាន។ យើងត្រូវតែខិតខំប្រឹងប្រែងឱ្យខ្លាំង ដើម្បីអត្ថិភាព វឌ្ឍនភាព និងវិបុលភាពជាតិយើងទាំងបច្ចុប្បន្ននិងទៅអនាគត៕


អត្ថបទទាក់ទង

បណ្ឌិត យង់ ពៅ៖ អាស៊ានពិបាកដោះស្រាយវិបត្តិមីយ៉ាន់ម៉ា ព្រោះតែគ្មានជំហររួម និងផ្អែកលើផលប្រយោជន៍ភូមិសាស្ត្រនយោបាយរៀងខ្លួន

  សម្រាប់វិបត្តិមីយ៉ាន់ម៉ា គឺជាករណីមួយដែលអាស៊ានពិបាកនឹងចូលរួមជួយស្ដារវិបត្តិនេះ ព្រោះអាស៊ានមិនមានការប្រកាន់ជំហររួម ដោយប្រទេសជាសមាជិកបានប្រកាន់ជំហរផ្សេងៗគ្នារៀងខ្លួន បើទោះបីជាធម្មនុញ្ញអាស៊ានបានចែ...

2024-10-20 11:26:05   ថ្ងៃអាទិត្យ, 20 តុលា 2024 ម៉ោង 06:26 PM
បាតុភាពកើតមានក្នុងពន្ធនាគារ ម១ បង្ហាញពីភាពអនាធិបតេយ្យនៅពន្ធនាគារ ប៉ះពាល់មុខមាត់រាជរដ្ឋាភិបាល និងប្រទេសជាតិ ដែលត្រូវពង្រឹងការអនុវត្តវិន័យនិងធានាឱ្យបានការគ្រប់គ្រងតឹងរ៉ឹងបំផុត

ដោយ៖ បណ្ឌិត យង់ ពៅ ក្រោយការបែកធ្លាយវីដេអូរាំសប្បាយរបស់អ្នកជាប់ឃុំឃាំងនៅពន្ធនាគារ ម១ ប្រតិកម្មជាបន្តបន្ទាប់ត្រូវបានលើកឡើង ហើយបានក្លាយទៅជាប្រធានបទដ៏ក្ដៅមួយពេញបណ្ដាញសង្គមនាពេលថ្មីៗនេះ។ ប្រការនេះបានបង្ហា...

2024-10-18 02:59:13   ថ្ងៃសុក្រ, 18 តុលា 2024 ម៉ោង 09:59 AM
រាជបណ្ឌិត្យសភាកម្ពុជា ចុះអនុស្សរណៈយោគយល់គ្នាជាមួយនឹងក្រុមហ៊ុនពីរ ដើម្បីធ្វើកិច្ចសហប្រតិបត្តិការអភិវឌ្ឍឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៥ កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ នេះ ឯកឧត្ដមបណ្ឌិតសភាចា្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធ...

2024-10-17 08:07:58   ថ្ងៃព្រហស្បតិ៍, 17 តុលា 2024 ម៉ោង 03:07 PM
បណ្ឌិត យង់ ពៅ៖ ការកៀងគរបរទេសឱ្យចូលរួមក្នុងបាតុកម្មរបស់ខ្លួន បានបង្ហាញពីទង្វើទុច្ចរឹតរបស់ក្រុមជ្រុលនិយមចំពោះជាតិ និងជាការបំបែកបំបាក់ខ្មែរ ដើម្បីតែផលប្រយោជន៍សួនតួរបស់ខ្លួន

ជាថ្មីម្ដងហើយម្ដងទៀត ក្រុមប្រឆាំងនៅក្រៅប្រទេស បានព្យាយាមញុះញង់ឱ្យកើតមានបាតុកម្មប្រឆាំងនឹងរាជរដ្ឋាភិបាល តាមរយៈលេស និងហេតុផលផ្សេងៗមិនចេះចប់ ដែលចុងក្រោយនេះ ទោះបីជារាជរដ្ឋាភិបាលកម្ពុជាបានសម្រេចប្រកាសដកប្រ...

2024-10-17 07:43:22   ថ្ងៃព្រហស្បតិ៍, 17 តុលា 2024 ម៉ោង 02:43 PM
ឯកឧត្តមបណ្ឌិត យង់ ពៅអញ្ជើញចូលរួមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ «គម្រោងទីលានចាក់សំរាម ធំទូលាយ បរិស្ថានស្អាត» និងពិធីបើកស្លាក «មជ្ឈមណ្ឌលនវានុវត្តន៍បច្ចេកវិទ្យានិងវិទ្យាសាស្ត្រកម្ពុជា-ចិន»

នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងសហការីពីររូប អញ្ជើញចូលរួមពិធីសម្ពោធដាក់ឱ្យប្រ...

2024-10-15 11:34:41   ថ្ងៃអង្គារ, 15 តុលា 2024 ម៉ោង 06:34 PM
ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា អញ្ជើញចូលរួមពិធីសម្ពោធ និងកម្មវិធីសន្និសីទ នៅតំបន់ស្វយ័តជនជាតិជ័ងក្វាងស៊ីនៃសាធារណរដ្ឋប្រជាមានិតចិន

នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងសហការីពីររូប បានអញ្ជើញទៅចូលរួមពិធីសម្ពោធ និងកម្មវិ...

2024-10-15 10:23:26   ថ្ងៃអង្គារ, 15 តុលា 2024 ម៉ោង 05:23 PM

សេចក្តីប្រកាស