ព័ត៌មាន

«មេរៀនពីសង្គ្រាមនៅអ៊ុយក្រែន» ដោយ៖ បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា រាជបណ្ឌិត្យសភាកម្ពុជា

2022-02-28 04:14:32 ថ្ងៃចន្ទ, 28 កុម្ភៈ 2022 ម៉ោង 11:14 AM
អ្នកមើល 4245
post_detail

(ប្រធានាធិបតីអ៊ុយក្រែន៖ «មានតែយើងខ្លួនឯងប៉ុណ្ណោះ ដែលត្រូវការពារជាតិរបស់យើង។  តើមាននរណាដែលត្រៀមប្រយុទ្ធជាមួយយើង? ខ្ញុំមិនបានមើលឃើញនរណាម្នាក់នោះទេ»)

មេរៀនពីសង្គ្រាមនៅអ៊ុយក្រែន ក៏ដូចជាមេរៀននៅកម្ពុជាឆ្នាំ១៩៧៥ និងមេរៀនជាច្រើនទៀត បានបង្រៀនយើងថា ប្រទេសនីមួយៗ មិនត្រូវពឹងផ្អែកទៅលើបរទេសជ្រុលពេកទេ មិនថាវិស័យនយោបាយ សន្តិសុខ ឬសេដ្ឋកិច្ចនោះទេ។ គ្មាននរណាជួយយើងទេ បើយើងមិនអាចជួយខ្លួនឯងបាន, មានតែយើងប្រឹងធ្វើឱ្យជាតិយើងខ្លាំងទេ ទើបយើងអាចរក្សាអត្ថិភាពជាតិយើងបាន។

តាមរយៈមេរៀនពីសង្គ្រាមនៅអ៊ុយក្រែននេះ ខ្ញុំយល់ឃើញថា៖

១. សន្តិភាពគឺសំខាន់ជាងអ្វីៗទាំងអស់។ នៅពេលឃើញសោកនាដកម្មនៃសង្គ្រាម ទើបយើងកាន់តែយល់ច្បាស់ពីតម្លៃនៃសន្តិភាព, សង្រ្គាមឬសន្តិភាពចំណុះខ្លាំងលើភាពជាអ្នកដឹកនាំនិងការសម្រេចចិត្តរបស់មេដឹកនាំ។ ដូច្នេះ ត្រូវតែរួមគ្នារក្សាសន្តិភាពឱ្យបាន ហើយសន្តិភាពនោះ ត្រូវតែផ្តល់ម្លប់ និងផ្តល់ភាពសុខុដមរម្យនាដល់មនុស្សគ្រប់គ្នានៅក្នុងសង្គម និងជាគ្រឹះនៃឯកភាព សាមគ្គីភាព និងមោទនភាពជាតិ។ អ្វីដែលខ្មែរត្រូវការបំផុត គឺខ្មែរត្រូវពួតដៃគ្នា ដើម្បីជំរុញការអភិវឌ្ឍប្រទេសឱ្យលឿនទៅមុខដោយប្រើប្រាស់បញ្ញាញាណរបស់ខ្មែរគ្រប់គ្នា។

២. បន្តគោលនយោបាយការបរទេសដែលផ្តល់អាទិភាពលើសន្តិភាព ស្ថិរភាព វិបុលភាព និងបរិយាបន្ន ហើយត្រូវគោរពដោយខ្ជាប់ខ្ជួននូវគោលការណ៍គ្រឹះនៃនយោបាយការបរទេសដូចមានកំណត់ក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ មាត្រា៥៣ ដែលកំណត់ថា «ព្រះរាជាណាចក្រកម្ពុជាប្រកាន់ខ្ជាប់ជានិច្ចនូវនយោបាយអព្យាក្រឹតអចិន្ត្រៃយ៍និងមិនចូលបក្សសម្ព័ន្ធ។ ព្រះរាជាណាចក្រកម្ពុជារួមរស់ដោយសន្តិសហវិជ្ជមានជាមួយប្រទេសជិតខាង និងប្រទេសដទៃទៀតទាំងអស់នៅលើសកលលោក»។

៣. កម្ពុជាត្រូវមានទំនាក់ទំនងល្អជាបងប្អូនជាមួយប្រទេសជិតខាង ទាំងវិស័យនយោបាយ សន្តិសុខ សេដ្ឋកិច្ច និងសង្គមវប្បធម៌។ កម្ពុជាមិនអាចយកប្រទេសជិតខាងណាជាសត្រូវនោះទេ ប៉ុន្តែ កម្ពុជាក៏មិនត្រូវស្ថិតក្រោមការបង្គាប់បញ្ជាឬឥទ្ធិពលរបស់ប្រទេសជិតខាងណាមួយនោះដែរ។ កម្ពុជាត្រូវមានទំនាក់ទំនងដោយស្មើមុខនិងស្មើសិទ្ធិជាមួយគ្រប់បណ្តាប្រទេសទាំងអស់ ដោយគោរពផលប្រយោជន៍គ្នាទៅវិញទៅមក គោរពអធិបតេយ្យនិងបូរណភាពទឹកដីគ្នាទៅវិញទៅមក និងមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ផងគ្នា។ ប្រទេសណាក៏ដោយដែលឈ្លានពានកម្ពុជា យើងត្រូវឆ្លើយតបតាមភាសារបស់ពួកគេ។

៤. ក្នុងចន្លោះរវាងខ្លានិងក្រពើ និងក្នុងបរិបទនៃការផ្លាស់ប្តូរនៃសណ្តាប់ធ្នាប់ពិភពលោកដែលផ្អែកលើច្បាប់ ទៅកាន់សណ្តាប់ធ្នាប់មួយដែលអ្នកខ្លាំងរំលោភអ្នកខ្សោយ ថ្វីបើយើងស្រឡាញ់សន្តិភាព តែយើងក៏មិនត្រូវភ្លេចខ្លួនត្រៀមលក្ខណៈសម្រាប់សង្គ្រាមនោះដែរ។

៥. ល្មមដល់ពេលអនុវត្តច្បាប់កាតព្វកិច្ចយោធាហើយ ដើម្បីឱ្យយុវជនយើងស្គាល់ពីយុទ្ធសាស្ត្រសង្គ្រាម ត្រៀមលក្ខណៈដើម្បីជាតិ ជាកម្លាំងស្នូលរបស់ជាតិ ជាខឿនការពារជាតិ, កុំឱ្យយុវជនចេះតែស្នេហាជាតិត្រឹមតែនៅលើហ្វេសប៊ុក។ ទន្ទឹមនឹងនោះ វាជាពេលវេលាមួយដែលកម្ពុជាចាំបាច់ពង្រឹងបន្ថែមទៀតនូវខឿនការពារជាតិរបស់ខ្លួនតាមរយៈការធ្វើទំនើបកម្មយោធា ពង្រឹងសមត្ថភាព វិន័យ សុខភាព និងបណ្ដុះមនសិការស្នេហាជាតិមោះមុតដល់កងកម្លាំងរបស់យើងគ្រប់ផ្នែក បង្កើនថវិកាការពារជាតិ និងពង្រីកបន្ថែមនូវកិច្ចសហប្រតិបត្តិការអន្តរជាតិលើវិស័យសន្តិសុខ។

ត្រូវចងចាំថា បើជាតិយើងខ្សោយ យើងមិនអាចទៅសំពះសុំសន្តិភាពពីនរណាបានទេ។ បើជាតិយើងខ្សោយ កុំនិយាយពីឯករាជ្យនិងអព្យាក្រឹត្យ សូម្បីតែយើងសុំរស់នៅដោយស្ងប់សុខដោយមិនទៅរំខានជាតិសាសន៍ណា ក៏មិនប្រាកដថា គេឱ្យជាតិយើងបានសុខនោះដែរ។ ដូច្នេះ មានតែយើងខិតខំប្រឹងប្រែងធ្វើឱ្យជាតិខ្លាំងនោះទេ ទើបជាតិយើងអាចគេចផុតពីការប្រមាថពីជាតិសាសន៍ដទៃបាន។ យើងត្រូវតែខិតខំប្រឹងប្រែងឱ្យខ្លាំង ដើម្បីអត្ថិភាព វឌ្ឍនភាព និងវិបុលភាពជាតិយើងទាំងបច្ចុប្បន្ននិងទៅអនាគត៕


អត្ថបទទាក់ទង

រាជបណ្ឌិត្យសភាកម្ពុជានឹងរៀបចំបាឋកថាស្តីពី៖“ប្រវត្តិសាស្ត្រប្រទេសកម្ពុជា៖ «ពីអង្គរទៅអង្គការ (The History of Cambodia: From Angkor to Angkar)»

រាជបណ្ឌិត្យសភាកម្ពុជា មានកិត្តិយសសូមគោរពជម្រាបជូនសាធារណជន និងប្រព័ន្ធផ្សព្វផ្សាយនានា មេត្តាជ្រាបថា រាជបណ្ឌិត្យសភាកម្ពុជានឹងរៀបចំបាឋកថាស្តីពី៖ «ប្រវត្តិសាស្ត្រប្រទេសកម្ពុជា៖ ពីអង្គរទៅអង្គការ (The Histo...

2023-01-31 03:32:20   ថ្ងៃអង្គារ, 31 មករា 2023 ម៉ោង 10:32 AM
«កម្មវិធីសិក្ខាសាលាលើកទី១ របស់បេក្ខជនបណ្ឌិត យ៉ា សារុន»

រាជបណ្ឌិត្យសភាកម្ពុជា មានកិត្តិយសសូមជម្រាបជូនដល់សាធារណជន និស្សិត និងបេក្ខជនបណ្ឌិត ដែលកំពុងសិក្សានិងស្រាវជ្រាវ នៅរាជបណ្ឌិត្យសភាកម្ពុជា មេត្តាជ្រាបថា រាជបណ្ឌិត្យសភាកម្ពុជានឹងរៀបចំពិធី នឹងរៀបចំ សិក្ខាសាល...

2023-01-31 03:23:40   ថ្ងៃអង្គារ, 31 មករា 2023 ម៉ោង 10:23 AM
រាជបណ្ឌិត្យសភាកម្ពុជានឹងរៀបចំពិធីការពារគម្រោងលម្អិតនិក្ខេបបទថ្នាក់បណ្ឌិត ភូន ភូម៉ូនីរតន៍ (ជំនាន់ទី៦ វគ្គ១)

រាជបណ្ឌិត្យសភាកម្ពុជា មានកិត្តិយសសូមជម្រាបជូនដល់សាធារណជន និស្សិត និងបេក្ខជនបណ្ឌិត ដែលកំពុងសិក្សានិងស្រាវជ្រាវ នៅរាជបណ្ឌិត្យសភាកម្ពុជា មេត្តាជ្រាបថា រាជបណ្ឌិត្យសភាកម្ពុជានឹងរៀបចំពិធី ការពារគម្រោងលម្អិត...

2023-01-31 03:21:55   ថ្ងៃអង្គារ, 31 មករា 2023 ម៉ោង 10:21 AM
«វគ្គថ្មី! បណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ជំនាញចុងភៅនៅរាជបណ្ឌិត្យសភាកម្ពុជា»

រាជបណ្ឌិត្យសភាកម្ពុជា មានកិត្តិយសសូមជម្រាបជូនសាធារណៈជនដែលមានបំណងចូលរៀនវគ្គថ្មី បណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ជំនាញចុងភៅនៅរាជបណ្ឌិត្យសភាកម្ពុជា មេត្តាជ្រាបថា វគ្គថ្មីជំនាញចុងភៅ នឹងចាប់ផ្តើមតាមកាលប...

2023-01-31 03:19:09   ថ្ងៃអង្គារ, 31 មករា 2023 ម៉ោង 10:19 AM
តើបក្សភឿថៃ អាចត្រឡប់មកកាច់ចង្កូត ប្រទេសថៃក្នុងឆ្នាំ២០២៣បានដែរឬទេ?

ដោយ៖ លោក អ៊ុច លាង អ្នកសិក្សាស្រាវជ្រាវនៃនាយកដ្ឋានសិក្សាអាស៊ី អាហ្វ្រិក និងមជ្ឈិមបូព៌ា នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជាប្រសិនបើត្រូវបានជាប់ឆ្នោតក្នុងពេលបោះឆ្នោត នាខែឧសភ...

2023-01-28 11:48:59   ថ្ងៃសៅរ៍, 28 មករា 2023 ម៉ោង 06:48 PM
ឯកឧត្តមបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា នឹងអញ្ជើញជាវាគ្មិនកិត្តិយស ក្នុងកម្មវិធីបាឋកថាមួយ ស្តីពី«សេចក្តីសង្ខេបស្តីពីការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា៖ សមិទ្ធផល និងបញ្ហាប្រឈម» នៅថ្ងៃទី៤ ខែកុម្ភៈ ខាងមុខនេះ!

រាជបណ្ឌិត្យសភាកម្ពុជា មានកិត្តិយសសូមជម្រាបដំណឹង ជូនដល់មហាជន និស្សិត និងបេក្ខជនបណ្ឌិតទាំងអស់ដែលកំពុងសិក្សាស្រាវជ្រាវនៅរាជបណ្ឌិត្យសភាកម្ពុជា មេត្តាជ្រាបថា រាជបណ្ឌិត្យសភាកម្ពុជានឹងរៀបចំកម្មវិធីបាឋកថាមួយ...

2023-01-26 11:38:24   ថ្ងៃព្រហស្បតិ៍, 26 មករា 2023 ម៉ោង 06:38 PM

សេចក្តីប្រកាស