ព័ត៌មាន

«មេរៀនពីសង្គ្រាមនៅអ៊ុយក្រែន» ដោយ៖ បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា រាជបណ្ឌិត្យសភាកម្ពុជា

2022-02-28 04:14:32 ថ្ងៃចន្ទ, 28 កុម្ភៈ 2022 ម៉ោង 11:14 AM
អ្នកមើល 4104
post_detail

(ប្រធានាធិបតីអ៊ុយក្រែន៖ «មានតែយើងខ្លួនឯងប៉ុណ្ណោះ ដែលត្រូវការពារជាតិរបស់យើង។  តើមាននរណាដែលត្រៀមប្រយុទ្ធជាមួយយើង? ខ្ញុំមិនបានមើលឃើញនរណាម្នាក់នោះទេ»)

មេរៀនពីសង្គ្រាមនៅអ៊ុយក្រែន ក៏ដូចជាមេរៀននៅកម្ពុជាឆ្នាំ១៩៧៥ និងមេរៀនជាច្រើនទៀត បានបង្រៀនយើងថា ប្រទេសនីមួយៗ មិនត្រូវពឹងផ្អែកទៅលើបរទេសជ្រុលពេកទេ មិនថាវិស័យនយោបាយ សន្តិសុខ ឬសេដ្ឋកិច្ចនោះទេ។ គ្មាននរណាជួយយើងទេ បើយើងមិនអាចជួយខ្លួនឯងបាន, មានតែយើងប្រឹងធ្វើឱ្យជាតិយើងខ្លាំងទេ ទើបយើងអាចរក្សាអត្ថិភាពជាតិយើងបាន។

តាមរយៈមេរៀនពីសង្គ្រាមនៅអ៊ុយក្រែននេះ ខ្ញុំយល់ឃើញថា៖

១. សន្តិភាពគឺសំខាន់ជាងអ្វីៗទាំងអស់។ នៅពេលឃើញសោកនាដកម្មនៃសង្គ្រាម ទើបយើងកាន់តែយល់ច្បាស់ពីតម្លៃនៃសន្តិភាព, សង្រ្គាមឬសន្តិភាពចំណុះខ្លាំងលើភាពជាអ្នកដឹកនាំនិងការសម្រេចចិត្តរបស់មេដឹកនាំ។ ដូច្នេះ ត្រូវតែរួមគ្នារក្សាសន្តិភាពឱ្យបាន ហើយសន្តិភាពនោះ ត្រូវតែផ្តល់ម្លប់ និងផ្តល់ភាពសុខុដមរម្យនាដល់មនុស្សគ្រប់គ្នានៅក្នុងសង្គម និងជាគ្រឹះនៃឯកភាព សាមគ្គីភាព និងមោទនភាពជាតិ។ អ្វីដែលខ្មែរត្រូវការបំផុត គឺខ្មែរត្រូវពួតដៃគ្នា ដើម្បីជំរុញការអភិវឌ្ឍប្រទេសឱ្យលឿនទៅមុខដោយប្រើប្រាស់បញ្ញាញាណរបស់ខ្មែរគ្រប់គ្នា។

២. បន្តគោលនយោបាយការបរទេសដែលផ្តល់អាទិភាពលើសន្តិភាព ស្ថិរភាព វិបុលភាព និងបរិយាបន្ន ហើយត្រូវគោរពដោយខ្ជាប់ខ្ជួននូវគោលការណ៍គ្រឹះនៃនយោបាយការបរទេសដូចមានកំណត់ក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ មាត្រា៥៣ ដែលកំណត់ថា «ព្រះរាជាណាចក្រកម្ពុជាប្រកាន់ខ្ជាប់ជានិច្ចនូវនយោបាយអព្យាក្រឹតអចិន្ត្រៃយ៍និងមិនចូលបក្សសម្ព័ន្ធ។ ព្រះរាជាណាចក្រកម្ពុជារួមរស់ដោយសន្តិសហវិជ្ជមានជាមួយប្រទេសជិតខាង និងប្រទេសដទៃទៀតទាំងអស់នៅលើសកលលោក»។

៣. កម្ពុជាត្រូវមានទំនាក់ទំនងល្អជាបងប្អូនជាមួយប្រទេសជិតខាង ទាំងវិស័យនយោបាយ សន្តិសុខ សេដ្ឋកិច្ច និងសង្គមវប្បធម៌។ កម្ពុជាមិនអាចយកប្រទេសជិតខាងណាជាសត្រូវនោះទេ ប៉ុន្តែ កម្ពុជាក៏មិនត្រូវស្ថិតក្រោមការបង្គាប់បញ្ជាឬឥទ្ធិពលរបស់ប្រទេសជិតខាងណាមួយនោះដែរ។ កម្ពុជាត្រូវមានទំនាក់ទំនងដោយស្មើមុខនិងស្មើសិទ្ធិជាមួយគ្រប់បណ្តាប្រទេសទាំងអស់ ដោយគោរពផលប្រយោជន៍គ្នាទៅវិញទៅមក គោរពអធិបតេយ្យនិងបូរណភាពទឹកដីគ្នាទៅវិញទៅមក និងមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ផងគ្នា។ ប្រទេសណាក៏ដោយដែលឈ្លានពានកម្ពុជា យើងត្រូវឆ្លើយតបតាមភាសារបស់ពួកគេ។

៤. ក្នុងចន្លោះរវាងខ្លានិងក្រពើ និងក្នុងបរិបទនៃការផ្លាស់ប្តូរនៃសណ្តាប់ធ្នាប់ពិភពលោកដែលផ្អែកលើច្បាប់ ទៅកាន់សណ្តាប់ធ្នាប់មួយដែលអ្នកខ្លាំងរំលោភអ្នកខ្សោយ ថ្វីបើយើងស្រឡាញ់សន្តិភាព តែយើងក៏មិនត្រូវភ្លេចខ្លួនត្រៀមលក្ខណៈសម្រាប់សង្គ្រាមនោះដែរ។

៥. ល្មមដល់ពេលអនុវត្តច្បាប់កាតព្វកិច្ចយោធាហើយ ដើម្បីឱ្យយុវជនយើងស្គាល់ពីយុទ្ធសាស្ត្រសង្គ្រាម ត្រៀមលក្ខណៈដើម្បីជាតិ ជាកម្លាំងស្នូលរបស់ជាតិ ជាខឿនការពារជាតិ, កុំឱ្យយុវជនចេះតែស្នេហាជាតិត្រឹមតែនៅលើហ្វេសប៊ុក។ ទន្ទឹមនឹងនោះ វាជាពេលវេលាមួយដែលកម្ពុជាចាំបាច់ពង្រឹងបន្ថែមទៀតនូវខឿនការពារជាតិរបស់ខ្លួនតាមរយៈការធ្វើទំនើបកម្មយោធា ពង្រឹងសមត្ថភាព វិន័យ សុខភាព និងបណ្ដុះមនសិការស្នេហាជាតិមោះមុតដល់កងកម្លាំងរបស់យើងគ្រប់ផ្នែក បង្កើនថវិកាការពារជាតិ និងពង្រីកបន្ថែមនូវកិច្ចសហប្រតិបត្តិការអន្តរជាតិលើវិស័យសន្តិសុខ។

ត្រូវចងចាំថា បើជាតិយើងខ្សោយ យើងមិនអាចទៅសំពះសុំសន្តិភាពពីនរណាបានទេ។ បើជាតិយើងខ្សោយ កុំនិយាយពីឯករាជ្យនិងអព្យាក្រឹត្យ សូម្បីតែយើងសុំរស់នៅដោយស្ងប់សុខដោយមិនទៅរំខានជាតិសាសន៍ណា ក៏មិនប្រាកដថា គេឱ្យជាតិយើងបានសុខនោះដែរ។ ដូច្នេះ មានតែយើងខិតខំប្រឹងប្រែងធ្វើឱ្យជាតិខ្លាំងនោះទេ ទើបជាតិយើងអាចគេចផុតពីការប្រមាថពីជាតិសាសន៍ដទៃបាន។ យើងត្រូវតែខិតខំប្រឹងប្រែងឱ្យខ្លាំង ដើម្បីអត្ថិភាព វឌ្ឍនភាព និងវិបុលភាពជាតិយើងទាំងបច្ចុប្បន្ននិងទៅអនាគត៕


អត្ថបទទាក់ទង

«អ្នកទោសជាង៣០០នាក់នឹងត្រូវនាយករដ្ឋមន្ត្រីស្នើសុំលើកលែងនិងបន្ថយទោស»

ថ្ងៃអង្គារ ទី២ ខែតុលា ឆ្នាំ២០១៨​យោងតាមការផ្សាយព័ត៌មានរបស់ភ្នំពេញប៉ុស្តិ៍ ថាមានអ្នកទោសចំនួន៣១៩នាក់នឹងត្រូវលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើសុំលើកលែងទោសនិងបន្ធូរបន្ថយទោសក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះត...

2018-10-02 03:40:36   ថ្ងៃអង្គារ, 02 តុលា 2018 ម៉ោង 10:40 AM
«៦៧% នៃ​ពលរដ្ឋ​ពេញ​វ័យ​នៅ​កម្ពុជា កំពុង​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ»

ថ្ងៃអង្គារ ទី២​ ខែតុលា ឆ្នាំ២០១៨បច្ចុប្បន្ន​អត្រា​នៃ​ប្រជាជន​ពេញវ័យ ដែល​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​នេះ​មាន​ការ​កើនឡើង​ខ្ពស់ រហូតដល់​៦៧% បើ​ធៀប​កាលពីមុន​មាន​ត្រឹម​ក្រោម​១០%​ប៉ុណ្ណោះ។នេះ​បើ​យោង​តាម​ការ...

2018-10-02 03:29:24   ថ្ងៃអង្គារ, 02 តុលា 2018 ម៉ោង 10:29 AM
រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងស្តីពីការកែសម្រួលខ្សែរត់រថយន្តក្រុងចាស់

សេចក្តី​ជូន​ដំណឹង៖​ ស្តីពី​ការ​កែសម្រួល​ខ្សែ​រត់​រថយន្ត​ក្រុង​ចាស់​ និង​បន្ថែម​បណ្ដាញ​ខ្សែ​រត់​ថ្មី​របស់​រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ​រថយន្ត​ក្រុង​(City Bus) រាជធានីភ្នំពេញ​។ស្វែងយល់ពីស្លាកសំគាល់រ...

2018-10-02 03:07:52   ថ្ងៃអង្គារ, 02 តុលា 2018 ម៉ោង 10:07 AM
«ជក់បារីក្នុងហាងនឹងត្រូវពិន័យ២ម៉ឺនរៀល ឯម្ចាស់ហាង៤ម៉ឺនរៀល...»

ថ្ងៃអាទិត្យ ទី៣០ ខែកញ្ញា ឆ្នាំ២០១៨ក្រសួងសុខាភិបាលនឹងចាប់ផ្ដើមអនុវត្តវិធានការច្បាប់ ពិន័យអ្នកជក់បារី និងម្ចាស់ភោជនីយដ្ឋានឆាប់ៗខាងមុខនេះ ក្រោយពីមើលឃើញពីអត្រាអ្នកស្លាប់ដោយសារការជក់បារីក្នុង១ឆ្នាំៗមានការក...

2018-09-30 14:34:26   ថ្ងៃអាទិត្យ, 30 កញ្ញា 2018 ម៉ោង 09:34 PM
«ផ្ទះ​បណ្តែត​ទឹក​ជនជាតិ​វៀតណាម​នៅ​កំពង់ឆ្នាំង នឹង​ត្រូវ​បម្លាស់​​ទី​ឡើង​​គោកវិញ​ឱ្យ​អស់ ត្រឹម​ចុង​ឆ្នាំ​នេះនៅថ្ងៃ​ទី០១ ខែ​តុលា ឆ្នាំ២០១៨ ខាងមុខ​នេះ...»

ថ្ងៃអាទិត្យ ទី៣០ ខែកញ្ញា ឆ្នាំ២០១៨អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំងនឹង​ចាប់ផ្តើម​បម្លាស់​ទី​ផ្ទះ​បណ្តែត​ទឹក​របស់​ជនជាតិ​វៀតណាម​ ជិត​១ពាន់គ្រួសារ នៅក្នុង​ក្រុង​កំពង់ឆ្នាំង ឱ្យមក​រស់នៅ​លើ​គោកវិញ​ឱ្យ​អស់​​ត្រឹម...

2018-09-30 14:19:49   ថ្ងៃអាទិត្យ, 30 កញ្ញា 2018 ម៉ោង 09:19 PM
«រដ្ឋមន្ត្រីក្រសួងកសិកម្ម ជំរុញ​​កសិករ​ចងក្រងជាសហគមន៍កសិករ ក្នុងការផលិតស្រូវឲ្យមានលក្ខណៈស្តង់ដារ ស្រប​តាមទីផ្សារអន្តរជាតិ»

ថ្ងៃអាទិត្យ ទី៣០ ខែកញ្ញា ឆ្នាំ២០១៨(កំពង់ធំ)​៖ ដើម្បីលើកស្ទួយវិស័យកសិកម្ម តាមរយៈការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យាឱ្យបានប្រសើរឡើង និងមានលក្ខណៈស្តង់ដារ ក្នុងការផលិតអង្ករនាំចេញ ​លោក វេង សាខុន រដ្ឋមន្...

2018-09-30 14:12:01   ថ្ងៃអាទិត្យ, 30 កញ្ញា 2018 ម៉ោង 09:12 PM

សេចក្តីប្រកាស