ព័ត៌មាន

«មេរៀនពីសង្គ្រាមនៅអ៊ុយក្រែន» ដោយ៖ បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា រាជបណ្ឌិត្យសភាកម្ពុជា

2022-02-28 04:14:32 ថ្ងៃចន្ទ, 28 កុម្ភៈ 2022 ម៉ោង 11:14 AM
អ្នកមើល 4374
post_detail

(ប្រធានាធិបតីអ៊ុយក្រែន៖ «មានតែយើងខ្លួនឯងប៉ុណ្ណោះ ដែលត្រូវការពារជាតិរបស់យើង។  តើមាននរណាដែលត្រៀមប្រយុទ្ធជាមួយយើង? ខ្ញុំមិនបានមើលឃើញនរណាម្នាក់នោះទេ»)

មេរៀនពីសង្គ្រាមនៅអ៊ុយក្រែន ក៏ដូចជាមេរៀននៅកម្ពុជាឆ្នាំ១៩៧៥ និងមេរៀនជាច្រើនទៀត បានបង្រៀនយើងថា ប្រទេសនីមួយៗ មិនត្រូវពឹងផ្អែកទៅលើបរទេសជ្រុលពេកទេ មិនថាវិស័យនយោបាយ សន្តិសុខ ឬសេដ្ឋកិច្ចនោះទេ។ គ្មាននរណាជួយយើងទេ បើយើងមិនអាចជួយខ្លួនឯងបាន, មានតែយើងប្រឹងធ្វើឱ្យជាតិយើងខ្លាំងទេ ទើបយើងអាចរក្សាអត្ថិភាពជាតិយើងបាន។

តាមរយៈមេរៀនពីសង្គ្រាមនៅអ៊ុយក្រែននេះ ខ្ញុំយល់ឃើញថា៖

១. សន្តិភាពគឺសំខាន់ជាងអ្វីៗទាំងអស់។ នៅពេលឃើញសោកនាដកម្មនៃសង្គ្រាម ទើបយើងកាន់តែយល់ច្បាស់ពីតម្លៃនៃសន្តិភាព, សង្រ្គាមឬសន្តិភាពចំណុះខ្លាំងលើភាពជាអ្នកដឹកនាំនិងការសម្រេចចិត្តរបស់មេដឹកនាំ។ ដូច្នេះ ត្រូវតែរួមគ្នារក្សាសន្តិភាពឱ្យបាន ហើយសន្តិភាពនោះ ត្រូវតែផ្តល់ម្លប់ និងផ្តល់ភាពសុខុដមរម្យនាដល់មនុស្សគ្រប់គ្នានៅក្នុងសង្គម និងជាគ្រឹះនៃឯកភាព សាមគ្គីភាព និងមោទនភាពជាតិ។ អ្វីដែលខ្មែរត្រូវការបំផុត គឺខ្មែរត្រូវពួតដៃគ្នា ដើម្បីជំរុញការអភិវឌ្ឍប្រទេសឱ្យលឿនទៅមុខដោយប្រើប្រាស់បញ្ញាញាណរបស់ខ្មែរគ្រប់គ្នា។

២. បន្តគោលនយោបាយការបរទេសដែលផ្តល់អាទិភាពលើសន្តិភាព ស្ថិរភាព វិបុលភាព និងបរិយាបន្ន ហើយត្រូវគោរពដោយខ្ជាប់ខ្ជួននូវគោលការណ៍គ្រឹះនៃនយោបាយការបរទេសដូចមានកំណត់ក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ មាត្រា៥៣ ដែលកំណត់ថា «ព្រះរាជាណាចក្រកម្ពុជាប្រកាន់ខ្ជាប់ជានិច្ចនូវនយោបាយអព្យាក្រឹតអចិន្ត្រៃយ៍និងមិនចូលបក្សសម្ព័ន្ធ។ ព្រះរាជាណាចក្រកម្ពុជារួមរស់ដោយសន្តិសហវិជ្ជមានជាមួយប្រទេសជិតខាង និងប្រទេសដទៃទៀតទាំងអស់នៅលើសកលលោក»។

៣. កម្ពុជាត្រូវមានទំនាក់ទំនងល្អជាបងប្អូនជាមួយប្រទេសជិតខាង ទាំងវិស័យនយោបាយ សន្តិសុខ សេដ្ឋកិច្ច និងសង្គមវប្បធម៌។ កម្ពុជាមិនអាចយកប្រទេសជិតខាងណាជាសត្រូវនោះទេ ប៉ុន្តែ កម្ពុជាក៏មិនត្រូវស្ថិតក្រោមការបង្គាប់បញ្ជាឬឥទ្ធិពលរបស់ប្រទេសជិតខាងណាមួយនោះដែរ។ កម្ពុជាត្រូវមានទំនាក់ទំនងដោយស្មើមុខនិងស្មើសិទ្ធិជាមួយគ្រប់បណ្តាប្រទេសទាំងអស់ ដោយគោរពផលប្រយោជន៍គ្នាទៅវិញទៅមក គោរពអធិបតេយ្យនិងបូរណភាពទឹកដីគ្នាទៅវិញទៅមក និងមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ផងគ្នា។ ប្រទេសណាក៏ដោយដែលឈ្លានពានកម្ពុជា យើងត្រូវឆ្លើយតបតាមភាសារបស់ពួកគេ។

៤. ក្នុងចន្លោះរវាងខ្លានិងក្រពើ និងក្នុងបរិបទនៃការផ្លាស់ប្តូរនៃសណ្តាប់ធ្នាប់ពិភពលោកដែលផ្អែកលើច្បាប់ ទៅកាន់សណ្តាប់ធ្នាប់មួយដែលអ្នកខ្លាំងរំលោភអ្នកខ្សោយ ថ្វីបើយើងស្រឡាញ់សន្តិភាព តែយើងក៏មិនត្រូវភ្លេចខ្លួនត្រៀមលក្ខណៈសម្រាប់សង្គ្រាមនោះដែរ។

៥. ល្មមដល់ពេលអនុវត្តច្បាប់កាតព្វកិច្ចយោធាហើយ ដើម្បីឱ្យយុវជនយើងស្គាល់ពីយុទ្ធសាស្ត្រសង្គ្រាម ត្រៀមលក្ខណៈដើម្បីជាតិ ជាកម្លាំងស្នូលរបស់ជាតិ ជាខឿនការពារជាតិ, កុំឱ្យយុវជនចេះតែស្នេហាជាតិត្រឹមតែនៅលើហ្វេសប៊ុក។ ទន្ទឹមនឹងនោះ វាជាពេលវេលាមួយដែលកម្ពុជាចាំបាច់ពង្រឹងបន្ថែមទៀតនូវខឿនការពារជាតិរបស់ខ្លួនតាមរយៈការធ្វើទំនើបកម្មយោធា ពង្រឹងសមត្ថភាព វិន័យ សុខភាព និងបណ្ដុះមនសិការស្នេហាជាតិមោះមុតដល់កងកម្លាំងរបស់យើងគ្រប់ផ្នែក បង្កើនថវិកាការពារជាតិ និងពង្រីកបន្ថែមនូវកិច្ចសហប្រតិបត្តិការអន្តរជាតិលើវិស័យសន្តិសុខ។

ត្រូវចងចាំថា បើជាតិយើងខ្សោយ យើងមិនអាចទៅសំពះសុំសន្តិភាពពីនរណាបានទេ។ បើជាតិយើងខ្សោយ កុំនិយាយពីឯករាជ្យនិងអព្យាក្រឹត្យ សូម្បីតែយើងសុំរស់នៅដោយស្ងប់សុខដោយមិនទៅរំខានជាតិសាសន៍ណា ក៏មិនប្រាកដថា គេឱ្យជាតិយើងបានសុខនោះដែរ។ ដូច្នេះ មានតែយើងខិតខំប្រឹងប្រែងធ្វើឱ្យជាតិខ្លាំងនោះទេ ទើបជាតិយើងអាចគេចផុតពីការប្រមាថពីជាតិសាសន៍ដទៃបាន។ យើងត្រូវតែខិតខំប្រឹងប្រែងឱ្យខ្លាំង ដើម្បីអត្ថិភាព វឌ្ឍនភាព និងវិបុលភាពជាតិយើងទាំងបច្ចុប្បន្ននិងទៅអនាគត៕


អត្ថបទទាក់ទង

«នៅព្រឹកថ្ងៃទី២៦ កុម្ភៈ ស្អែកនេះ រាជបណ្ឌិត្យសភាកម្ពុជារៀបចំការប្រឡងជ្រើសរើសមន្ត្រីរាជការថ្មីចំនួន១៧នាក់ ក្នុងក្របខណ្ឌទីស្តីការគណៈរដ្ឋមន្ត្រី» ដោយ៖ រឿន ភារុន

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ស្អែកនេះ រាជបណ្ឌិត្យសភាកម្ពុជានឹងរៀបចំការប្រឡងជ្រើសរើសមន្ត្រីរាជការថ្មីចំនួន១៧នាក់ ក្នុងក្របខណ្ឌទីស្តីការគណៈរដ្ឋមន្ត្រី។ដើម្បីរៀបចំដំណើរការប្...

2020-02-25 04:22:38   ថ្ងៃអង្គារ, 25 កុម្ភៈ 2020 ម៉ោង 11:22 AM
«ឯកឧត្ដម Dmitry TSVETKOV គឺជាឥស្សរជនបរទេសទីមួយដែលរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចតែងតាំងជា «សមាជិកកិត្តិយស»នៃរាជបណ្ឌិត្យសភាកម្ពុជា»

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ឯកឧត្ដម Dmitry TSVETKOV ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា គឺជាឥស្សរជនបរទេសទីមួយដែលរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចតែងតាំងជា «សមាជិកកិត្តិយស»នៃរាជបណ្ឌិត្យសភាក...

2020-02-24 12:52:33   ថ្ងៃចន្ទ, 24 កុម្ភៈ 2020 ម៉ោង 07:52 PM
«RAC នឹងប្រារព្ធពិធីប្រកាសសមាជិកកិត្តិយសជូនឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីនៅថ្ងៃទី២៤ ខែកុម្ភៈ»

(រាជបណ្ឌិត្យសភាកម្ពុជា)៖ រាជបណ្ឌិត្យសភាកម្ពុជា (Royal Academy of Cambodia) នឹងរៀបចំប្រារព្ធពិធីប្រកាសសមាជិកកិត្តិយសជូនឯកឧត្តម Dmitry TSVETKOV ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា នៅរ...

2020-02-21 10:29:17   ថ្ងៃសុក្រ, 21 កុម្ភៈ 2020 ម៉ោង 05:29 PM
រាជបណ្ឌិត្យសភាកម្ពុជា ចេញសេចក្តីណែនាំ បទបញ្ញត្តិ និងវិធានការសម្រាប់ថ្ងៃប្រឡងរើសមន្ត្រីរាជការ ក្របខណ្ឌ«ក»

រាជបណ្ឌិត្យសភាកម្ពុជា សូមជូនដំណឹងដល់បេក្ខជនដែលនឹងត្រូវចូលរួមប្រឡងចូលបម្រើការងារនៅរាជបណ្ឌិត្យសភាកម្ពុជា ក្របខណ្ឌទីស្តីការគណៈរដ្ឋមន្រ្តីសម្រាប់ឆ្នាំ២០២០ សូមជ្រាបថា ដើម្បីរក្សាសណ្តាប់ធ្នាប់ របៀបរៀបរយ និង...

2020-02-21 10:11:09   ថ្ងៃសុក្រ, 21 កុម្ភៈ 2020 ម៉ោង 05:11 PM
សេចក្តីជូនដំណឹងកាលបរិច្ឆេទប្រឡងជ្រើសរើសមន្ត្រីរាជការចូលបម្រើការនៅរាជបណ្ឌិត្យសភាកម្ពុជា ឆ្នាំ២០២០

រាជបណ្ឌិត្យសភាកម្ពុជា សូមជូនដំណឹងដល់បេក្ខជនទាំងអស់ដែលបានដាក់ពាក្យប្រឡងជ្រើសរើសចូលបម្រើ​ការងារនៅរាជបណ្ឌិត្យសភាកម្ពុជា ក្របខណ្ឌទីស្តីការគណៈរដ្ឋមន្ត្រី សម្រាប់ឆ្នាំ២០២០ ជ្រាបថា កាលបរិច្ឆេទប្រឡងនឹងប្រព្រឹ...

2020-02-21 10:00:29   ថ្ងៃសុក្រ, 21 កុម្ភៈ 2020 ម៉ោង 05:00 PM
«កិច្ចប្រជុំក្រុមប្រឹក្សាភិបាលរបស់រាជបណ្ឌិត្យសភាកម្ពុជា ជាលើកដំបូង»

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅថ្ងៃព្រហស្បតិ៍ ១២រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០ ២០នេះ ក្រុមប្រឹក្សាភិបាលរាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំកិច្ចប្រជុំ ជាលើកដំបូង ដើម្បីពិនិត្...

2020-02-20 08:25:09   ថ្ងៃព្រហស្បតិ៍, 20 កុម្ភៈ 2020 ម៉ោង 03:25 PM

សេចក្តីប្រកាស