ព័ត៌មាន

«មេរៀនពីសង្គ្រាមនៅអ៊ុយក្រែន» ដោយ៖ បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា រាជបណ្ឌិត្យសភាកម្ពុជា

2022-02-28 04:14:32 ថ្ងៃចន្ទ, 28 កុម្ភៈ 2022 ម៉ោង 11:14 AM
អ្នកមើល 4408
post_detail

(ប្រធានាធិបតីអ៊ុយក្រែន៖ «មានតែយើងខ្លួនឯងប៉ុណ្ណោះ ដែលត្រូវការពារជាតិរបស់យើង។  តើមាននរណាដែលត្រៀមប្រយុទ្ធជាមួយយើង? ខ្ញុំមិនបានមើលឃើញនរណាម្នាក់នោះទេ»)

មេរៀនពីសង្គ្រាមនៅអ៊ុយក្រែន ក៏ដូចជាមេរៀននៅកម្ពុជាឆ្នាំ១៩៧៥ និងមេរៀនជាច្រើនទៀត បានបង្រៀនយើងថា ប្រទេសនីមួយៗ មិនត្រូវពឹងផ្អែកទៅលើបរទេសជ្រុលពេកទេ មិនថាវិស័យនយោបាយ សន្តិសុខ ឬសេដ្ឋកិច្ចនោះទេ។ គ្មាននរណាជួយយើងទេ បើយើងមិនអាចជួយខ្លួនឯងបាន, មានតែយើងប្រឹងធ្វើឱ្យជាតិយើងខ្លាំងទេ ទើបយើងអាចរក្សាអត្ថិភាពជាតិយើងបាន។

តាមរយៈមេរៀនពីសង្គ្រាមនៅអ៊ុយក្រែននេះ ខ្ញុំយល់ឃើញថា៖

១. សន្តិភាពគឺសំខាន់ជាងអ្វីៗទាំងអស់។ នៅពេលឃើញសោកនាដកម្មនៃសង្គ្រាម ទើបយើងកាន់តែយល់ច្បាស់ពីតម្លៃនៃសន្តិភាព, សង្រ្គាមឬសន្តិភាពចំណុះខ្លាំងលើភាពជាអ្នកដឹកនាំនិងការសម្រេចចិត្តរបស់មេដឹកនាំ។ ដូច្នេះ ត្រូវតែរួមគ្នារក្សាសន្តិភាពឱ្យបាន ហើយសន្តិភាពនោះ ត្រូវតែផ្តល់ម្លប់ និងផ្តល់ភាពសុខុដមរម្យនាដល់មនុស្សគ្រប់គ្នានៅក្នុងសង្គម និងជាគ្រឹះនៃឯកភាព សាមគ្គីភាព និងមោទនភាពជាតិ។ អ្វីដែលខ្មែរត្រូវការបំផុត គឺខ្មែរត្រូវពួតដៃគ្នា ដើម្បីជំរុញការអភិវឌ្ឍប្រទេសឱ្យលឿនទៅមុខដោយប្រើប្រាស់បញ្ញាញាណរបស់ខ្មែរគ្រប់គ្នា។

២. បន្តគោលនយោបាយការបរទេសដែលផ្តល់អាទិភាពលើសន្តិភាព ស្ថិរភាព វិបុលភាព និងបរិយាបន្ន ហើយត្រូវគោរពដោយខ្ជាប់ខ្ជួននូវគោលការណ៍គ្រឹះនៃនយោបាយការបរទេសដូចមានកំណត់ក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ មាត្រា៥៣ ដែលកំណត់ថា «ព្រះរាជាណាចក្រកម្ពុជាប្រកាន់ខ្ជាប់ជានិច្ចនូវនយោបាយអព្យាក្រឹតអចិន្ត្រៃយ៍និងមិនចូលបក្សសម្ព័ន្ធ។ ព្រះរាជាណាចក្រកម្ពុជារួមរស់ដោយសន្តិសហវិជ្ជមានជាមួយប្រទេសជិតខាង និងប្រទេសដទៃទៀតទាំងអស់នៅលើសកលលោក»។

៣. កម្ពុជាត្រូវមានទំនាក់ទំនងល្អជាបងប្អូនជាមួយប្រទេសជិតខាង ទាំងវិស័យនយោបាយ សន្តិសុខ សេដ្ឋកិច្ច និងសង្គមវប្បធម៌។ កម្ពុជាមិនអាចយកប្រទេសជិតខាងណាជាសត្រូវនោះទេ ប៉ុន្តែ កម្ពុជាក៏មិនត្រូវស្ថិតក្រោមការបង្គាប់បញ្ជាឬឥទ្ធិពលរបស់ប្រទេសជិតខាងណាមួយនោះដែរ។ កម្ពុជាត្រូវមានទំនាក់ទំនងដោយស្មើមុខនិងស្មើសិទ្ធិជាមួយគ្រប់បណ្តាប្រទេសទាំងអស់ ដោយគោរពផលប្រយោជន៍គ្នាទៅវិញទៅមក គោរពអធិបតេយ្យនិងបូរណភាពទឹកដីគ្នាទៅវិញទៅមក និងមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ផងគ្នា។ ប្រទេសណាក៏ដោយដែលឈ្លានពានកម្ពុជា យើងត្រូវឆ្លើយតបតាមភាសារបស់ពួកគេ។

៤. ក្នុងចន្លោះរវាងខ្លានិងក្រពើ និងក្នុងបរិបទនៃការផ្លាស់ប្តូរនៃសណ្តាប់ធ្នាប់ពិភពលោកដែលផ្អែកលើច្បាប់ ទៅកាន់សណ្តាប់ធ្នាប់មួយដែលអ្នកខ្លាំងរំលោភអ្នកខ្សោយ ថ្វីបើយើងស្រឡាញ់សន្តិភាព តែយើងក៏មិនត្រូវភ្លេចខ្លួនត្រៀមលក្ខណៈសម្រាប់សង្គ្រាមនោះដែរ។

៥. ល្មមដល់ពេលអនុវត្តច្បាប់កាតព្វកិច្ចយោធាហើយ ដើម្បីឱ្យយុវជនយើងស្គាល់ពីយុទ្ធសាស្ត្រសង្គ្រាម ត្រៀមលក្ខណៈដើម្បីជាតិ ជាកម្លាំងស្នូលរបស់ជាតិ ជាខឿនការពារជាតិ, កុំឱ្យយុវជនចេះតែស្នេហាជាតិត្រឹមតែនៅលើហ្វេសប៊ុក។ ទន្ទឹមនឹងនោះ វាជាពេលវេលាមួយដែលកម្ពុជាចាំបាច់ពង្រឹងបន្ថែមទៀតនូវខឿនការពារជាតិរបស់ខ្លួនតាមរយៈការធ្វើទំនើបកម្មយោធា ពង្រឹងសមត្ថភាព វិន័យ សុខភាព និងបណ្ដុះមនសិការស្នេហាជាតិមោះមុតដល់កងកម្លាំងរបស់យើងគ្រប់ផ្នែក បង្កើនថវិកាការពារជាតិ និងពង្រីកបន្ថែមនូវកិច្ចសហប្រតិបត្តិការអន្តរជាតិលើវិស័យសន្តិសុខ។

ត្រូវចងចាំថា បើជាតិយើងខ្សោយ យើងមិនអាចទៅសំពះសុំសន្តិភាពពីនរណាបានទេ។ បើជាតិយើងខ្សោយ កុំនិយាយពីឯករាជ្យនិងអព្យាក្រឹត្យ សូម្បីតែយើងសុំរស់នៅដោយស្ងប់សុខដោយមិនទៅរំខានជាតិសាសន៍ណា ក៏មិនប្រាកដថា គេឱ្យជាតិយើងបានសុខនោះដែរ។ ដូច្នេះ មានតែយើងខិតខំប្រឹងប្រែងធ្វើឱ្យជាតិខ្លាំងនោះទេ ទើបជាតិយើងអាចគេចផុតពីការប្រមាថពីជាតិសាសន៍ដទៃបាន។ យើងត្រូវតែខិតខំប្រឹងប្រែងឱ្យខ្លាំង ដើម្បីអត្ថិភាព វឌ្ឍនភាព និងវិបុលភាពជាតិយើងទាំងបច្ចុប្បន្ននិងទៅអនាគត៕


អត្ថបទទាក់ទង

បទបញ្ជារបស់រាជរដ្ឋាភិបាលស្ដីពីការដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេសក្នុងគោលដៅបង្ការនិងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩

ក្នុងគោលបំណងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ នៅក្នុងកាលៈទេសៈពិសេសនាបច្ចុប្បន្នមិនឱ្យជំងឺនេះរាលដាលឈានចេញពីដំណាក់កាលនៃការឆ្លងដោយសារការនាំចូលពីប្រភពខាងក្រៅទៅដល់ដំណាក់កាលនៃការឆ្លងរាលដាលរវាងប្រជាជនក្នុងស...

2020-04-09 09:52:04   ថ្ងៃព្រហស្បតិ៍, 09 មេសា 2020 ម៉ោង 04:52 PM
អ្វីទៅជាគណិតវិទ្យាអនុវត្ត? ដោយ៖ លោក យឹម អាយុវឌ្ឍនៈវិជ្ជា ប្រធានផ្នែកគណិតវិទ្យានិងស្ថិតិ នៃវិទ្យាស្ថានវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា

តើអ្នកតែងតែជា«មនុស្សដែលមានលេខ» ប៉ុន្តែអ្នកចាប់អារម្មណ៍លើវិធីគណិតវិទ្យាដែលមានឥទ្ធិពលលើពិភពលោកជុំវិញយើងមែនទេ? តើអ្នកចង់ប្រើគណិតវិទ្យាដើម្បីបង្កើតគំនិតថ្មីៗ ស្វែងយល់កាន់តែច្បាស់អំពីពិភពលោកជុំវិញយើងនិងជួយ...

2020-04-09 07:57:44   ថ្ងៃព្រហស្បតិ៍, 09 មេសា 2020 ម៉ោង 02:57 PM
«បណ្ឌិត មាឃ បូរ៉ា ជាប់ស្ថាពរជាបេក្ខភាពប្រធានវិទ្យាស្ថានភាសាជាតិ»

(រាជបណ្ឌិត្យសភាកម្ពុជា)៖ លោកបណ្ឌិត មាឃ បូរ៉ា ប្រធានផ្នែកសិលាចារឹកវិទ្យានៃវិទ្យាស្ថានភាសាជាតិត្រូវបានគណៈកម្មការវាយតម្លៃជាប់ស្ថាពរជាបេក្ខភាពប្រធានវិទ្យាស្ថានភាសាជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា ក្រោយពីលោកបណ្...

2020-04-07 10:43:33   ថ្ងៃអង្គារ, 07 មេសា 2020 ម៉ោង 05:43 PM
«វិញ្ញាសាកូវីដ ១៩» អត្ថបទដោយ៖ ខែក វីរៈ

បច្ចុប្បន្នវិទ្យាសាស្ត្រមានការរីកចម្រើនណាស់ គេអាចឡើងទៅហួសឋានព្រះចន្ទ, អាចមុជដល់បាតមហាសមុទ្រ, អាចចូលដល់ស្នូលផែនដី, អាចឆ្លុះមើលដល់អង្គធាតុតូចៗបំផុត ជាងនេះទៅទៀតវិទ្យាសាស្ត្រអាចផលិតអាវុធប្រល័យលោកបានថែមទៀ...

2020-04-05 11:59:13   ថ្ងៃអាទិត្យ, 05 មេសា 2020 ម៉ោង 06:59 PM
រាជបណ្ឌិត្យសភាកម្ពុជា នៅតែបន្តការសិក្សាស្រាវជ្រាវតាមជំនាញនិងតាមការទទួលខុសត្រូវ‌‍

ថ្មីៗនេះមានសាធារណជនមួយចំនួនតូចហាក់នៅមិនទាន់យល់ច្បាស់ពីតួនាទីនិងភារកិច្ចរបស់រាជបណ្ឌិត្យសភាកម្ពុជា ជាពិសេសចម្ងល់ចំពោះរាជបណ្ឌិត្យសភាកម្ពុជាពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ ក្រុមការងារ RAC Media បានទាក់ទងសុំការបំ...

2020-04-05 06:19:25   ថ្ងៃអាទិត្យ, 05 មេសា 2020 ម៉ោង 01:19 PM
តើប្រជាពលរដ្ឋគួរធ្វើយ៉ាងណាក្នុងដំណាក់កាលនៃរីករាលដាលជំងឺកូវីដ១៩?

នៅក្នុងពេលបច្ចុប្បន្ននេះ កម្ពុជាក៏ដូចជាពិភពលោកទាំងមូលកំពុងប្រឈមនឹងការរីករាលដាលនៃជំងឺបង្កដោយវីរុសកូវីដ១៩ដែលបានបណ្ដាលឱ្យមានមនុស្សឆ្លងកើនដល់ជាង ១លាននាក់ និងមានមនុស្សស្លាប់ដោយសារជំងឺនេះជាង ៥០ ០០០នាក់។ នៅក...

2020-04-04 07:46:04   ថ្ងៃសៅរ៍, 04 មេសា 2020 ម៉ោង 02:46 PM

សេចក្តីប្រកាស