ព័ត៌មាន

«មេរៀនពីសង្គ្រាមនៅអ៊ុយក្រែន» ដោយ៖ បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា រាជបណ្ឌិត្យសភាកម្ពុជា

2022-02-28 04:14:32 ថ្ងៃចន្ទ, 28 កុម្ភៈ 2022 ម៉ោង 11:14 AM
អ្នកមើល 4422
post_detail

(ប្រធានាធិបតីអ៊ុយក្រែន៖ «មានតែយើងខ្លួនឯងប៉ុណ្ណោះ ដែលត្រូវការពារជាតិរបស់យើង។  តើមាននរណាដែលត្រៀមប្រយុទ្ធជាមួយយើង? ខ្ញុំមិនបានមើលឃើញនរណាម្នាក់នោះទេ»)

មេរៀនពីសង្គ្រាមនៅអ៊ុយក្រែន ក៏ដូចជាមេរៀននៅកម្ពុជាឆ្នាំ១៩៧៥ និងមេរៀនជាច្រើនទៀត បានបង្រៀនយើងថា ប្រទេសនីមួយៗ មិនត្រូវពឹងផ្អែកទៅលើបរទេសជ្រុលពេកទេ មិនថាវិស័យនយោបាយ សន្តិសុខ ឬសេដ្ឋកិច្ចនោះទេ។ គ្មាននរណាជួយយើងទេ បើយើងមិនអាចជួយខ្លួនឯងបាន, មានតែយើងប្រឹងធ្វើឱ្យជាតិយើងខ្លាំងទេ ទើបយើងអាចរក្សាអត្ថិភាពជាតិយើងបាន។

តាមរយៈមេរៀនពីសង្គ្រាមនៅអ៊ុយក្រែននេះ ខ្ញុំយល់ឃើញថា៖

១. សន្តិភាពគឺសំខាន់ជាងអ្វីៗទាំងអស់។ នៅពេលឃើញសោកនាដកម្មនៃសង្គ្រាម ទើបយើងកាន់តែយល់ច្បាស់ពីតម្លៃនៃសន្តិភាព, សង្រ្គាមឬសន្តិភាពចំណុះខ្លាំងលើភាពជាអ្នកដឹកនាំនិងការសម្រេចចិត្តរបស់មេដឹកនាំ។ ដូច្នេះ ត្រូវតែរួមគ្នារក្សាសន្តិភាពឱ្យបាន ហើយសន្តិភាពនោះ ត្រូវតែផ្តល់ម្លប់ និងផ្តល់ភាពសុខុដមរម្យនាដល់មនុស្សគ្រប់គ្នានៅក្នុងសង្គម និងជាគ្រឹះនៃឯកភាព សាមគ្គីភាព និងមោទនភាពជាតិ។ អ្វីដែលខ្មែរត្រូវការបំផុត គឺខ្មែរត្រូវពួតដៃគ្នា ដើម្បីជំរុញការអភិវឌ្ឍប្រទេសឱ្យលឿនទៅមុខដោយប្រើប្រាស់បញ្ញាញាណរបស់ខ្មែរគ្រប់គ្នា។

២. បន្តគោលនយោបាយការបរទេសដែលផ្តល់អាទិភាពលើសន្តិភាព ស្ថិរភាព វិបុលភាព និងបរិយាបន្ន ហើយត្រូវគោរពដោយខ្ជាប់ខ្ជួននូវគោលការណ៍គ្រឹះនៃនយោបាយការបរទេសដូចមានកំណត់ក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ មាត្រា៥៣ ដែលកំណត់ថា «ព្រះរាជាណាចក្រកម្ពុជាប្រកាន់ខ្ជាប់ជានិច្ចនូវនយោបាយអព្យាក្រឹតអចិន្ត្រៃយ៍និងមិនចូលបក្សសម្ព័ន្ធ។ ព្រះរាជាណាចក្រកម្ពុជារួមរស់ដោយសន្តិសហវិជ្ជមានជាមួយប្រទេសជិតខាង និងប្រទេសដទៃទៀតទាំងអស់នៅលើសកលលោក»។

៣. កម្ពុជាត្រូវមានទំនាក់ទំនងល្អជាបងប្អូនជាមួយប្រទេសជិតខាង ទាំងវិស័យនយោបាយ សន្តិសុខ សេដ្ឋកិច្ច និងសង្គមវប្បធម៌។ កម្ពុជាមិនអាចយកប្រទេសជិតខាងណាជាសត្រូវនោះទេ ប៉ុន្តែ កម្ពុជាក៏មិនត្រូវស្ថិតក្រោមការបង្គាប់បញ្ជាឬឥទ្ធិពលរបស់ប្រទេសជិតខាងណាមួយនោះដែរ។ កម្ពុជាត្រូវមានទំនាក់ទំនងដោយស្មើមុខនិងស្មើសិទ្ធិជាមួយគ្រប់បណ្តាប្រទេសទាំងអស់ ដោយគោរពផលប្រយោជន៍គ្នាទៅវិញទៅមក គោរពអធិបតេយ្យនិងបូរណភាពទឹកដីគ្នាទៅវិញទៅមក និងមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ផងគ្នា។ ប្រទេសណាក៏ដោយដែលឈ្លានពានកម្ពុជា យើងត្រូវឆ្លើយតបតាមភាសារបស់ពួកគេ។

៤. ក្នុងចន្លោះរវាងខ្លានិងក្រពើ និងក្នុងបរិបទនៃការផ្លាស់ប្តូរនៃសណ្តាប់ធ្នាប់ពិភពលោកដែលផ្អែកលើច្បាប់ ទៅកាន់សណ្តាប់ធ្នាប់មួយដែលអ្នកខ្លាំងរំលោភអ្នកខ្សោយ ថ្វីបើយើងស្រឡាញ់សន្តិភាព តែយើងក៏មិនត្រូវភ្លេចខ្លួនត្រៀមលក្ខណៈសម្រាប់សង្គ្រាមនោះដែរ។

៥. ល្មមដល់ពេលអនុវត្តច្បាប់កាតព្វកិច្ចយោធាហើយ ដើម្បីឱ្យយុវជនយើងស្គាល់ពីយុទ្ធសាស្ត្រសង្គ្រាម ត្រៀមលក្ខណៈដើម្បីជាតិ ជាកម្លាំងស្នូលរបស់ជាតិ ជាខឿនការពារជាតិ, កុំឱ្យយុវជនចេះតែស្នេហាជាតិត្រឹមតែនៅលើហ្វេសប៊ុក។ ទន្ទឹមនឹងនោះ វាជាពេលវេលាមួយដែលកម្ពុជាចាំបាច់ពង្រឹងបន្ថែមទៀតនូវខឿនការពារជាតិរបស់ខ្លួនតាមរយៈការធ្វើទំនើបកម្មយោធា ពង្រឹងសមត្ថភាព វិន័យ សុខភាព និងបណ្ដុះមនសិការស្នេហាជាតិមោះមុតដល់កងកម្លាំងរបស់យើងគ្រប់ផ្នែក បង្កើនថវិកាការពារជាតិ និងពង្រីកបន្ថែមនូវកិច្ចសហប្រតិបត្តិការអន្តរជាតិលើវិស័យសន្តិសុខ។

ត្រូវចងចាំថា បើជាតិយើងខ្សោយ យើងមិនអាចទៅសំពះសុំសន្តិភាពពីនរណាបានទេ។ បើជាតិយើងខ្សោយ កុំនិយាយពីឯករាជ្យនិងអព្យាក្រឹត្យ សូម្បីតែយើងសុំរស់នៅដោយស្ងប់សុខដោយមិនទៅរំខានជាតិសាសន៍ណា ក៏មិនប្រាកដថា គេឱ្យជាតិយើងបានសុខនោះដែរ។ ដូច្នេះ មានតែយើងខិតខំប្រឹងប្រែងធ្វើឱ្យជាតិខ្លាំងនោះទេ ទើបជាតិយើងអាចគេចផុតពីការប្រមាថពីជាតិសាសន៍ដទៃបាន។ យើងត្រូវតែខិតខំប្រឹងប្រែងឱ្យខ្លាំង ដើម្បីអត្ថិភាព វឌ្ឍនភាព និងវិបុលភាពជាតិយើងទាំងបច្ចុប្បន្ននិងទៅអនាគត៕


អត្ថបទទាក់ទង

«គម្រោងពិសោធន៍ពីការអនុវត្តផលិតផលបាយអូឆាពីចំបើងក្នុងវិស័យកសិកម្ម»

រោងពិសោធន៍ពីការប្រើប្រាស់បាយអូឆា លើដំណាំកសិកម្ម នៅស្រុកថ្ពង ខេត្តកំពង់ស្ពឺនៅឆ្នាំ២០២០ ក្រុមការងារនៃគម្រោងបច្ចេកវិទ្យាផលិតបាយអូឆាចំបើង និងការអនុវត្តក្នុងវិស័យកសិកម្មនៅកម្ពុជា បានកំពុងដំណើរការអនុវត្តការ...

2020-06-01 07:34:47   ថ្ងៃចន្ទ, 01 មិថុនា 2020 ម៉ោង 02:34 PM
ផលិតកម្ម ទីផ្សារ និងបញ្ហាបន្លែ នៅភូមិក្រចាប់ខាងត្បូង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល

កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ ក្រុមការងារស្រាវជ្រាវគម្រោង «បន្លែកម្ពុជា៖ ផលិតកម្ម ចរន្តទីផ្សារ បញ្ហាប្រឈម និងដំណោះស្រាយ» បានចុះសិក្សាស្រាវជ្រាវអំពីផលិតកម្មបន្លែ ចរន្តទីផ្សារ បញ្ហាដែលកំពុងកើតមាន របស់​...

2020-05-31 05:16:35   ថ្ងៃអាទិត្យ, 31 ឧសភា 2020 ម៉ោង 12:16 PM
បណ្ឌិត ដៀប សុផល៖ ចាប់តាំងពីសង្គ្រាមត្រជាក់រហូតមកដល់បច្ចុប្បន្ន អាម៉េរិក ចិន និងរុស្ស៊ីនៅតែដើរតួសំខាន់ គឺគ្រាន់តែដូរដៃគូប្រឈមប៉ុណ្ណោះ

នៅក្នុងកិច្ចពិភាក្សាតុមូលស្តីពី ការប្រឈមមុខដាក់គ្នាខាងភូមិសាស្ត្រនយោបាយរវាងចិន និងសហរដ្ឋអាម៉េរិក នៅព្រឹកថ្ងៃសុក្រ ៨កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០នេះ លោកបណ្ឌិត ដៀ...

2020-05-29 09:44:41   ថ្ងៃសុក្រ, 29 ឧសភា 2020 ម៉ោង 04:44 PM
«បណ្ឌិតសភាចារ្យ សុខ ទូច៖ ទស្សនវិស័យប្រាកដនិយមរបស់កម្ពុជា គឺសន្តិភាព និងការអភិវឌ្ឍ»

ថ្លែងក្នុងកិច្ចពិភាក្សាតុមូលស្តីពី ការប្រឈមមុខដាក់គ្នាខាងភូមិសាស្ត្រនយោបាយរវាងចិន និងសហរដ្ឋអាម៉េរិក នៅព្រឹកថ្ងៃសុក្រ ៨កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០នេះ ឯកឧត្តមបណ...

2020-05-29 08:00:27   ថ្ងៃសុក្រ, 29 ឧសភា 2020 ម៉ោង 03:00 PM
«រាជបណ្ឌិត្យសភាកម្ពុជានឹងរៀបចំកិច្ចពិភាក្សាតុមូលស្តីពី ការប្រឈមមុខដាក់គ្នាខាងភូមិសាស្ត្រ នយោបាយរវាងចិន និងសហរដ្ឋអាម៉េរិក»

(រាជបណ្ឌិត្យសភាកម្ពុជា)៖ រាជបណ្ឌិត្យសភាកម្ពុជានឹងរៀបចំកិច្ចពិភាក្សាតុមូលស្តីពី ការប្រឈមមុខដាក់គ្នាខាងភូមិសាស្ត្រនយោបាយរវាងចិន និងសហរដ្ឋអាម៉េរិក នៅព្រឹកថ្ងៃសុក្រ ៨កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្...

2020-05-28 14:56:05   ថ្ងៃព្រហស្បតិ៍, 28 ឧសភា 2020 ម៉ោង 09:56 PM
ប្រាសាទសំខាន់ៗក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី១ (គ.ស. ១០០២-១០៥០) ដោយ៖ ជូ ច័ន្ទដារី, ហៀង លាងហុង, ចាន់ ប៊ុន្នី រាជបណ្ឌិត្យសភាកម្ពុជា

RAC Media

2020-05-27 06:32:19   ថ្ងៃពុធ, 27 ឧសភា 2020 ម៉ោង 01:32 PM

សេចក្តីប្រកាស