ព័ត៌មាន

«មេរៀនពីសង្គ្រាមនៅអ៊ុយក្រែន» ដោយ៖ បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា រាជបណ្ឌិត្យសភាកម្ពុជា

2022-02-28 04:14:32 ថ្ងៃច័ន្ទ, 28 កុម្ភៈ 2022, 04:14 AM
post_detail

(ប្រធានាធិបតីអ៊ុយក្រែន៖ «មានតែយើងខ្លួនឯងប៉ុណ្ណោះ ដែលត្រូវការពារជាតិរបស់យើង។  តើមាននរណាដែលត្រៀមប្រយុទ្ធជាមួយយើង? ខ្ញុំមិនបានមើលឃើញនរណាម្នាក់នោះទេ»)

មេរៀនពីសង្គ្រាមនៅអ៊ុយក្រែន ក៏ដូចជាមេរៀននៅកម្ពុជាឆ្នាំ១៩៧៥ និងមេរៀនជាច្រើនទៀត បានបង្រៀនយើងថា ប្រទេសនីមួយៗ មិនត្រូវពឹងផ្អែកទៅលើបរទេសជ្រុលពេកទេ មិនថាវិស័យនយោបាយ សន្តិសុខ ឬសេដ្ឋកិច្ចនោះទេ។ គ្មាននរណាជួយយើងទេ បើយើងមិនអាចជួយខ្លួនឯងបាន, មានតែយើងប្រឹងធ្វើឱ្យជាតិយើងខ្លាំងទេ ទើបយើងអាចរក្សាអត្ថិភាពជាតិយើងបាន។

តាមរយៈមេរៀនពីសង្គ្រាមនៅអ៊ុយក្រែននេះ ខ្ញុំយល់ឃើញថា៖

១. សន្តិភាពគឺសំខាន់ជាងអ្វីៗទាំងអស់។ នៅពេលឃើញសោកនាដកម្មនៃសង្គ្រាម ទើបយើងកាន់តែយល់ច្បាស់ពីតម្លៃនៃសន្តិភាព, សង្រ្គាមឬសន្តិភាពចំណុះខ្លាំងលើភាពជាអ្នកដឹកនាំនិងការសម្រេចចិត្តរបស់មេដឹកនាំ។ ដូច្នេះ ត្រូវតែរួមគ្នារក្សាសន្តិភាពឱ្យបាន ហើយសន្តិភាពនោះ ត្រូវតែផ្តល់ម្លប់ និងផ្តល់ភាពសុខុដមរម្យនាដល់មនុស្សគ្រប់គ្នានៅក្នុងសង្គម និងជាគ្រឹះនៃឯកភាព សាមគ្គីភាព និងមោទនភាពជាតិ។ អ្វីដែលខ្មែរត្រូវការបំផុត គឺខ្មែរត្រូវពួតដៃគ្នា ដើម្បីជំរុញការអភិវឌ្ឍប្រទេសឱ្យលឿនទៅមុខដោយប្រើប្រាស់បញ្ញាញាណរបស់ខ្មែរគ្រប់គ្នា។

២. បន្តគោលនយោបាយការបរទេសដែលផ្តល់អាទិភាពលើសន្តិភាព ស្ថិរភាព វិបុលភាព និងបរិយាបន្ន ហើយត្រូវគោរពដោយខ្ជាប់ខ្ជួននូវគោលការណ៍គ្រឹះនៃនយោបាយការបរទេសដូចមានកំណត់ក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ មាត្រា៥៣ ដែលកំណត់ថា «ព្រះរាជាណាចក្រកម្ពុជាប្រកាន់ខ្ជាប់ជានិច្ចនូវនយោបាយអព្យាក្រឹតអចិន្ត្រៃយ៍និងមិនចូលបក្សសម្ព័ន្ធ។ ព្រះរាជាណាចក្រកម្ពុជារួមរស់ដោយសន្តិសហវិជ្ជមានជាមួយប្រទេសជិតខាង និងប្រទេសដទៃទៀតទាំងអស់នៅលើសកលលោក»។

៣. កម្ពុជាត្រូវមានទំនាក់ទំនងល្អជាបងប្អូនជាមួយប្រទេសជិតខាង ទាំងវិស័យនយោបាយ សន្តិសុខ សេដ្ឋកិច្ច និងសង្គមវប្បធម៌។ កម្ពុជាមិនអាចយកប្រទេសជិតខាងណាជាសត្រូវនោះទេ ប៉ុន្តែ កម្ពុជាក៏មិនត្រូវស្ថិតក្រោមការបង្គាប់បញ្ជាឬឥទ្ធិពលរបស់ប្រទេសជិតខាងណាមួយនោះដែរ។ កម្ពុជាត្រូវមានទំនាក់ទំនងដោយស្មើមុខនិងស្មើសិទ្ធិជាមួយគ្រប់បណ្តាប្រទេសទាំងអស់ ដោយគោរពផលប្រយោជន៍គ្នាទៅវិញទៅមក គោរពអធិបតេយ្យនិងបូរណភាពទឹកដីគ្នាទៅវិញទៅមក និងមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ផងគ្នា។ ប្រទេសណាក៏ដោយដែលឈ្លានពានកម្ពុជា យើងត្រូវឆ្លើយតបតាមភាសារបស់ពួកគេ។

៤. ក្នុងចន្លោះរវាងខ្លានិងក្រពើ និងក្នុងបរិបទនៃការផ្លាស់ប្តូរនៃសណ្តាប់ធ្នាប់ពិភពលោកដែលផ្អែកលើច្បាប់ ទៅកាន់សណ្តាប់ធ្នាប់មួយដែលអ្នកខ្លាំងរំលោភអ្នកខ្សោយ ថ្វីបើយើងស្រឡាញ់សន្តិភាព តែយើងក៏មិនត្រូវភ្លេចខ្លួនត្រៀមលក្ខណៈសម្រាប់សង្គ្រាមនោះដែរ។

៥. ល្មមដល់ពេលអនុវត្តច្បាប់កាតព្វកិច្ចយោធាហើយ ដើម្បីឱ្យយុវជនយើងស្គាល់ពីយុទ្ធសាស្ត្រសង្គ្រាម ត្រៀមលក្ខណៈដើម្បីជាតិ ជាកម្លាំងស្នូលរបស់ជាតិ ជាខឿនការពារជាតិ, កុំឱ្យយុវជនចេះតែស្នេហាជាតិត្រឹមតែនៅលើហ្វេសប៊ុក។ ទន្ទឹមនឹងនោះ វាជាពេលវេលាមួយដែលកម្ពុជាចាំបាច់ពង្រឹងបន្ថែមទៀតនូវខឿនការពារជាតិរបស់ខ្លួនតាមរយៈការធ្វើទំនើបកម្មយោធា ពង្រឹងសមត្ថភាព វិន័យ សុខភាព និងបណ្ដុះមនសិការស្នេហាជាតិមោះមុតដល់កងកម្លាំងរបស់យើងគ្រប់ផ្នែក បង្កើនថវិកាការពារជាតិ និងពង្រីកបន្ថែមនូវកិច្ចសហប្រតិបត្តិការអន្តរជាតិលើវិស័យសន្តិសុខ។

ត្រូវចងចាំថា បើជាតិយើងខ្សោយ យើងមិនអាចទៅសំពះសុំសន្តិភាពពីនរណាបានទេ។ បើជាតិយើងខ្សោយ កុំនិយាយពីឯករាជ្យនិងអព្យាក្រឹត្យ សូម្បីតែយើងសុំរស់នៅដោយស្ងប់សុខដោយមិនទៅរំខានជាតិសាសន៍ណា ក៏មិនប្រាកដថា គេឱ្យជាតិយើងបានសុខនោះដែរ។ ដូច្នេះ មានតែយើងខិតខំប្រឹងប្រែងធ្វើឱ្យជាតិខ្លាំងនោះទេ ទើបជាតិយើងអាចគេចផុតពីការប្រមាថពីជាតិសាសន៍ដទៃបាន។ យើងត្រូវតែខិតខំប្រឹងប្រែងឱ្យខ្លាំង ដើម្បីអត្ថិភាព វឌ្ឍនភាព និងវិបុលភាពជាតិយើងទាំងបច្ចុប្បន្ននិងទៅអនាគត៕


អត្ថបទទាក់ទង

ពិភពលោកក្រោយ COVID-19 និងព្រំដែននៃ “America First” ប្រែសម្រួលដោយលោក ជា ធារិទ្ធ នាយកដ្ឋានសិក្សាអាម៉េរិក អាម៉េរិកឡាទីន និងអូសេអានី វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា

ជំងឺឆ្លង COVID-19 មានសភាពកាន់ធំឡើងៗ ពោលវាគឺជាការសាកល្បងប្រកបដោយភាពភ័យខ្លាចមួយចំពោះរដ្ឋាភិបាល និងទស្សនវិជ្ជាគ្រប់គ្រងនៅលើពិភពលោកទាំងមូល។ ទាំងប្រទេសប្រជាធិបតេយ្យ និងទាំងប្រទេសអត្តាធិបតេយ្យ ត្រូវបានគេមើល...

2020-04-28 11:14:37   Tue, 28,04,2020, 11:14 AM
«សាកលវិទ្យាល័យជីវជាំងឧបត្ថម្ភម៉ាសចំនួន១ម៉ឺនម៉ាសជូនរាជបណ្ឌិត្យសភាកម្ពុជា»

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃចន្ទ ៦កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ តំណាងសាកលវិទ្យាល័យជីវជាំង ខេត្តជាំងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិនបាននាំម៉ាសចំនួន ១០០០០ (...

2020-04-27 10:09:36   Mon, 27,04,2020, 10:09 AM
សីលធម៌ក្នុងដំណាក់កាលរាតត្បាតជំងឺកូវីដ១៩ (Covid-19) ដោយ៖ បណ្ឌិត ជា វណ្ណី វិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គមនៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖&nbsp...

2020-04-25 07:06:41   Sat, 25,04,2020, 07:06 AM
«ដំណើរការស្រាវជ្រាវកំណត់អត្តសញ្ញាណបដិមាព្រះបាទជ័យវរ្ម័នទី៧»

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ២កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០នេះ ក្រុមការងារស្រាវជ្រាវកំណត់អត្តសញ្ញាណបដិមាព្រះបាទជ័យវរ្ម័នទី៧ នៃរាជបណ្ឌិត្យសភាកម...

2020-04-23 12:32:45   Thu, 23,04,2020, 12:32 PM
ការប៉ះពាល់ផ្នែកសេដ្ឋកិច្ចអាម៉េរិកដោយកូវីដ-១៩ ដោយ៖ លោក ហៃ សុវង្ស មន្ត្រីស្ម័គ្រចិត្តរបស់មជ្ឈមណ្ឌលសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ មជ្ឈមណ្ឌលសិក្សាចិន

2020-04-21 09:37:37   Tue, 21,04,2020, 09:37 AM
ភាពណរម៉ាល់នៃបំណែងចែកទិន្នន័យ Normality of a Distribution ដោយ៖ បណ្ឌិត ម៉ុង ម៉ារ៉ា មន្ត្រីស្រាវជ្រាវគណិតវិទ្យានិងស្ថិតិនៃវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានវិទ...

2020-04-20 14:32:22   Mon, 20,04,2020, 02:32 PM

សេចក្តីប្រកាស