ព័ត៌មាន

«មេរៀនពីសង្គ្រាមនៅអ៊ុយក្រែន» ដោយ៖ បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា រាជបណ្ឌិត្យសភាកម្ពុជា

2022-02-28 04:14:32 ថ្ងៃចន្ទ, 28 កុម្ភៈ 2022 ម៉ោង 11:14 AM
អ្នកមើល 4340
post_detail

(ប្រធានាធិបតីអ៊ុយក្រែន៖ «មានតែយើងខ្លួនឯងប៉ុណ្ណោះ ដែលត្រូវការពារជាតិរបស់យើង។  តើមាននរណាដែលត្រៀមប្រយុទ្ធជាមួយយើង? ខ្ញុំមិនបានមើលឃើញនរណាម្នាក់នោះទេ»)

មេរៀនពីសង្គ្រាមនៅអ៊ុយក្រែន ក៏ដូចជាមេរៀននៅកម្ពុជាឆ្នាំ១៩៧៥ និងមេរៀនជាច្រើនទៀត បានបង្រៀនយើងថា ប្រទេសនីមួយៗ មិនត្រូវពឹងផ្អែកទៅលើបរទេសជ្រុលពេកទេ មិនថាវិស័យនយោបាយ សន្តិសុខ ឬសេដ្ឋកិច្ចនោះទេ។ គ្មាននរណាជួយយើងទេ បើយើងមិនអាចជួយខ្លួនឯងបាន, មានតែយើងប្រឹងធ្វើឱ្យជាតិយើងខ្លាំងទេ ទើបយើងអាចរក្សាអត្ថិភាពជាតិយើងបាន។

តាមរយៈមេរៀនពីសង្គ្រាមនៅអ៊ុយក្រែននេះ ខ្ញុំយល់ឃើញថា៖

១. សន្តិភាពគឺសំខាន់ជាងអ្វីៗទាំងអស់។ នៅពេលឃើញសោកនាដកម្មនៃសង្គ្រាម ទើបយើងកាន់តែយល់ច្បាស់ពីតម្លៃនៃសន្តិភាព, សង្រ្គាមឬសន្តិភាពចំណុះខ្លាំងលើភាពជាអ្នកដឹកនាំនិងការសម្រេចចិត្តរបស់មេដឹកនាំ។ ដូច្នេះ ត្រូវតែរួមគ្នារក្សាសន្តិភាពឱ្យបាន ហើយសន្តិភាពនោះ ត្រូវតែផ្តល់ម្លប់ និងផ្តល់ភាពសុខុដមរម្យនាដល់មនុស្សគ្រប់គ្នានៅក្នុងសង្គម និងជាគ្រឹះនៃឯកភាព សាមគ្គីភាព និងមោទនភាពជាតិ។ អ្វីដែលខ្មែរត្រូវការបំផុត គឺខ្មែរត្រូវពួតដៃគ្នា ដើម្បីជំរុញការអភិវឌ្ឍប្រទេសឱ្យលឿនទៅមុខដោយប្រើប្រាស់បញ្ញាញាណរបស់ខ្មែរគ្រប់គ្នា។

២. បន្តគោលនយោបាយការបរទេសដែលផ្តល់អាទិភាពលើសន្តិភាព ស្ថិរភាព វិបុលភាព និងបរិយាបន្ន ហើយត្រូវគោរពដោយខ្ជាប់ខ្ជួននូវគោលការណ៍គ្រឹះនៃនយោបាយការបរទេសដូចមានកំណត់ក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ មាត្រា៥៣ ដែលកំណត់ថា «ព្រះរាជាណាចក្រកម្ពុជាប្រកាន់ខ្ជាប់ជានិច្ចនូវនយោបាយអព្យាក្រឹតអចិន្ត្រៃយ៍និងមិនចូលបក្សសម្ព័ន្ធ។ ព្រះរាជាណាចក្រកម្ពុជារួមរស់ដោយសន្តិសហវិជ្ជមានជាមួយប្រទេសជិតខាង និងប្រទេសដទៃទៀតទាំងអស់នៅលើសកលលោក»។

៣. កម្ពុជាត្រូវមានទំនាក់ទំនងល្អជាបងប្អូនជាមួយប្រទេសជិតខាង ទាំងវិស័យនយោបាយ សន្តិសុខ សេដ្ឋកិច្ច និងសង្គមវប្បធម៌។ កម្ពុជាមិនអាចយកប្រទេសជិតខាងណាជាសត្រូវនោះទេ ប៉ុន្តែ កម្ពុជាក៏មិនត្រូវស្ថិតក្រោមការបង្គាប់បញ្ជាឬឥទ្ធិពលរបស់ប្រទេសជិតខាងណាមួយនោះដែរ។ កម្ពុជាត្រូវមានទំនាក់ទំនងដោយស្មើមុខនិងស្មើសិទ្ធិជាមួយគ្រប់បណ្តាប្រទេសទាំងអស់ ដោយគោរពផលប្រយោជន៍គ្នាទៅវិញទៅមក គោរពអធិបតេយ្យនិងបូរណភាពទឹកដីគ្នាទៅវិញទៅមក និងមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ផងគ្នា។ ប្រទេសណាក៏ដោយដែលឈ្លានពានកម្ពុជា យើងត្រូវឆ្លើយតបតាមភាសារបស់ពួកគេ។

៤. ក្នុងចន្លោះរវាងខ្លានិងក្រពើ និងក្នុងបរិបទនៃការផ្លាស់ប្តូរនៃសណ្តាប់ធ្នាប់ពិភពលោកដែលផ្អែកលើច្បាប់ ទៅកាន់សណ្តាប់ធ្នាប់មួយដែលអ្នកខ្លាំងរំលោភអ្នកខ្សោយ ថ្វីបើយើងស្រឡាញ់សន្តិភាព តែយើងក៏មិនត្រូវភ្លេចខ្លួនត្រៀមលក្ខណៈសម្រាប់សង្គ្រាមនោះដែរ។

៥. ល្មមដល់ពេលអនុវត្តច្បាប់កាតព្វកិច្ចយោធាហើយ ដើម្បីឱ្យយុវជនយើងស្គាល់ពីយុទ្ធសាស្ត្រសង្គ្រាម ត្រៀមលក្ខណៈដើម្បីជាតិ ជាកម្លាំងស្នូលរបស់ជាតិ ជាខឿនការពារជាតិ, កុំឱ្យយុវជនចេះតែស្នេហាជាតិត្រឹមតែនៅលើហ្វេសប៊ុក។ ទន្ទឹមនឹងនោះ វាជាពេលវេលាមួយដែលកម្ពុជាចាំបាច់ពង្រឹងបន្ថែមទៀតនូវខឿនការពារជាតិរបស់ខ្លួនតាមរយៈការធ្វើទំនើបកម្មយោធា ពង្រឹងសមត្ថភាព វិន័យ សុខភាព និងបណ្ដុះមនសិការស្នេហាជាតិមោះមុតដល់កងកម្លាំងរបស់យើងគ្រប់ផ្នែក បង្កើនថវិកាការពារជាតិ និងពង្រីកបន្ថែមនូវកិច្ចសហប្រតិបត្តិការអន្តរជាតិលើវិស័យសន្តិសុខ។

ត្រូវចងចាំថា បើជាតិយើងខ្សោយ យើងមិនអាចទៅសំពះសុំសន្តិភាពពីនរណាបានទេ។ បើជាតិយើងខ្សោយ កុំនិយាយពីឯករាជ្យនិងអព្យាក្រឹត្យ សូម្បីតែយើងសុំរស់នៅដោយស្ងប់សុខដោយមិនទៅរំខានជាតិសាសន៍ណា ក៏មិនប្រាកដថា គេឱ្យជាតិយើងបានសុខនោះដែរ។ ដូច្នេះ មានតែយើងខិតខំប្រឹងប្រែងធ្វើឱ្យជាតិខ្លាំងនោះទេ ទើបជាតិយើងអាចគេចផុតពីការប្រមាថពីជាតិសាសន៍ដទៃបាន។ យើងត្រូវតែខិតខំប្រឹងប្រែងឱ្យខ្លាំង ដើម្បីអត្ថិភាព វឌ្ឍនភាព និងវិបុលភាពជាតិយើងទាំងបច្ចុប្បន្ននិងទៅអនាគត៕


អត្ថបទទាក់ទង

លោកស្រី អ៊ុង សានស៊ូជី៖ ព្រះចន្ទដែលពិបាករះ

លោកស្រី អ៊ុង សានស៊ូជី នៃប្រទេសភូមាបានប្រើប្រាស់ជីវិតរបស់លោកស្រីជាបួនផ្នែកធំៗ គឺ ទី ១ លោកស្រី គឺជាអ្នកនយោបាយស្ត្រីដែលមានភាពក្លាហានក្នុងការប្រឈមមុខជាមួយបញ្ហាដែលកើតមានក្នុងប្រទេសរបស់លោកស្រី ទី ២ លោកស្រីគ...

2021-02-13 05:05:56   ថ្ងៃសៅរ៍, 13 កុម្ភៈ 2021 ម៉ោង 12:05 PM
ហេតុអ្វីមេដឹកនាំយោធានៃប្រទេសភូមាផ្ញើលិខិតសុំការណែនាំអំពីលទ្ធិប្រជាធិបតេយ្យពីនាយករដ្ឋមន្ត្រីថៃ?

នៅដើមឆ្នាំ ២០២១នេះ ប្រទេសភូមា ឬមីយ៉ាន់ម៉ា គឺជាប្រទេសមួយដែលមានភាពល្បីល្បាញ និងបានទាក់ទាញការចាប់អារម្មណ៍ជាអន្តរជាតិ ដោយសារតែប្រទេសនេះមានរដ្ឋប្រហារមួយដែលបានទំលាក់រដ្ឋាភិបាលរបស់លោកស្រី អ៊ុង សានស៊ូជី និងសម...

2021-02-12 14:08:29   ថ្ងៃសុក្រ, 12 កុម្ភៈ 2021 ម៉ោង 09:08 PM
ចំណោទបញ្ហា ដោយ៖បណ្ឌិត ព្រុំ ទេវី, អនុប្រធានវិទ្យាស្ថានមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គមនៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Media

2021-02-12 09:07:54   ថ្ងៃសុក្រ, 12 កុម្ភៈ 2021 ម៉ោង 04:07 PM
«ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច អញ្ជើញត្រួតពិនិត្យដំណើរការសាងសង់អគារខេមរវិទូ»

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅថ្ងៃពុធ ១៣រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានអញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីត្...

2021-02-10 13:38:34   ថ្ងៃពុធ, 10 កុម្ភៈ 2021 ម៉ោង 08:38 PM
នយោបាយការបរទេសចិនក្នុងបញ្ហាមីយ៉ាន់ម៉ា ដោយ៖ ផាញ់ សារឿន, មន្ត្រីវិទ្យាស្ថានសិក្សាចិន

RAC Mediaប្រភព៖ វិទ្យាស្ថានសិក្សាចិន

2021-02-10 07:51:47   ថ្ងៃពុធ, 10 កុម្ភៈ 2021 ម៉ោង 02:51 PM
កិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទរបស់គណៈកម្មការភាសាវិទ្យា

កាលពីរសៀលថ្ងៃអង្គារ ១២រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជួរ គារី បានបើកកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សា និងអន...

2021-02-10 03:34:12   ថ្ងៃពុធ, 10 កុម្ភៈ 2021 ម៉ោង 10:34 AM

សេចក្តីប្រកាស